រដ្ឋាភិបាល​កម្ពុជា​មិន​បង្ហាញ​លទ្ធផល​នៃ​កិច្ចពិភាក្សា​អំពី​សន្តិសុខ​ និង​ការពារ​ជាតិ​ជា​មួយ​រដ្ឋ​មន្រ្តី​ការបរទេស​ចិន

0:00 / 0:00

ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្រ្តីក្រសួង​ការបរទេសចិន​លោក វ៉ាង យី បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកញ្ញា ក្រោយពី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល២ថ្ងៃ។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើកទី២ មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មិន​ដល់១​ឆ្នាំ​នៅ​លើក​នេះ​លោក វ៉ាង យី បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ចូលរួម​ពិធី​ប្រគល់-ទទួល​ជា​មួយ​លោក ហ៊ុន សែន នូវ​ពហុកីឡាដ្ឋានជាតិ​មរតកតេជោ ជួប​ពិភាក្សា​ជា​មួយ​លោក ហ៊ុន សែន នៅ​វិមាន​សន្តិភាព និង​មាន​ជំនួប​អាហារ​ការងារ​ពេល​ព្រឹក​ជាមួយ​លោក ហោ ណំាហុង អតីតរដ្ឋមន្រ្តី​ក្រសួង​ការបរទស​កម្ពុជា​ និង​បច្ចុប្បន្ន​ជា​សហប្រធាន​គណ:កម្មាធិការ​សម្រប​សម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិន។ ទោះជា​យ៉ាង​ណា​គេ​សង្កេត​ឃើញ​ថា នៅគ្រប់​ជំនួប​ទាំងអស់​នេះ រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ចិន​ មិន​បាន​បង្ហាញ​លទ្ធផល នៃ​កិច្ចពិភាក្សា​រវាង​ប្រទេស​ទាំង​ពីរ​អំពី​វិស័យ​សន្តិសុខ ការពារជាតិ បញ្ហាតំបន់ និង​អន្តរជាតិ​នោះ​ឡើយ។ តើ​ការណ៍នេះ​អាច​ធ្វើឱ្យ​គេមាន​មន្ទិល​យ៉ាង​ដូចម្តេចខ្លះ​នូវជំហរ​គោលនយោបាយ​អាព្យាក្រឹត​ របស់​កម្ពុជា​នៅ​ចំពោះមុខ​ឥទ្ធិពល​ដ៏គួរ​ឱ្យ​បារម្ភ​របស់​ចិន​មក​លើ​កម្ពុជា?

ពីរថ្ងៃ​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​មក​កម្ពុជាក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ថាវាជា​ដំណើរ​ទស្សនកិច្ច​ដែល​តប​តាម​ការ​អញ្ជើញ​របស់​ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង​ការបរទេស​កម្ពុជា។

សេចក្តីប្រកាស​ព័ត៌មាន​ឱ្យដឹងថា នៅក្នុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន ប្រមុខ​ការទូត​ នៃ​ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមមាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ពាណិជ្ជកម្ម និង​ការវិនិយោគ ការអប់រំ សន្តិសុខ និង​ការពារជាតិព្រមទាំង​បញ្ហា​តំបន់និង​អន្តរជាតិ ​ដែល​ជា​ប្រយោជន៍និង​កង្វល់​រួម​របស់​ប្រទេស​ទាំងពីរ។

