កម្ពុជា​បារម្ភ​ពី​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ខណៈ​បន្ត​បញ្ជាក់​ជំហរ​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ

ដោយ ជាតិ ចំណាន
2022.08.02
Share on WhatsApp
Share on WhatsApp
កម្ពុជា​បារម្ភ​ពី​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ខណៈ​បន្ត​បញ្ជាក់​ជំហរ​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ​ប្រធាន​រដ្ឋសភា​អាមេរិក ពេល​អញ្ជើញ​ទៅ​ដល់​​វាលយន្តហោះ Songshan ជិត​ទីក្រុងតៃប៉ិ (Taipei) កោះ​តៃវ៉ាន់ (Taiwan) នៅ​ថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២២។
រូប៖ ក្រសួងការបរទេសតៃវ៉ាន់

កម្ពុជា​បារម្ភ​ពី​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ខណៈ​បន្ត​គូស​បញ្ជាក់​ពី​ជំហរ​គាំទ្រ​ឥត​ងាករេ​ពី​គោល​នយោបាយ​ចិន​តែ​មួយ។ ក្ដី​បារម្ភ​នេះ​កើត​មាន​ឡើង ស្រប​ពេល​ដែល​មាន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ទៅ​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​ទី២ ខែសីហា។

អ្នក​នាំ​ពាក្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន លោក គង់ ភោក ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២ ខែសីហា​ថា កម្ពុជា​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។ ដោយ​និយាយ​មិន​សំដៅ​ឈ្មោះ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន អ្នក​នាំ​ពាក្យ​រូប​នេះ​ថា កម្ពុជា​ចង់​ឃើញ​ការ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សង្ឃឹម​ថា ភាគី​ទាំង​អស់​នឹង​ពិគ្រោះ​យោបល់​គ្នា​ប្រកប​ដោយ​សន្តិវិធី ហើយ​បើក​ឱ្យ​មាន​នូវ​កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា។ ទោះ​យ៉ាង​ណា​ក្ដី លោក គង់ ភោក គូស​បញ្ជាក់​ថា ជំហរ​របស់​កម្ពុជា​នៅ​ទៀងទាត់​ដដែល គឺ​គោរព​តាម​គោល​នយោបាយ​ចិន​តែ​មួយ។

គិត​ត្រឹម​យប់​ថ្ងៃ​ទី២ ខែសីហា ប្រធាន​រដ្ឋសភា​អាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី បាន​ជម្នះ​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​តៃវ៉ាន់ ហើយ​ដូច​តាម​ការ​គ្រោង​ទុក បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​ធ្ងន់ៗ ពី​ប្រទេស​ចិន​ថា សហរដ្ឋ​អាមេរិក​នឹង​រង «ផល​វិបាក​ធ្ងន់ធ្ងរ» ពី​ដំណើរ​ទស្សនកិច្ច​នេះ​យ៉ាង​ណា​ក៏​ដោយ។ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ២៥ឆ្នាំ​មក​នេះ កំពុង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​កុម្មុយនិស្ត។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​នេះ ប្រទេស​ចិន​បាន​ព្រមាន​ថា នឹង​ចាត់​វិធានការ​តប «យ៉ាង​មោះមុត និង​ខ្លាំងក្លា» និង​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) នឹង​មិន​សម្ងំ​ស្ងៀម​ឡើយ ប្រសិន​បើ​អ្នកស្រី ណេនស៊ី ផេឡូស៊ី ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​មែន។ ក៏​ប៉ុន្តែ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ចិន​នៅ​មិន​ទាន់​ប្រើ​វិធានការ​ក្ដៅ​តាម​រយៈ​ការ​ប្រើ​កម្លាំង​យោធា​របស់​ខ្លួន​មក​លើ​កោះ​តៃវ៉ាន់​នៅ​ឡើយ​ទេ។ ប្រទេស​ចិន​កុម្មុយនិស្ត​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់ គឺ​ជា​ផ្នែក​មួយ​នៃ​ខេត្ត​ដែល​ជា​ទឹកដី​របស់​ខ្លួន។

ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ព្រមាន​ថា ប្រសិនបើ​ចិន​ប្រើ​មធ្យោបាយ​ក្ដៅ​ដោយ​លើក​ទ័ព​ទៅ​ឈ្លានពាន​ដណ្តើម​យក​អធិបតេយ្យ​លើ​កោះ​តៃវ៉ាន់ ដូច​ដែល​រុស្ស៊ី (Russia) កំពុង​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន (Ukraine) នោះ គោល​នយោបាយ​ចិន​តែ​មួយ​របស់​កម្ពុជា​នឹង​អូសទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ភូមិសាស្ត្រនយោបាយ ហើយ​សន្តិសុខ​របស់​កម្ពុជា​នឹង​ត្រូវ​ប្រឈម​នឹង «គ្រោះថ្នាក់»

