ជន​ភៀស​​ខ្លួន​នយោបាយ​នៅ​ថៃ និង​ម៉ាឡេស៊ី​បារម្ភ​ពី​សុវត្ថិភាព​ ក្រោយ​ពេល​ទទួល​សារ​គំរាម​ព្រមៗ គ្នា

0:00 / 0:00

សកម្មជន​បក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេសថៃ និង​ម៉ាឡេស៊ី ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​កាន់​តែ​ខ្លាំងក្រោយ​ពេល​ពួក​គេ​ទទួល​បានសារ​គំរាមជាបន្ត​បន្ទាប់​ពីអ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ​មន្រ្តីសិទ្ធិមនុស្ស​ចាត់ទុក​សារ​នោះជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សិទ្ធិនិង​រំលោភ​លើ​គោលការណ៍​ច្បាប់។

ជនភៀស​ខ្លួន​គណបក្ស​សង្គ្រោះជាតិ​ដែល​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​និង​ការ​ចាប់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថាពួកគាត់​បាន​ទទួល​សារ​គំរាម​កំហែង​រហូត​ដល់​អាយុជីវិត​ពី​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាចបើសិនពួកគេ​បន្តធ្វើ​សកម្មភាព​លើ​បណ្តេញ​សង្គម​គាំទ្រ​គណបក្ស​ប្រឆាំង។

ប្រធាន​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ អ្នកស្រី ជុំ សោភ័ណ្ឌ ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី១០ខែកក្កដា​ថាអ្នកស្រី​បារម្ភថា អាច​នឹង​មាន​ការ​ចាប់​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ប្រទេសថៃ​ត្រឡប់​ទៅ​កម្ពុជា​វិញដោយ​សារថ្មីៗ​ នេះមាន​ករណី​ជន​មិនស្គាល់​អត្តសញ្ញាណ​តាម​ដាន​ពួក​អ្នកស្រី​ពេល​ធ្វើដំណើរ​ចេញ​ពី​បន្ទប់​ជួល។ ទន្ទឹម​នឹង​នេះអ្នកស្រី​ត្រូវ​បុគ្គល​ម្នាក់​ដែល​អះអាងថា ខ្លួនកំពុង​ស្នាក់​នៅ​ប្រទេសថៃ​បាន​យក​ហ្វេសប៊ុក​ឈ្មោះ ពូ ថា ផ្ញើសារ​មក​គំរាម​សម្លាប់​អ្នកស្រី​ជា​ភាសាថៃដែល​វិទ្យុអាស៊ីសេរី​បាន​ឃើញដែរ​នោះមាន​ន័យជា​ខ្មែរ​ថា "បើខ្ញុំ​ចង់​ឱ្យ​ងាប់គឺ​ងាប់"។ អ្នកស្រីថា ទទួលបាន​សារ​នោះ បន្ទាប់​ពី​អ្នកស្រី​បញ្ចេញ​មតិរិះគន់​រដ្ឋាភិបាល​កម្ពុជា។ ទោះយ៉ាងណា ជនភៀស​ខ្លួន​នយោបាយ​រូបនេះ​បញ្ជាក់ ថា ការ​គម្រាមនោះ​មិនអាច​រារាំង​ដល់​ការ​បញ្ចេញមតិ​របស់អ្នកស្រី​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​នោះ​ទេ៖ «ឆាត​គំរាម​ចូល​ទូរស័ព្ទ​យើង គំរាម​សម្លាប់​យើង​អ៊ីចឹង ទោះ​យ៉ាងណា​យើង​អត់​តក់​ស្លុត​ទេ ព្រោះ​យើង​អត់​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​លំបាក​យ៉ាងណា​ យើង​នៅតែ​តស៊ូ​ដោយ​មិន​ស្តាយ​ក្រោយ ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត​រហូតផ្លាស់​ប្តូរ​របប​ផ្តាច់​ការ​លោក ហ៊ុន សែន»។

