ពលរដ្ឋភូមាចាប់ផ្ដើមផ្ទុះកំហឹងចំពោះលោក ហ៊ុន សែន រហូតឈានដល់ការជាន់ឈ្លី និងដុតរូបថតរបស់លោក ដើម្បីប្រឆាំងនឹងគម្រោងទស្សនកិច្ចទៅជួបជាមួយមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing)។ មន្ត្រីបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍នយោបាយថា លោក ហ៊ុន សែន កំពុងតែធ្វើឱ្យកម្ពុជាអាម៉ាស់នៅក្នុងសមាគមអាស៊ាន និងឆាកអន្តរជាតិដោយសារតែទៅទាក់ទងមេដឹកនាំដែលរងការរិះគន់ និងដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
និស្សិតភូមានៃសាកលវិទ្យាល័យ យ៉ាដាណាបន (Yadanabon) ចាប់ផ្ដើមធ្វើ យុទ្ធនាការជាបន្តបន្ទាប់ ដូចជាការជាន់ឈ្លី និងដុតរូបថតលោក ហ៊ុន សែន នៅតាមទីសាធារណៈ។ យុទ្ធនាការទាំងនេះ ធ្វើឡើងក្រោយពីផ្ទុះកំហឹងចំពោះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគ្រោងទៅជួបមេដឹកនាំរដ្ឋប្រហារយោធាភូមានៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ ខាងមុខ។

សារព័ត៌មានភូមា ឈ្មោះ Khit Thit Media បានចុះផ្សាយអំពីរូបភាពនៃយុទ្ធនាការទាំងនេះ ដោយសរសេរថា បើលោក ហ៊ុន សែន នៅតែបន្តទំនាក់ទំនងជាមួយលោក មីន អ៊ុងលាំង នោះនឹងបំផ្លាញកិត្តិយសសេចក្ដីថ្លៃថ្នូររបស់អាស៊ានទាំងមូល។ ប្រភពដដែលនេះរិះគន់ថា ការប្រកាសអំពីការប្ដេជ្ញាចិត្តធ្វើទស្សនកិច្ចនៅពេលខាងមុខរបស់លោក ហ៊ុន សែន ដោយគ្មានវត្តមានអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មេបក្សប្រឆាំងនៅភូមា ពុំមែនជាការដោះស្រាយជម្លោះពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ នេះគឺជាការលើកទឹកចិត្តរបបសឹកភូមាកាន់កាប់អំណាចដោយខុសច្បាប់ឡើង និងជាការគាំទ្រឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមនុស្សជាតិនៅភូមាផងដែរ។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ឆ្លើយតបថា យុទ្ធនាការរបស់ពលរដ្ឋភូមានៅពេលនេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគេប៉ុណ្ណោះ ដែលមិនអាចហាមប្រាមបាន ហើយក៏គ្មានឥទ្ធិពលអ្វីមកលើកិត្តិយស និងការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជានោះទេ។ លោកអះអាងថា គោលបំណងទស្សនកិច្ចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលព្យាយាមចង់ជួបមេដឹកនាំរបបសឹកភូមា គឺដើម្បីជួយដោះស្រាយវិបត្តិនយោបាយនៅភូមាតែប៉ុណ្ណោះ៖ «ក្នុងនាមជាអ្នកនយោបាយគឺ វាមានពីរក្រុម មានអ្នកគាំទ្រ ហើយនិងអ្នកមិនគាំទ្រ។ ការធ្វើអ៊ីចឹង គ្រាន់តែជាការបញ្ចេញកំហឹងមួយតែប៉ុណ្ណឹង។ វាអត់មានផលប្រយោជន៍ធំសម្រាប់ដោះស្រាយបញ្ហាភូមានោះទេ »។

ជុំវិញបញ្ហានេះ សកម្មជនបក្សប្រឆាំងកំពុងភៀសខ្លួននៅប្រទេសថៃ លោកស្រី គិន ស្រីអូន រិះគន់ថា នេះជាទង្វើមួយ ដែលនាំមកនូវភាពអាម៉ាស់សម្រាប់កម្ពុជា នៅក្នុងតំបន់អាស៊ាន និងលើឆាកអន្តរជាតិ។ លោកស្រីមិនគាំទ្រនឹងសកម្មភាពរបស់លោក ហ៊ុន សែន ក្នុងគម្រោងទស្សនកិច្ចទៅជួបនឹងរបបសឹកភូមានៅពេលខាងមុខនេះឡើយ៖ «ខ្ញុំសុំស្នើកុំឱ្យគាត់ទៅទស្សនកិច្ចនៅប្រទេសភូមាហ្នឹងល្អជាង ព្រោះបានឃើញប្រជាពលរដ្ឋនៅភូមាជាន់រូបថតគាត់នៅនឹងជើង ហើយយករូបថតគាត់ទៅដុតចោល។ បើសិនគាត់ទៅហ្នឹង គាត់ទៅជួបអ្នកស្រី អ៊ុង សានស៊ូជី អាហ្នឹងពួកខ្ញុំគាំទ្រ។ នេះគាត់ទៅជួបមន្ត្រីផ្ដាច់ការយោធានៅភូមា ដែលប្រជាពលរដ្ឋមិនពេញចិត្ត ហើយសម្លាប់ប្រជាពលរដ្ឋខ្លួនឯងដូចរបបហ៊ុន សែន ហ្នឹងដែរ។ អ៊ីចឹងខ្ញុំមិនអាចគាំទ្រឱ្យគាត់ទៅទស្សនកិច្ចនៅភូមាទេ »។
