និស្សិត​ពេទ្យ​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល

0:00 / 0:00

ក្រុម​និស្សិត​ពេទ្យ​ផ្នែក​ទន្តសាស្ត្រ​ជំនាន់​ទី​២៣ និង​វេជ្ជសាស្ត្រ​ជំនាន់​ទី​៣៤ ប្រមាណ ១០០​នាក់ បាន​ស្នើ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​លុប​ចោល​ការ​ប្រឡង​ថ្នាក់​ជាតិ ក្រោយ​បញ្ចប់​ការ​សិក្សា។ ក្រុម​និស្សិត​បាន​ចាត់​ទុក​ការ​តម្រូវ​ឲ្យ​ពួក​គេ​ប្រឡង​ថ្នាក់​ជាតិ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​គេ​ម្នាក់ៗ។

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែ​មេសា និស្សិត​ពេទ្យ​ពីរ​មហាវិទ្យាល័យ គឺ​ផ្នែក​ទន្តសាស្ត្រ និង​វេជ្ជសាស្ត្រ ប្រមាណ ១០០​នាក់ បាន​លើក​បដា​តវ៉ា​នៅ​ខាង​មុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្នុង​សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ប្រមុខ​ដឹក​នាំ​ជួយ​ដោះស្រាយ​កង្វល់​ពួក​គេ។

លោក ហ៊ួ ប៉ារ៉ាឌី តំណាង​និស្សិត​ពេទ្យ​ផ្នែក​ទន្តសាស្ត្រ ឬ​ពេទ្យ​ធ្មេញ​ជំនាន់​២៣ បាន​ឲ្យ​ដឹង​ក្នុង​ពេល​តវ៉ា​ថា ការ​ដែល​រដ្ឋាភិបាល ឬ​ក្រសួង​សុខាភិបាល​កំណត់​ឲ្យ​ប្រឡង​ថ្នាក់​ជាតិ នៅ​ក្រោយ​បញ្ចប់​ការ​សិក្សា​ជា​រឿង​អយុត្តិធម៌។

និស្សិត​រូប​នេះ​បាន​ចាត់​ទុក​ការ​តម្រូវ​ឲ្យ​ពួក​គេ​ប្រឡង​ថ្នាក់​ជាតិ ថា​បាន​អនុវត្ត​ផ្ទុយ​ពី​អនុក្រឹត្យ​ស្ដីពី​ការ​បណ្តុះ​បណ្ដាល​ក្នុង​វិស័យ​សុខាភិបាល​របស់ លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៧។ លោក​បន្ត​ថា អនុក្រឹត្យ​បាន​ចេញ​នៅ​ឆ្នាំ​២០០៧ ប៉ុន្តែ​ពួក​គាត់​បាន​ចូល​រៀន​តាំង​ពី​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០០៦ ដែល​កាល​នោះ​រដ្ឋាភិបាល ឬ​ក្រសួង​សុខាភិបាល ពុំ​បាន​កំណត់​ឲ្យ​មាន​ការ​ប្រឡង​ថ្នាក់​ជាតិ​នោះ​ទេ៖ «វា​អយុត្តិធម៌​ពេក​សម្រាប់​ពួក​ខ្ញុំ។ អ៊ីចឹង​ពួក​ខ្ញុំ​ទាមទារ​ឲ្យ​លើក​លែង​ការ​ប្រឡង​ថ្នាក់​ជាតិ​សម្រាប់​ពួក​ខ្ញុំ ពីព្រោះ​អនុក្រឹត្យ​ដែល​សម្ដេច​បាន​ចេញ គឺ​នៅ​ឆ្នាំ​២០០៧ ហើយ​ពួក​ខ្ញុំ​បាន​ចូល​រៀន​នៅ​ឆ្នាំ​២០០៥ និង​២០០៦។ អ៊ីចឹង​សុពលភាព​អនុក្រឹត្យ​មិន​គួរ​ប្រើប្រាស់​ជាមួយ​ពួក​ខ្ញុំ​ទេ»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០០៧ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​ស្ដីពី​ការ​បណ្ដុះ​បណ្ដាល​ក្នុង​វិស័យ​សុខាភិបាល។ អនុក្រឹត្យ​នេះ​បាន​តម្រូវ​ឲ្យ​និស្សិត​សិក្សា​នៅ​គ្រប់​កម្រិត និង​គ្រប់​ជំនាញ​ក្នុង​វិស័យ​សុខាភិបាល ត្រូវ​ប្រឡង​ថ្នាក់​ជាតិ ហើយ​ត្រូវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​ត​ទៅ។

