ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសនានា បានក្លាយជាសេនាធិការជួយពង្រឹងគណបក្សកាន់អំណាចនៅក្រៅប្រទេសដ៏មានប្រសិទ្ធភាព ក្រោយពេលបក្សកាន់អំណាច បាត់បង់សំឡេងគាំទ្រយ៉ាងគំហុក ដូចស្តែងឲ្យឃើញតាមលទ្ធផលបោះឆ្នោត ចាប់តាំងពីឆ្នាំ២០១៣។ តំណាងសហគមន៍ខ្មែរនៅឯនាយសមុទ្រ និងអ្នកឃ្លាំមើលរិះគន់ថា សកម្មភាពរបស់ឯកអគ្គរាជទូត កំពុងដើរផ្ទុយពីតួនាទីភារកិច្ចដែលកំណត់ដោយច្បាប់។
ស្របពេលដែលគណបក្សប្រជាជនកម្ពុជា បានបង្ក្រាបនិងត្រួតត្រាប្រជាពលរដ្ឋខ្មែរក្នុងស្រុកយ៉ាងណែនក្នុងដៃហើយនោះ បក្សកាន់អំណាចរបស់លោក ហ៊ុន សែន កំពុងតែពង្រីកបណ្ដាញរបស់ខ្លួនដើម្បីតាមដាន និងត្រួតត្រាសហគមន៍ខ្មែរនៅ ក្រៅប្រទេសជាបន្តបន្ទាប់ ដើម្បីធានាឲ្យបាននូវការបិទបញ្ចប់សំឡេងរិះគន់គ្រប់ទីកន្លែង។ ការពង្រាយបណ្ដាញរបស់បក្សកាន់អំណាចនៅក្រៅប្រទេសនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៥ ដោយភាគច្រើនជាមន្ត្រីជាន់ខ្ពស់តាមក្រសួងស្ថាប័នរដ្ឋដូចជា ឯកអគ្គរាជទូត មន្ត្រីយោធា មន្ត្រីស៊ីវិលដែលមានទាំងលុយនិងអំណាច ក្រោមការបង្គាប់បញ្ជារបស់កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលត្រៀមស្នងតំណែងកំពូលតពីឪពុក។
ថ្មីៗនេះ ឯកអគ្គរាជទូតចំនួន ១០រូប ដែលទើបទទួលបានការតែងតាំងថ្មី និងត្រៀមចេញដំណើរទៅបំពេញបេសកកម្មនៅប្រទេសគោលដៅ បានទៅជួបប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ដើម្បីចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រអូសទាញពលរដ្ឋខ្មែរ។ ឯកអគ្គរាជទូតទាំង ១០រូបនោះ រួមមាន៖ លោក កុយ គួង ជាឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា លោក ហ៊ុន សារឿន ជាឯកអគ្គរាជទូតប្រចាំនៅប្រទេសថៃ លោក ជឺនបូរាណ ច័ន្ទបុរី ជាឯកអគ្គរាជទូត ទូតប្រចាំនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ លោក អ៊ិន តារា ជាឯកអគ្គរាជទូតប្រចាំប្រទេសស្វីស លោក លឹម ហុកសេង ជាឯកអគ្គរាជទូតប្រចាំនៅប្រទេសប្រ៊ុយណេ និងលោក អ៊ុក ចាន់ដារ៉ា ជាឯកអគ្គរាជទូតប្រចាំនៅប្រទេសម៉ាឡេស៊ី ជាដើម។
កាលពីថ្ងៃទី២៦ ខែមករា ឯកអគ្គរាជទូតបីជំនាន់ប្រចាំនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ គឺលោក កុយ គួង លោក ចាន់ រតនា និងលោក ជឺនបូរាណ ច័ន្ទបុរី បានជួបប្រជុំជាមួយក្រុមថ្នាក់ដឹកនាំជាង១០រូប នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសទាំងពីរ រួមមានលោក គឹម សន្តិភាព ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ការរៀបចំរចនាសម្ព័ន្ធរបស់បក្សកាន់អំណាចក្នុងការគ្រប់គ្រងសហគមន៍ខ្មែរនៅអូស្ត្រាលី និងនូវែលហ្សេឡង់នេះ បែកចែកជា៩តំបន់ដែលហាក់យកលំនាំតាមរបបខ្មែរក្រហម។
