ក្រសួងការបរទេសកម្ពុជាប្រតិកម្មទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន ឌឹ ឌីប្លូមម៉ាត (The Diplomat) ថា របបដឹកនាំនៅកម្ពុជា និងនៅកូរ៉េខាងជើងស័ក្តិសម រងទណ្ឌកម្មពីសហរដ្ឋអាមេរិកដូចគ្នា។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលគាំទ្របើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មឱ្យចំពោះបុគ្គលដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
កាលពីថ្ងៃទី១៧ កុម្ភៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានធ្វើប្រតិកម្មទៅនឹងអ្នកនិពន្ធអត្ថបទរបស់សារព័ត៌មាន ឌឹ ឌីប្លូមម៉ាត លោក ដេវីដ វ៉ាយហាវស៍ (David Whitehouse) ដែលសរសេរវិភាគអំពីហេតុផលដែលសហរដ្ឋអាមេរិកត្រូវដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង និងប្រទេសកម្ពុជា។
ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជានេះក្រោយសារព័ត៌មាន ឌឹ ឌីប្លូមម៉ាត ដែលកាលពីថ្ងៃទី១៦ កុម្ភៈ បានផ្សព្វផ្សាយអត្ថបទលើកឡើងពីទស្សនៈផ្ទុយគ្នាពីរ ដែលមួយប្រឆាំងនឹងការដាក់ទណ្ឌកម្ម និងមួយទៀតគាំទ្រ ឱ្យមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរបបដឹកនាំរដ្ឋបរទេស បែបផ្ដាច់ការ ដែលផ្ទេរអំណាចតត្រកូល។
ក្នុងអត្ថបទផ្សាយលើសារព័ត៌មាន The Diplomat លោក ស្ទ៊ីវ ហ៊ាង (Steve Hanke) អតីតទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងបច្ចុប្បន្នជាសាស្ត្រាចារ្យសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ចន ហប់គីនស៍ (Johns Hopkins) នៃសហរដ្ឋអាមេរិកបានបញ្ចេញទស្សនៈប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរដ្ឋបរទេស ដូចជា កូរ៉េខាងជើង និងកម្ពុជា ទោះបីជាលោកមិនបានបដិសេធថា ប្រទេសទាំងពីរមានរបៀបដឹកនាំតាមបែបផ្ដាច់ការក៏ដោយ។
ក្នុងការជជែកតាមទូរស័ព្ទជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃឃ៍ ផមភែអូ (Mike Pompeo) កាលពីខែកក្កដា ឆ្នាំ២០២០ ដែលពិភាក្សាអំពីការដាក់ទណ្ឌកម្មលើទីក្រុងហុងកុង របស់ប្រទេសចិន លោក ស្ទ៊ីវ ហ៊ាង ពន្យល់ថា ការដាក់ទណ្ឌកម្មកម្របានសម្រេចគោលដៅ ហើយជាផលវិបាកធ្វើឱ្យប្រទេសដែលរងទណ្ឌកម្ម «ប្រមូលផ្ដុំទង់ជាតិ» ដែលសំដៅដល់ការបំផុសគំនិតជាតិនិយមក្នុងប្រទេស ដែលទទួលទណ្ឌកម្មព្រមទាំងលទ្ធភាពរួមកម្លាំងគ្នា នៃប្រទេសទាំងនោះ ធ្វើការតបតវិញ ចំពោះសហរដ្ឋអាមេរិក និងប្រទេសដែលដាក់ទណ្ឌកម្ម។
ប៉ុន្តែអ្នកនិពន្ធ អត្ថបទរបស់សារព័ត៌មាន The Deplomat លោក David Whitehouse សរសេរថា ទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងជើង សុទ្ធសឹងតែជារបបដឹកនាំដែលផ្ទេរអំណាចតត្រកូល។
ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបថា នេះគឺជាការចោទប្រកាន់ដែលមិនត្រឹមត្រូវ និងបំភ័ន្ត ពីព្រោះប្រទេសកម្ពុជាដឹកនាំតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣មក ហើយការបោះឆ្នោតសកលឆ្នាំ២០២៣ ចុងក្រោយនេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង ហើយថា ការជ្រើសរើសលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺតាមរយៈការអនុម័តរបស់គណបក្សប្រជាជនកម្ពុជា ហើយបេក្ខភាពរបស់លោក លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងទូលំទូលាយដល់អ្នកបោះឆ្នោត។អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថែមទាំងអះអាងអំពីកំហុសនៃគំនិតវិភាគរបស់លោក David Whitehouse ដែលដាក់ប្រទេសពីរផ្សេងគ្នាទាំងស្រុង គឺកម្ពុជា និងកូរ៉េខាងជើង ក្នុងប្រភេទទូទៅសម្រាប់ការប្រៀបធៀបគ្នា ហើយថា ជាការពិតណាស់ កម្ពុជា និងសហរដ្ឋអាមេរិក នៅមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន ប៉ុន្តែប្រទេសទាំងពីរ មិនអនុញ្ញាតឱ្យភាពខុសគ្នាទាំងនោះ រារាំងដល់ការលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងអាមេរិកឡើយ ជាពិសេស ការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការអភិរក្សវត្ថុបុរាណ សុខភាព អប់រំ បរិស្ថាន ការដោះមីន និងសន្តិសុខស្បៀងជាដើម។
យ៉ាងណា អត្ថបទវិភាគរបស់លោក David Whitehouse នៃសារព័ត៌មាន The Diplomat លើកឡើងថា របបដឹកនាំនៅកូរ៉េខាងជើង និងកម្ពុជាសព្វថ្ងៃ ប្រើប្រាស់អំពើហិង្សាលើប្រជាពលរដ្ឋ ដើម្បីធានាការគ្រប់គ្រងអំណាច ហើយអត្ថបទនេះ ក៏បានដកស្រង់ឧទាហរណ៍នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើវិស័យសេដ្ឋកិច្ចនៃរដ្ឋាភិបាល លោក គីម ជុងអ៊ុន និងការដាក់ទណ្ឌកម្មលើមនុស្សសិ្នទ្ធិនឹងលោក ហ៊ុន សែន គឺឧកញ៉ា ទ្រី ភាព ដែលល្បីខាងបំផ្លាញព្រៃឈើនៅកម្ពុជា។
អត្ថបទដដែលថា មេដឹកនាំកូរ៉េខាងជើង និងកម្ពុជាសព្វថ្ងៃ ពឹងផ្អែកខ្លាំងលើការគាបសង្កត់ផ្ទៃក្នុង ដើម្បីការពារអំណាចរបស់ពួកគេ ហើយថា របបដែលពឹងផ្អែកលើឧក្រិដ្ឋកម្ម ដើម្បីអំណាច គឺច្បាស់ណាស់ ជាបេក្ខជនដែលស័ក្តិសម ក្នុងការទទួលនូវទណ្ឌកម្ម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ កុម្ភៈ ថា ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជា គ្រាន់តែជាការងារការពារខ្លួ ពីការដឹកនាំផ្ដាច់ការ ដើម្បីកុំឱ្យអាក្រក់មើលពេក នៅចំពោះមុខសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។

