បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​តែ​អះអាង​ថា​ចង់​ចរចា​ដោះស្រាយ​បញ្ហា​នយោបាយ

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ បង្ហើប​ឲ្យ​ដឹង​ថា គណបក្ស​នេះ​ចង់​ឲ្យ​មាន​ការ​ចរចា​ឡើង​វិញ ដើម្បី​រក​ដំណោះ​ស្រាយ​នយោបាយ​សមស្រប​មួយ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ដក​ឃ្លា​នៅ​ឆ្ងាយ​ពី​គ្នា​ជិត​មួយ​ខែ​មក​នេះ។ រីឯ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា វិញ​លើក​ឡើង​ថា ទ្វារ​ចរចា​របស់​គណបក្ស​នេះ​នៅ​តែ​បើក​ចំហ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ចំពោះ​ការ​ចរចា​ជា​ថ្មី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ជំនួប​ចរចា​បន្ត​ទៀត ដើម្បី​រក​ចំណុច​កណ្ដាល​មួយ​បញ្ចប់​ជម្លោះ​នយោបាយ ដែល​អូស​បន្លាយ​ពេល​ជាប់​គាំង​ជិត​មួយ​ឆ្នាំ​មក​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ កក្កដា ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​តំណាង​គណបក្ស​ទាំង​ពីរ​ជួប​គ្នា​ពិភាក្សា​គ្នា​បន្ត​ទៀត លើ​ចំណុច​ដែល​តំណាង​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​នោះ។ លោក អេង ឆៃអ៊ាង អះអាង​ថា ការ​ចរចា​មិន​មែន​ជា​ការ​ទាមទារ​ដាច់​ណាត់​នោះ​ទេ គឺ​ត្រូវ​តែ​រក​វិធី​កណ្ដាល​មួយ ដើម្បី​រក​ច្រក​ចេញ៖ «សំឡេង»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ការ​ចង់​ជួប​ពិភាក្សា​គ្នា​បន្ត​ទៀត​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សភា​ឯក​បក្ស លោក ឈាង វុន មាន​ប្រសាសន៍​ថា ទ្វារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បើក​ចំហ​ស្វាគមន៍​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ជានិច្ច។ លោក ឈាង វុន ផ្ដល់​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ដើម្បី​ជា​ចំណុច​កណ្ដាល​នៃ​ការ​ជ្រើស​រើស​សមាជិក គ.ជ.ប នោះ គឺ​បែង​ចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ៥៥​ភាគរយ និង​គណបក្ស​សង្គ្រោះ​ជាតិ ៤៥​ភាគរយ បន្ទាប់​មក​ដាក់​ឲ្យ​សភា​អនុម័ត៖ «សំឡេង»។

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ផ្អាក​ការ​ចរចា​នៅ​ក្រោយ​ពេល​ជួប​គ្នា​នៅ​ថ្ងៃ​ទី​១២ មិថុនា ហើយ​បាន​ខ្វែង​គំនិត​គ្នា​លើ​ការ​ជ្រើស​រើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​សំឡេង​អនុម័ត​ក្នុង​សភា​តាម​រូបមន្ត ២​ភាគ​៣ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន ៥០​ភាគរយ​បូក​១ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​សំឡេង​សភា​ទាំង​មូល។

មក​ទល់​ពេល​នេះ តំណាង​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ជជែក​ថា​នឹង​ជួប​គ្នា​បន្ត​ទៀត​នៅ​ពេល​ណា​ពិត​ប្រាកដ​នៅ​ឡើយ​ទេ គ្រាន់​តែ​បាន​បង្ហាញ​ជំហរ​រៀងៗ​ខ្លួន អំពី​ការ​ចង់​ចរចា​ជា​ថ្មី​ទៀត​នេះ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ឲ្យ​គណបក្ស​ទាំង​ពីរ​ជួប​គ្នា​ចរចា​បន្ត​ទៀត។ ក៏ប៉ុន្តែ លោក​អះអាង​ថា ការ​ប្រើ​រូបមន្ត​ចរចា​តាម​អ្វី​ដែល លោក ឈាង វុន ដាក់​ចេញ​មក​នេះ គ្មាន​អ្វី​ខុស​ប្លែក​ពី​មុន​នោះ​ទេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​សំឡេង​អនុម័ត​ជ្រើស​រើស​សមាជិក គ.ជ.ប ដោយ​សំឡេង ៥០​ភាគរយ​បូក​១ ដដែល៖ «សំឡេង»។

ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ក្រោយ​ពី​ថ្ងៃ​បោះ​ឆ្នោត ២៨ កក្កដា ឆ្នាំ​២០១៣ មក​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ទន់​ឥរិយាបថ​របស់​ខ្លួន​ក្នុង​ការ​ចរចា​នេះ​ជា​បន្តបន្ទាប់។ គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ទាមទារ​ឲ្យ​ត្រួត​ពិនិត្យ​ហិប​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ធ្លាប់​បាន​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ និង​ទីបំផុត ការ​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។ បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មក​នៅ​ចំណុច​សូន្យ។

អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​នៅ​ពេល​នេះ គណបក្ស​នេះ​អាច​ធ្វើ​ការ​ទាមទារ ឬ​ធ្វើ​ការ​តស៊ូ​មតិ​ក្នុង​សភា ដើម្បី​ឲ្យ​រដ្ឋាភិបាល​កែ​ទម្រង់។ តែ​បើ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ជីវិត​នយោបាយ​នៅ​ក្រៅ​សភា​រហូត​ដល់​ឆ្នាំ​២០១៨ ជា​រូបភាព​មួយ​ប្លែក ថ្មី និង​ជា​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​មាន​តម្លៃ​នយោបាយ ជា​ជាង​ចូល​សភា​ដោយ​គ្មាន​ការ​កែ​ទម្រង់​អ្វី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។