រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា កាលពីថ្ងៃទី២០ ខែឧសភា បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀង ហ៊ុយតាំង (Nguyễn Huy Tăng) មកសួរនាំជុំវិញរឿងខ្លឹមសារជេរប្រមាថលោក ហ៊ុន សែន នៅលើបណ្ដាញសង្គមតិកតុក (TikTok) ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន។ លោកបានស្នើឱ្យភាគីវៀតណាមសហការស្រាវជ្រាវរកមុខអ្នកដែលបានបង្ហោះខ្លឹមសារជេរប្រមាថលោក ហ៊ុន សែន។
លោក សុខ ចិន្តាសោភា ថា ការបង្ហោះខ្លឹមសារជេរប្រមាថនេះ បង្កឱ្យមាន«អារម្មណ៍មិនល្អ»ក្នុងរង្វង់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលលោកចោទថា អ្នកបង្ហោះសារទាំងនោះ មានគោលដៅចង់«បំផ្លាញ»ចំណងមិត្តភាពនៃប្រទេសទាំងពីរ។ ក្រសួងការបរទេសកម្ពុជា អះអាងថា ភាគីវៀតណាមបានយល់ស្របចំពោះការយល់ឃើញនេះ។
ការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមមកសួរនាំនេះ ធ្វើឡើង១ថ្ងៃបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក អមដោយផ្ទាំងរូបភាពខ្លឹមសារជេរប្រមាថលោកជាភាសាវៀតណាមនៅលើបណ្ដាញសង្គមតិកតុក។ លោក ហ៊ុន សែន ថាលោកភ្ញាក់ផ្អើល តែមិនប្រាកដថា សារទាំងនេះបង្ហោះដោយជនជាតិវៀតណាមក្នុងប្រទេសវៀតណាម ឬនៅក្រៅប្រទេស ឬជាអាណិកជនវៀតណាមនៅកម្ពុជាឡើយ។ លោកបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមស្រាវជ្រាវលើបញ្ហានេះ។
ខ្លឹមសារជាច្រើនដែលបង្ហោះជេរប្រមាថលោក ហ៊ុន សែន ជាភាសាវៀតណាមនោះ មានដូចជា «វៀតណាមបានពលីឈាមស្រស់ដើម្បីប្តូរឱ្យកម្ពុជាមានសន្តិភាព» «កុំភ្លេចថាកងទ័ពស្ម័គ្រចិត្តវៀតណាមរាប់ម៉ឺននាក់បានស្លាប់នៅកម្ពុជា ដូច្នេះកុំល្មើសគុណហើយក្លាយជាអាយ៉ងរបស់ចិន និងជាជនក្បត់» ជាដើម។
រឿងរ៉ាវគម្រោងសាងសង់ព្រែកជីកហ្វូណន ត្រូវបានមន្ត្រីរដ្ឋាភិបាល រួមទាំងនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដុតបញ្ឆេះឱ្យក្លាយជាចលនាជាតិនិយមប្រឆាំងនឹងការជំទាស់របស់វៀតណាមដែលមិនធ្លាប់មានពីមុនមក ក្រោយស្ថាប័នស្រាវជ្រាវវៀតណាមបានលើកឡើងពីកង្វល់ថាព្រែកជីកនេះ នឹងប៉ះពាល់ដល់រំហូរទឹកទន្លេមេគង្គទៅវៀតណាម និងជួយសម្រួលឱ្យមានវត្តមានយោធាចិន«កាន់តែជ្រៅ»ចូលក្នុងទឹកដីកម្ពុជា។
ក្រុមអ្នកវិភាគមួយចំនួន អះអាងថា ការធ្វើដូច្នេះគឺជានយោបាយប្រជាភិថុតិរបស់ត្រកូល«ហ៊ុន» និងគណបក្សប្រជាជនកម្ពុជា ដើម្បីលាងជម្រះកម្អែលដានប្រវត្តិសាស្ត្រដែលក្រុមមេដឹកនាំកម្ពុជា និងគណបក្សកាន់អំណាចបច្ចុប្បន្នជា «អាយ៉ង»របស់វៀតណាម។ ប៉ុន្តែ អ្នកសង្កេតការណ៍មួយចំនួន ក៏នៅតែគាំទ្រកម្ពុជាឱ្យជីកព្រែកជីកហ្វូណនជាប្រវត្តិសាស្ត្រនេះដែរ ដើម្បីឱ្យកម្ពុជាឈប់ពឹងផ្អែកលើការដឹកជញ្ជូនផ្លូវទឹកឆ្លងកាត់តាមវៀតណាម៕
[ អត្ថបទជាអង់គ្លេសOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
