កិច្ចប្រជុំ​កំពូល​អាស៊ាន អាមេរិក ត្រូវ​លើក​ពេល

0:00 / 0:00

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក (ASEAN-US Special Summit) ត្រូវ​លើក​ពេល ដោយសារ​មេដឹកនាំ​អាស៊ាន​ខ្លះ​មិន​អាច​ចូលរួម​ប្រជុំ​តាម​ពេលវេលា ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស។

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ស្រង់​សម្ដី​របស់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី៩ ខែមីនា​ថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន អាមេរិក ដែល​សហរដ្ឋ​អាមេរិក​ប្រកាស​ថា គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃទី២៨ និង​ទី២៩ ខែមីនា ខាង​មុខ​នេះ ត្រូវ​លើក​ទៅ​ពេល​ក្រោយ​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា លោក ប្រាក់ សុខុន មិន​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ពេលណា​វិញ​នៅ​ឡើយ ដោយ​គ្រាន់​តែ​ថា អ្នក​សម្របសម្រួល​រៀបចំ​កិច្ចប្រជុំ​នឹង​ជូន​ដំណឹង​ពី​ពេល​វេលា​នោះ​នៅ​ពេល​ក្រោយ។

ប្រធាន​ប្ដូរ​វេន​អាស៊ាន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​អះអាង​ថា ប្រទេស​សមាជិក​អាស៊ាន​មិន​ទាន់​ឯកភាព​គ្នា​ចំពោះ​ពេល​វេលា ដែល​អាមេរិក​គ្រោង​នឹង​រៀបចំ​នេះ​ទេ។ ក្នុង​នោះ​លោក​ថា ប្រទេស​ចំនួន៣ ចង់​ផ្លាស់ប្ដូរ​ពេលវេលា​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ។ តែ​លោក​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ឈ្មោះ​ប្រទេស​អាស៊ាន​ទាំង៣ នេះ​ទេ។

ចំណែក​ក្រសួងការបរទេស​អាមេរិក​វិញ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ មីនា​ថា ខ្លួន​កំពុង​ធ្វើ​ការ​យ៉ាង​ជិតដិត​ជាមួយ​អាស៊ាន​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ឱ្យ​បាន​ជោគជ័យ។

អ្នក​តាម​ដាន​នយោបាយ និង​កិច្ចការ​អន្តរជាតិ​មើល​ឃើញ​ថា កម្ពុជា​អាច​ខាត​បង់​ដោយសារ​ការ​ពន្យារ​ពេល​ណាមួយ​នៃ​កិច្ចប្រជុំ​នេះ ត្បិត​កម្ពុជា​ក៏​ចង់​ស្ដារ​មុខមាត់ និង​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើងវិញ។

កិច្ចប្រជុំ​កំពូល​ពិសេស​នេះ ដែល​ដំបូង​ឡើង​គ្រោង​ធ្វើ​នៅ​ចុង​ខែមីនា នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) នេះ គឺប្រព្រឹត្តទៅមួយថ្ងៃមុនខួបលើកទី២៥ នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​មក​លើ​ក្រុម​បាតុករ​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៧។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ប្រធាន​ប្ដូរ​វេន​អាស៊ាន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រង​ការ​ចោទ​ប្រកាន់​ដោយ​ប្រយោល​ពី​តុលាការ​បារាំង​ថា បាន​ប្រព្រឹត្ត «អំពើ​សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ» ក្នុង​សំណុំរឿង​គប់​គ្រាប់បែក​កាល​ពី ២៥ឆ្នាំ​មុន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។