កម្ពុជា និង​ចិន​ប្រកាស​ប្ដេជ្ញា​បន្ត​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ឱ្យ​កាន់តែ​ខ្លាំងក្លា

0:00 / 0:00

កម្ពុជា និង​ចិន បន្ត​ប្រកាស​ប្ដេជ្ញា​ក្នុង​ការ​រឹតចំណង «​មិត្តភាព​ដែកថែប​» ក្របខ័ណ្ឌ​វិស័យ​យោធា​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ស៊ីជម្រៅ​ដោយ​អះអាង​ថា ដើម្បី​រួមចំណែក​ការពារ​សណ្ដាប់ធ្នាប់ សន្តិភាព និង​ស្ថិរភាព​ពិភពលោក​។ ក្រុម​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ​ព្រមាន​អំពី​ផល​ប៉ះពាល់ និង​ការ​ទទួលរង​សម្ពាធ​ផ្នែក​នយោបាយ​ការទូត​កាន់តែ​ខ្លាំង​ដោយសារតែ​កម្ពុជា​ហាក់​ផ្អៀង​ទៅ​រក​ចិន​តែ​ម្ខាង ខណៈ​ប្រទេស​ចិន​រង​ការ​រិះគន់​ថា មាន​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​នយោបាយ និង​យោធា​របស់​ខ្លួន​នៅ​កម្ពុជា។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​អ្នក​តាម​ភូមិសាស្ត្រ​នយោបាយ​លើកឡើង​ស្របគ្នា​ថា កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន មាន​សារសំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​កងទ័ព ការ​ហ្វឹកហ្វឺន និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ពី​កងទ័ព​ប្រទេស​ទាំងពីរ​។ ទោះជា​យ៉ាងណា ពួកគេ​ព្រមាន​ថា ការណ៍​ដែល​កម្ពុជា​បន្ត​ផ្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​តែ​ម្ខាង បណ្តា​ប្រទេស​លោក​សេរី​នឹង​បន្ត​សង្ស័យ​កាន់តែ​ខ្លាំង​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​វត្តមាន​យោធា​ចិន ដែល​អាច​បោះទីតាំង​ឈរជើង​នៅ​កម្ពុជា។

ការ​លើកឡើង​នេះ ស្របពេល​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ លោក ទៀ សីហា បាន​ដឹកនាំ​មន្ត្រី​យោធា​កំពូលៗ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចំនួន ៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩ ខែ​តុលា ដល់​ថ្ងៃទី​០១ ខែ​វិច្ឆិកា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​យោធា និង​ចូលរួម​វេទិកា សៀងសាន (Xiangshan) លើក​ទី​១០ នៅ​ប្រទេស​ចិន។

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​អនុប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​នៃ​ប្រទេស​កុម្មុយនិស្ត​ចិន លោក ហឺ វេទុង (He Weidong) នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ សីហា ថ្លែង​ថា ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​ចិន និង​ការចូលរួម​វេទិកា​ប្រចាំឆ្នាំ​របស់​ចិន​នា​ពេល​នេះ កងទ័ព​នៃ​ប្រទេស​ទាំងពីរ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័​យ​យោធា​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ។ លោក ទៀ សីហា ចាត់ទុក​ប្រទេស​ចិន​ថា ជា​អ្នកមានគុណ និង​យកចិត្តទុកដាក់​សម្រាប់​កម្ពុជា​តាមរយៈ​ការ​ផ្ដល់​នូវ​សម្ភារៈ​បរិក្ខារ ពេទ្យ ឱសថ ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ (Covid-19)។

ក្រៅ​ពី​នេះ​ថ្លែង​ក្នុង​វេទិកា​សៀងសាន (Xiangshan) លើក​ទី​១០ នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​៣០ ខែតុលា លោក ទៀ សីហា អះអាង​ថា កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត្យ និង​ប្រឆាំង​ចំពោះ​ការ​គំរាមកំហែង ឬ​ការប្រើប្រាស់​កម្លាំង​នៃ​ទំនាក់ទំនង​អន្តរជាតិ​ណាមួយ​ដែល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

វេទិកា សៀងសាន (Xiangshan) របស់​ប្រទេស​ចិន​នា​ឆ្នាំនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ សន្តិសុខ​រួម សន្តិភាព​យូរអង្វែង និង​ទំនួល​ខុសត្រូវ​របស់​ប្រទេស​មហាអំណាច​ធំៗ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​សកល​។ វេទិកា សៀងសាន (Xiangshan) គឺជា​វេទិកា​ប្រចាំឆ្នាំ​របស់​ចិន ដែល​រង​ការ​រិះគន់​ថា រៀបចំ​ឡើងជា​នយោបាយ​ដើម្បី​ពង្រីក​ឥទ្ធិពល និង​យោធា​របស់​ចិន​នៅក្នុង​តំបន់ និង​ពិភពលោក​។ ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៏ អូស្ទីន (Lloyd Austin) និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​បណ្ដា​ប្រទេស​លោក​សេរី​មួយ​ចំនួន​ទៀត ពុំបាន​ចូលរួម​វេទិកា​របស់​ចិន​នេះ​ឡើយ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តជាតិ​លោក ឯម សុវណ្ណារ៉ា យល់ឃើញ​ថា ការចូលរួម​របស់​កម្ពុជា​ក្នុង​វេទិកា​របស់​ចិន និង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​អាច​នឹង​ជំរុញ​ឱ្យ​កងទ័ព​កម្ពុជា​ទទួល​បាន​ការអប់រំ​សមត្ថភាព​បន្ថែម​ទៀត​។ ទោះ​យ៉ាងណា លោក​ព្រមាន​ថា កម្ពុជា​នឹង​មិន​អាច​ជៀស​ផុត​ក្នុង​ការ​រង​សម្ពាធ​ការទូត ភាព​តានតឹង​ផ្នែក​នយោបាយ​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី​ឡើយ ប្រសិនបើ​កម្ពុជា​ផ្អៀង​ខ្លាំង​ទៅ​ប្រទេស​ចិន​តែ​ម្ខាង និង​ពុំ​មាន​ការពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត ជាពិសេស​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី​នោះ។

