អ្នកច្បាប់ជាតិ និងអន្តរជាតិ យល់ឃើញដូចគ្នាថា ការឃុំខ្លួនប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា លើសរយៈពេល ១៨ខែ ដោយគ្មានការជំនុំជម្រះក្ដី គឺរំលោភទាំងច្បាប់ និងសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
តើការឃុំខ្លួនលោក កឹម សុខា លើសពី ១៨ខែ ប៉ះពាល់អ្វីខ្លះទាំងសិទ្ធិ និងច្បាប់?
តាមគោលការណ៍ច្បាប់ការឃុំខ្លួនបណ្ដោះអាសន្នមុនសវនាការលើអង្គសេចក្ដីក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ គឺមិនអាចលើសពីរយៈពេល ១៨ខែបានឡើយ។ ក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជាមាត្រា ២០៨ ចែងថា ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន ៦ខែ និងអាចសម្រេចពន្យារការឃុំខ្លួនបណ្ដោះអាសន្ននេះបានតែពីរដងប៉ុណ្ណោះ ពោលគឺ មិនត្រូវលើសពី ១៨ខែនោះឡើយ។
គិតត្រឹមថ្ងៃទី៣ ខែមីនាកន្លងទៅនេះ លោក កឹម សុខា ស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ១៨ខែ ដោយរាប់ពីពេលដែលសមត្ថកិច្ចក្រោមការបញ្ជារបស់លោក ហ៊ុន សែន ចាប់ខ្លួនលោកទាំងកម្រោល និងកណ្ដាលយប់ ពីក្នុងគេហដ្ឋានកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
ដំបូងសមត្ថកិច្ចបានបានបញ្ជូនខ្លួនលោក កឹម សុខាទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ចម្ងាយជិត ២០០គីឡូម៉ែត្រ (174km) ពីក្រុងភ្នំពេញ។ មួយឆ្នាំក្រោយមកដោយសារសម្ពាធពីអន្តរជាតិលោក ហ៊ុន សែន ប្ដូររូបភាពនៃការឃុំខ្លួននេះ ដោយបានបង្គាប់ឱ្យផ្ទេរលោក កឹម សុខា មកឃុំខ្លួនបន្តនៅក្នុងផ្ទះនៅឯទីក្រុងភ្នំពេញជំនួសវិញ។ សមត្ថកិច្ចបញ្ជូនខ្លួនលោក កឹម សុខា មកឃុំក្នុងផ្ទះកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
សមត្ថកិច្ចបានវាស់ដីឱ្យលោក កឹម សុខា ដើរ ដោយមិនឱ្យលោកចេញទៅណាក្រៅពីរង្វង់ប៉ុន្មានម៉ែត្រនៅជុំវិញផ្ទះលោកនោះឡើយ។ មិនតែប៉ុណ្ណោះ លោករងការរឹតត្បិតសិទ្ធិសេរីភាពសព្វបែបយ៉ាង ដូចគ្នាទៅនឹងស្ថានភាពឃុំខ្លួនកាលនៅពន្ធនាគារត្រពាំងផ្លុងដែរ ដោយលោកមិនអាចប្រាស្រ័យទាក់ទងអ្នកណាក្រៅតែពីក្រុមមេធាវី និងសមាជិកក្រុមគ្រួសារលោកតែប៉ុណ្ណោះ។
អនុប្រធានគណបក្សប្រជាជនកម្ពុជានិង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បញ្ជាក់អំពីនីតិវិធីដែលផ្ទេរការឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងមកឃុំក្នុងផ្ទះជំនួសវិញនេះថាជាការចាំបាច់៖ «ឥឡូវនេះយើងមកទុកនៅនឹងផ្ទះឃុំខ្លួននៅក្នុងដែនដីណាមួយជាកំណត់។ សម្រាប់ កឹម សុខា នេះ យើងត្រូវតែដំណើរការតាមនីតិវិធីតុលាការឱ្យចប់»។
លោក ស ខេង បានអួតអាងថា លោកជាអ្នកបញ្ជាឱ្យដឹកជញ្ជូនលោក កឹម សុខា ចេញពីពន្ធនាគារត្រពាំងផ្លុងទាំងយប់ និងខិតខំកែច្នៃឱ្យការឃុំខ្លួននៅផ្ទះស្របតាមច្បាប់៖ «ច្បាប់យើងអត់មានច្បាប់អាដែងនែច្បាប់ព្រហ្មទណ្ឌហ្នឹងណាអត់អនុញ្ញាតឱ្យឃុំខ្លួននៅផ្ទះទេអត់មានទេ។ អ៊ីចឹងធ្វើម៉េចឥលូវចន្លោះដែរ អ្នកសរសេរច្បាប់ព្រហ្មទណ្ឌហ្នឹង អត់មានច្បាប់ឃុំខ្លួននៅផ្ទះដល់អ៊ីចឹងរកវិធី។ ខ្ញុំថា ឥឡូវព្រាងឱ្យហើយទៅឱ្យ ផាន យកទៅ ប៉ាវ ហមផាន ព្រាងឱ្យហើយ កាន់ពីហ្នឹងទៅទៅដល់ចរចាជាមួយ កឹម សុខា ខ្លួនឯង ព្រោះ ផាន ហ្នឹងទៅយកមក។ ជជែកគ្នាម៉ោង ៣ ប៉ុន្តែថាធ្វើម៉េចម៉ោង ៥ភ្លឺយ៉ាងយូរ ត្រូវយកមនុស្សហ្នឹងមកឱ្យដល់ភ្នំពេញប្រកបដោយសុវត្ថិភាព ហើយទម្រាំជជែកគ្នា ហើយម៉ោង ៦ហើយ បានចែកផ្លូវគ្នាធ្វើការ » ។