លោកថា ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ដាក់ចំពោះបុគ្គលទាំងឡាយ ដែលប្រើអំណាចបំពានជ្រុលហួសហេតុក្នុងរបបនេះ ចាំបាច់ណាស់ត្រូវតែធ្វើ ហើយដាក់ឱ្យបានលឿន ពីព្រោះទណ្ឌកម្ម គឺជាការព្រមានដ៏មានប្រសិទ្ធភាព ដើម្បីរំឭកដាស់តឿនជនផ្ដាច់ការ ឱ្យចេះផ្ដល់តម្លៃលើការផ្ដល់យោបល់របស់សហគមន៍អន្តរជាតិ ដែលចង់ឃើញកំណែទម្រង់ទៅកាន់ប្រជាធិបតេយ្យ។
លោក ម៉ែន ណាត៖ «សហរដ្ឋអាមេរិក ឬក៏ប្រទេសសម្ព័ន្ធមិត្តលើពួកមន្ត្រីរដ្ឋាភិបាលផ្ទាល់ៗ ដាក់ជាបុគ្គលហ្នឹង ឧកញ៉ា ពួកអ្នកមានអំណាច អ្នកមានទ្រព្យអីដែលប្រព្រឹត្តអំពើពុករលួយ ប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សជាអីជាដើម។ ត្រូវតែដាក់ទណ្ឌកម្មបន្ថែមទៀត ជាពិសេសក្រុមគ្រួសារត្រកូលហ៊ុន អ្នកណាដែលជាប់ពាក់ព័ន្ធធំជាងគេ ត្រូវដែលដាក់ទណ្ឌកម្មបន្ថែមទៀត។ ដើម្បីជាការព្រមានមួយដាក់ទណ្ឌកម្មបង្កទ្រព្យសម្បត្តិជាការព្រមានមួយឱ្យមានការភ្ញាក់រលឹកឡើងវិញ ក្នុងជួរ ក្នុងមន្ត្រីរដ្ឋាភិបាលកាន់អំណាចនៅកម្ពុជាហ្នឹង។ បើមិនដាក់ទណ្ឌកម្មទេ ពួកហ្នឹងអត់មានការភ្ញាក់រលឹកអត់មានញញើតញញើមជាមួយសហគមន៍អន្តរជាតិទេ»។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានប្រាប់សារព័ត៌មាន The Diplomat ថា ការដាក់ទណ្ឌកម្មលើឧកញ៉ា និងមន្ត្រីជាន់ខ្ពស់នៃរបបដឹកនាំកម្ពុជាសព្វថ្ងៃ គឺជាជំហានក៏សំខាន់មួយ ដើម្បីធ្វើឱ្យរង្គោះរង្គើអំណាចផ្ដាច់ការរបស់ពួកគេ ពីព្រោះអ្នកស្រីថា អំណាចជនផ្ដាច់ការ អាចរស់នៅបានដោយសារតែទ្រព្យសម្បត្តិពីការលាងលុយកង្វក់ជាមួយពួកម៉ាហ្វីយ៉ា (Mafia) អំពើពុករលួយ ការជួញដូរមនុស្ស ការជួញដូរ គ្រឿងញៀន និងការកាប់បំផ្លាញព្រៃឈើជាដើម។
គិតត្រឹមឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់ និងមេឈ្មួញគ្រាក់ៗនៃរបបលោក ហ៊ុន សែន ចំនួន ៥នាក់ហើយ ដែលទទួលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការពីសហរដ្ឋអាមេរិក។ ក្នុងនោះ មានលោក ចៅ ភិរុណ និងលោក ទៀ វិញ លោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន លោក គន់ គីម និងគ្រួសាររបស់លោក រួមទាំងអ្នកឧកញ៉ា ទ្រី ភាព ដែលជាឈ្មួញឈើល្បីឈ្មោះ ក៏ទទួលរងនូវទណ្ឌកម្មដូចគ្នានេះពីសហរដ្ឋអាមេរិកដែរ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិន ឈ្មោះ UDG ដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ខ្នាតយក្សនៅតំបន់តារាសាគរក្នុងខេត្តកោះកុង។ ការដាក់ទណ្ឌកម្មនេះ បន្ទាប់សហរដ្ឋអាមេរិករកឃើញថា មន្ត្រីជាន់ខ្ពស់ និងឧកញ៉ាទាំងនេះ ជាប់ពាក់ព័ន្ធនឹងការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