ចំណែក មន្ត្រីគណបក្សប្រឆាំងមួយរូបទៀតកំពុងភៀសខ្លួននៅប្រទេសថៃ លោក អឿ ណារិទ្ធ យល់ថា មូលហេតុដែលប្រជាពលរដ្ឋភូមាបញ្ចេញកំហឹងដោយជាន់ឈ្លី និងដុតរូបថតលោក ហ៊ុន សែន ដោយសារតែពួកគេយល់ថា គម្រោងទស្សនកិច្ចនេះ គឺជារូបភាពនៃការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនៅភូមា ដែលកំពុងរងគ្រោះពីសំណាក់របបសឹកយោធាលោក មីន អ៊ុងលាំង៖ «ជំនឿចិត្តនៃការដោះស្រាយនោះវាមានកម្រិតទាប ទោះបីជាយើងអះអាងថា យើងទៅជួយសម្របសម្រួល ជួយដោះស្រាយនៅភូមា ក៏ប៉ុន្តែអ្វីដែលគេហៅថា យើងអត់ទាន់បោសសម្អាតនៅផ្ទះយើងផង យើងថានឹងសម្អាតផ្ទះអ្នកដទៃ។ គេម៉េចនឹងជឿយើង។ អាហ្នឹងវាជារឿងមួយដែលលំបាកក្នុងការជឿជាក់ ទាំងសហគមន៍ជាតិ សហគមន៍អន្តរជាតិ ជាពិសេសគឺ ប្រជាពលរដ្ឋភូមាខ្លួនឯងតែម្ដង »។
ថ្មីៗ នេះលោក ហ៊ុន សែន និយាយថា លោកមិនអាចធ្វើការជាមួយអ្នកណាផ្សេង ក្រៅពីមេដឹកនាំយោធាលោក មីង អ៊ុងលាំង ឡើយ។ លោក ហ៊ុន សែន ប្រកាសតាំងខ្លួនថា ជាអ្នកពូកែចរចារកដំណោះស្រាយ ហើយលោកនឹងយកបទពិសោធដែលមាន ដើម្បីទៅដោះស្រាយវិបត្តិនយោបាយនៅភូមា។ ប៉ុន្តែលោកស្នើឱ្យមជ្ឈដ្ឋាននានា កុំស្ដីបន្ទោស បើលោកដោះស្រាយវិបត្តិនៅភូមាមិនបាន។
ជុំវិញរឿងនេះ អ្នកតាមដានស្ថានការណ៍នយោបាយលោក គៀន ពន្លក យល់ថា បើលោក ហ៊ុន សែន នៅតែទៅជួបមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងលាំង នៅពេលខាងមុខពិតមែន នោះនឹងកាន់តែធ្វើឱ្យប្រជាពលរដ្ឋភូមាផ្ទុះកំហឹងខ្លាំងឡើង។ លោកយល់ថា បើលោក ហ៊ុន សែន ពិតជាចង់ទៅដោះស្រាយវិបត្តិនៅភូមា គឺចាំបាច់ត្រូវតែទៅជួបមេដឹកនាំបក្សប្រឆាំង អ្នកស្រី អ៊ុង សានស៊ូជី ផងដែរ។ ជាពិសេសរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងប្រទេសសិន មុននឹងឈានទៅដោះស្រាយវិបត្តិនៅភូមា៖ «ធ្វើបែបនេះ គឺហាក់បីដូចជាផ្គើនទៅនឹងប្រទេសលោកសេរី ជាពិសេស គឺសហរដ្ឋអាមេរិក ហើយនិងសហភាពអឺរ៉ុបដែលកំពុងតែថ្កោលទោសទៅលើរបបដឹកនាំយោធានៃប្រទេសភូមា។ ការធ្វើដំណើរទស្សនកិច្ចនេះ យុវជនឬក៏និស្សិតរបស់ប្រទេសភូមាហ្នឹងយល់ថា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែគាំទ្រទៅលើរបបយោធាផ្ដាច់ការ។ អ៊ីចឹងហើយ ពួកគាត់ធ្វើការទាមទាររហូតដល់មានការដុតរូប ឬក៏ជាន់រូបនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរូបភាពនេះមើលឃើញទៅ គួរឱ្យអាម៉ាស់ណាស់សម្រាប់ប្រទេសជាតិកម្ពុជាទាំងមូល »។
គណបក្សប្រឆាំង អង្គការសិទ្ធិមនុស្សអន្តរជាតិ និងអ្នកតាមដានស្ថានការណ៍នយោបាយបានរិះគន់ជាបន្តបន្ទាប់ដល់លោក ហ៊ុន សែន ថា កំពុងតែដើរផ្លូវខុសក្នុងការដោះស្រាយវិបត្តិនៅភូមា និងកំពុងនាំភាពប្រេះឆាក្នុងតំបន់អាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