ទោះជា​យ៉ាង​ណាក្រោយ​ភាគី​ទាំង​២ ​ជួបគ្នា​នៅក្រសួង​ការបរទេសទាំង​លោក ប្រាក់ សុខុន និង​លោក វ៉ាង យី មិន​បង្ហើប​​ឱ្យ​​គេ​ឯង​ដឹងអំពី​ខ្លឹមសារ​នៃ​កិច្ចពិភាក្សា​ទៅលើ​ប្រធានបទ​សន្តិសុខ​ ការពារជាតិ បញ្ហាតំបន់ និង​ពិភពលោកដែល​ភាគី​ទាំងពីរ​បាន​ពិភាក្សា​នោះ​ឡើយ។ ទំាងអស់​នេះប្រហែល​ជា​ប្រធាន​បទ​ដែល​មហាជន​ចង់​ដឹងចង់​ឮខ្លាំង​ជាង​គេ​នៅ​ក្រោយ​ជំនួប​រវាង​ភាគី​ទាំង​ពីរ។សន្និសីទ​កាសែត​ដែល​ធ្វើឡើង​ក្រោយ​ជំនួប ​ក៏មិ​ន​បាន​ផ្តល់​ពេល​វេលា​ឱ្យ​​បាន​ច្រើន​សម្រាប់​ឱ្យ​អ្នកសារព័ត៌មាន​បាន​សួរ​នោះទេ។ គេឃើញថា មាន​អ្នក​កាសែត​តែ​​ពីរនាក់​ប៉ុណ្ណោះ ​ដែល​មាន​ឱកាស​បាន​សួរ​សំណួរគឺ​អ្នក​កាសែត​មក​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) និង​អ្នក​កាសែត​ម្នាក់​ទៀត​ មក​ពី​បណ្តាញ​សារព័ត៌មាន​របស់​ចិន។

ចំណែក​នៅក្រោយ​ជំនួប​ជាមួយ​លោក ហ៊ុន​ សែន នៅ​វិមាន​សន្តិភាពនិង​ជំនួប​ជាមួយ​លោក ហោ ណាំហុង នៅ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ភាគី​កម្ពុជានិង​ចិន ​ក៏មិន​បាន​លើកឡើង​អំពី​បញ្ហា​សន្តិសុខ ការពារជាតិ តំបន់ និងអន្តរជាតិ ​ដែល​ជា​កង្វល់​រួម​របស់​កម្ពុជានិង​ចិន​នោះ​ទេ។

បើទោះជា​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​ត្រូវ​បាន​ទទួល​ដោយ​ភាព​អធិកអធម​ដំណើរ​ទស្សនកិច្ចនេះ ​ក៏​បាន​បន្សល់​ទុក​នូវ​​ចម្ងល់​​មួយ​ចំនួនដែរ ​ក្រោយ​ការ​ចាកចេញ​របស់​លោក វ៉ាង យី ពី​កម្ពុជា។ គេប្រហែល​មិន​ជឿ​ថា លោក វ៉ាង យី មកកាន់​កម្ពុជា​ពេល​នេះ​គ្រាន់តែ​ដើម្បី​ចូលរួម​ពិធី​ប្រគល់​ពហុកីឡាដ្ឋានឬ​ធ្វើជា​អធិបតី​នៅ​ក្នុង​ពិធីចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ប៉ុណ្ណោះ​ទេអាច​នៅ​មាន​បញ្ហា​សំខាន់ៗ​ ជាង​នេះ​ទៀត ​ដែល​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ប៉ុន្តែ​អាច​​មក​ពី​​ពួកគេ​​មិន​ចង់​ប្រកាស​ឱ្យ​ដឹង។

ការ​សន្និដ្ឋាន​ដូចនេះដោយ​ហេតុថាដំណើរ​ទស្សនកិច្ចរបស់​លោក វ៉ាង យី នៅ​កម្ពុជា គឺ​ក្រោយ​ពី​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិកអ្នកស្រី វេនឌី ហ្សើមេន មក​កម្ពុជា​ដែលនៅ​ពេល​នោះ ​មន្ត្រីការទូត​អាមេរិក​ជាន់ខ្ពស់រូបនេះ​បាន​ទទូច​ដោយ​ឥតលាក់​លៀម​ ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស រក្សាតុល្យភាព​នៃ​គោល​នយោបាយ​អព្យាក្រឹត​របស់​ខ្លួន​និង​សម្តែង​ការ​បារម្ភ​អំពី​ព័ត៌មាន​នៃ​វត្តមាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា។ អ្នកស្រី​ក៏​បាន​ស្នើ លោក​ ហ៊ុន សែន ចំៗ ​ឱ្យ​អាមេរិក​ទៅ​ពិនិត្យ​មើល​ទីតាំង​មូលដ្ឋាន​កងទ័ព​រាម​ដែល​មាន​ការ​ចោទ​ប្រកាន់​នោះ។ អ្នកស្រី ហ្សើមេន ក៏បាន​លើកឡើង​ពី​ការ​វាយកម្ទេច​អាគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ដោយ​ភាគី​កម្ពុជា​មិន​បាន​ប្រាប់​អាមេរិក​ឱ្យ​បាន​ដឹង។