ចំណែកឯប្រធានគណបក្ស ប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រីនៃរបបឯកបក្សលោក ហ៊ុន សែន បញ្ជាក់បន្ថែមអំពីចំណាត់ការបន្តឃុំខ្លួនលោក កឹម សុខា ដោយគ្រាន់តែផ្លាស់ពីពន្ធនាគារនេះដែរដោយលោកអះអាងថា ខ្លាចលោក កឹម សុខា ស្លាប់ក្នុងគុក៖ « គេគ្រាន់តែយកមកដាក់ក្នុងដែនដីមួយអត់ទាន់រួចទោសទាំងអស់ ! គ្រាន់តែដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ ! ដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ !» ។
តាមក្រមនីតិវិធីព្រហ្មទណ្ឌដដែលនៅមុនផុតរយៈពេលឃុំខ្លួនបណ្ដោះអាសន្នដែលច្បាប់អនុញ្ញាតបានត្រឹមតែ ១៨ខែនោះ ចៅក្រមស៊ើបសួរត្រូវតែចេញដីកាដំណោះស្រាយមួយដោយត្រូវលើកលែងការចោទប្រកាន់លើជនត្រូវចោទ ឬបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។ ការបន្តឃុំខ្លួនជនត្រូវចោទក្នុងករណីគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះបែបនេះ គឺរំលោភទាំងសិទ្ធិរបស់ជនត្រូវចោទ និងបំពានទាំងច្បាប់ជាតិ និងអន្តរជាតិ។
សិទ្ធិរបស់ពលរដ្ឋខ្មែរគ្រប់រូប ត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៣៨ ដែលចែងថា ច្បាប់ការពារជីវិតកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ការឃុំខ្លួនជនណាម្នាក់នឹងអាចធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
ការបន្តឃុំខ្លួនលោក កឹម សុខា ហួសកាលកំណត់នេះអាជ្ញាធរកម្ពុជា រំលោភសិទ្ធិមនុស្សដូចដែលមានចែងក្នុងច្បាប់អន្តរជាតិដែរ ព្រោះមាត្រា៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា កម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស។
មាត្រា៩(១) នៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចែងថា ជនគ្រប់រូបមានសិទ្ធិទទួលបានសេរីភាព និងរួចផុតពីការចាប់ ឬឃុំខ្លួនតាមតែអំពើចិត្ត។
ការបន្តឃុំខ្លួនលោក កឹម សុខា យូររហូតដល់ហួសនីតិវិធីទៅទៀតដោយគ្មានការជំនុំជម្រះបែបនេះគឺរំលោភបំពានច្បាប់អន្តរជាតិមួយករណីទៀតត្រង់មាត្រា៩(៣) នៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលចែងថា ជនគ្រប់រូប មានសិទ្ធិទទួលបានការជំនុំជម្រះក្ដីក្នុងរយៈពេលសមស្របមួយ ឬបើមិនដូច្នេះទេត្រូវដោះលែងជននោះឱ្យមានសេរីភាពវិញភ្លាម។
