ក្រសួង​ការបរទេស​កោះហៅ​ទូត​វៀតណាម​មក​សួរនាំ​រឿង​សារ​ជេរប្រមាថ​លោក ហ៊ុន សែន

ដោយ មាន ឫទ្ធិ
2024.05.20
ក្រសួង​ការបរទេស​កោះហៅ​ទូត​វៀតណាម​មក​សួរនាំ​រឿង​សារ​ជេរប្រមាថ​លោក ហ៊ុន សែន កិច្ចប្រជុំ​រវាងរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា (ស្ដាំ) និង​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំកម្ពុជា លោក ង្វៀង ហ៊ុយតាំង (Nguyễn Huy Tăng) នៅ​ទីស្ដីការ​ក្រសួង កាលពីថ្ងៃទី២០ ឧសភា ២០២៤។
រូប៖ ហ្វេសប៊ុក​ក្រសួង​ការបរទេស

រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក សុខ ចិន្តាសោភា កាលពី​ថ្ងៃទី​២០ ខែ​ឧសភា បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ង្វៀង ហ៊ុយតាំង (Nguyễn Huy Tăng) មក​សួរនាំ​ជុំវិញ​រឿង​ខ្លឹមសារ​ជេរប្រមាថ​លោក ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម​តិកតុក (TikTok) ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន​។ លោក​បាន​ស្នើ​ឱ្យ​ភាគី​វៀតណាម​សហការ​ស្រាវជ្រាវ​រកមុខ​អ្នក​ដែល​បាន​បង្ហោះ​ខ្លឹមសារ​ជេរប្រមាថ​លោក ហ៊ុន សែន។

លោក សុខ ចិន្តាសោភា ថា ការ​បង្ហោះ​ខ្លឹមសារ​ជេរប្រមាថ​នេះ បង្ក​ឱ្យ​មាន​«​អារម្មណ៍មិនល្អ​»​ក្នុង​រង្វង់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​លោក​ចោទ​ថា អ្នក​បង្ហោះ​សារ​ទាំងនោះ មាន​គោលដៅ​ចង់​«​បំផ្លាញ​»​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ​។ ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា ភាគី​វៀតណាម​បាន​យល់​ស្រប​ចំពោះ​ការ​យល់​ឃើញ​នេះ។

ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម​មក​សួរនាំ​នេះ ធ្វើឡើង​១​ថ្ងៃ​បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក អម​ដោយ​ផ្ទាំង​រូបភាព​ខ្លឹមសារ​ជេរប្រមាថ​លោក​ជា​ភាសា​វៀតណាម​នៅ​លើ​បណ្ដាញ​សង្គម​តិកតុក​។ លោក ហ៊ុន សែន ថា​លោក​ភ្ញាក់ផ្អើល តែ​មិន​ប្រាកដ​ថា សារ​ទាំងនេះ​បង្ហោះ​ដោយ​ជនជាតិ​វៀតណាម​ក្នុង​ប្រទេស​វៀតណាម ឬ​នៅ​ក្រៅ​ប្រទេស ឬ​ជា​អាណិកជន​វៀតណាម​នៅ​កម្ពុជា​ឡើយ​។ លោក​បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​សហការ​ជាមួយ​សមត្ថកិច្ច​វៀតណាម​ស្រាវជ្រាវ​លើ​បញ្ហា​នេះ។

ខ្លឹមសារ​ជាច្រើន​ដែល​បង្ហោះ​ជេរប្រមាថ​លោក ហ៊ុន សែន ជា​ភាសា​វៀតណាម​នោះ មាន​ដូចជា «​វៀតណាម​បាន​ពលី​ឈាម​ស្រស់​ដើម្បី​ប្តូរ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​» «​កុំ​ភ្លេច​ថា​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​រាប់​ម៉ឺន​នាក់​បាន​ស្លាប់​នៅ​កម្ពុជា ដូច្នេះ​កុំ​ល្មើសគុណ​ហើយ​ក្លាយជា​អាយ៉ង​របស់​ចិន និង​ជា​ជន​ក្បត់» ជាដើម។

រឿងរ៉ាវ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល រួម​ទាំង​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដុត​បញ្ឆេះ​ឱ្យ​ក្លាយជា​ចលនា​ជាតិនិយម​ប្រឆាំង​នឹង​ការ​ជំទាស់​របស់​វៀតណាម​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ក្រោយ​ស្ថាប័ន​ស្រាវជ្រាវ​វៀតណាម​បាន​លើកឡើង​ពី​កង្វល់​ថា​ព្រែកជីក​នេះ នឹង​ប៉ះពាល់​ដល់​រំហូរ​ទឹកទន្លេ​មេគង្គ​ទៅ​វៀតណាម និង​ជួយ​សម្រួល​ឱ្យ​មាន​វត្តមាន​យោធា​ចិន​«​កាន់តែ​ជ្រៅ​»​ចូលក្នុង​ទឹកដី​កម្ពុជា។

ក្រុម​អ្នកវិភាគ​មួយ​ចំនួន អះអាង​ថា ការ​ធ្វើ​ដូច្នេះ​គឺជា​នយោបាយ​ប្រជាភិថុតិ​របស់​ត្រកូល​«​ហ៊ុន​» និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​លាង​ជម្រះ​កម្អែល​ដាន​ប្រវត្តិសាស្ត្រ​ដែល​ក្រុម​មេដឹកនាំ​កម្ពុជា និង​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន​ជា «អាយ៉ង​»​របស់​វៀតណាម​។ ប៉ុន្តែ អ្នក​សង្កេតការណ៍​មួយ​ចំនួន ក៏​នៅតែ​គាំទ្រ​កម្ពុជា​ឱ្យ​ជីក​ព្រែកជីក​ហ្វូណន​ជា​ប្រវត្តិសាស្ត្រ​នេះ​ដែរ ដើម្បី​ឱ្យ​កម្ពុជា​ឈប់​ពឹង​ផ្អែកលើ​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក​ឆ្លង​កាត់​តាម​វៀតណាម៕

អត្ថបទជាអង់គ្លេស

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។