ដោយឡែក ជុំវិញលទ្ធផលនៅថ្ងៃទី០៤ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣០ ដល់​ថ្ងៃ​ទី៦ ខែសីហា វិញ លោក គង់ ភោក ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​យល់ស្រប​បន្ត​ផែនការ​សកម្មភាព​ពង្រឹង​ការ​បន្ត​អនុវត្តន៍​សន្ធិសញ្ញា​ស្តីពី​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​រយៈ​ពេល ៥ឆ្នាំ​ទៀត គឺ​ពី​ឆ្នាំ២០២៣ ដល់​ឆ្នាំ២០២៧។ លោក​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក៏​បាន​ឯកភាព​គ្នា​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​ពិគ្រោះ​យោបល់​ផ្ទៃក្នុង ដើម្បី​ឈាន​ទៅ​ចុះ​ហត្ថលេខា​លើ​ពិធីសារ​នៃ​សន្ធិសញ្ញា​លើ​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ។

ក្រៅពី​នេះ ក៏​មាន​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​នឹង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស។ លោក គង់ ភោក អះអាង​ថា នៅ​ក្នុង​កិច្ចប្រជុំ​នេះ គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​លើក​ឡើង​ពី​កង្វល់​នានា ពាក់ព័ន្ធ​នឹង​ការ​ប្រហារ​ជីវិត​លើ​អ្នក​ទោស​នយោបាយ​ភូមា​ចំនួន ៤នាក់ ដែល​ប្រព្រឹត្ត​ដោយ​របប​សឹក​ភូមា​កាល​ពី​ពេល​ថ្មីៗ នេះ ដែល​លោក​ជឿ​ថា នឹង​មិនមែន​ជា​ការ​ដោះស្រាយ​បញ្ហា​នៅ​ភូមា​នោះ​ឡើយ។ ជុំវិញ​បញ្ហា​ភូមា​នេះ លោក គង់ ភោក បញ្ជាក់​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​មិន​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការ​បរទេស​របប​សឹក​ភូមា​ឱ្យ​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥៥ នេះ​ឡើយ ដោយ​ស្នើ​ឱ្យ​ភូមា​ចាត់​បញ្ជូន​តំណាង ដែល​មិនមែន​ជា​អ្នក​នយោបាយ​ឱ្យ​មក​ចូលរួម។ ក៏ប៉ុន្តែ របប​សឹក​ភូមា​បាន​បដិសេធ ដូច្នេះ​លោក​ថា កៅអី​តំណាង​ប្រទេស​ភូមា​ត្រូវ​ទុក​ឱ្យ​នៅ​ទំនេរ។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា នៅ​តែ​ជា​ផ្នែក​មួយ​នៃ​សមាគម​អាស៊ាន​ដដែល ហើយ​មន្ត្រី​របប​សឹក​មីយ៉ាន់ម៉ា នៅ​តែ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស និង​កិច្ចប្រជុំ​ថ្នាក់​ឧត្ដម​មន្ត្រី​អាស៊ាន ដដែល ខណៈ​មីយ៉ាន់ម៉ា គឺ​ជា​ប្រទេស​សម្របសម្រួល​រវាង​អាស៊ាន និង​ចិន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥៥ ជា​ផ្លូវ​ការ នៅ​ព្រឹក​ថ្ងៃពុធ ទី៣ ខែសីហា។ ក្រៅ​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥៥ នេះ កិច្ចប្រជុំ​សំខាន់ៗ មួយ​ចំនួន​ទៀត ដែល​ពិភពលោក​កំពុង​តាមដាន​គឺ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-បូព៌ា​លើក​ទី១២ និង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី២៩ ដែល​នឹង​មាន​វត្តមាន​រដ្ឋមន្ត្រី​ការ​បរទស​របស់​ដៃគូ​អាស៊ាន​សំខាន់ៗ ចូលរួម ដូចជា សហរដ្ឋ​អាមេរិក (U.S.) ចិន (China) ជប៉ុន (Japan) និង​រុស្ស៊ី (Russia) ជា​ដើម។ បញ្ហា​ភាព​តានតឹង​នៅ​កោះ​តៃវ៉ាន់ (Taiwan) កូរ៉េ​ខាង​ជើង (South Korea) សង្គ្រាម​នៅ​អ៊ុយក្រែន (Ukraine) ជម្លោះ​ដណ្ដើម​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង វិបត្តិ​នយោបាយ​នៅ​ភូមា និង​បញ្ហា​ស្ដារ​សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ ត្រូវ​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​ប្រធាន​បទ​ចម្បង​នៃ​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។