បន្ថែម​លើ​នេះដំណើរ​ទស្សនកិច្ចរបស់​លោក វ៉ាង យី លើកនេះ​ធ្វើឡើង​ជាង​កន្លះខែ​ប៉ុណ្ណោះ ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក​អ្នកស្រី កាម៉ាឡា ហារីស (Kamala Harris)​ ទៅ​កាន់​ប្រទេស​សិង្ហបុរី និង​វៀតណាម។អនុប្រធានាធិបតី​អាមេរិក​ដែល​មាន​ដើម​កំណើត​មក​ពី​អាស៊ី​រូប​នេះបាន​អំពាវនាវ​ដោយ​ចំហ​ឱ្យ​ប្រទេស​នៅ​អាស៊ាន​រួមគ្នា​ជាមួយ​អាមេរិក​ ដើម្បី​ទប់ទល់​ទៅ​នឹង​មហិច្ឆតាវាតទី​របស់​ចិន។

ប្រសិន​បើ​អាមេរិក​មាន​ចេតនា​យក​ប្រទេស​វៀតណាម​មួយ​ទៀត ​ដើម្បី​ឡោមព័ទ្ធ​ឥទ្ធិពល​របស់​ចិន​នៅ​ភូមិ​ភាគ​ឥណ្ឌូចិន​និយាយ​ដោយ​ឡែកនិង​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​និយាយ​ជារួម​ប្រាកដ​ណាស់​ចិន​មិន​អាច​ឱ្យកម្ពុជា​របូត​ចេញ​ពី​ដៃ​របស់​ខ្លួន​ឡើយ។ លក្ខណៈ​ភូមិសាស្រ្ត​របស់​ប្រទេស​ឡាវ ​ក៏​ប្រហាក់​ប្រហែល​នឹង​កម្ពុជា​ដែរ។ ដូច្នេះ​ហើយ​ទើប​គេ​មើល​ឃើញ​ថា​ចិន​ព្យាយាម​ស្អំចិត្ត​ទាំង​មេដឹកនាំ​កម្ពុជា​ទាំង​មេដឹកនាំ​ឡាវហើយ​ជាក់​ស្តែង ​ជញ្ជីង​គោល​នយោបាយ​ការបរទេស​របស់​ប្រទេស​ទាំង​ពីរ​នេះត្រូវ​បាន​គេ​មើល​ឃើញ​ថាហាក់​ផ្អៀង​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន​មែន​រហូត​ដល់​កន្លង​ទៅ​មាន​អ្នក​ការទូត​ចូល​និវត្តន៍​របស់​សឹង្ហបុរីទទូច​ឱ្យ​អាស៊ាន​ដក​កម្ពុជា​និង​ឡាវ​ចេញ​ពី​បញ្ជី​សមាជិក​នៃ​អង្គការ​តំបន់​មួយ​នេះ​ទៀត​ផង។

