កម្ពុជា​គួរ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បង្ហាញ​ជំហរ​អព្យាក្រឹត្យ​ក្នុង​រឿង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​កោះ​តៃវ៉ាន់

0:00 / 0:00

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ លើក​ឡើង​ថា កម្ពុជា​គួរ​រក្សា​ភាព​ស្ងៀម​ស្ងាត់ និង​បង្ហាញ​ជំហរ​អព្យាក្រឹត្យ​ក្នុង​រឿង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់​កោះ​តៃវ៉ាន់ (Taiwan) ដែល​អាច​នឹង​កើតមានឡើង​នៅក្នុង​សប្តាហ៍​នេះ។ ពួកគេ​ថា ការ​ប្រកាន់​ជំហរ​បែបនេះ គឺ​ដើម្បី​បញ្ចៀស​កុំឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ណាមួយ​រវាង​មហាអំណាច​អាមេរិក និង​ចិន ខណៈ​កម្ពុជា​កំពុង​រៀបចំ​សម្របសម្រួល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅក្នុង​សប្តាហ៍​នេះ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា ជាការល្អ​ដែល​កម្ពុជា​គួរ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បង្ហាញ​ជំហរ​អព្យាក្រឹត្យ ជាជាង​ប្រកាស​គាំទ្រ​ការ​ថ្កោលទោស​របស់​ចិន​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី ទៅកាន់​កោះ​តៃវ៉ាន់ ដែល​អាច​នឹង​កើតមានឡើង​ក្នុង​សប្តាហ៍​នេះ។ លោក​ថា បើ​កម្ពុជា​បញ្ចេញ​ប្រតិកម្ម​ដោយ​គាំទ្រ​ការ​ថ្កោល​ទោស​របស់​ប្រទេស​ចិន​កុម្មុយនិស្ត​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ នោះ​កម្ពុជា​នឹង​ខាតបង់​ប្រយោជន៍​ច្រើន​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​សំខាន់ៗ​នៅ​ក្នុង​សប្តាហ៍​នេះ និង​នៅ​ចុង​ឆ្នាំនេះ៖ « នៅក្នុង​ក្របខណ្ឌ​កម្ពុជា ឬក៏​អាស៊ាន គឺ​ទទួលស្គាល់​គោលនយោបាយ​ចិន​តែ​មួយ។ ដូច្នេះ នៅក្នុង​ខណៈ​ដែល​កម្ពុជា​ជា​មិត្ត​ដែក​ថែប​ជាមួយ​ចិន ខ្ញុំ​គិតថា​ជានិច្ចកាល កម្ពុជា​ឈរ​នៅ​ខាង​ចិន​ជានិច្ច។ ក៏ប៉ុន្តែ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក អ្នកស្រី ប៉េឡូស៊ី ខ្ញុំគិតថា កម្ពុជា​ប្រហែលជា​នឹង​មិន​មាន​វា​ចារ ឬ​មតិយោបល់​អត្ថាធិប្បាយ​អី​ទៅលើ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ពីព្រោះ​កម្ពុជា​ត្រូវការ​សម្របសម្រួល​នូវ​ការរៀបចំ​កិច្ចប្រជុំ​អាស៊ាន និង​សហរដ្ឋអាមេរិក​នៅ​ចុង​ឆ្នាំ​ទៀត។ វា​អាច​ខាត​អត្ថប្រយោជន៍ »

