អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ កំពុងសិក្សាផ្លូវច្បាប់ប្ដឹងក្រុមលោក គឹម សន្តិភាព ដែលយកឥទ្ធិពលបក្សកាន់អំណាច បង្កបញ្ហានៅប្រទេសអូស្ត្រាលី និងធ្វើឲ្យខ្មែរនៅទីនោះបែកបាក់គ្នា។ ឆ្លើយតបរឿងនេះ អ្នកនាំពាក្យកាន់អំណាចថា គណបក្សនេះមិនបារម្ភនឹងគម្រោងប្ដឹងផ្តល់របស់អតីតសមាជិកប្រទេសអូស្ត្រាលីនោះទេ។
អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរលោក ហុង លីម ប្រាប់វិទ្យុអាស៊ីសេរីថា ដើម្បីមានមូលដ្ឋានផ្លូវច្បាប់រឹងមាំក្នុងការចោទប្រកាន់ក្រុមលោក គឹម សន្តិភាពដែលតំណាងឲ្យគណបក្សគណបក្សប្រជាជនកម្ពុជាទៅចាក់ឬសគល់វប្បធម៌នយោបាយផ្ដាច់ការនៅប្រទេសអូស្ត្រាលីលោកបានជជែកជាមួយអ្នកច្បាប់ហើយលោកគ្រោងនឹងយកបញ្ហានេះទៅប្រាប់តំណាងរាស្ត្រអូស្ត្រាលីក្នុងតំបន់របស់លោកឲ្យដឹងពីរឿងនេះ។
អតីតតំណាងរាស្ត្ររូបនេះព្រួយបារម្ភថាបើគ្មានការទប់ស្កាត់ក្រុមពង្រឹងបក្សនៃគណបក្សប្រជាជនកម្ពុជានៅអូស្ត្រាលីនេះទេនោះក្រុមនេះនឹងធ្វើអោយសហគមន៍ខ្មែរនៅទីនោះបែកបាក់ថែមទៀតព្រោះក្រុមលោក គឹម សន្តិភាពប្រើប្រាស់លុយនិងការផ្ដល់ប្រយោជន៍ដើម្បីទិញទឹកចិត្តខ្មែរនៅអូស្ត្រាលីឲ្យគាំទ្រខ្លួន៖ «រឿងប្ដឹងចំពោះខ្ញុំផ្ទាល់ក្រុមខ្ញុំកំពុងពិនិត្យហើយកំពុងស៊ើបអង្កេតហើយ ហើយ ពិសេសកំពុងសាកល្បងថា តើធ្វើយ៉ាងម៉េចឲ្យមានប្រសិទ្ធភាពនោះ»។
ជំហររបស់លោក ហុង លីម បែបនេះក្រោយពេលគណបក្សប្រជាជនកម្ពុជាបានរៀបចំរចនាសម្ព័ន្ធនៅប្រទេសអូស្ត្រាលីតាមរដ្ឋនានាដែលមានពលរដ្ឋខ្មែររស់នៅច្រើន។កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាប្រធានចំណែករដ្ឋលេខាធិកាការក្រសួងយុត្តិធម៌លោក គឹម សន្តិភាព ដែលជាមនុស្សជំនិតលោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងចលនាយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងប្រទេសណូវែលហ្សេឡង។
ជុំវិញគម្រោងប្ដឹងពីអតីតសមាជិកសភាអូស្ត្រាលីបែបនេះវិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីលោក គឹម សន្តិភាព បានទេនៅថ្ងៃទី១៨ ខែសីហា។ រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា គណបក្សប្រជាជនកម្ពុជាមិនបារម្ភពីគម្រោងប្ដឹងនេះទេព្រោះលោកយល់ថា គម្រោងនេះនឹងមិនទទួលជោគជ័យឡើយ។អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះចោទសួរទៅសហគមន៍ខ្មែរនៅអូស្ត្រាលីវិញថាបក្សប្រឆាំងធ្វើសកម្មភាពនយោបាយនៅអូស្ត្រាលីបានហេតុអីគណបក្សកាន់អំណាចធ្វើមិនបាន?៖ « សមាជិកគណបក្សប្រជាជនទៅដើម្បីសំណេះសំណាលកសាងមូលដ្ឋានជាយុវជន ជាអីមូលហេតុអី ? កុំឲ្យគម្រាមកំហែងខុសច្បាប់អូស្ត្រាលី ហើយមិនមែនខ្មែរនៅហ្នឹងអ្នកនិយាយទេ វាត្រូវអាជ្ញាធរអូស្ត្រាលីគេរករឿងបានត្រូវ»។