និស្សិត​ឈ្មោះ សួង បញ្ញា និង​និស្សិត​ច្រើន​នាក់​ទៀត ក៏​បាន​សំណូមពរ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​ការ​ទាមទារ​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់៖ «ចង់​ឲ្យ​គេ​លុប​ចោល មិន​មែន​ថា ប្រឡង​ថ្នាក់​ជាតិ​មិន​ល្អ​ទេ ប៉ុន្តែ​វា​មិន​យុត្តិធម៌​សម្រាប់​និស្សិត​ជំនាន់​ខ្ញុំ​រៀន។ បើ​ជំនាន់​ក្រោយៗ​មក​ទៀត គេ​អាច​ធ្វើ​បាន ព្រោះ​ពេល​គេ​ចូល​រៀន​គេ​ប្រឡង​ថ្នាក់​ជាតិ ហើយ​ពួក​ខ្ញុំ​ចូល​រៀន អត់​បាន​ប្រឡង​ថ្នាក់​ជាតិ​ទេ។ ឥឡូវ​នេះ គឺ​នៅ​តែ​បន្ត​ការ​តវ៉ា​ហ្នឹង​រហូត ហើយ​ធ្វើ​ពហិការ​មិន​ចូល​ប្រឡង​ប្រមាណ ៨០​នាក់ ខាង​ផ្នែក​វេជ្ជសាស្ត្រ និង​ផ្នែក​ទន្តសាស្ត្រ​ខ្ទង់ ៩០​នាក់ ធ្វើ​ពហិការ​មិន​ចូល​ប្រឡង»

បញ្ហា​នេះ​ដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា សប្ដាហ៍​មុន​នេះ​ធ្លាប់​បាន​ចុះ​មក​ជួប​ជាមួយ​ក្រុម​និស្សិត ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ ប៉ុន្តែ​និស្សិត​ថ្លែង​ថា ជំនួប​នោះ​មិន​ទទួល​បាន​លទ្ធផល​ទេ ទើប​ពួក​គេ​បន្ត​លើក​បដា​តវ៉ា​ជា​ថ្មី​ទៀត។

លោក ម៉ម ប៊ុនហេង បាន​ជំរុញ​ឲ្យ​ក្រុម​និស្សិត​ដែល​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ត្រូវ​តែ​ដាក់​ពាក្យ​ប្រឡង​ថ្នាក់​ជាតិ ដោយ​មិន​អាច​ជៀស​ផុត​បាន​ទេ៖ «វិទ្យុ​អាស៊ីសេរី៖ ឯកឧត្តម​សុំ​ប្រសាសន៍​ខ្លី​បន្តិច​បាន​ទេ? តើ​ការ​ប្រកាស​ប្រឡង​ថ្នាក់​ជាតិ​ហ្នឹង ក្នុង​គោល​បំណង​អ្វី​ដែរ​បាទ? លោក ម៉ម ប៊ុនហេង៖ អូ! សម្រាប់​ពង្រឹង​គុណភាព ព្រោះ​ជា​ច្បាប់​ដើម្បី​ឲ្យ​មាន​គុណភាព​ដូច​គ្នា​ទាំងអស់ ទាំង​ផ្នែក​រដ្ឋ និង​ឯកជន។ យល់​អត់? ល្អ​ណាស់​អា​ហ្នឹង! ហើយ​ឲ្យ​មាន​និយាម​ដូច​គ្នា គឺ​មាន​កម្មវិធី​ប្រឡង​ចូល និង​ប្រឡង​ចេញ»

ក្រុម​និស្សិត​ឲ្យ​ដឹង​ថា ការ​លើក​បដា​នៅ​មុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មេសា មិន​មាន​មន្ត្រី​ពាក់ព័ន្ធ​រដ្ឋាភិបាល​ចេញ​មុខ​មក​ជួប​ក្រុម​និស្សិត​ទេ។ ជាង​នេះ ក្រុម​និស្សិត​ក៏​បាន​នាំ​យក​ញត្តិ​ស្ដីពី​កង្វល់​របស់​ពួក​គេ ដាក់​ជូន​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​បន្ត​ទៀត។

មន្ត្រី​ខុទ្ទកាល័យ​ប្រមុខ​ដឹក​នាំ​ដែល​បាន​ទទួល​យក​ញត្តិ​និស្សិត​ពេទ្យ លោក គង់ ចំរើន ថ្លែង​ថា នឹង​នាំ​យក​ញត្តិ​របស់​និស្សិត​ពេទ្យ​ទាំង​ពីរ​មហាវិទ្យាល័យ​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ និង​ឆ្លើយ​តប​នៅ​ពេល​ក្រោយ។ និស្សិត​ពេទ្យ​បាន​ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ប្រកាស​ទទួល​ពាក្យ​ប្រឡង​ថ្នាក់​ជាតិ ពី​ក្រុម​និស្សិត​ពេទ្យ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​មេសា។ រីឯ​កាល​បរិច្ឆេទ​នៃ​ការ​ប្រឡង​ថ្នាក់​ជាតិ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦-២៧ ខែ​មេសា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។