ស្រដៀងគ្នា​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) លោក វណ្ណ ប៊ុនណា យល់ថា កម្ពុជា​គួរ​រក្សា​ជំហរ​អព្យាក្រឹត្យ​ក្នុង​រឿង​ដំណើរ​ទស្សនកិច្ច​នេះ។ លោក​ថា កម្ពុជា​មិន​ត្រូវ​គាំទ្រ​សហរដ្ឋអាមេរិក​ចំពោះ​ការ​ធ្វើ​ទស្សនកិច្ច​នេះ ហើយ​ក៏​មិន​ត្រូវ​គាំទ្រ​ចិន​ចំពោះ​ការ​ថ្កោល​ទោស​ដំណើរ​ទស្សនកិច្ច​នេះ​ឡើយ៖ « សម្រាប់​ខ្ញុំ ​ខ្ញុំ​មើល​ឃើញ​ថា កម្ពុជា​គួរតែ​បង្ហាញ​ជំហរ​អព្យាក្រឹត្យ​ដោយ​មិន​ព្យាយាម​គាំទ្រ​ទាក់ទង​នឹង​ការ​ទៅ​ទស្សនកិច្ច​របស់​ប្រធាន​សភា​របស់​សហរដ្ឋអាមេរិក ឬក៏​មិន​គាំទ្រ​នូវ​អ្វី​ដែល​ជា​ការ​ថ្កោលទោស​របស់​ចិន។ មានន័យថា ព្យាយាម​ស្ងាត់ស្ងៀម​ទៅលើ​បញ្ហា​ហ្នុង ព្រោះ​បញ្ហា​ហ្នុង​វា​មិន​មែន​ជា​បញ្ហា​របស់​កម្ពុជា និង​បញ្ហា​របស់​អាស៊ាន។ ដូច្នេះ កម្ពុជា​ព្យាយាម​ផ្ដោត​សំខាន់​ទៅលើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​អាស៊ាន ជាមួយ​សហរដ្ឋអាមេរិក និង​ចិន។ មានន័យថា ក្នុង​ជំហរ​នេះ កម្ពុជា​មិន​គួរ​លូក​មាត់ ឬក៏​ជជែក​វែកញែក​ខ្លាំង​លើ​បញ្ហា​ហ្នុង​ទេ »

លោក វណ្ណ ប៊ុនណា ពន្យល់​ថា បើ​កម្ពុជា​ប្រកាស​គាំទ្រ​ការ​ថ្កោលទោស​របស់​ចិន​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ នោះ​នឹង​មានន័យថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​រណប​នឹង​គោលនយោបាយ​របស់​ប្រទេស​ចិន។ លើស​ពី​នេះ​ទៀត លោក​ថា ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ទំនាក់ទំនង​កាន់តែ​ល្អក់កករ​ជាមួយនឹង​សហរដ្ឋអាមេរិក។

ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី កំពុង​ដឹកនាំ​គណៈប្រតិភូ​សភា​អាមេរិក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ក្នុង​នោះ រួមមាន​ប្រទេស​សិង្ហបុរី (Singapore) ម៉ាឡេស៊ី (Malaysia) កូរ៉េ​ខាង​ត្បូង (South Korea) និង​ប្រទេស​ជប៉ុន (Japan) នៅ​ក្នុង​សប្ដាហ៍​នេះ។ បើ​ទោះ​ជា​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​រូប​នេះ មិនបាន​បញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​ក៏​ដោយ ក៏​សេចក្ដីរាយការណ៍​ចុង​ក្រោយ​ពី​សារព័ត៌មាន​ធំៗ ដូច​ជា កាសែត ឌឹ វ៉លស្ត្រីត ជ័រណល (The Wall Street Journal) និង​សារព័ត៌មាន រ៉យទ័រ (Reuters) សុទ្ធតែ​បាន​ស្រង់​ប្រសាសន៍​ពី​ប្រភព​ស្និទ្ធ​នឹង​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី ថា អ្នកស្រី​នឹង​ទៅ​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃអង្គារ ក្នុង​សប្ដាហ៍​នេះ ដែល​អ្នកស្រី​គ្រោង​នឹង​ស្នាក់នៅ​ទី​នោះ​រយៈ​ពេល​មួយ​យប់ ហើយ​គ្រោង​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ពុធ​បន្ទាប់ មុននឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទោះ​យ៉ាង​ណា​ក្ដី ទាំង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ទាំង​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ នៅ​មិន​ទាន់​បញ្ចេញ​ឱ្យ​ដឹង​លម្អិត​ពី​គម្រោង​ដំណើរ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​នេះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី១ ខែសីហា។