លោក ជឺនបូរាណ ច័ន្ទបុរី មិនខុសពីឯកអគ្គរាជទូតមុនៗទេ គឺ លោកត្រូវធ្វើការសហការជាមួយលោក គឹម សន្តិភាព ដែលតែងតែដើរហែហមលោក ហ៊ុន ម៉ាណែត និងល្បីរឿងប្រើក្បាលខ្សែក្រវាត់ធ្វើពីមាសសុទ្ធ និងដាំពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ទាំងដែលលោកមានប្រាក់ខែរដ្ឋជាង៣លានរៀល ឬក្រោម១ពាន់ដុល្លារ។

លោក គឹម សន្តិភាព បានបង្ហោះសារលើទំព័រហ្វេសប៊ុក(Facebook) ជាបន្តបន្ទាប់កាលពីចុងខែមករាថា ឯកអគ្គរាជទូតទាំង១០ ក៏បានជួបប្រជុំជាមួយលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងភោជនីយដ្ឋានដ៏ថ្លៃមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ មករា។ នៅថ្ងៃដដែលនោះ ឯកអគ្គរាជទូតទាំង១០រូបក៏បានជួបពិភាក្សាជាមួយប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលោក សោម សឿន នៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាដែរ។ បើទោះបីជា លោក គឹម សន្តិភាព និងលោក ហ៊ុន ម៉ាណែត ហាក់បិទបាំង និងបង្ហើបយ៉ាងខ្លីពីជំនួបគ្រាន់តែផ្តល់អនុសាសន៍ឲ្យឯកអគ្គរាជទូតទាំង១០រូប ខិតខំបម្រើជាតិមាតុភូមិក្តី ក៏អ្នកឃ្លាំមើល យល់ថា ពួកគេ គ្មានជជែកអ្វីក្រៅតែពីការបម្រើផលប្រយោជន៍បក្សកាន់អំណាច ជាពិសេសរៀបចំយុទ្ធសាស្ត្របំបែកសហគមន៍ខ្មែរឡើយ។
អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម ថ្លែងថា ឯកអគ្គរាជទូតខ្មែរ គឺជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលត្រូវបំពេញតួនាទី បង្កើតទំនាក់ទំនងល្អរវាងប្រទេសជាដៃគូ និងបម្រើសេវាជូនពលរដ្ឋដោយគ្មានប្រកាន់និន្នាការ ព្រមទាំងខិតខំទាក់ទាញវិនិយោគ រួមទាំងផ្សព្វផ្សាយប្រពៃណីវប្បធម៌ ខ្មែរឲ្យបានទូលំទូលាយជាដើម។ លោកបន្តថា ការបន្ថែមតួនាទីឲ្យឯកអគ្គរាជទូតជាតំណាងគណបក្សប្រជាជនកម្ពុជា គឺជារឿងមិនត្រឹមត្រូវតាមច្បាប់និងធ្វើឲ្យបាត់តម្លៃខ្លួនឯង និងខូចឈ្មោះប្រទេសជាតិថែមទៀត ដោយសារតែបក្សកាន់អំណាច មានកេរ្តិ៍ឈ្មោះអសោចរឿងពុករលួយ និងការរំលោភសិទ្ធិមនុស្ស ជាពិសេសការធ្វើការនយោបាយបែបព្រៃផ្សៃ។ ម្យ៉ាងវិញទៀត លោក ហុង លីម បន្តថា ប្រសិនបើនៅពេលខាងមុខ មានការរៀបចំឲ្យពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត នៅក្រៅប្រទេស ក្រោមការរៀបចំនៅតាមស្ថានទូតនោះ គឺមិនអាចធ្វើឲ្យមានការជឿទុកចិត្តលើភាពត្រឹមត្រូវនិងយុត្តិធម៌ឡើយ។