ឆ្លើយតបការលើកឡើងនេះប្រធានគណបក្សសង្រ្គោះជាតិប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលីលោក អ៊ិន ហេមរា អះអាងថា គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំកម្ពុជាតាមរបៀបផ្តាច់ការ ហើយរងការចោទប្រកាន់គ្រប់ទិសថា ជាគណបក្សរំលោភសិទ្ធិមនុស្សដែលផ្ទុយពីគណបក្សសង្រ្គោះជាតិជាអ្នកប្រជាធិបតេយ្យ។លោកអះអាងថាប្រទេសអូស្ត្រាលីមានច្បាប់ហាមរដ្ឋបរទេសជ្រៀតជ្រែកនយោបាយនិងសិទ្ធិរបស់ពលរដ្ឋប្រទេសនេះ។ សកម្មជនគណបក្សប្រឆាំងរូបនេះគាំទ្រគំនិតផ្ដួចផ្ដើមរបស់អតីតសមាជិកសភាអូស្ត្រាលីលោក ហុង លីម ដែលគ្រោងប្ដឹងក្រុមលោក គឹម សន្តិភាព នេះ៖ «បើសិនជាជនណាមករស់នៅជាសញ្ជាតិអូស្ត្រាលីហើយឃុបឃិតឬក៏ចូលរួមធ្វើសកម្មភាពរំលោភច្បាប់អូស្ត្រាលីឬក៏គាំទ្រជនផ្ដាច់ការយើងអាចមើលជាផ្លូវច្បាប់ហើយដាក់ទៅអូស្ត្រាលី » ។
ខ្មែរនៅអូស្ត្រាលីចោទគណបក្សប្រជាជនកម្ពុជាធ្វើឱ្យមានការបែកបាក់ខ្មែរនៅប្រទេសនេះ។ សហគមន៍ខ្មែរនៅអូស្ត្រាលីឲ្យដឹងថាក្រុមលោក គឹម សន្តិភាព បានសហការគ្នាជាមួយស្ថានទូតខ្មែរប្រចាំនៅប្រទេសនេះដើរទិញទឹកចិត្តពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរហើយជារៀងរាល់ឆ្នាំពួកគេតែងធ្វើពិធីដឹងគុណថ្ងៃ៧ មករា និងធ្វើឲ្យមានជម្លោះក្នុងវត្តអារាមជាដើម។ កាលពីដើមខែមីនា ឆ្នាំ២០១៨ ជនអនាមិកម្នាក់បានផ្ញើលិខិតមួយច្បាប់ទៅកាន់ សហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្មក្នុងរដ្ឋវីកតូរីយ៉ា (Victoria) ដោយគំរាម សម្លាប់មនុស្ស លោក ហុង លីម និងមនុស្សសំខាន់ៗ៣នាក់ផ្សេងទៀត។
កាលពីពេលថ្មីៗនេះរដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីកំពុងរៀបចំកែប្រែច្បាប់ដាក់ទណ្ឌកម្មរបស់ខ្លួនឱ្យកាន់តែមានទម្ងន់លើឆាកអន្តរជាតិ។ ច្បាប់ថ្មីនេះនឹងធ្វើឲ្យអូស្ត្រាលីមានសមត្ថភាពដាក់ទណ្ឌកម្មហិរញ្ញវត្ថុហាមឃាត់បុគ្គលនិងអង្គភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម និងទុច្ចរិតទាំងនោះមិនឲ្យជាន់ទឹកដីអូស្ត្រាលីទោះជននោះប្រព្រឹត្តបទល្មើសនៅទីណាក៏ដោយ។ ខ្មែរនៅអូស្ត្រាលីថា មេដឹកនាំកម្ពុជាដែលរំលោភសិទ្ធិមនុស្សនឹងបានភ្លក់រសជាតិនៃទណ្ឌកម្មច្បាប់អូស្ត្រាលី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។