ពលរដ្ឋ​ភូមា​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​គម្រោង​របស់​លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​របប​យោធា​ភូមា

0:00 / 0:00

ពលរដ្ឋ​ភូមា​ចាប់ផ្ដើម​ផ្ទុះ​កំហឹង​ចំពោះ​លោក ហ៊ុន សែន រហូត​ឈាន​ដល់​ការ​ជាន់​ឈ្លី និង​ដុត​រូបថត​របស់​លោក ដើម្បី​ប្រឆាំង​នឹង​គម្រោង​ទស្សនកិច្ច​ទៅ​ជួប​ជាមួយ​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing)។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ថា លោក ហ៊ុន សែន កំពុង​តែ​ធ្វើ​ឱ្យ​កម្ពុជា​អាម៉ាស់​នៅ​ក្នុង​សមាគម​អាស៊ាន និង​ឆាក​អន្តរជាតិ​ដោយសារតែ​ទៅ​ទាក់ទង​មេដឹកនាំ​ដែល​រង​ការ​រិះគន់ និង​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។

និស្សិត​ភូមា​នៃ​សាកលវិទ្យាល័យ ​យ៉ាដាណាបន (Yadanabon) ចាប់​ផ្ដើម​ធ្វើ​ យុទ្ធនាការ​ជាបន្តបន្ទាប់ ដូចជា​ការ​ជាន់​ឈ្លី និង​ដុត​រូបថត​លោក ហ៊ុន សែន នៅ​តាម​ទី​សាធារណៈ។ យុទ្ធនាការ​ទាំងនេះ ធ្វើឡើង​ក្រោយ​ពី​ផ្ទុះ​កំហឹង​ចំពោះ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​គ្រោង​ទៅ​ជួប​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា​នៅ​ថ្ងៃ​ទី៧ និង​ទី៨ ខែ​មករា ឆ្នាំ២០២២ ខាង​មុខ។

Burmese_Students_protest_against_Hun_Sen_visit_plan_FB_Yadanabon_University_Student_Union_122021_7.jpg
និស្សិត​ភូមា​នៃ​សាកលវិទ្យាល័យ ​យ៉ាដាណាបន (Yadanabon) ធ្វើ​យុទ្ធនាការ​ជាន់​ឈ្លី និង​ដុត​រូបថត​លោក ហ៊ុន សែន នៅ​តាម​ទី​សាធារណៈ ប្រឆាំងគម្រោង​របស់​លោក ដែលនឹង​ទៅ​ជួប​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា​ នៅ​ថ្ងៃ​ទី៧ និង​ទី៨ ខែ​មករា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក Yadanabon University Students' Union

សារ​ព័ត៌មាន​ភូមា ឈ្មោះ Khit Thit Media បាន​ចុះ​ផ្សាយ​អំពី​រូបភាព​នៃ​យុទ្ធនាការ​ទាំង​នេះ ដោយ​សរសេរ​ថា បើ​លោក ហ៊ុន សែន នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយ​លោក មីន អ៊ុងលាំង នោះ​នឹង​បំផ្លាញ​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​របស់​អាស៊ាន​ទាំងមូល។ ប្រភព​ដដែល​នេះ​រិះគន់​ថា ការ​ប្រកាស​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើទស្សនកិច្ច​នៅ​ពេល​ខាង​មុខ​របស់​លោក ហ៊ុន សែន ដោយ​គ្មាន​វត្តមាន​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មេ​បក្ស​ប្រឆាំង​នៅ​ភូមា ពុំ​មែន​ជា​ការ​ដោះ​ស្រាយ​​ជម្លោះ​ពិត​ប្រាកដ​នោះ​ទេ។ ផ្ទុយទៅវិញ នេះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​របប​សឹក​ភូមា​កាន់កាប់​អំណាច​ដោយ​ខុស​ច្បាប់​ឡើង និង​ជា​ការ​គាំទ្រ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ភូមា​ផង​ដែរ។

