អ្នក​ជំនាញ​ថា កម្ពុជា​នៅ​តែ​ពិបាក​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ឥទ្ធិពល​វៀតណាម

ដោយ សុជីវី
2025.01.23
អ្នក​ជំនាញ​ថា កម្ពុជា​នៅ​តែ​ពិបាក​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ឥទ្ធិពល​វៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម (TO Lam) នៅវិមានសន្តិភាព កាលពី​ថ្ងៃទី១៣ កក្កដា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នក​ជំនាញ និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា កម្ពុជា​នឹង​មិន​អាច​ដក​ខ្លួន​ចេញ​ពី​ឥទ្ធិពល​វៀតណាម (Vietnam) បាន​នោះ​ទេ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ត្រកូល ហ៊ុន ចាប់​យក​ប្រទេស ចិន​កុម្មុយនិស្ត (China) ធ្វើ​ជា​ខ្នង​បង្អែក ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​នយោបាយ និង​ជំនួយ​សម្រាប់​រក្សា​អំណាច​ក្តី។ ការ​វាយ​តម្លៃ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​វៀតណាម​បាន​ស្នើ​ឱ្យ​កម្ពុជា​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​តាម​ដាន​បញ្ហា​នយោបាយ​យល់​ថា ជំហរ​របស់​ភាគី​វៀតណាម​ដែល​ជំរុញ​ឱ្យ​កម្ពុជា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា ជាពិសេស​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា និង​សន្តិសុខ​ជាមួយ​វៀតណាម​គឺ​ជា​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​មួយ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ឃ្លាត​ឆ្ងាយ​ពី​ឥទ្ធិពល​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី២២ ខែ មករា​ថា វៀតណាម​នៅ​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​លោក​ថា គណបក្សប្រជាជន​កម្ពុជា​មាន​ដើម​កំណើត​ចេញ​ពី​បក្ស​កុម្មុយនិស្ត​វៀតណាម ហើយ​ការ​ឡើង​កាន់​តំណែង​របស់​លោក ហ៊ុន សែន ក្រោយ​ឆ្នាំ១៩៧៩ គឺ​ដោយសារ​តែ​មាន​វៀតណាម​ជា​អ្នក​លើក​បន្តុប។ លោក​បន្ថែម​ថា ទោះ​បី​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រឹងប្រែង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​កាន់​តែ​ស៊ីជម្រៅ ក៏​មិន​អាច​ដក​ខ្លួន​ពី​ឥទ្ធិពល​វៀតណាម​បាន​ដែរ ហើយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន នឹង​នៅ​តែ​ចាត់​ទុក​វៀតណាម​ជា​អ្នក​មាន​គុណ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​បម្រើ​ផល​ប្រយោជន៍​វៀតណាម​ដូចជា​ផ្ដល់​កិច្ច​ការពារ និង​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​មក​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ជាដើម។

លោក អ៊ុំ សំអាន៖ «ត្រកូល ហ៊ុន មិន​អាច​ដោះដៃ​ពី​វៀតណាម​បាន​នោះ​ទេ មួយ​ទៀត​ដោយសារ​តែ​វៀតណាម​ជា​អ្នក​មាន​គុណ​បំណាច់​លើក​បន្តុប​ឱ្យ​លោក ហ៊ុន សែន កាន់​អំណាច​តាំង​ពី​ទសវត្ស​ទី៨០ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូចជា​ត្រកូល ហ៊ុន គឺ​មិន​អាច​ដោះដៃ​ពី​វៀតណាម​បាន​នោះ​ទេ​ទោះ​បី​ទៅ​ចាប់​ចិន​ក៏​នៅ​តែ​ចាត់​ទុក​វៀតណាម​ជា​បង​ធំ​ដដែល​ព្រោះ​វៀតណាម​ជា​អតីត​ចៅហ្វាយ​នាយ​របស់​លោក ហ៊ុន សែន។ កម្ពុជា​តែងតែ​លួង​ចិត្ត​វៀតណាម​តាមរយៈ​ការ​ផ្ដល់​ភាព​ស្របច្បាប់ ទៅ​ដល់​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​កម្ពុជា កាត់​ទឹកដី​ខ្មែរ​យើង​ទៅ​ឱ្យ​វៀតណាម​កុំ​ឱ្យ​វៀតណាម​អន់​ចិត្ត​នៅ​ពេល​ដែល​កម្ពុជា​កាន់​តែ​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ចិន»

ប្រតិកម្ម​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​វៀតណាម​បាន​ស្នើ​ឱ្យ​កម្ពុជា​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ។ ការ​ស្នើ​របស់​ភាគី​វៀតណាម​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) ជាមួយ​អនុប្រធាន​ទី១ នៃ​ព្រឹទ្ធសភា​កម្ពុជា​លោក អ៊ុច បូររិទ្ធ ក្នុង​ពេល​ដែល​លោក​ដឹកនាំ​ក្រុម​ការងារ​បក្ស​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​កាល​ពី​ថ្ងៃ​ទី២០ ខែមករា។

