កម្ពុជា​បដិសេធ​ព័ត៌មាន​ដែល​ប្រដូច​កម្ពុជា​ទៅ​នឹង​របប​ដឹក​នាំ​នៅ​កូរ៉េខាងជើង

ដោយ ខាន់ លក្ខិណា
2024.02.19
កម្ពុជា​បដិសេធ​ព័ត៌មាន​ដែល​ប្រដូច​កម្ពុជា​ទៅ​នឹង​របប​ដឹក​នាំ​នៅ​កូរ៉េខាងជើង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធានាធិបតីប្រទេស​កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un)។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និង Korean News Service via AP

ក្រសួងការបរទេស​កម្ពុជា​ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ឌឹ ឌីប្លូមម៉ាត (The Diplomat) ថា របប​ដឹក​នាំ​នៅ​កម្ពុជា និង​នៅ​កូរ៉េ​ខាងជើង​ស័ក្តិសម រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ដូចគ្នា។ មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​គាំទ្រ​បើ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ដាក់ទណ្ឌកម្ម​ឱ្យ​ចំពោះ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

កាលពី​ថ្ងៃទី​១៧ កុម្ភៈ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ធ្វើ​ប្រតិកម្ម​ទៅ​នឹង​អ្នកនិពន្ធ​អត្ថបទ​របស់​សារព័ត៌មាន ឌឹ ឌីប្លូមម៉ាត លោក ដេវីដ វ៉ាយហាវស៍ (David Whitehouse) ដែល​សរសេរ​វិភាគ​អំពី​ហេតុផល​ដែល​សហរដ្ឋអាមេរិក​ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង និង​ប្រទេស​កម្ពុជា។

ប្រតិកម្ម​របស់​ក្រសួងការបរទេស​កម្ពុជា​នេះ​ក្រោយ​សារព័ត៌មាន ឌឹ ឌីប្លូមម៉ាត ដែល​កាល​ពី​ថ្ងៃទី​១៦ កុម្ភៈ បាន​ផ្សព្វផ្សាយ​អត្ថបទ​លើកឡើង​ពី​ទស្សនៈ​ផ្ទុយគ្នា​ពីរ ដែល​មួយ​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម និង​មួយទៀត​គាំទ្រ ឱ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​របប​ដឹកនាំ​រដ្ឋ​បរទេស បែប​ផ្ដាច់ការ ដែល​ផ្ទេរអំណាច​ត​ត្រកូល។

ក្នុង​អត្ថបទ​ផ្សាយ​លើ​សារព័ត៌មាន The Diplomat លោក ស្ទ៊ីវ ហ៊ាង (Steve Hanke) អតីត​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អាមេរិក លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ ចន ហប់គីនស៍ (Johns Hopkins) នៃ​សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ទស្សនៈ​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ​បរទេស ដូចជា កូរ៉េខាងជើង និង​កម្ពុជា ទោះបីជា​លោក​មិន​បាន​បដិសេធ​ថា ប្រទេស​ទាំងពីរ​មាន​របៀប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​ក៏ដោយ។

ក្នុង​ការ​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃឃ៍ ផមភែអូ (Mike Pompeo) កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ ដែល​ពិភាក្សា​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​ហុងកុង របស់​ប្រទេស​ចិន លោក ស្ទ៊ីវ ហ៊ាង ពន្យល់​ថា ការ​ដាក់​ទណ្ឌកម្ម​កម្រ​បាន​សម្រេច​គោលដៅ ហើយ​ជា​ផលវិបាក​ធ្វើ​ឱ្យ​ប្រទេស​ដែល​រង​ទណ្ឌកម្ម «ប្រមូលផ្ដុំ​ទង់ជាតិ​» ដែល​សំដៅ​ដល់​ការ​បំផុស​គំនិត​ជាតិនិយម​ក្នុង​ប្រទេស ដែល​ទទួល​ទណ្ឌកម្ម​ព្រមទាំង​លទ្ធភាព​រួម​កម្លាំង​គ្នា នៃ​ប្រទេស​ទាំងនោះ ធ្វើការ​តបត​វិញ ចំពោះ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដែល​ដាក់​ទណ្ឌកម្ម។

ប៉ុន្តែ​អ្នកនិពន្ធ​អត្ថបទ​របស់​សារព័ត៌មាន The Deplomat លោក David Whitehouse សរសេរ​ថា ទាំង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េខាងជើង សុទ្ធសឹងតែ​ជា​របប​ដឹកនាំ​ដែល​ផ្ទេរអំណាច​ត​ត្រកូល។

