មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​កម្ពុជា​រំពឹង​ថា​ចិន​នឹង​ផ្ដល់​នាវា​ចម្បាំង​២​គ្រឿង

ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​នៃ​កង​នាវា​កងទ័ព​ប្រជាជន​ចិន នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​កុម្ភៈ នេះ មេបញ្ជាការ​កងទ័ពជើងទឹក​កម្ពុជា ឧត្ដមនាវីឯក ទៀ វិញ រំពឹង​ថា នៅ​ពេល​ខាង​មុខ ក្រសួង​ការពារ​ជាតិ​ចិន នឹង​អាច​ជួយ​ផ្ដល់​កម្ពុជា នូវ​នាវា​ចម្បាំង​ពីរ​គ្រឿង ដើម្បី​ការពារ​ដែន​សមុទ្រ​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា សំណើ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​កិច្ច​ចរចា​គ្នា។

ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន ខាង​ត្បូង​វិញ លោក ទៀ វិញ ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី បើ​ទោះ​បី​ជា​កិច្ចប្រជុំ​កងទ័ពជើងទឹក​អាស៊ាន កន្លង​មក បាន​ជំរុញ​ឲ្យ​កម្ពុជា លើក​ឡើង​ពី​បញ្ហា​នេះ​ក៏ដោយ។ លោក ទៀ វិញ បញ្ជាក់​ប្រាប់​មេបញ្ជាការ​ប្រចាំការ​ដែន​សមុទ្រ​ចិន ខាង​ត្បូង ឧត្ដមនាវីទោ យូ ម៉ាន់ជាំង (Yu Manjiang) ថា កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ចិន តែមួយ។

ទាក់ទង​នឹង​ការ​ហ្វឹកហាត់​រួមគ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​លើ​ដែនសមុទ្រ​ខ្មែរ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ វិញ អគ្គបញ្ជាការ​រង​កង​ទ័ព​ជើង​ទឹក​កម្ពុជា លោក វណ្ណ ប៊ុននាង បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន អេ.ភី (AP) ថា ទាហាន​ជើង​ទឹក​កម្ពុជា ៧០​នាក់ នឹង​ចូល​រួម​ក្នុង​ការ​ហ្វឹកហាត់​ជាមួយ​ទាហាន​ជើង​ទឹក​ចិន ប្រមាណ​ជាង ៧០០​នាក់ នៅ​លើ​នាវាចម្បាំង​ចិន ៣​គ្រឿង ដែល​បាន​ចត​នៅ​កំពង់ផែ​ព្រះសីហនុ។

លោក វណ្ណ ប៊ុននាង អោយ​ដឹង​ថា ការ​ហ្វឹកហាត់​នេះ គឺ​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ធំ​មួយ និង​ជា​យុទ្ធនាការ​រួម​គ្នា​ដើម្បី​បង្កើន​ការ​ត្រៀម​ខ្លួន​ក្នុង​ករណី​មាន​ហេតុការណ៍​លិច​កាណូត ឬ​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង។

កង​នាវា​កងទ័ព​ប្រជាជន​ចិន ៣​គ្រឿង មក​ដល់​កម្ពុជា នៅ​បន្ទាប់​ពី​កង​នាវា​យោធា​ការពារ​ដែន​សមុទ្រ​របស់​ជប៉ុន ៣​គ្រឿង ចាក​ចេញ​ពី​កម្ពុជា តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ។ ជប៉ុន​មាន​ជម្លោះ​ព្រំដែន​សមុទ្រ​ជាមួយ​ចិន ហើយ​ប្រទេស​ទាំង​ពីរ​ត្រូវ​គេ​មើល​ឃើញ​ថា កំពុងតែ​ប្រជែង​គ្នា​ដើម្បី​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​ក្នុង​តំបន់​អាស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។