អាជ្ញាធរ​កម្ពុជា​នឹង​បញ្ជូន​ខ្មាន់​កាំភ្លើង​ប្រគល់​ឱ្យ​សមត្ថកិច្ច​ថៃ នៅ​ថ្ងៃ​ទី១១ មករា

ដោយ ហ៊ុំ ចំរើន
2025.01.10
អាជ្ញាធរ​កម្ពុជា​នឹង​បញ្ជូន​ខ្មាន់​កាំភ្លើង​ប្រគល់​ឱ្យ​សមត្ថកិច្ច​ថៃ នៅ​ថ្ងៃ​ទី១១ មករា ជនសង្ស័យ​ជា​​ខ្មាន់​កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ (Aekkalak Paenoi) ដែល​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​អាជ្ញាធរ​ចាប់​បាន នៅ​ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២៥។
រូប៖ ទូរទស្សន៍ AMARIN TV 2025-01-08

សមត្ថកិច្ច​កម្ពុជា​នឹង​បញ្ជូន​ជនសង្ស័យ​ជា​ខ្មាន់​កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ (Aekkalak Paenoi)  ដែល​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ទៅ​ឱ្យ​សមត្ថកិច្ច​ថៃ នៅ​វេលា​ម៉ោង ១២ថ្ងៃ​ត្រង់ ថ្ងៃ​ទី១១ ខែមករា​នេះ តាម​ការ​ស្នើសុំ​របស់​ថៃ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ថៃ។

សមត្ថកិច្ច​កម្ពុជា​នឹង​បញ្ជូន​ខ្មាន់​កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ (Aekkalak Paenoi) ដែល​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ទៅ​ឱ្យ​សមត្ថកិច្ច​ថៃ នៅ​វេលា​ម៉ោង ១២ថ្ងៃ​ត្រង់ ថ្ងៃ​ទី១១ ខែមករា​នេះ តាម​ការ​ស្នើសុំ​របស់​ថៃ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ថៃ។

អ្នកវិភាគ​នយោបាយ​សង្ស័យ​ថា ករណី​ឃាតកម្ម​នេះ អាច​ជា​គំនុំ​នយោបាយ ខណៈ​គណបក្ស​ប្រឆាំង​ចោទ​ថា ជា​រឿង​នយោបាយ ដែល​មាន​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ជា​អ្នក​រៀបចំ​នៅ​ពី​ក្រោយ។

រដ្ឋាភិបាល​កម្ពុជា​ហាក់​នៅ​មាន​ការ​លាក់លៀម​ព័ត៌មាន ដែល​ពាក់ព័ន្ធ​អំពី​ការ​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ គឺ​លោក លិម គិមយ៉ា ដែល​កំពុង​ធ្វើ​កក្រើក​ពេញ​ពី​ក្រុងបាងកក ប្រទេសថៃ និង​កំពុង​ការ​តាមដាន​ខ្លាំង​សហគមន៍​អន្តរជាតិ​ជុំវិញ​រឿង​ឃាតកម្ម​មួយ​នេះ។

ចំណែក​អាជ្ញាធរ​ថៃ​បាន​ផ្សាយ​ចេញ​ជា​សាធារណៈ​គ្រប់​ជំហាន​អំពី​ដំណើរ​ការ​វែក​មុខ​ជន​ល្មើស និង​ជន​សង្ស័យ​ដទៃ​ទៀត ដែល​ជា​អ្នក​ពាក់ព័ន្ធ​ទាំង​នៅ​កម្ពុជា និង​ថៃ។

ព័ត៌មាន​ចុង​ក្រោយ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន នៅ​យប់​ថ្ងៃ​ទី១០ មករា តាម​រយៈ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៧ របស់​ថៃ​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​នឹង​បញ្ជូន​ខ្មាន់​កាំភ្លើង​ប្រគល់​ឱ្យ​សមត្ថកិច្ច​ថៃ នៅ​ថ្ងៃ​ទី១១មករា។

នាយ​ប៉ូលិស​ជាន់​ខ្ពស់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ​ចំនួន ២នាក់ នឹង​ទៅ​ទទួល​ជន​សង្ស័យ​ជា​ខ្មាន់​កាំភ្លើង​ជនជាតិ​ថៃ​រូប​នេះ​ផ្ទាល់ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ រួច​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅ​ចុះចត​នៅ​វាល​យន្តហោះ​ប៉ូលិស​នៅ​ទីក្រុង​បាងកក។