ទោះជា​យ៉ាងណា ក្រសួងការបរទេស​កម្ពុជា បាន​ឆ្លើយ​តប​ថា នេះ​គឺជា​ការ​ចោទ​ប្រកាន់​ដែល​មិន​ត្រឹមត្រូវ និង​បំភ័ន្ត ពីព្រោះ​ប្រទេស​កម្ពុជា​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​មាន​ការ​បោះឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣​មក ហើយ​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០២៣ ចុងក្រោយ​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១៨ ចូលរួម​ប្រកួតប្រជែង ហើយ​ថា ការ​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី គឺ​តាមរយៈ​ការ​អនុម័ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បេក្ខភាព​របស់​លោក លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ទូលំទូលាយ​ដល់​អ្នកបោះឆ្នោត។អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ថែមទាំង​អះអាង​អំពី​កំហុស​នៃ​គំនិត​វិភាគ​របស់​លោក David Whitehouse ដែល​ដាក់​ប្រទេស​ពីរ​ផ្សេងគ្នា​ទាំងស្រុង គឺ​កម្ពុជា និង​កូរ៉េខាងជើង ក្នុង​ប្រភេទ​ទូទៅ​សម្រាប់​ការ​ប្រៀបធៀប​គ្នា ហើយ​ថា ជា​ការ​ពិត​ណាស់ កម្ពុជា និង​សហរដ្ឋអាមេរិក នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយចំនួន ប៉ុន្តែ​ប្រទេស​ទាំងពីរ មិន​អនុញ្ញាត​ឱ្យ​ភាព​ខុសគ្នា​ទាំងនោះ រារាំង​ដល់​ការ​លើកកម្ពស់​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​ឡើយ ជាពិសេស ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការ​អភិរក្ស​វត្ថុបុរាណ សុខភាព អប់រំ បរិស្ថាន ការ​ដោះមីន និង​សន្តិសុខ​ស្បៀង​ជាដើម។

យ៉ាងណា អត្ថបទ​វិភាគ​របស់​លោក David Whitehouse នៃ​សារព័ត៌មាន The Diplomat លើកឡើង​ថា របប​ដឹកនាំ​នៅ​កូរ៉េខាងជើង និង​កម្ពុជា​សព្វថ្ងៃ ប្រើប្រាស់​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ ដើម្បី​ធានា​ការគ្រប់គ្រង​អំណាច ហើយ​អត្ថបទ​នេះ ក៏បាន​ដកស្រង់​ឧទាហរណ៍​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក លើ​វិស័យសេដ្ឋកិច្ច​នៃ​រដ្ឋាភិបាល លោក គីម ជុងអ៊ុន និង​ការ​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​សិ្នទ្ធិ​នឹង​លោក ហ៊ុន សែន គឺ​ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា។

អត្ថបទ​ដដែល​ថា មេដឹកនាំ​កូរ៉េខាងជើង និង​កម្ពុជា​សព្វថ្ងៃ ពឹងផ្អែក​ខ្លាំង​លើ​ការ​គាប​សង្កត់​ផ្ទៃក្នុង ដើម្បី​ការពារ​អំណាច​របស់​ពួកគេ ហើយ​ថា របប​ដែល​ពឹង​ផ្អែកលើ​ឧក្រិដ្ឋកម្ម ដើម្បី​អំណាច គឺ​ច្បាស់​ណាស់ ជា​បេក្ខជន​ដែល​ស័ក្តិសម ក្នុង​ការ​ទទួល​នូវ​ទណ្ឌកម្ម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៩ កុម្ភៈ ថា ប្រតិកម្ម​របស់​ក្រសួងការបរទេស​កម្ពុជា គ្រាន់តែ​ជា​ការងារ​ការពារ​ខ្លួ​ ពី​ការដឹកនាំ​ផ្ដាច់ការ ដើម្បី​កុំឱ្យ​អាក្រក់​មើល​ពេក នៅ​ចំពោះមុខ​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។

hunsenmanet.jpg
(ពីឆ្វេង) លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃរដ្ឋសភាប្រជុំលើកដំបូង កាលពីថ្ងៃទី២២ សីហា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក​ថា ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ដាក់​ចំពោះ​បុគ្គល​ទាំងឡាយ ដែល​ប្រើ​អំណាច​បំពាន​ជ្រុល​ហួសហេតុ​ក្នុង​របប​នេះ ចាំបាច់​ណាស់​ត្រូវតែ​ធ្វើ ហើយ​ដាក់​ឱ្យ​បាន​លឿន ពីព្រោះ​ទណ្ឌកម្ម គឺជា​ការ​ព្រមាន​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​រំឭក​ដាស់តឿន​ជន​ផ្ដាច់ការ ឱ្យ​ចេះ​ផ្ដល់​តម្លៃ​លើ​ការ​ផ្ដល់​យោបល់​របស់​សហគមន៍​អន្តរជាតិ ដែល​ចង់​ឃើញ​កំណែទម្រង់​ទៅ​កាន់​ប្រជាធិបតេយ្យ។