បន្ថែម​ពីលើ​នេះកម្ពុជា​នឹង​ដើរ​តួនាទី​សំខាន់​នៅ​ចុង​ឆ្នាំ​នេះនិង​ឆ្នាំ​បន្ទាប់ដោយ​សារ​តែ​កម្ពុជា​ត្រូវ​មាន​តួនាទី​ជា​អ្នក​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ២០២១ និង​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាន​នៅពេញ​មួយ​ឆ្នាំ២០២២។ក្នុង​ករណី​នេះចិន​ក៏​ប្រហែល​ជា​អាច​ប្រើប្រាស់​កម្ពុជា​ជា​ថ្មីដែរ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ការ​ប្រឈម​ឡោមព័ទ្ធ​របស់​សហរដ្ឋអាមេរិក​ប្រទេស​ដៃគូនិង​សម្ព័ន្ធមិត្ត​ទប់ទល់​ទៅ​នឹង​ការ​វាតទី​ដែន​ឥទ្ធិពល​នយោបាយ​និង​យោធា​ខ្លាំង​ក្លា​របស់​ចិន។ ជាក់​ស្តែងរដ្ឋាភិបាល​ចិន​ធ្លាប់​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​កម្ពុជា​ម្តង​រួច​មក​ហើយ ​កាល​ពី​ឆ្នាំ២០១២ គឺ​នៅ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​អាស៊ាន​រាំងខ្ទប់​មិន​ឱ្យ​សេចក្តីថ្លែងការណ៍​រួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ចេញ​រួច​ព្រោះ​វាប៉ះពាល់​ដល់ផល​ប្រយោជន៍​របស់​ចិន​នៅ​ក្នុង​ជំលោះ​សមុទ្រ​ចិន​ខាង​ត្បូង។

នៅក្នុង​ពិធី​ប្រគល់-ទទួល​ពហុកីឡាដ្ឋាន​ពី​ចិន​លោក ហ៊ុន សែន បាន​ប្រកាស​ដោយ​ឥតលាក់​លៀម​ថា ​ការ​ទទួល​នូវ​ពហុកីឡដ្ឋាន​នេះ គឺ​គ្រាន់​តែ​ជា​សមិទ្ធផល​ដើម​រដូវ​នៃ​ទំនាក់ទំនង​​ដែក​ថែប​​រវាង​កម្ពុជា​-​ចិន ដែល​ផ្តល់​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិនពីង តែ​ប៉ុណ្ណោះ៖ «ហេតុអ្វី​បាន​ជា​ខ្ញុំ​ត្រូវ​និយាយ​ថា វាជាការ​ទទល​ផល​ដើម​រដូវ យើង​មិន​មែន​ទាក់ទង​ជា​មួយ​ចិន ត្រឹម​តែ​ថ្ងៃនេះ ​ឬ​ថ្ងៃ​ស្អែក​បន្ទាប់​ពី​ទទួល​ស្តាត​នេះ​រួច​ហើយ​នោះ​ទេ យើង​ត្រូវ​ធ្វើ​ជាមួយ​មិត្ត​ចិន ច្រើន​ឆ្នាំ​ត​ទៅ​ទៀត»។

តាមពិតទៅ នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ គ្មាន​ប្រទេស​ណាមួយ​ដែល​ត្រូវ​ក្លាយ​ជា​សត្រូវ​របស់​​ប្រទេស​មួយ​ផ្សេង​ទៀត​ជា​រៀង​រហូត ឬ​ក៏​ជា​មិត្តល្អជា​រៀង​រហូត​នោះ​ដែរ។ ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ​ជា​ទូទៅ​វា​អាស្រ័យ​លើ​ផលប្រយោជន៍​របស់​ប្រទេស​នោះ​ជា​មួយ​ប្រទេស​ផ្សេង​ទៀត។

ជាក់​ស្តែង​គេ​បាន​ដឹង​ថា នៅ​ក្នុង​ឆ្នាំ១៩៨៨ បីឆ្នាំ​ក្រោយ​ពី​លោក ហ៊ុន សែន ឡើង​កាន់​ តំណែង​ជា​នាយករដ្ឋមន្រ្តី​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​វៀតណាម និង​សហភាព​សូវៀត​ដែល​ ជា​គូប្រជែង​របស់​ចិន​នៅពេល​នោះលោក ហ៊ុន សែន បាន​ថ្កោលទោស​ចិន​ថា ជា​ឫស​គល់​ នៃអំពើ​សោកនាដកម្ម​ទាំង​ឡាយ​នៅ​កម្ពុជា។