លោក ហុង លីម៖ «ពិសេសគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល ដែលគេស្អប់អស់មួយផែនដីជាពិសេសពិភពលោកសេរី ដោយសារអំពើពុករលួយ បំផុត ឈ្លានពានប្លន់ទឹកប្លន់ដីគេ ប្លន់សិទ្ធិមនុស្ស និងព្រៃផ្សៃខាងនយោបាយ។ ពេលគាត់ ( ឯកអគ្គរាជទូត ) ធ្វើជាតំណាងគណបក្ស គឺគ្រាន់តែយើងដើរចូលទៅជួបគេ គេខ្ពើម មិនចង់មើលមុខយើងទេគ្រាន់តែគេគួរសម គេចេះតែចាប់ដៃទៅ។ ប៉ុន្តែ គេមើលងាយ គេជ្រេញហ្មង ព្រោះយើងអត់មានកម្រិតជាអន្តរជាតិ»។
អ្នកដែលចាប់ផ្តើមបោះបង្គោលគណបក្សប្រជាជនកម្ពុជានៅលើទឹកដីបរទេសនេះ គឺឯកអគ្គរាជទូត ៧រូប ដែលបានតែងតាំងពីឆ្នាំ២០១៥ ហើយត្រូវធ្វើការជាមួយលោក ហ៊ុន ម៉ាណែត ដូចជា លោក កុយ គួង អតីតឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ និងលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិកជាដើម។ ឯកអគ្គរាជទូតទាំងអស់ សុទ្ធតែមានតួនាទីជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសដែលពួកគេកំពុងបំពេញបេសកកម្មការទូត។ តួនាទីការងារបក្សនេះ នឹងផ្លាស់ប្តូរទៅឲ្យឯកអគ្គរាជទូតថ្មីដែលចូលមកជំនួស។ ឯកអគ្គរាជទូតទាំងនេះ មានតួនាទីចុះពង្រឹងបក្សជាប្រចាំ។ លើសពីនេះ
ឯកអគ្គរាជទូតប្រចាំប្រទេសមួយចំនួន ដូចជាប្រទេសអូស្ត្រាលីជាដើម តែងតែដើរជាមួយក្រុមថ្នាក់ដឹកនាំបក្សកាន់អំណាច ដែលជិះយន្តហោះមកចំណាយលុយរាប់ម៉ឺនដុល្លាររៀបចំកម្មវិធីជប់លៀងដើម្បីកៀរគរពលរដ្ឋខ្មែរឲ្យងាកទៅគាំទ្របក្សកាន់អំណាច មិនថាថ្ងៃចុងសប្តាហ៍ ឬដើមសប្តាហ៍នោះទេ។ លើសពីនេះ កន្លងមក លោក គឹម សន្តិភាព បានបង្ហោះសារបង្ហាញពីអតីតឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី លោក ចាន់ រតនា បានយកត្រាស្ថានទូតដើម្បីវាយទិដ្ឋាការ ឬវីសា(Visa )ប្រភេទពិសេសដល់ពលរដ្ឋខ្មែរដែលទៅចូលរួមកម្មវិធីបក្សកាន់អំណាចថែមទៀត។មិនត្រឹមតែប៉ុណ្ណោះទេ ឯកអគ្គរាជទូតខ្លះ ក៏តែងតែយកទីតាំងស្ថានទូតសម្រាប់ប្រជុំបក្សជាដើម ។ ទង្វើទាំងនេះផ្ទុយពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា៨០ និងមាត្រា៨២ ដែលហាមមន្ត្រីរាជការទាំងអស់ មិនឲ្យប្រើប្រាស់អគារ ថវិកា និងសម្ភារៈដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាឲ្យគណបក្សណាមួយ ឬបេក្ខជនណាម្នាក់ឡើយ។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក កុយ គួង ជាឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា និងអ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខឿន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន បកស្រាយថា ឯកអគ្គរាជទូត ជាមន្ត្រីដែលត្រូវបានតែងតាំងចេញពីគណបក្សឈ្នះឆ្នោត ដូច្នេះពួកគាត់ មានសិទ្ធិធ្វើការងារបក្សផងនិងធ្វើការងារទូតផង។