ទាក់ទង​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា យុទ្ធនាការ​របស់​ពលរដ្ឋ​ភូមា​នៅ​ពេល​នេះ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ប៉ុណ្ណោះ ដែល​មិន​អាច​ហាមប្រាម​បាន ហើយ​ក៏​គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​កិត្តិយស និង​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ លោក​អះអាង​ថា គោលបំណង​ទស្សនកិច្ច​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ព្យាយាម​ចង់​ជួប​មេ​ដឹកនាំ​របប​សឹក​ភូមា គឺ​ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិនយោបាយ​នៅ​ភូមា​តែប៉ុណ្ណោះ៖ «ក្នុង​នាម​ជា​អ្នក​នយោបាយ​គឺ វា​មាន​ពីរ​ក្រុម មាន​អ្នក​គាំទ្រ ហើយ​និង​អ្នក​មិន​គាំទ្រ។ ការ​ធ្វើ​អ៊ីចឹង គ្រាន់តែ​ជា​ការ​បញ្ចេញ​កំហឹង​មួយ​តែ​ប៉ុណ្ណឹង។ វា​អត់​មាន​ផលប្រយោជន៍​ធំ​សម្រាប់​ដោះស្រាយ​បញ្ហា​ភូមា​នោះ​ទេ »។

Burmese_Students_protest_against_Hun_Sen_visit_plan_FB_Yadanabon_University_Student_Union_122021_4a.jpg
និស្សិត​ភូមា​នៃ​សាកលវិទ្យាល័យ ​យ៉ាដាណាបន (Yadanabon) ធ្វើ​យុទ្ធនាការ​ប្រឆាំងគម្រោង​របស់​លោក ហ៊ុន សែន ដែលនឹង​ទៅ​ជួប​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា​ នៅ​ថ្ងៃ​ទី៧ និង​ទី៨ ខែ​មករា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក Yadanabon University Students' Union

ជុំវិញ​បញ្ហា​នេះ សកម្មជន​បក្ស​ប្រឆាំង​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោកស្រី គិន ស្រីអូន រិះគន់​ថា នេះ​ជា​ទង្វើ​មួយ ដែល​នាំ​មក​នូវ​ភាព​អាម៉ាស់​សម្រាប់​កម្ពុជា នៅ​ក្នុង​តំបន់​អាស៊ាន និង​លើ​ឆាក​អន្តរជាតិ។ លោកស្រី​មិន​គាំទ្រ​​នឹង​សកម្មភាព​របស់​លោក ហ៊ុន សែន ក្នុង​គម្រោង​ទស្សនកិច្ច​ទៅ​ជួប​នឹង​របប​សឹក​ភូមា​នៅ​ពេល​ខាង​មុខ​នេះ​ឡើយ៖ «ខ្ញុំ​សុំ​ស្នើ​កុំ​ឱ្យ​គាត់​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ហ្នឹង​ល្អ​ជាង ព្រោះ​បាន​ឃើញ​ប្រជាពលរដ្ឋ​នៅ​ភូមា​ជាន់​រូបថត​គាត់​នៅ​នឹង​ជើង ហើយ​យក​រូបថត​គាត់​ទៅ​ដុត​ចោល។ បើ​សិន​គាត់​ទៅ​ហ្នឹង គាត់​ទៅ​ជួប​អ្នកស្រី អ៊ុង សានស៊ូជី អា​ហ្នឹង​ពួក​ខ្ញុំ​គាំទ្រ។ នេះ​គាត់​ទៅ​ជួប​មន្ត្រី​ផ្ដាច់ការ​យោធា​នៅ​ភូមា ដែល​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត ហើយ​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​ដូច​របប​ហ៊ុន សែន ហ្នឹង​ដែរ។ អ៊ីចឹង​ខ្ញុំ​មិន​អាច​គាំទ្រ​ឱ្យ​គាត់​ទៅ​ទស្សនកិច្ច​នៅ​ភូមា​ទេ »។