ចំណែក​ជនជាតិ​ភាគ​តិចចិន​នៅ​កម្ពុជា​ដែល​សេសសល់​ពី​ការ​សម្លាប់​របស់​ខ្មែរ​ក្រហម ​ត្រូវ​លួច​រៀន​ភាសា​ជន​ជាតិ​ខ្លួន​ដោយ​សម្ងាត់​ ព្រោះ​ថា ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​វប្បធម៌​ចិន​នៅ​កម្ពុជា​ទេ ខណៈដែល​សាលារៀន​​ភាសា​ចិន ​ត្រូវ​បាន​រដ្ឋាភិបាល​របប​នោះ​ដាក់​បម្រាម​មិន​ឲ្យ​ដំណើរការ​ឡើយ។

លោក ហ៊ុន សែន ទើប​ចាប់​ផ្តើម​មាន​ទំនាក់ទំនង​ជា​មួយ​ប្រទេស​ចិន​នៅ​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋ ប្រហារ​ ៥-៦ កក្កដា​ ឆ្នាំ១៩៩៧ ប៉ុណ្ណោះ បន្ទាប់ពីចិន​បាន​បោះបង់​ចោល​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ ដែល​ត្រូវ​លោក ហ៊ុន សែន ធ្វើរដ្ឋប្រហារ​ទម្លាក់​ពី​តំណែង។ ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន និង​ចិន​កាន់​តែ​មាន​ភាព​រឹងមាំ​រហូត​ភាគី​ទាំងពីរ​បាន​ប្រសិទ្ធនាម​​ថា​ ជាមិត្ត​ដែក​ថែប​ ក្នុង​ពេល​បច្ចុប្បន្ន។ រីឯ​ភាសាចិ​ន​ដែល​ធ្លាប់​ត្រូវ​បាន​របប​លោក ហ៊ុន សែន ហាមឃាត់​មិន​ឱ្យ​ រៀន​នៅ​ក្នុង​ទសវត្សរ៍​ទី​៨០ នៅពេល​នេះ​ត្រូវបាន​ក្រសួង​ទេសចរណ៍​កម្ពុជា​រៀបចំ​ឱ្យ​សិក្សា​ កំរិត​ដំបូង​ដោយ​ឥតគិត​ថ្លៃទៀត​ផង។

ប៉ុន្តែការ​ប្រកាស​របស់​លោក ហ៊ុន សែន ថា​ទំនាក់ទំនង​កម្ពុជា-ចិន​«គ្មាន​ពេល​ណា​រង្គោះ​រង្គើ» «បើ​មិន​ឱ្យខ្ញុំ​ទៅ​ពឹងតើ​ឱ្យខ្ញុំ​ទៅ​ពឹង​អ្នក​ណា» ជា​ដើមប្រាកដ​ណាស់វា​ពិបាក​ឱ្យ​គេ​ជឿណាស់ថា លោក ហ៊ុន សែន មិន​លំអៀង​ទៅរក​ប្រទេស​ចិនបើ​ទោះជា​លោក ហ៊ុន សែន តែង​ប្រកែក​​ថា ​លោក​មិន​លំអៀង​ក៏​ដោយ​ចុះ។

ប្រការ​នេះហើយ​ទើបអ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​តែង​មានការ​បារម្ភពី​ការ​ដើរ​ភ្លាត់​គន្លង​អាព្យាក្រឹត​របស់​កម្ពុជា​ដែល​អាច​នាំហានិភ័យ​ដល់​ប្រទេស​ជាតិ​ដូច​ក្នុង​ពេល​អតីតកាល។ ពួកគេ​ចង់ឱ្យ​របប​លោក ហ៊ុន សែន ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អាព្យាក្រឹត​អចិន្រ្តៃយ៍​មិន​ចូល​បក្សសម្ព័ន្ធនិង​សន្តិសហវិជ្ជមាន​ពិត​ប្រាកដ​ជា​មួយ​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ទាំង​ជា​មួយ​ប្រទេស​ជិត​ខាងនិង​មហា​អំណាច​នានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។