លោក សុខ ឥសាន៖ «គេមានច្បាប់ គេមិនដាច់ខាត់ថា ឱ្យតែអ្នកឯងធ្វើមន្ត្រីរាជការហើយអ្នកឯងមិនធ្វើការងារនយោបាយ គឺអត់ទេ។ គេមានច្បាប់ ប៉ុន្តែគេកំណត់លក្ខខណ្ឌពេលវេលា ។ ឧបមាថា ជាមន្ត្រីរាជការ គេធ្វើនយោបាយក្រៅម៉ោងស្នូលនៃមន្ត្រីរាជការ មិនប្រើប្រាស់មធ្យោបាយរបស់រដ្ឋទៅបម្រើនយោបាយ របស់គណបក្ស។ គេមានលក្ខខណ្ឌអ៊ីចឹង»។
បន្ថែមពីនេះ លោក សុខ ឥសាន លើកឡើងថា ករណីមន្ត្រីជាន់ខ្ពស់តាមក្រសួងស្ថាប័នផ្សេងទៀត ដូចជាករណីលោក គឹម សន្តិភាព ចំណាយពេលវេលាច្រើន ដើរពង្រឹងគណបក្សរហូតដល់កន្លះខែក៏មាននោះ ដោយសារថ្នាក់ដឹកនាំក្រសួងបានអនុញ្ញាតច្បាប់ ហើយការចំណាយផ្សេងៗ គឺជាបន្ទុករបស់ខ្លួន និងគណបក្សផ្ទាល់។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ មិនសប្បាយចិត្ត ចំពោះការសួរនាំអំពីប្រភពលុយសម្រាប់ចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នៅក្រៅប្រទេសនោះទេ។
លោក សុខ ឥសាន៖ «អ្នកដែលចោទប្រកាន់ វាអត់យល់ ដូចជាឯកឧត្តម គឹម សន្តិភាព ជាអ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ តែពេលដែលគាត់មកធ្វើការងារនយោបាយនៅអូស្ត្រាលីនេះ គឺគាត់សុំច្បាប់ក្រសួង។ រដ្ឋមន្ត្រីអនុញ្ញាតច្បាប់ឱ្យគាត់។ ដូច្នេះគាត់ចង់កន្លះខែក៏បាន ចង់មួយខែក៏បាន ឱ្យតែឯកឧត្តមរដ្ឋមន្ត្រីអនុញ្ញាតច្បាប់ឱ្យគាត់សម្រាកពីការងារស្នូល»។
ប៉ុន្តែអតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ អស់សំណើច និងច្រានចោលការយល់ឃើញរបស់លោក សុខ ឥសាន នេះ។ លោក ហុង លីម បញ្ជាក់ថា សកម្មភាពរបស់ឯកអគ្គរាជទូតនិងមន្ត្រីរាជការដែលចំណាយពេលវេលាដើរ ពង្រឹងបក្សនៅក្រៅប្រទេសនេះ គឺជារឿងមិនត្រឹមត្រូវហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ហើយប្រសិនបើប្រទេសដែលមានប្រជាធិបតេយ្យនិងនីតិរដ្ឋពិតប្រាកដវិញ គឺមន្ត្រីបែបនេះ នឹងត្រូវប្រឈមការបណ្តេញចេញពីតួនាទី។
ជាមួយគ្នានេះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត និយាយថា ឯកអគ្គរាជទូត ដែលត្រូវបានព្រះមហាក្សត្រ តែងតាំង គឺជាតំណាងជាតិទាំងមូល ដើម្បីការពារផលប្រយោជន៍ជាតិនិងផលប្រយោជន៍ពលរដ្ឋ។ លោកចាត់ទុកថា ករណីឯកអគ្គរាជទូត ក្លាយជាតំណាងបក្ស គឺជាការដើរផ្ទុយពីតួនាទីភារកិច្ចរបស់ខ្លួន ហើយអាចធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិ និងធ្វើឲ្យបែកបាក់ក្នុងចំណោមសហគមន៍ខ្មែរទៀតផង។

លោក វ៉ន ចាន់ឡូត៖ «គាត់ ( ឯកអគ្គរាជទូតមិនមែនជាអ្នកនយោបាយដូច តំណាងរាស្ត្រទេ កន្លែងនេះដែលយើងត្រូវយល់តែដោយសារមានការបកស្រាយ ឬក៏បក្សនយោបាយ មានឥទ្ធិពលជាងឧត្តមប្រយោជន៍របស់ជាតិ ដូច្នេះហើយធ្វើឲ្យបុគ្គលទាំងនោះ ត្រូវគិតឡើងវិញអំពីការតម្កល់ផលប្រយោជន៍បក្ស និងការតម្កល់ផលប្រយោជន៍ជាតិ។ ប្រសិនបើគាត់ ជាបុគ្គលដើម្បីរក្សានូវប្រយោជន៍ជាតិពេល ខ្លះវាផ្ទុយពីអ្វីដែលបក្សចង់បាន ឬបក្សដែលបញ្ជូនបុគ្គលនីមួយៗទៅនោះ មិនឃើញថា មានផលអីចំណេញសម្រាប់បក្សនយោបាយហ្នុងទេ ពេលខ្លះវាប៉ះពាល់ ដល់តួនាទីរបស់គាត់ដែរ»។