ទីភ្នាក់ងារព័ត៌មាន​វៀតណាម (Việt Nam News) ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ​ប្រមុខ​ដឹកនាំ​វៀតណាម បាន​ចាត់​ទុក​ទំនាក់​ទំនង​រវាង​កម្ពុជា និង​វៀតណាម​គឺ​ជា​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី​យូរ​អង្វែង និង​មាន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ។ ប្រធាន​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម ក៏​បាន​ស្នើ​ភាគី​កម្ពុជា​ឱ្យ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ក្នុង​នោះ​រួម​មាន ការ​បង្កើន​ការ​ផ្លាស់ប្ដូរ និង​អន្តរកម្ម​រវាង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ កិច្ច​ពិភាក្សា​ស្ដីពី​វិធានការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការ​លើក​កម្ពស់​នៃ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ដែល​ភាគី​វៀតណាម​អះអាង​ថា ដើម្បី​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៃ​ប្រទេស​ទាំងពីរ។

ទីភ្នាក់ងារព័ត៌មាន​វៀតណាម​ឱ្យ​ដឹង​ថា ជា​ការ​ឆ្លើយតប លោក អ៊ុច បូររិទ្ធ បាន​បញ្ជាក់​ជំហរ​ប្រាប់​ប្រមុខ​ដឹកនាំ​វៀតណាម​ថា ក្ដី​បំណង​ប្រាថ្នា និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នឹង​បន្ត​ថែរក្សា និង​ការពារ​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​វៀតណាម និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់​តែ​រឹងមាំ និង​ស៊ីជម្រៅ។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន្ត ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២២ ខែ​មករា។

អ្នកឃ្លាំមើល​ពិនិត្យ​ឃើញ​ថា វៀតណាម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ហាក់​ព្រួយបារម្ភ​អំពី​ការ​រក្សា​គម្លាត​របស់​កម្ពុជា​មិន​បន្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដោយសារ​តែ​វៀតណាម​បាន​ឃើញ​អំពី​ការ​ពង្រីក​ឥទ្ធិពល​យោធា​ចិន និង​ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន ជាពិសេស​ក្នុង​វិស័យ​ការពារ​ជាតិ។

ទោះ​ជា​យ៉ាង​ណា អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​សហ​ស្ថាបនិក​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KDO) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក សេង វណ្ណលី លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន និង​បក្ស​កាន់​អំណាច​ព្យាយាម​ងាក​ចេញ​ពី​ឥទ្ធិពល​របស់​វៀតណាម ការ​កាន់​អំណាច​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​អាច​រង​ហានិភ័យ។ លោក​បន្ថែម​ថា ការ​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​នយោបាយ​ការ​ទូត​ជាមួយ​វៀតណាម និង​ប្រទេស​ក្នុង​តំបន់ រួម​ទាំង​ការ​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ផង​នោះ គឺ​ជា​ផែនការ ដើម្បី​បញ្ច្រាស​ការ​រិះគន់​ថា កម្ពុជា​លម្អៀង​ទៅ​ចិន​តែ​ម្ខាង​ប៉ុណ្ណោះ។

លោក សេង វណ្ណលី៖ ៖«តែ​យ៉ាងណា​ក៏​ដោយ​ការ​ងាក​ចេញ​ពី​ឥទ្ធិពល​វៀតណាម និង​ចិន​គឺ​អាច​នឹង​ពិបាក​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​ធ្វើ​យ៉ាងណា ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ ឬ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នានា​ជាមួយ​ប្រទេស​បស្ចិម​លោក និង​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​បើក​លំហ​ឱ្យ​មាន​ការ​ស្ដារ​ឡើងវិញ​ឱ្យ​មាន​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​អាមេរិក​យ៉ាង​ណា ដោយសារ​តែ​ចិន​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​សម្ពន្ធមិត្ត​ក្នុង​តំបន់​ជាពិសេស​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​ភាគី​ចិន​ដូច្នោះ​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​ទំនាក់ទំនង​ការ​ទូត​របស់​ខ្លួន​​ជាមួយ​ប្រទេស​បស្ចិម​លោក​ទន្ទឹម​គ្នា​នឹង​ក៏​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង​យោធា​ជាពិសេស​ធ្វើ​ឱ្យ​កម្ពុជា​អាច​បង្កើត​ឱ្យ​មាន​ការ​មិន​ទុក​ចិត្ត​ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​ប្រទេស​បស្ចិម​លោក ជាពិសេស​ជាមួយ​អាមេរិក»

អ្នកឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​ស្ដារ​ប្រជាធិបតេយ្យ បង្រួបបង្រួម​ជាតិ ដើម្បី​ឱ្យ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​កាន់តែ​ល្អ​ប្រសើរ។ ពួកគេ​រិះគន់​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ដឹកនាំ​ទាញ​ឱ្យ​កម្ពុជា​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ជោគ​វាសនា​នៃ​អនាគត​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។