អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ជំរុញឲ្យប្រទេសកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ ក្នុងសារផ្ញើជូនរដ្ឋាភិបាលកម្ពុជា ក្នុងទិវាបុណ្យជាតិប្រចាំឆ្នាំរបស់អូស្ត្រាលី នៅថ្ងៃទី២៦ ខែមករា អ្នកស្រី អែនជីឡា ឃ័រខូរ៉ែន (Angela Corcoran) បានរម្លឹកអំពីសារសំខាន់ខ្លាំងដែលពលរដ្ឋខ្មែរគ្រប់រូបអាចអនុវត្តសិទ្ធិជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការបង្កើតសមាគម។
ភ្លាមៗក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញថ្លែងការណ៍មួយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រដ្ឋាភិបាលអូស្ត្រាលី រម្លឹកប្រទេសកម្ពុជា ថាក្នុងនាមជាមិត្តភ័ក្តិរបស់កម្ពុជា ប្រទេសអូស្ត្រាលី ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបអាចប្រើប្រាស់សិទ្ធិតាមលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ជាពិសេសនៅមុនការបោះឆ្នោតជាតិ ដែលខិតជិតចូលមកដល់បែបនេះ។
អូស្ត្រាលី ចាប់ផ្ដើមចំណងការទូតជាមួយកម្ពុជា អស់រយៈពេល ៦៦ឆ្នាំមកហើយ គឺតាំងពីខែមករា ឆ្នាំ១៩៥២ មកម្ល៉េះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