អ្នកសិក្សាផ្នែកច្បាប់រូបនេះ បន្តថា ចំពោះករណីមន្ត្រីរាជការដែលប្រើពេលវេលា នៅក្នុងម៉ោងការងាររដ្ឋ ដើរឃោសនាឲ្យបក្សកាន់អំណាច គឺជារឿងមិនត្រឹមត្រូវឡើយ ទោះបីជាមានការអនុញ្ញាតពីថ្នាក់ដឹកនាំស្ថាប័នក៏ដោយ។ លោកស្នើឲ្យ មន្ត្រីបក្សកាន់អំណាច បែកចែកឲ្យដាច់កុំឲ្យឡូកឡំរវាងការងាររដ្ឋ និងការងារបក្ស។
លោក វ៉ន ចាន់ឡូត៖ «សកម្មភាពទាំងអស់នោះ វាមិនបានផ្ដោតទៅលើផលប្រយោជន៍ជាតិទេ ព្រោះអ្នកនយោបាយទាំងអស់នោះ ងាកៗគាត់ចេញបេសកកម្ម ទៅក្រៅ គាត់បែរជាយកឱកាសហ្នឹងដើម្បីតែផ្សព្វផ្សាយអំពីសមិទ្ធផល និងរឿងល្អៗរបស់ខ្លួន ។ គាត់អត់បានយកឱកាសនៃការចេញបេសកកម្មទៅក្រៅដើម្បីជួបនូវប្រទេសអភិវឌ្ឍន៍ទាំងអស់ហ្នឹងថា តើត្រូវជជែកយ៉ាងម៉េចដើម្បីឲ្យគេមានឱកាសមកវិនិយោគ មកបង្កើនការងារ ឬក៏ជំរុញឲ្យមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា ដូចជាកម្រឃើញមានណាស់ ប៉ុន្តែអ៊ីចឹងហើយដែលខ្ញុំមើលឃើញថា រូបភាពនយោបាយកំពុងតែដើរប្រាស់ចាកអំពីផលប្រយោជន៍របស់ជាតិ»។
ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា៨៣ ចែងថា បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការងារឬស្ថិតនៅក្រៅម៉ោងការងារ ឬមិនស្ថិតក្នុងពេលបំពេញការងារក្នុងសមត្ថភាពផ្លូវការ មន្ត្រីរាជការទាំងអស់ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំទ្រគណបក្សនយោបាយឬបេក្ខជនណាបាន ប៉ុន្តែមិនត្រូវពាក់ឯកសណ្ឋាន និងអាវុធជាប់នឹងខ្លួនឡើយ។ ចំណែកកំឡុងពេលម៉ោងធ្វើការមិនបានអនុញ្ញាតនោះទេ។ ប៉ុន្តែអ្នកឃ្លាំមើលសង្កេតឃើញថា មន្ត្រីរាជការមួយចំនួនរួមទាំងលោក ហ៊ុន ម៉ាណែត តែងចុះឃោសនារកសំឡេងឆ្នោតឲ្យបក្សកាន់អំណាច ដោយមិនខ្វល់នៅក្នុងម៉ោងការងាររដ្ឋឡើយ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា កិច្ចខិតខំប្រឹងប្រែងរបស់បក្សកាន់អំណាច ដែលប្រើប្រាស់គ្រប់មធ្យោបាយ រួមទាំងប្រើប្រាស់ឯកអគ្គរាជទូត ដើម្បីអូសទាញពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យងាកទៅគាំទ្របក្សកាន់អំណាចនេះ នឹងកាន់តែធ្វើសហគមន៍ខ្មែរបែកបាក់ប្រេះឆា ហើយមិនអាចទទួលបានការគាំទ្រច្រើននោះទេ ប្រសិនបើមិនមានការដោះស្រាយបញ្ហានៅក្នុងសង្គម។ ពួកគាត់ មើលឃើញថា ប្រជាពលរដ្ឋ និងយុវជន មិនពេញចិត្តគណបក្សប្រជាជនកម្ពុជា ដោយសារតែអំពើអយុត្តិធម៌សង្គម អំពើពុករលួយ ការបំផ្លាញទ្រព្យសម្បត្តិជាតិ និងការរំលោភសិទ្ធិពលរដ្ឋជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