ស្របគ្នានេះ​ដែរ ​សកម្មជន​បក្ស​សង្គ្រោះជាតិ​ដែល​កំពុងភៀសខ្លួន​នៅប្រទេស​ម៉ាឡេស៊ី​ក៏បាន​ទទួល​សារ​កំរាម​កំហែង​ដែរ។ ពួកគេឱ្យ​ដឹង​​ថា ថ្មីៗ នេះ មាន​បុគ្គល​ម្នាក់​ឈ្មោះ ហា លីម ដែល​អះអាងថា លោកជា​មន្រ្តីយោធា​នៃ​ក្រសួង​ការពារជាតិ​ដែល​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​បាន​ទូរស័ព្ទ​មក​គំរាមកំហែង​ពួកគេ​ឱ្យ​បញ្ឈប់​សកម្មភាព​គាំទ្រ​គណបក្ស​ប្រឆាំង​និងរិះគន់​រដ្ឋាភិបាល​នៅលើ​បណ្តេញ​សង្គម​តទៅ​ទៀត។ បុរសរូបនោះ​ថែមទាំង​គំរាម​ពី​បញ្ហា​សុវត្ថិភាព​លើ​សកម្មជន​ទាំង​នោះនិង​ក្រុម​គ្រួសារ​ពួកគេ​នៅ​ក្នុង​ស្រុក​កំណើត​ទៀត​ផង។

សកម្មជន​បក្សសង្គ្រោះជាតិ​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាស៊ី គឺលោក សាដាត សាម៉ាតធី ​ឱ្យដឹង​ថា​លោក​និង​សកម្មជន​ផ្សេង​ទៀត​បាន​ភៀស​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាង ​៣​ឆ្នាំ​ហើយ​បន្ទាប់​ពី​រងការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​នៅ​កម្ពុជា។ លោអះអាងថា ស្ថានភាព​បច្ចុប្បន្ន​នេះពួក​លោក​កំពុង​ប្រឈម​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​ខ្លាំងពីព្រោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដូចជា បញ្ជា​ឱ្យ​ជនដៃ​ដល់ ឬ​ក្រុម​ជើងកាង​តាម​កម្ទេចសកម្មជន​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​សកម្មភាព​តស៊ូមតិ​នៅ​ក្រៅ​ប្រទេស។ លោក សាដាត ស្នើទៅ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាតិ ​និងអន្តរ​ជាតិ​ឱ្យជួយតាម​ដាន និង​ធានា​អំពី​សុវត្ថិភាព​ចំពោះ​ជន​ភៀស​ខ្លួន​ផង​៖ « គេ​មក​គំរាម​ឱ្យ​យើង​បញ្ឈប់​សកម្មភាព​ចែក​អំណោយ សកម្មភាព​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រជាជន ឬ​ក៏​ទៅ​សម្តេច ហ៊ុន សែន ជាបន្ទាន់ បើ​អ៊ីចឹង​ទេ​គេ​នឹង​ចាត់​វិធាន​ការ​ក្តៅ គេ​នឹង​ធ្វើ​អ្វី​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន ដូច​ជា​គេ​អាច​ចាប់​បញ្ជូន​យើង គេ​អាច​វាយ​យើង និង​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍។ រូប​ខ្ញុំ​សព្វ​ថ្ងៃ​នេះ គឺ​ប្រយ័ត្ន​ដោយ​មិន​អាច​រស់​នៅ​ផ្ទះ​បាន​ទេ​ដោយ​សារ​គេ​តាមគំរាម​អ៊ីចឹង ហើយ​ខ្ញុំ​មិន​ចេះ​តែ​និយាយ​នោះ​ទេ គឺ​ខ្ញុំ​មាន​ភស្តុតាង»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​ការ​បរ​ទេស​លោក ជុំ សន្ទរី និងអ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី១០ ខែកក្កដា។ ប៉ុន្តែលោក សុខ ឥសាន ធ្លាប់អះអាងថា រដ្ឋាភិបាល​មិន​ខ្វល់​ចំពោះសកម្ម​ជន​នយោ​បាយ​ទាំង​នោះ​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​នោះ​ឡើយ ហើយថា អាជ្ញាធរ​នឹង​បន្តតាម​ចាប់​ខ្លួន​ពួកគេបើសិន​ពួកគេ​ប្រព្រឹត្ត​ខុស​ច្បាប់និង​មាន​ដីកា​ចាប់ខ្លួន​ពី​តុលាការ​កម្ពុជា។