ចំណែក​ជន​សង្ស័យ​ទី២ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែល​គេ​ស្គាល់​ថា ជា​ប្អូន​ប្រុស​បង្កើត​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ និង​ជា​អនុប្រធាន​គណៈកម្មការ​ផ្សារ​កណ្ដាល ដែល​អាជ្ញាធរ​ថៃ​ស្នើសុំ​ឲ្យ​កម្ពុជា​បញ្ជូន​ខ្លួន​ទៅ​ជំនុំជម្រះ​ក្ដី​នៅ​តុលាការ​ប្រទេសថៃ​នោះ ក៏​មិន​មាន​ការ​ឆ្លើយតប​ថា យ៉ាង​ណា​នៅ​ឡើយ​ទេ។

មេបញ្ជាការ​ស៊ើបអង្កេត នៃ​ទី​បញ្ជាការ​ប៉ូលិស​ក្រុងបាងកក (Bangkok) ប្រទេស​ថៃ (Thai) លោក ធីរ៉ាដេត ថាំសុធី (Theeradej Thammasuthee) បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី៩ ខែមករា ថា ជន​សង្ស័យ​ទី២ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ក្រុម​ស៊ើប​អង្កេត បាន​កំណត់​មុខ​សញ្ញា​អ្នក​ពាក់ព័ន្ធ ដែល​ជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ផ្សេង​ទៀត មាន​ដូច​ជា អ្នក​នាំ​ខ្មាន់​កាំភ្លើង​ឆ្លងដែន និង​អ្នក​ផ្ទេរ​លុយ​ឱ្យ​ខ្មាន់​កាំភ្លើង​តាម​រយៈ​គណនី​ធនាគារ​ជា​ដើម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត និង​អ្នក​នាំ​ពាក្យ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១០ ខែមករា។

ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី៩ ខែមករា លោក ស ថេត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ភាគី​កម្ពុជា ជន​សង្ស័យ​ទី២ ដែល​ជា​ជនជាតិ​ខ្មែរ ឈ្មោះ ពេជ្រ គឹមស្រ៊ិន នោះ ខាង​សមត្ថកិច្ច​កម្ពុជា ក៏​មិន​ទាន់​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​នៅ​ឡើយ។

អ្នក​ឃ្លាំមើល​សង្គម​លើក​ឡើង​ថា សំណុំរឿង​បាញ់​សម្លាប់​លោក លិម គិមយ៉ា អាជ្ញាធរ ថៃ ហាក់​មាន​ការ​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ និងបង្ហាញភស្តុតាង ច្បាស់ លាស់ ជាង​អាជ្ញាធរ​កម្ពុជា ដែល​បង្ហាញ​ពី​គោលជំហរ​មិន​ច្បាស់លាស់ ក្នុង​ការ​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ ដែល​ជា​ជនជាតិ​ខ្មែរ។

ជុំវិញ​សំណុំរឿង​បាញ់​សម្លាប់ លោក លិម គិមយ៉ា នៅ​ចំ​កណ្ដាល​ទីក្រុង​បាងកក ប្រទេសថៃ នេះ​ដែរ អ្នកវិភាគ និង​អ្នក​អត្ថាធិប្បាយ​នយោបាយ បាន​ផ្តល់​នូវ​ការ​វិភាគ​ផ្សេងៗ គ្នា។

ទាក់ទង​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​ប្រឆាំង ដែល​ថា ជា​រឿង​នយោបាយ ដោយ​មាន​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ជា​អ្នក​រៀបចំ​នៅ​ពី​ក្រោយ​នោះ មក​ពេល​ពេល​នេះ ក៏​មិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី កូន គឺ លោក ហ៊ុន ម៉ាណែត នោះ នៅ​ឡើយ​ទេ។

ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃសុក្រ ទី១០ មករា អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ បាន​ផ្តល់​នូវ​ការ​វិភាគ​ថា ការ​សង្ស័យ​បឋម​របស់​លោក​គឺ ការ​បាញ់​សម្លាប់ លោក លិម គិមយ៉ា អាច​មិនមែន​ជា​ការ​ប្រកួតប្រជែង​នយោបាយ​ទេ តែ​វា​អាច​ជា​គំនុំ​នយោបាយ ដែល​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន ផ្ទាល់ ដែល​ធ្លាប់​ប៉ះទង្គិច​ពាក្យ​សម្ដី​ជាមួយ​គ្នា កាល​ពី​លោក លិម គិមយ៉ា ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឆ្នាំ២០១៣ និង​ក្រោយ​មក​ទៀត ថ្មីៗ នេះ អាច​ប៉ះ​ជាមួយ​កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី កើត​ឡើង​ក្រោយ​ពេល​លោក​បាន​សរសេរ​រិះគន់​កូន​ប្រុស​លោក ហ៊ុន សែន គឺ ហ៊ុន ម៉ានី ដែល​បាន​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ២០២៤ បណ្ដាល​ឲ្យ​ឆេះ​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ និង​ចំណាយ​លុយ​ខ្ជះខ្ជាយ​អត់​ប្រយោជន៍ រៀបចំ​កម្មវិធី​បំបែក​ឯកត្តកម្ម​មួយ​ចំនួន​កន្លង​មក​នោះ​ជា​ដើម។

