កម្ពុជា​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ចូលរួម​ការបោះឆ្នោត​ជាតិ​ខាង​មុខ

ដោយ ម៉ៅ សុធានី
2023.03.24
Share on WhatsApp
Share on WhatsApp
កម្ពុជា​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ចូលរួម​ការបោះឆ្នោត​ជាតិ​ខាង​មុខ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ។
រូប៖ ហ្វេសប៊ុក​គ.ជ.ប

កម្ពុជា​ស្នើ​រដ្ឋាភិបាល​បារាំង​ឲ្យ​បញ្ជូន​អ្នកសង្កេតការណ៍​មក​ចូលរួម​ការបោះឆ្នោត​សកល​នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ ក៏ប៉ុន្តែ​បារាំង​នៅ​មិនទាន់​ឆ្លើយតប ថា តើ​នឹង​បញ្ជូន​ឬ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត មក​កម្ពុជា​នៅ​ឡើយ​ទេ។

ការ​ស្នើសុំ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) លោក ប្រាជ្ញ ចន្ទ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ និង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​បារាំង ខណៈ​លោក ប្រាជ្ញ ចន្ទ បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង ដើម្បី​សិក្សា​ស្វែង​យល់ និង​ផ្លាស់ប្ដូរ​បទពិសោធន៍ អំពី​ការរៀបចំ​ការបោះឆ្នោត​នៅ​សាធារណរដ្ឋ​បារាំង ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៣។

គេហទំព័រ​ហ្វេសប៊ុក​របស់​គ..ប ឱ្យ​ដឹង​ដែរ​ថា ក្រៅពី​ប្រទេស​បារាំង រដ្ឋាភិបាល​កម្ពុជា ក៏បាន​អញ្ជើញ​អ្នកសង្កេតការណ៍ មកពី​ប្រទេស​អង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និង​ប៉ាលេស្ទីន (Palestine) ដើម្បី​ពិនិត្យមើល​ដំណើរការ​បោះឆ្នោត​នៅ​ខែកក្កដា ខាងមុខ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ទទួល​ចម្លើយ​នៅឡើយ​ទេ​។ រហូត​មក​ដល់​ពេល​នេះ មានតែ​រដ្ឋាភិបាល​ជប៉ុន​ប៉ុណ្ណោះ ដែល​ផ្តល់​ជំនួយ​ដល់​កម្ពុជា​លើ​វិស័យ​អប់រំ និង​បច្ចេកទេស​សំរាប់​ការបោះឆ្នោត។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត នៅ​ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅឡើយ​ទេ​។ អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា អះអាង​ថា ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៧​មក បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប បាន​កាត់ផ្ដាច់​ទាំងស្រុង ដោយ​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​ណា​ម្នាក់ ឬ​ផ្តល់​ជំនួយ​សំរាប់​ការ​បោះឆ្នោត​អ្វី​ឡើយ សូម្បីតែ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាលពី​ឆ្នាំ​២០២២ កន្លង​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។