លោក ឯម សុវណ្ណារ៉ា៖ «កាលណា​យើង​ខ្វះ​ការពង្រីក​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​អព្យាក្រឹត្យ​មែន បាន​នឹង​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មានលទ្ធភាព​ពង្រីក​ចំណងទាក់ទង នយោបាយ​ការបរទេស​គ្រប់​បណ្ដា​រដ្ឋ​ទាំងអស់​លើ​ឆាក​អន្តរជាតិ ក៏ប៉ុន្តែ​យើង​ឃើញ​តែ​រូបភាព​ដែល​យើង​ជាមួយនឹង​ទំនាក់ទំនង​ជាមួយ​លោក​ខាងកើត​ចិន យើង​ផ្ដោត​តែ​ជាមួយ​ចិន។ ប៉ុន្តែ លោក​ខាងលិច​ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប​អី​នេះ យើង​ហាក់ដូចជា​មិន​សូវ​មាន​ទេ លើ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ក្រោយ​ឆ្នាំ​២០១៧​។ ទោះជា​យើង​ថា យើង​អព្យាក្រឹត្យ ក៏​មតិ​អន្តរជាតិ ឬ​អ្នក​តាម​សភាពការណ៍​អន្តរជាតិ​គេ​ថា យើង​ហ្នឹង​លម្អៀង។ កិច្ចការ​ហ្នឹង​កម្ពុជា​គួរតែ​រៀបខ្លួន​យ៉ាងម៉េច​ឱ្យ​យើង​ឈរ​កណ្ដាល​វិញ ទើប​ជា​កិច្ចការ​ល្អ​បាទ»។

ចំណែក អ្នកវិភាគ​នយោបាយ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ពិនិត្យ​ឃើញ​ថា កងទ័ព​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​តិចតួច​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន ហើយ​កងទ័ព​កម្ពុជា​បាន​ខាតបង់​ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ និង​ពង្រីក​សមត្ថភាព​ផ្សេង​ពី​បណ្ដា​ប្រទេស​លោក​សេរី​។ លោក​ក៏​ព្រួយបារម្ភ​ថា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ក្របខ័ណ្ឌ​វិស័យ​យោធា​នេះ​កម្ពុជា នឹង​កាន់តែ​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន​កាន់តែ​ខ្លាំង ខណៈ​ប្រទេស​ចិន​នៅ​តែ​មាន​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​តំបន់ និង​អន្តរជាតិ។

បណ្ឌិត មាស នី៖ «ប៉ុន្តែ ការ​មើល​ឃើញ​ពី​ខ្សែ​ភ្នែក​របស់​ចិន​វិញ ហាក់ដូចជា​មាន​មហិច្ឆតា​ខុសពី​អ្វី​ដែល​កម្ពុជា​រំពឹង​ទុក។ អាច​ចិន​មើល​មក​កម្ពុជា​ជា​តំបន់​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ដូចជា​កម្ពុជា​តែង​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​វត្តមាន​កងទ័ព​ចិន​នៅក្នុង​ប្រទេស​កម្ពុជា ចង់​រក្សា​ទំនាក់ទំនង​ត្រឹមតែ​សេដ្ឋកិច្ច​ការទូត ឬ​នយោបាយ ប៉ុន្តែ​មិន​ប្រាកដ​ថា ចិន​គេ​មើល​ដូច​យើង​ទេ។ ចិន​គេ​អាច​នឹង​មើលឃើញ​កម្ពុជា ព្រោះ​មហាអំណាច​តែងតែ​មើលឃើញ​ប្រទេស​តូច​មួយ​ដូច​យើង​នេះ ហួស​ស្ដី​ដែល​យើង​បាន​រំពឹង​ពី​គេ»។

បើ​ទោះបី​ជា​កន្លងមក កម្ពុជា​តែង​អះអាង​ចំពោះ​ការ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន ក៏​អ្នកជំនាញ​វាយតម្លៃ​ថា កម្ពុជា​ពុំបាន​អនុវត្ត​ជាក់ស្តែង ឬ​រក្សា​តុល្យភាព​នយោបាយ​ការបរទេស​របស់​ខ្លួន​តាមរយៈ​ការពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​ចម្រុះ​ភាគី​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ ហើយ​កម្ពុជា​កាន់តែ​ផ្អៀង​នយោបាយ និង​សហការ​លើ​ក្របខ័ណ្ឌ​យោធា​ជាមួយ​ប្រទេស​ចិន​កាន់តែ​ខ្លាំង​ឡើង។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០២៣​នេះ កម្ពុជា និង​ចិន​បាន​រៀបចំ​ការ​ធ្វើ​សមយុទ្ធ​យោធា​ចំនួន​ពីរ​លើក និង​បដិសេធ​មិន​ចូលរួម​ការ​ធ្វើ​សមយុទ្ធ​អាស៊ាន​រួមគ្នា​ដែល​រៀបចំ​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី​ឡើយ ដែល​ប្រហែលជា​ខ្លាច​ប្រទេស​ចិន​អាក់អន់​ស្រពន់​ចិត្ត។ កម្ពុជា​ខកខាន​រៀបចំ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក​ដោយសារតែ​ភាគី​កម្ពុជា​បាន​សម្រេច​លុប​ចោល​ដោយ​ខ្លួនឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។