លោក គឹម សុខ៖ «គំនុំ​នយោបាយ ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ ទី១ លោក ហ៊ុន សែន ធ្លាប់​ខឹង គំនុំ​នយោបាយ។ ទី២ ធ្លាប់​រិះគន់​លោក ហ៊ុន ម៉ានី លោក លិម គិមយ៉ា គាត់​នៅតែ​រិះគន់​ចំៗ ទៅ​លើ​គ្រួសារ​ត្រកូល ហ៊ុន ដដែល ករណី​គុំនុំ​នយោបាយ​បែប​នេះ អាច​ថ្នាក់​ក្រោម​ជា​អ្នក​ធ្វើ​ដែរ មេ​ដឹកនាំ​កំពូល​មិន​អាច​និយាយ​ថា កូន​ចៅ​ខ្លួន​ជា​អ្នក​ធ្វើ​ទេ អ៊ីចឹង រួម​គំនិត​ក្នុង​ការ​បិទបាំង​អ៊ីចឹង យើង​ពិបាក​ថា លោក ហ៊ុន សែន ជា​អ្នក​ធ្វើ​ផ្ទាល់ ឬ​ថ្នាក់​ក្រោម​ខ្លាំង​ណាស់។ ប៉ុន្តែ បើ​យើង​សរុប​រឿង​ហ្នឹង មិន​អាច​គេច​ចេញ​ពី​ការ​ទទួល​ខុសត្រូវ​របស់​លោក ហ៊ុន សែន បាន​ទេ»

ចំណែក​អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី ហាក់​យល់​ឃើញ​ផ្ទុយ​ពី​នេះ ដោយ​លោក​យល់​ថា ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា អាច​មិនមែន​ជា​ការ​ភ្លាត់​ស្នៀត​របស់​គ្រួសារ​ត្រកូល ហ៊ុន ឬ​លោក ហ៊ុន សែន ផ្ទាល់​នោះ​ទេ។

លោក​ចាត់​ទុក​ករណី​នេះ​ថា លើស​ពី​អំពើ​ឃាតកម្ម​ទូទៅ ហើយ​វា​អាច​ផ្តល់​សញ្ញាណ​បែប​នយោបាយ​អ្វី​ម្យ៉ាង​ទៅ​ប្រទេសថៃ ក្នុង​នោះ អាច​ផ្ដើម​ចេញ​ពី​ជម្លោះ​អំពី​ការ​គ្រប់គ្រង​តំបន់​កោះគជ់ ដែល​កម្ពុជា និង​ថៃ កំពុង​មាន​ភាព​តានតឹង​ដាក់​គ្នា និង​ផ្ទុះ​រឿង​ឧក្រិដ្ឋកម្ម​អនឡាយ នៅ​ក្រុងបោយបែត ដែល​មេ​ដឹកនាំ​ថៃ​ចេញ​មុខ​កកូរកកាយ​ករណី​នេះ​ជា​ដើម។

សេង សារី៖ «ព្រោះ​បើ​ករណី​នេះ គ្រាន់តែ​ចង់​សម្លាប់​លោក លិម គិមយ៉ា មិន​បាច់​ឲ្យ​លោក លិម គិមយ៉ា ទៅ​ស្រុក​ថៃ​ទេ។ បើ​ពិត​ជា​ចេតនា​ចង់​សម្លាប់​លោក លិម គិមយ៉ា មែន សម្លាប់​នៅ​ស្រុក​ខ្មែរ មាន​ផល​ប៉ះពាល់​តិច​ជាង ដោយ​មិន​ចាំបាច់​ប្រឈម​ជាមួយ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​បារាំង»

តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ទាំង​ពីរ​ថ្លែង​ថា ករណី​នេះ ត្រូវ​ការ​ពេល​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ខណៈ​ក្រុម​អង្គការ​អន្តរជាតិ នាំ​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ ថ្កោលទោស ករណី​ឃាតកម្ម​លោក លិម គិមយ៉ា និង​ទាមទារ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ធ្វើ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ និង​ធានា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​រក​មេខ្លោង​ពិត​ប្រាកដ ដែល​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​នេះ៕

អត្ថបទនេះត្រូវបានធ្វើបច្ចុប្បន្នភាព នៅ​រសៀលថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២៥ ដោយ​ដាក់បញ្ចូលព័ត៌មាន​ពិស្ដារ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
អត្ថបទពេញនិយម
នយោបាយ
ខ្មាន់កាំភ្លើង​មិន​ទាន់​ហ៊ាន​លាតត្រដាង​មេខ្លោង​នៅ​ពីក្រោយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។