ចំណែក មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រូប​ទៀត​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក អឿ ណារិទ្ធ យល់ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ភូមា​បញ្ចេញ​កំហឹង​ដោយ​ជាន់​ឈ្លី និង​ដុត​រូបថត​លោក ហ៊ុន សែន ដោយ​សារ​តែ​ពួកគេ​យល់ថា គម្រោង​ទស្សនកិច្ច​នេះ គឺ​ជា​រូបភាព​នៃ​ការ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា ដែល​កំពុង​រងគ្រោះ​ពីសំណាក់​របប​សឹក​យោធា​លោក មីន អ៊ុងលាំង៖ «ជំនឿ​ចិត្ត​នៃ​ការ​ដោះ​ស្រាយ​នោះ​វា​មាន​កម្រិតទាប ទោះបី​ជា​យើង​អះអាង​ថា យើង​ទៅ​ជួយ​សម្រប​សម្រួល ជួយ​ដោះ​ស្រាយ​នៅ​ភូមា ក៏​ប៉ុន្តែ​អ្វី​ដែល​គេ​ហៅ​ថា យើង​អត់​ទាន់​បោសសម្អាត​នៅផ្ទះ​យើង​ផង យើង​ថា​នឹង​សម្អាត​ផ្ទះ​អ្នក​ដទៃ។ គេ​ម៉េច​នឹង​ជឿ​យើង។ អា​ហ្នឹង​វា​ជា​រឿង​មួយ​ដែល​លំបាក​ក្នុង​ការ​ជឿជាក់ ទាំង​សហគមន៍​ជាតិ សហគមន៍​អន្តរជាតិ ជាពិសេស​គឺ ប្រជាពលរដ្ឋ​ភូមា​ខ្លួន​ឯង​តែម្ដង »។

ថ្មីៗ នេះ​លោក ហ៊ុន សែន និយាយ​ថា លោក​មិន​អាច​ធ្វើការ​ជាមួយ​អ្នកណា​ផ្សេង ក្រៅពី​មេដឹកនាំ​យោធា​លោក មីង អ៊ុងលាំង ឡើយ។ លោក ហ៊ុន សែន ប្រកាស​តាំង​ខ្លួន​ថា ជា​អ្នក​ពូកែ​ចរចា​រក​ដំណោះស្រាយ ហើយ​លោក​នឹង​យក​បទ​ពិសោធ​ដែល​មាន ដើម្បី​ទៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា។ ប៉ុន្តែ​លោក​ស្នើ​ឱ្យ​មជ្ឈដ្ឋាន​នានា កុំ​ស្ដីបន្ទោស បើ​លោក​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​មិន​បាន។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លោក គៀន ពន្លក យល់ថា បើ​លោក​ ហ៊ុន សែន ​នៅតែ​ទៅ​ជួប​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងលាំង នៅ​ពេល​ខាង​មុខ​ពិតមែន នោះ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភូមា​ផ្ទុះ​កំហឹង​ខ្លាំង​ឡើង។ លោក​យល់​ថា បើ​លោក​ ហ៊ុន សែន ពិតជា​ចង់​ទៅ​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា គឺ​ចាំបាច់​ត្រូវ​តែ​ទៅ​ជួប​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី អ៊ុង សានស៊ូជី ផង​ដែរ។ ជាពិសេស​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដោះស្រាយ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​សិន មុននឹង​ឈាន​ទៅ​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា៖ «ធ្វើ​បែប​នេះ គឺ​ហាក់​បី​ដូច​ជា​ផ្គើន​ទៅ​នឹង​ប្រទេស​លោក​សេរី ជា​ពិសេស គឺ​សហរដ្ឋអាមេរិក ហើយ​និង​សហភាព​អឺរ៉ុប​ដែល​កំពុងតែ​ថ្កោលទោស​ទៅលើ​របប​ដឹកនាំ​យោធា​នៃ​ប្រទេស​ភូមា។ ការធ្វើ​ដំណើរ​ទស្សនកិច្ច​នេះ យុវជន​ឬក៏​និស្សិត​របស់​ប្រទេស​ភូមា​ហ្នឹង​យល់ថា សម្ដេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កំពុងតែ​គាំទ្រ​ទៅលើ​របប​យោធា​ផ្ដាច់ការ។ អ៊ីចឹង​ហើយ ពួកគាត់​ធ្វើការ​ទាមទារ​រហូត​ដល់​មាន​ការ​ដុត​រូប ឬ​ក៏​ជាន់​រូប​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រូបភាព​នេះ​មើល​ឃើញ​ទៅ គួរឱ្យ​អាម៉ាស់​ណាស់​សម្រាប់​ប្រទេសជាតិ​កម្ពុជា​ទាំង​មូល »។

គណបក្សប្រឆាំង អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​បាន​រិះគន់​ជា​បន្ត​បន្ទាប់​ដល់​លោក ហ៊ុន សែន ថា ​កំពុង​តែ​ដើរ​ផ្លូវ​ខុស​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា និង​កំពុង​នាំ​ភាព​ប្រេះឆា​ក្នុង​តំបន់​អាស៊ាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។