ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​រិះគន់​រដ្ឋាភិបាល​ខ្មែរ​ថា មិន​បាន​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ពួក​គេ

ដោយ ឡេង ម៉ាលី
2022.09.26
Share on WhatsApp
Share on WhatsApp
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​រិះគន់​រដ្ឋាភិបាល​ខ្មែរ​ថា មិន​បាន​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ពួក​គេ (រូបឯកសារ) ពលការិនី​ខ្មែរ​កំពុង​ធ្វើការ​សំណង់ នៅការដ្ឋាន​សំណង់​មួយ នៅ​ខេត្តសាមុតប្រាកាន ប្រទេសថៃ កាល​ពី​ថ្ងៃ​ទី១៨ ខែកក្កដា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ពលករ​ចំណាក​ស្រុក​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ពុំ​ទាន់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ដោះ​ស្រាយ​ទុក្ខ​លំបាក ការ​ការពារ​សិទ្ធិ​ការងារ និង​ផល​ប្រយោជន៍​ពួក​គេ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។ ការ​រិះគន់​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​មន្រ្តី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ កាលពីថ្ងៃទី២៥ ខែកញ្ញា បាន​អំពាវនាវ​ឱ្យ​ពលករ​ប្រទេស​ថៃ​ឱ្យ​រំឭក​ដឹង​គុណ​បុណ្យ​លោក ហ៊ុន សែន ដែល​បាន​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​ការ​ផ្តល់​ឱកាស​ការងារ​នៅ​ប្រទេស​ថៃ ឱ្យ​ពួក​គេ​មាន​ការងារ​ធ្វើ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​ទាន់​យក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ថៃ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។

ពលករ​ចំណាក​ស្រុក​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​លើក​ឡើង​ថា ការ​ធ្វើ​ចំណាក​ស្រុក​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ឃ្លាត​ពី​គ្រួសារ ដោយសារ​ឱកាស​ការ​នៅ​កម្ពុជា​មាន​តិចតួច និង​បាន​ប្រាក់​ចំណូល​ទាប បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង។ ពួក​គេ​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ពី​សុខ​ទុក្ខ​ពលករ​របស់​ខ្លួន ដូច​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ទៀត​ដែរ។

ពលករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង លោក ធុច ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៦ ខែកញ្ញា​ថា បច្ចុប្បន្ន​លោក​ធ្វើការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ ដោយ​ប្រឈម​នឹង​អាជ្ញាធរ​ចាប់​ដាក់​គុក​គ្រប់​ពេល ពីព្រោះ​លោក​គ្មាន​លទ្ធភាព​ធ្វើ​ប័ណ្ណ​ការងារ ដែល​មាន​តម្លៃ​ជាង ១ម៉ឺន ៧ពាន់​បាត (១៧.០០០) ឬ​ប្រមាណ ៤រយ​ដុល្លារ ខណៈ​គ្រួសារ​របស់​លោក​មាន​ជីវភាព​ក្រីក្រ និង​ជំពាក់​បំណុល​ធនាគារ​ថែម​ទៀត។ ពលករ​រូប​នេះ​រៀបរាប់​ថា ពលរដ្ឋ​ខ្មែរ​មិន​ចង់​មក​ធ្វើការ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយប្រថាន និង​គ្រោះថ្នាក់​ដូច​នេះ​ទេ តែ​ដោយសារ​ការងារ​ក្នុង​ស្រុក​មិន​សូវ​មាន និងបាន​ប្រាក់​ឈ្នួល​ទាប ដែល​មិន​អាច​ដោះ​ស្រាយ​ជីវភាព​បាន។ លោក ធុច ធី ឱ្យ​ដឹង​ថា ជា​ច្រើន​ឆ្នាំ​នេះ កម្មករ​ខ្មែរ​ធ្វើការ​នៅ​ទី​នោះ ប្រឈម​បញ្ហា​ជា​ច្រើន ដូចជា ឯកសារ​ធ្វើការ​ស្រប​ច្បាប់ និង​ការ​រំលោភ​បំពាន​សិទ្ធិ​ពី​សំណាក់​ថៅកែ​ជា​បន្តបន្ទាប់ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ខ្មែរ​ណា​អើពើ​អន្តរាគមន៍​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ពលករ​ទេ៖ «ក្នុង​រយៈ​ពេល ១៥ឆ្នាំ ដែល​ខ្ញុំ​ធ្វើការ​នៅ​ប្រទេស​ថៃ គ្មាន​អាជ្ញាធរ​ណា​មួយ​មក​ផ្តល់​កម្លាំង​ចិត្ត ឬ​ឧបត្ថម្ភ​ប្រាក់​ផ្សេងៗ ដែល​ខ្ញុំ​ខ្វះខាត ដោយ​ជួនកាល​ទៅ​មាឃ​ភ្លៀង ជួនកាល​ទៅ​ទឹក​លេច​អី ខ្ញុំ​មិន​ដែល​ទទួល​បាន​ជា​អំណោយ ឬ​ស្អី​ពី​រដ្ឋាភិបាល។ បើ​សិន​កម្ពុជា​មាន​ការងារ​ធ្វើ​ដូច​ប្រទេស​ថៃ ខ្ញុំ​មិន​ចង់​ធ្វើការ​ចំណាក​ស្រុក​ទេ»