ជនភៀស​នយោបាយ​អះអាងថា ពួកគេ​រត់​គេច​ខ្លួន​ពី​ប្រទេស​កំណើត ព្រាត់​ពី​គ្រួសារ​ដោយ​សារ​ការ​ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ និងទទួល​រង​នូវ​អំពើ​អយុត្តិ​ពី​សំណាក់​រដ្ឋា​ភិបាលលោក ហ៊ុន សែន គឺ​ពុំមែន​ដោយសារ​ការប្រព្រឹត្ត​ខុសច្បាប់​ដូចការ​ចោទ​ប្រកាន់​នោះ​ឡើយ​។

ប្រធាន​​សមា​គម​​ការ​​ពារ​​សិទ្ធិ​​មនុស្ស​​អាដហុកលោក នី សុខា សង្កេតឃើញថា កន្លងទៅ រូបភាព​នៃ​ការ​គំរាមកំហែងនិង​បំភិតបំភ័យ​លើ​សកម្មជន​បក្សប្រឆាំង​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​តែងតែ​កើតឡើង​ជា​ហូរហែ។ លោក នី សុខា ចាត់ទុកទង្វើ​បែបនេះ​ថាជារំលោភបំពាន​លើ​គោលការណ៍​ច្បាប់ជាពិសេស​ ប៉ះពាល់​សិទ្ធិ​បញ្ចេញមតិនិងសិទ្ធិផ្នែក​នយោបាយ​របស់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។ ដូច្នេះ លោកជំរុញ​ដល់​សកម្មជន​នោះដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ចនិង​រាយការណ៍​ទៅអង្គការ​អន្តរជាតិ​ដើម្បី​តាម​ឃ្លាំមើល​ករណី​នេះ៖ «ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ក្នុង​ការ​ចូល​រួមសកម្ម​ផ្នែក​នយោ​បាយ អាហ្នឹង​គឺ​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជា​ពលរដ្ឋ ហើយ​បើសិន​មាន​បុគ្គល​ណា​គំរាម​កំហែង បំភិត​បំភ័យ ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​ដែលប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព អាហ្នឹង​គឺ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ណាស់ វា​​ជា​ការបំបិទ​សិទ្ធិ​សេរី​ភាព»។​

ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ មក ​មាន​សកម្មជន​គណបក្ស​នេះ​ជាង ​១០០​នាក់ បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ និងម៉ាឡេស៊ី ដើម្បី​គេចចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​។ ក្នុង​នោះ​មាន​សកម្មជន​មួយ​ចំនួន បាន​ត្រឡប់​ទៅ​កម្ពុជា​វិញ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ​(UNHCR) ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​បញ្ជូន​ទៅ​ជ្រកកោន​នៅ​កន្លែង​មាន​សុវត្ថិភាព​នៅ​ប្រទេស​ទី​៣។

កាលពីចុង​ឆ្នាំ២០២១អាជ្ញាធរ​ថៃ​បានឃុបឃិត​ជា​មួយ​គ្នា​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៤​នាក់ គឺ​លោក វឿង សំណាង លោក វឿន វាសនា ហៅ​គ្រញូង​ព្រៃឡង់ ​អ្នកស្រី ឡាញ់ ថាវរី និង​លោក ម៉ិច ហ៊ាង បញ្ជូន​ត្រឡប់កម្ពុជាវិញ។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់ ដែលរហូត​មក​ដល​ពេលនេះ​អ្នកទាំង៤​ កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃសនៅឡើយដើម្បី​រង់ចាំការ​ជំនុំជម្រះក្ដី។

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ប្រឆាំង​ជិត ៥០នាក់កំពុង​ភៀសខ្លួននៅក្នុង​ប្រទេស​ទាំងពីរ​នេះក្នុង​នោះ​នៅ​​ប្រទេស​ថៃ ៣៨នាក់ និងនៅម៉ាឡេស៊ីចំនួន ១១នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។