ទោះជាយ៉ាងនេះក្តី មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌នៃរបបលោក ហ៊ុន សែន អះអាងថា លោក កឹម សុខាមិនស្ថិតក្រោមការឃុំខ្លួនជាបណ្ដោះអាសន្នទៀតទេ។ លោក គឹម សន្តិភាពថ្លែងប្រាប់ប្រព័ន្ធឃោសនាលោក ហ៊ុន សែន ថា សព្វថ្ងៃនេះលោក កឹម សុខា កំពុងស្ថិតនៅក្រៅឃុំគ្រាន់តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ លោកអះអាងថា លោក កឹម សុខា ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន តាំងពីថ្ងៃដែលគេបញ្ចេញលោកពីពន្ធនាគារត្រពាំងផ្លុងនោះមកម្ល៉េះ។ លោក គឹម សន្តិភាព បន្តថា សព្វថ្ងៃនេះលោក កឹម សុខា មានសេរីភាពគ្រប់គ្រាន់ក្នុងការធ្វើដំណើរចេញពីគេហដ្ឋានរបស់លោកបាន ប៉ុន្តែធ្វើដំណើរបានតែក្នុងរង្វង់ព្រំប្រទល់កំណត់របស់ចៅក្រមស៊ើបសួរតែប៉ុណ្ណោះ។ ត្រង់ថា លោក កឹម សុខា ចេញ ឬមិនចេញពីគេហដ្ឋានរបស់លោក គឺជាសិទ្ធិរបស់លោក។
ការបកស្រាយបែបនេះត្រូវបានទាំងអ្នកច្បាប់ជាតិនិង អន្តរជាតិមិនយល់ស្របនោះទេ។មេធាវីនៃការិយាល័យច្បាប់ អមរិន្ទ្រ លោក សុក សំអឿន ថាស្ថានភាពគ្មានសេរីភាពបែបនេះ គឺលោក កឹម សុខា បន្តស្ថិតនៅក្រោមការឃុំខ្លួនដដែល៖ «បើកាលណាយើងបិទសិទ្ធិសេរីភាពមិនឱ្យគេដើរហើរអាហ្នឹង គឺជាការឃុំខ្លួនហើយ។ យើងអត់បានទៅណាផងហ្នឹង ! បើសិនត្រឹមតែស្រុកខ្មែរមិនឱ្យចេញទៅក្រៅ អាហ្នឹងអូខេ ខ្ញុំទទួលស្គាល់ថា អាហ្នឹងជាការនៅក្រៅឃុំមែន។ ប៉ុន្តែបើវាស់ដីឱ្យដែរបែបនេះ គឺមិនមែនជាការនៅក្រៅឃុំទេ គឺជាការឃុំខ្លួនដូចគ្នា»។
លោក សុក សំអឿន ចាត់ទុកការបន្តឃុំខ្លួនលោក កឹម សុខា លើសពី ១៨ខែនេះថា ជាការខុសច្បាប់។
ចំណែកឯមន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអន្តរជាតិឯណោះ គ្មានមន្ទិលអ្វីដែលថា លោក កឹម សុខា កំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្ដោះអាសន្ននោះទេ។ នាយកប្រតិបត្តិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលោក ប្រ៊ែដ អាដាម (BradAdams) ថា គេមិនគួរឆ្ងល់រឿងនេះទេ៖ «គ្មានរឿងអ្វីដែលត្រូវឆ្ងល់ថា តើលោក កឹម សុខា កំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ឬអត់នោះទេ ! លោក កឹម សុខា កំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ១០០ % ។មិនថាគាត់ជាប់ឃុំនៅប៉ុស្តិ៍ប៉ូលិសនៅពន្ធនាគារ ឬ នៅក្នុងផ្ទះនោះទេ គឺនោះគេហៅថាជាប់ឃុំហើយ ! លោក កឹម សុខា មិនអាចដើរទៅណាបាន។ គាត់មិនអាចទាក់ទងអ្នកផងទាំងពួងបាន។កុំថាឡើយធ្វើដំណើរទៅក្រៅប្រទេស សូម្បីតែក្នុងប្រទេសក៏គាត់ដើរមិនបានផង ! ប៉ុណ្ណឹងហើយនៅមើលមិនឃើញថា គាត់កំពុងជាប់ឃុំទៀត។ សូមចាំថា ស្រុកខ្មែរគ្មានច្បាប់ដាក់ឃុំក្នុងផ្ទះទេ។ ដូច្នេះរឿងឃុំគាត់ក្នុងផ្ទះនេះ គឺជាការរំលោភច្បាប់មួយបន្ថែមទៀត»។
ក្រុមការងារស្ដីពីការឃុំខ្លួនតាមតែអំពើចិត្តនៃអង្គការសហប្រជាជាតិ (WGAD) បានសម្រេចកាលពីខែឧសភា ឆ្នាំ២០១៨ ថា ការចាប់ខ្លួនលោក កឹម សុខា តាំងតែពីដំបូងមកម្ល៉េះ គឺធ្វើឡើងតាមតែអំពើចិត្តនិង ទាមទារឱ្យរបបលោក ហ៊ុនសែន ដោះលែងលោកជាបន្ទាន់។ មិនតែប៉ុណ្ណោះរបបនេះ ត្រូវតែទូទាត់សំណងខូចខាតដល់លោក កឹម សុខា ដែលជាព្យសនកម្មកើតចេញពីអំពើនៃចំណាត់ការតាមតែអំពើចិត្តបែបនេះ។ ស្ថាប័នអង្គការសហប្រជាជាតិដដែលនេះទាមទារឱ្យចាត់វិធានការទៅលើអ្នកទាំងឡាយណា ដែលប្រព្រឹត្តនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា ថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។