កម្ពុជា និង​កូរ៉េ​ខាង​ត្បូង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ រួម​ទាំង​ពាណិជ្ជកម្ម និង​ការពារ​ជាតិ

ដោយ ទីន ហ្សាការីយ៉ា
2024.05.16
កម្ពុជា និង​កូរ៉េ​ខាង​ត្បូង ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ រួម​ទាំង​ពាណិជ្ជកម្ម និង​ការពារ​ជាតិ (ឆ្វេងទី១) ​នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង (South Korea) លោក យូន ស៊កយ៉ល (Yoon Suk Yeol) និង (រូបស្ដាំទី២) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីចុះ​ហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀង​បង្កើន​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​លើ​វិស័យ​ផ្សេងៗ រួម​ទាំង​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រយៈ​ពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៨ ឧសភា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង (South Korea) លោក យូន ស៊កយ៉ល (Yoon Suk Yeol) បាន​ព្រមព្រៀង​គ្នា​បង្កើន​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​លើ​វិស័យ​ផ្សេងៗ រួម​ទាំង​វិស័យ​ការពារ​ជាតិ ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ។

នេះ ជា​លើក​ទី១ ហើយ ដែល​លោក ហ៊ុន ម៉ាណែត បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រយៈ​ពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៨ ឧសភា ក្រោយ​ពី​លោក​បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ត​ពូជ​ពី​លោក ហ៊ុន សែន។

សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី១៦ ឧសភា ក្រោយ​ពី​មេ​ដឹកនាំ​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា នៅ​ទីក្រុង​សេអ៊ូល (Seoul) ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ការពារ​ជាតិ សន្តិសុខ ហ្វឹកហាត់​យោធា​រួម​គ្នា លើ​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិភាព តាម​រយៈ​ភាព​ជា​ដៃគូ​ត្រី​ភាគី​រវាង អង្គការ​សហប្រជាជាតិ-កូរ៉េ-កម្ពុជា និង លើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដូចជា បទ​ល្មើស​គ្រឿង​ញៀន បទ​ល្មើស​បច្ចេកវិទ្យា និង​ការ​ឆបោក​តាម​អ៊ិនធឹណែត (Internet) ជា​ដើម។

កម្ពុជា និង​កូរ៉េ ក៏​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ តាម​រយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទេ្វ​ភាគី និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​សង្គម វប្បធម៌ និង​ការ​អភិវឌ្ឍ។

មេដឹកនាំ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន ៦ទៀត ក្នុង​នោះ រួម​មាន កូរ៉េ​បាន​បង្កើន​ផ្ដល់​ប្រាក់​កម្ចី​ឱ្យ​កម្ពុជា​ដល់ ៣ពាន់​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នាំ២០២២ ដល់​ឆ្នាំ២០៣០។ អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​វិនិយោគ និង​ឯកសារ​ផ្សេងៗ ទៀត។

នៅ​អំឡុង​ពេល​លោក ហ៊ុន ម៉ាណែត ជួប​ប្រជុំ​ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ត្បូង​នេះ ក្រុម​យុវជន ពលករ​ខ្មែរ ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង គ្រោង​នឹង​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី១៩ឧសភា ដើម្បី​ទាមទារ​ឱ្យ លោក ហ៊ុន ម៉ាណែត ដោះ​ស្រាយ​វិបត្តិ​សង្គម គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។