ប្រសិនបើ​ដំណើរ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​នេះ​ពិត​ជា​កើត​មាន​ឡើង​មែន​នោះ នោះ​អ្នកស្រី ណេនស៊ី ផេឡូស៊ី នឹង​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​អាមេរិក​លើកទីមួយ​ហើយ​ដែល​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ ចាប់​តាំង​ពី​ឆ្នាំ១៩៩៧ មក។ អតីត​ប្រធានរដ្ឋសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ លោក ញូវត៍ ហ្គីងរីច្ឆ (Newt Gingrich) បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ កាលពី​ឆ្នាំ១៩៩៧។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) កាល​ពី​ថ្ងៃ​ទី១ ខែសីហា ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​ឥឡូវនេះ​កំពុង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ជា​ពិសេស កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) និង​វេទិកា​តំបន់​អាស៊ាន (ARF)។ លោក​បន្ថែម​ថា កម្ពុជា និង​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​ដទៃ​ទៀត​ព្រមទាំង​ដៃគូ​ចូលរួម​កិច្ចប្រជុំ​ទាំង​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​ជាច្រើន និង​បញ្ហា​ក្ដៅៗ នៅ​ក្នុង​តំបន់ និង​អន្តរជាតិ​ដើម្បី​ដោះ​ស្រាយ​ដែល​ហួស​ពី​គ្រប់គ្រាន់​ទៅ​ហើយ។ លោក​ជឿ​ថា គ្មាន​ប្រទេស​ណា​មួយ​ចង់​ឃើញ​បញ្ហា​តានតឹង​ក្នុង​តំបន់ និង​អន្តរជាតិ​បន្ថែម​ទៅ​លើ​ស្ថានភាព ដែល​កំពុង​តែ​ផុយ​ស្រួយ​ស្រាប់ និង​របៀបវារៈ​ដ៏​ច្រើន​លើសលប់​នៃ​កិច្ចប្រជុំ​ទាំងនេះ​ទៀត​នោះ​ទេ។ លោក​ជឿជាក់​ថា ភាគី​នីមួយៗ ចង់​ឃើញ​ការ​បន្ថយ​ភាព​តានតឹង ដោយ​មិន​ស្វាគមន៍​ការ​បង្កើន​ការ​ប្រឈម​មុខ​ដាក់គ្នា​នោះ​ឡើយ។

ប្រទេស​ចិន​កុម្មុយនិស្ត​ដែល​តែង​ប្រកាស និង​ចាត់​ទុក​កោះ​តៃវ៉ាន់ គឺ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន បាន​ថ្កោលទោស​ថា ប្រសិន​បើ​ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​មែន នោះ​ការណ៍​នេះ គឺ​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ព្រមាន​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​មិន​សម្ងំ​ស្ងៀម​ឡើយ ហើយ​ថា ចិន​នឹង​ឆ្លើយតប​យ៉ាង​មោះមុត​ដោយ​ចាត់​វិធានការ​ប្រឆាំង​តប​យ៉ាង​ខ្លាំង ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ខ្លួន។

