ខ្មែរ​នៅ​អូស្ត្រាលី​ស្នើ​ទៅ​សមាជិក​សភា​ឱ្យ​សួរ​​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​រឿង​ផ្ដល់​ជំនួយ​​​​ដល់​​យោធា​​កម្ពុជា​​ខណៈ​​វិស័យ​​នេះ​​កំពុង​​រំលោភ​​សិទ្ធិមនុស្ស

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​លើក​ឡើង​ថា​ រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្ដល់​ជំនួយ​លើ​វិស័យ​យោធា និង​នគរបាល ​ក្នុង​គោលបំណង ដើម្បី​លើក​ស្ទួយ​វិស័យ​សិទ្ធិ​មនុស្ស និង​ការពារ​ជាតិ ប៉ុន្តែ ​កង​កម្លាំង​កម្ពុជា​កំពុង​រំលោភ​សិទ្ធិ​មនុស្ស។ អ្នកនាំពាក្យ​​កងទ័ព​ជើងគោក កម្ពុជា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​​អះអាង​ថា​​ កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា បំពេញ​ការងារ​ដើម្បី​​ជាតិ​និង​ការពារ​ព្រំដែន។​

​សហគមន៍​ខ្មែរ​​​អូស្ត្រាលី បាន​ផ្ញើ​លិខិត ទៅ​តំណាង​រាស្ត្រ​របស់​ខ្លួន ស្នើ​រដ្ឋាភិបាល​អូស្ត្រាលី ឱ្យ​ជំរុញ​ទៅ​របប​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា​រឿង​ទាមទារ​យុត្តិធម៌​សង្គម។

លិខិត​នោះ​បាន​បញ្ជាក់​ថា របប​ក្រុង​ភ្នំពេញ ​កំពុង​ប្រើប្រាស់​កងកម្លាំង​ឱ្យ​រំលោភ​សិទ្ធិមនុស្ស​រួមមាន​​ កងកម្លាំងប្រដាប់អាវុធ ​បង្ក្រាប​លើ​សកម្មជន​បក្ស​ប្រឆាំង​ សកម្មជន​បរិស្ថាន​ និង​អ្នក​ទាមទារ​យុត្តិធម៌​​សង្គម​ជា​ដើម​។​ ពួកគេ​ស្នើ​ឲ្យ​តំណាង​រាស្ត្រ​ក្នុង​តំបន់​របស់​ពួកគេ​​របស់​នៅ ដេញដោល​សួរ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី ​​អំពី​ជំនួយ​ថវិកា​​ដែល​អូស្ត្រាលី​បាន​ផ្តល់​ជូន​របប​ក្រុង​ភ្នំពេញ​លើ​ការ​ហ្វឹកហាត់​​កង​កម្លាំង​កម្ពុជា​កន្លង​មក ហេតុ​អ្វី​បាន​ជា​ពេល​នេះ ​កងកម្លាំង​​បែរ​ ប្រើប្រាស់​ការ​បង្រ្កាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ដែល​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​វិញ។

លេខា​គណ​បក្ស​សង្គ្រោះ​ជាតិ​រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង​លោក​ ខៀវ​ តារា​ ឱ្យ​​ដឹង​ថា​ ការ​ដាក់​លិខិត​របស់​ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​ពេលនេះ ​គឺ​ចង់​ឱ្យ​អូស្ត្រាលី​សើរើ​ជំនួយ​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ឱ្យ​កង​កម្លាំង​នៅ​កម្ពុជា​។​ លោក​ឱ្យ​ដឹង​ថា​ លិខិត​នេះ ​គឺ​ចាប់​ផ្ដើម​ធ្វើ​ពី​រដ្ឋ​ស៊ីដនី(SYDNEY) និង​បន្ត​ធ្វើ​ទៅ​រដ្ឋ​ផ្សេង​ផ្សេង​ទៀត ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​។ លោក​ថា​ ជា​គោល​ការណ៍​ក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ពេល​មាន​សំណើ​ពី​ពលរដ្ឋ​បែបនេះ ​រដ្ឋសភា​និង​រដ្ឋាភិបាល​​​​មាន​កាតព្វកិច្ច​ត្រូវ​ឆ្លើយ​បំភ្លឺ៖ «ដូច្នេះ​ហើយ​យើង​ចង់​ដឹង​ថា ក្នុង​ពេល​ពង្រឹង​កងទ័ព​ទាំង​នេះ​អូស្ត្រាលី​ដឹង​ទេ​ថា នៅ​ប្រទេស​កម្ពុជា​ប៉ូលិស​ទាហាន​រំលោភ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា »

លោក ខៀវ តារា រំពឹង​ថា នៅ​ពេល​សមាជិក​សភា​តាម​រដ្ឋ​នានា​ទទួល​បាន​លិខិត​នេះ​ហើយ គឺ​ពួក​គេ​នឹង​សួរ​ដេញដោល ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នៅ​ក្នុង​រដ្ឋសភា។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​កង​ទ័ព​ជើង​គោក​លោក ម៉ៅ ផល្លា ប្រាប់​អាស៊ី​សេរី​ថា​ លោក​មិន​ដែល​ទទួល​បាន​ព័ត៌មាន​ណាមួយ​ថា កងទ័ព​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ឡើយ។ ប៉ុន្តែ​នៅ​ពេល​អ្នក​សារព័ត៌មាន​អាស៊ីសេរី​លើក​ឡើង​ពី​ករណី​កង​កម្លាំង​ទាហាន​វាយ​បង្ក្រាប​លើ​ក្រុម​បាតុករ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ២០១៤ កន្លង​ទៅ អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា កម្លាំង​ពេល​នោះ​មិន​មែន​ជា​កងទ័ព​របស់​កងទ័ព​ជើង​គោក​ទេ គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រសួង​ការពារ​ជាតិ​ផ្ទាល់។ លោក​ឱ្យ​ដឹង​ទៀត​ថា សព្វ​ថ្ងៃ​កង​ទ័ព​ជើង​គោក​មាន​ភារៈ​កិច្ច​សំខាន់​គឺ​ការពារ​តំបន់​ព្រំដែន៖ «អត់​ដែល​ឮ​ថា មាន​កងទ័ព​ណា​ប្រព្រឹត្ត​អំពើ​ហិង្សា​អី​ផង។ មិន​ដឹង​គេ​បាន​ព័ត៌មាន​ពី​ណា​មក​ខ្ញុំ​អត់​ដឹង​ដែរ កងទ័ព​ខ្ញុំ​អត់​ដែល​មាន​ទេ»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ តាម​ទូរស័ព្ទ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៤ កញ្ញា​នេះ។

ទោះ​យ៉ាង​ណា​ក្ដី អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក លោក​ ស៊ឹង ​សែនករុណា​ សង្កេត​ឃើញ​ថា​ ក្នុង​ការ​បង្ក្រាប​ការ​ទាមទារ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​កន្លង​មក​អាជ្ញាធរ​ឬ​រដ្ឋាភិបាល​តែ​ង​យក​កង​កម្លាំង​យោធា​ និង​ប៉ូលិស​មក​ទប់​ស្កាត់ ឬ​បង្ក្រាប។ លោក​ថា ​​រូប​ភាព​នេះ​​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា កង​កម្លាំង​ទាំង​នោះ​មិន​សមាមាត្រ និង​បាតុករ​ឡើយ​​ ក្នុងពេល ​ក្រុម​បាតុករ​គ្មាន​អាវុធ​ក្នុង​ដៃ​ប៉ុន្តែ​ក្រុម​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ៖ «មិន​មែន​ថា បាតុករ​បាតុកម្ម​សមត្ថកិច្ច​រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​ទប់​ស្កាត់ ឬ​បង្ក្រាប​ទេ។ អ៊ីចឹង​គួរ​តែ​មាន​ការ​ទប់​ស្កាត់ ឬ​បង្ក្រាប​ដោយ​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ »

ជុំវិញ​ការ​ដាក់​លិខិត​នេះ អាស៊ីសេរី​មិន​ទាន់​ការ​ឆ្លើយតប​ពី​សមាជិក​សភា​អូស្ត្រាលី​អ្នកស្រី Julie Owens បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី២៤ ខែកញ្ញា។

កាល​ពី​ដើម​ឆ្នាំ២០១៤ និង​ចុង​ឆ្នាំ២០១៣ ​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល រួម​មាន ទាហាន​ឆត្រយោង​៩១១ ក្នុង​ការ​បង្ក្រាប​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ នៅ​ផ្លូវ​ជាតិ​លេខ៤ និង​នៅ​ផ្លូវ វេង ស្រេង ដែល​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់ និង​រង​របួស។ ក្រៅ​ពី​នេះ កាល​ពី​ឆ្នាំ២០១៩ នៅ​ខេត្ត​ព្រះសីហនុ មន្ត្រី​យោធា​ម្នាក់ បាន​ធាក់​ទៅ​លើ​បុរស​ជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់​ទាំង​បុរស​នោះ​ដៃ​ជាប់​ខ្នោះ មន្ត្រី​យោធា​នោះ បាន​យក​ស្វ័យ​កាំភ្លើង AK វាយ​ពលរដ្ឋ​រូប​នោះ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។