លោក ម៉ែន ណាត៖ «សហរដ្ឋអាមេរិក ឬក៏​ប្រទេស​សម្ព័ន្ធមិត្ត​លើ​ពួក​មន្ត្រី​រដ្ឋាភិបាល​ផ្ទាល់ៗ ដាក់​ជា​បុគ្គល​ហ្នឹង ឧកញ៉ា ពួក​អ្នក​មាន​អំណាច អ្នកមាន​ទ្រព្យ​អី​ដែល​ប្រព្រឹត្ត​អំពើពុករលួយ ប្រព្រឹត្ត​អំពើ​រំលោភសិទ្ធិ​មនុស្ស​ជា​អី​ជាដើម។ ត្រូវតែ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត ជាពិសេស​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន អ្នកណា​ដែល​ជាប់​ពាក់ព័ន្ធ​ធំ​ជាង​គេ ត្រូវ​ដែល​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត។ ដើម្បី​ជា​ការ​ព្រមាន​មួយ​ដាក់ទណ្ឌកម្ម​បង្ក​ទ្រព្យសម្បត្តិ​ជា​ការ​ព្រមាន​មួយ​ឱ្យ​មាន​ការ​ភ្ញាក់​រលឹក​ឡើងវិញ ក្នុង​ជួរ ក្នុង​មន្ត្រី​រដ្ឋាភិបាល​កាន់អំណាច​នៅ​កម្ពុជា​ហ្នឹង។ បើ​មិន​ដាក់​ទណ្ឌកម្ម​ទេ ពួក​ហ្នឹង​អត់​មានការ​ភ្ញាក់​រលឹក​អត់​មាន​ញញើតញញើម​ជាមួយ​សហគមន៍​អន្តរជាតិ​ទេ»

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បាន​ប្រាប់​សារព័ត៌មាន The Diplomat ថា ការ​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា និង​មន្ត្រីជាន់ខ្ពស់​នៃ​របប​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ គឺជា​ជំហាន​ក៏​សំខាន់​មួយ ដើម្បី​ធ្វើ​ឱ្យ​រង្គោះរង្គើ​អំណាច​ផ្ដាច់ការ​របស់​ពួកគេ ពីព្រោះ​អ្នកស្រី​ថា អំណាច​ជន​ផ្ដាច់ការ អាច​រស់​នៅ​បាន​ដោយសារតែ​ទ្រព្យសម្បត្តិ​ពី​ការ​លាង​លុយ​កង្វក់​ជាមួយ​ពួក​ម៉ាហ្វីយ៉ា (Mafia) អំពើពុករលួយ ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ គ្រឿងញៀន និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាដើម។

គិត​ត្រឹម​ឆ្នាំ​២០២១ មន្ត្រី​ជាន់ខ្ពស់ និង​មេ​ឈ្មួញ​គ្រាក់ៗ​នៃ​របប​លោក ហ៊ុន សែន ចំនួន ៥​នាក់​ហើយ ដែល​ទទួលរង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋអាមេរិក​។ ក្នុង​នោះ មាន​លោក ចៅ ភិរុណ និង​លោក ទៀ វិញ លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន លោក គន់ គីម និង​គ្រួសារ​របស់​លោក រួម​ទាំង​អ្នកឧកញ៉ា ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ ក៏​ទទួលរង​នូវ​ទណ្ឌកម្ម​ដូចគ្នា​នេះ​ពី​សហរដ្ឋអាមេរិក​ដែរ​។ ទន្ទឹម​នឹង​នេះ សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ UDG ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នៅ​តំបន់​តារា​សាគរ​ក្នុង​ខេត្តកោះកុង​។ ការ​ដាក់​ទណ្ឌកម្ម​នេះ បន្ទាប់​សហរដ្ឋអាមេរិក​រក​ឃើញ​ថា មន្ត្រីជាន់ខ្ពស់ និង​ឧកញ៉ា​ទាំងនេះ ជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​បរិស្ថាន និង​ធនធានធម្មជាតិ រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។