កាលពី​ដើម​ខែកក្កដា នៅ​ឯ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​លើក​ទី៧ នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា និង​ចិន​បាន​បញ្ជាក់​ជំហរ​ជួយ​គ្នា​ក្នុង​រឿង​រក្សា​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា និង​រឿង​គោលនយោបាយ​ចិន​តែ​មួយ​ចំពោះ​កោះ​តៃវ៉ាន់ រួមទាំង​តំបន់​ចម្រូងចម្រាស​ផ្សេង​ទៀត​នៅ​ប្រទេស​ចិន។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ លោក វណ្ណ ប៊ុណ្ណា មើល​ឃើញ​ថា ប្រសិនបើ​ចិន​ជ្រើសរើស​យក​មធ្យោបាយ​ក្ដៅ​ប្រើ​កម្លាំង​ទ័ព​ទៅ​ឈ្លានពាន​ដណ្ដើម​យក​អធិបតេយ្យ​លើ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ខាង​មុខ មិន​ខុស​ពី​អ្វី​ដែល​រុស្ស៊ី (Russia) កំពុង​ធ្វើ​នៅ​ប្រទេស​អ៊ុយក្រែន (Ukraine) នា​ពេល​បច្ចុប្បន្ន​នេះ នោះ​ជំហរ​កម្ពុជា ដែល​តែង​ប្រកាស​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ នឹង​អូសទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន និង​សហរដ្ឋ​អាមេរិក ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​សន្តិសុខ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់៖ « អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​នេះ នឹង​ធ្វើ​ឱ្យ ទី​មួយ​ទាក់ទង​នឹង​សន្តិសុខ​របស់​កម្ពុជា គឺ​វៀតណាម​ប្រហែល​ជា​ពិបាក​នឹង​ទុក​ចិត្ត​កម្ពុជា ដោយសារ​តែ​វៀតណាម​មើល​ឃើញ​កម្ពុជា គឺជា​ប្រទេស​រណប​ចិន។ កាល​ណា​បើ​មាន​ការ​ឈ្លានពាន ឬ​ការ​វាយ​ដណ្ដើម​យក​តៃវ៉ាន់​មែន បើ​សិន​ជា​កម្ពុជា​គាំទ្រ​ការ​ដណ្ដើម​យក​តៃវ៉ាន់​ពី​ចិន នោះ​ហាក់​ដូច​ជា​កម្ពុជា​ស្ថិត​ក្នុង​ចំណុច​មួយ ដែល​ជា​ចំណុច​ក្ដៅ ហើយ​បើសិនជា​កម្ពុជា​ចូល​ក្នុង​ចំណុច​ក្ដៅ​ដែល​អាច​ជា​សង្គ្រាម ឬ​ក៏​ការ​ដណ្ដើម​យក​របស់​ចិន​នៅ​តៃវ៉ាន់​វិញ ខ្ញុំ​គិត​ថា នោះ​កម្ពុជា​អាច​នឹង​ពិបាក​រើខ្លួន​ចេញ​ពី​ចំណុច​ដ៏​ក្ដៅ​រសើប​នេះ »

ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ បាន​បំបែក​ចេញ​ពី​គ្នា​ក្រោម​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​រៀងៗ ខ្លួន ចាប់​តាំង​ពី​ឆ្នាំ១៩៤៩ ក្រោយ​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​បាន​ឈ្នះ​សង្គ្រាម​ស៊ីវិល​នៅ​ចិន​ដី​គោក ខណៈ​កោះ​តៃវ៉ាន់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ដែល​មាន​ទំនោរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។ ភាគី​ទាំង​ពីរ​ចាត់​ទុក​ថា ទាំង​ចិន​ដី​គោក និង​កោះ​តៃវ៉ាន់ គឺ​ជា​ប្រទេស​តែ​មួយ។ ក៏ប៉ុន្តែ​ការ​មិន​ចុះ​សម្រុង​គ្នា​ថា តើ​រដ្ឋាភិបាល​កុម្មុយនិស្ត​នៃ​ចិន​ដី​គោក ឬ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​នៅ​កោះ​តៃវ៉ាន់​ជា​អ្នក​មាន​សិទ្ធិ​គ្រប់គ្រង​នោះ បាន​បន្ត​អូស​បន្លាយ​រហូត​ដល់​សព្វថ្ងៃ។ សហរដ្ឋ​អាមេរិក​បាន​ផ្លាស់ប្ដូរ​ជំហរ​ទៅ​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ១៩៧៩ ប៉ុន្តែ​នៅតែ​បន្ត​ទំនាក់ទំនង​ក្រៅ​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់។ ថ្មីៗ នេះ ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) បាន​ប្រកាស​ជំហរ​ជា​សាធារណៈ​ថា សហរដ្ឋអាមេរិក​នឹង​ប្រើ​កម្លាំង​ទ័ព​ការពារ​កោះ​តៃវ៉ាន់ ប្រសិនបើ​មាន​ការ​លើក​ទ័ព​ឈ្លានពាន​ណាមួយ​ពីសំណាក់​ប្រទេស​កុម្មុយនិស្ត​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។