អ្នក​ឃាំ្លមើល​ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​និង​ចិន បង្ហាញ​ពី​ទំនាក់ទំនង​ជិត​ដិត​ជាង​ប្រទេស​ដទៃ រួម​ទាំង​អាមេរិក

0:00 / 0:00

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ជាមួយ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ខ្ជាប់​និង​យ៉ាង​ ម៉ឺងម៉ាត់​នូវ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ខ្លាំង​ជាង​ប្រទេស​ដទៃ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ជួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន កាល​ពី​ថ្ងៃ​ទី២ ខែមិថុនា មុន​ពេល​មាន​ដំណើរ​ទស្សនកិច្ច​ របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក ឡយ អូស្ទីន (Lloyd Austin) មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​ទី៤ ខែមិថុនា។

អ្នក​ឃ្លាំ​មើល​លើក​ឡើង​ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ជាមួយ​ចិន មុន​ពេល​ដំណើរ​ទស្សនកិច្ច​លោក ឡយ អូស្ទីន នេះ គឺ​បង្ហាញ​ពី​ទំនាក់ទំនង​ជិតដិត រវាង​ប្រទេស​ទាំង​ពីរ ហើយ​កម្ពុជា​នៅ​តែ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ នូវ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ខ្លាំង​ជាង​ប្រទេស​ដទៃ​រួម​ទាំង​អាមេរិក។

កាល​ពី​ថ្ងៃទី២ខែមិថុនា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​លោក តុង ជុន (Dong Jun) អំឡុង​ពេល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី២១ នៅ​ប្រទេស​សិង្ហបុរី ចាប់​ពី​ថ្ងៃ​ទី៣១ ខែឧសភា ដល់​ថ្ងៃ​ទី២ មិថុនា។

ទំព័រហ្វេសប៊ុក​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ឱ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី៣ ខែមិថុនា ថា ក្នុង​ជំនួប​នោះ លោក ទៀ សីហា សន្យា​ជាមួយ​លោក តុង ជុន ថា នឹង​រឹត​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ហើយ​បន្ត​ពង្រឹង​ពង្រីក​កិច្ច​ទំនាក់ទំនង​ដែល​មាន​ស្រាប់ និង​បង្កើន​នូវ​ទំនាក់ទំនង​នេះ ឱ្យ​បាន​កាន់​ តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក តុង ជុន បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ និង​ចាត់​ទុក​លោក ទៀ សីហា ជា​អ្នក​ដឹក​នាំ​បន្ត​វេន ដែល​នឹង​បន្ត​ធ្វើ​ឱ្យ​ កិច្ច​សហប្រតិបត្តិការ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កាន់​តែ​ល្អ​ប្រសើរ។

ជុំ​វិញ​រឿង​នេះ អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣ ខែមិថុនា ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​និង​ចិន​នេះ គឺ​បង្ហាញ​ពី​ទំនាក់ទំនង​ស្អិត​ល្មួត​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​បញ្ជាក់​ឱ្យ​ឃើញ​ពី​បំណង​ប្រាថ្នា​របស់​ចិន ដែល​ចង់​ឱ្យ​កម្ពុជា​នៅ​ជាប់​ជាមួយ​នឹង​ខ្លួន។

លោកបន្តថា កិច្ចប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នេះ កម្ពុជា​ប្រហែល​ពិបាក​គេច​ផុត​ពី​ឥទ្ធិពល​ផ្នែក​សន្តិសុខ និង​ផ្នែក​យោធា​ចិន ទោះបី​ជា​មាន​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​មក​កាន់​កម្ពុជា​ក៏​ដោយ។

ជាង​នេះ​ទៅ​ទៀត លោក​ថា ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាមួយ​មេ​ដឹក​នាំ​កម្ពុជា​ប្រហែល​ជា​ចិន​ក៏​បាន​ដឹង​ពី​របៀប​វារ​ដែរ។

លោក សេង វណ្ណលី៖«ជា​សារ​បង្ហាញ​ឱ្យ​ឃើញ​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ចិន​តែ​មាន​ទំនាក់ទំនង​ជិត​ដិត​ជាមួយ​កម្ពុជា មិន​ថា​ដំណើរ​ទស្សនកិច្ច​មេ​ដឹក​នាំ​ការពារ​អាមេរិក​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​នេះ​ក៏ដោយ។ វា​ក៏​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​ខ្លាំង​ជាង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា និង​សន្តិសុខ​ជាមួយ​ប្រទេស​ដទៃ​រួម​ទាំង​អាមេរិក​ផង»។

លោក សេង វណ្ណលី បន្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ឡយ អូស្ទីនេះ មាន​ ទាំង​សារ​វិជ្ជមាន និង​អវិជ្ជមាន។ លោកថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិ​លើក​ឡើង​ ពី​ហានិភ័យ អំពី​ទំនាក់ទំនង​ជិត​ដិត​ផ្នែក​សន្តិសុខ និង​យោធា​របស់​កម្ពុជា​ជាមួយ​ចិន​នេះ ទៅ​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ពិចារណា​ឱ្យ​បាន​ដិត​ដល់​ចំពោះ​សកម្មភាព និង​កិច្ច​សហប្រតិបត្តិការ​ណា​មួយ ដែល​ជា​ហានិភ័យ​ដល់​ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​ជា​ពិសេស​ឆ្លើយ​តប​នឹង​កង្វល់​របស់​សមាជិក​អាស៊ាន ដែល​មាន​ទំនាស់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ ពី​អ្នក​នាំ​ពាក្យ​ ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាតិ បាន​ទេ នៅ​ថ្ងៃទី០៣ ខែមិថុនា ដោយ​សារ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក ឡយ អូស្ទីន (Lloyd Austin) គ្រោង​នឹង​មក​ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី៤ ខែមិថុនា។ ដំណើរ​ទស្សនកិច្ច​លើក​ទី២ របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក ឡយ អូស្ទីន នេះ ធ្វើ​ឡើង​ស្រប​ពេល​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​រង​ឥទ្ធិពល​និង​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ​លើ​វិស័យ​យោធា​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត។

ជាក់​ស្ដែង សម​យុទ្ធ​យោធា​នាគ​មាស​លើក​ទី៦ ដែល​បញ្ចប់​កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា​ថ្មីៗ នេះ ភាគី​កម្ពុជា និង​ចិន​បាន​ឯកភាព ក្នុង​ការ​បន្ត​បង្កើន​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ជា​បន្ត​បន្ទាប់ ខណៈ​សម​យុទ្ធ​យោធា​ឆ្មាំ​អង្គរ​ជាមួយ​សហរដ្ឋ​ អាមេរិក និង​សម​យុទ្ធ​ដន​គោ​ព្រៃ​ជាមួយ​អូស្ត្រាលី ត្រូវ​បាន​កម្ពុជា​លុប​ចោល​តាំង​ពី​ចុង​ឆ្នាំ២០១៧។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​ក៏​រង​ការ​រិះគន់​ថា បាន​រួម​ចំណែក​បង្ក​ឱ្យ​មាន​ភាព​តានតឹង តាម​រយៈ​ការ​បង្កើន​ទំនាក់ទំនង​ផ្នែក​យោធា​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ចិន (China) ដែល​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ប្រទេស​ក្នុង​តំបន់ ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូង​ចម្រាស​នៅ​កំពង់ផែ​រាម និង​វត្តមាន​នាវា​ចម្បាំង​ចិន​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។