ស្រដៀងគ្នា​នេះ​ដែរ ពលការិនី​ធ្វើការ​សំណង់​នៅ​ខេត្ត​សាមុតប្រាកាន ប្រទេស​ថៃ (Samut Prakan Province, Thailand) លោកស្រី ញិប សារ៉ុម លើក​ឡើង​ថា ពលករ​ខ្មែរ​មួយ​ចំនួន នៅ​តំបន់​លោកស្រី​ស្នាក់នៅ ត្រូវ​បាន​ថៅកែ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដោយ​មិន​បើក​ប្រាក់​ឈ្នួល​ជាង​ពីរ​ខែ ហើយ​បញ្ហា​នេះ​បាន ធ្វើ​ឱ្យ​ជីវភាព​ពួក​លោកស្រី​លំបាកលំបិន​ជា​ខ្លាំង។ ពលការិនី​រូប​នេះ​ថា កន្លង​មក លោកស្រី​មិន​ដែល​ឃើញ​អាជ្ញាធរ​ខ្មែរ​ជួយ​ពលករ​រង​គ្រោះ​នោះ​ទេ ដែល​ខុស​ពី​សារ​មន្ត្រី​របស់​រដ្ឋាភិបាល ពីព្រោះ​ចាប់​តាំង​ពី​លោកស្រី​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​ឆ្នាំ​មក​នេះ អាជ្ញាធរ​ខ្មែរ​អសកម្ម​ក្នុង​ការ​ចុះ​ជួយ​អន្តរាគមន៍​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ទាក់ទង​ជំនួយ​ស្បៀង​អាហារ បញ្ហា​លិខិត​ស្នាម និង​ការ​បំពាន​ផល​ប្រយោជន៍​ជា​ដើម៖ «ដោយសារ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​អត់​មាន​ការងារ​ឱ្យ​ពលករ​ធ្វើ ទើប​រត់​មក​ស្រុក​គេ ចំណាក​ស្រុក​គេ ហើយ​អត់​មាន​ឯកសារ​ផង ពួក​ពលករ​គ្មាន​ថ្នាក់​ដឹកនាំ​ណា ឬ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឯណា​មក​ជួយ​ដល់​ពលករ​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស​ទេ មិន​ជួយ​យក​ចិត្ត​ទុក​ដាក់​ទេ ព្រោះ​រឿង​ឯកសារ​មិន​ផ្តល់​ឱ្យ​គ្នា​ត្រឹមត្រូវ​ផង ចុះ​ទម្រាំ​ទៅ​ជួយ​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ»

ប្រតិកម្ម​របស់​ពលករ​ខ្មែរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ គឺ​លោក អ៊ិត សំហេង ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ពលករ​ខ្មែរ​នៅ​វត្ត​មួយ ក្នុង​ខេត្តសៈមុតប្រាកាន ប្រទេស​ថៃ កាល​ថ្ងៃ​ទី២៥ ខែកញ្ញា។ លោក អ៊ិត សំហេង លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា តែង​ចិត្ត​ទុក​ដាក់ ចំពោះ​ពលករ​ខ្មែរ​តាម​រយៈ​ជួយ​អន្តរាគមន៍​ផ្តល់​លិខិត​ស្នាម និង​សេវា​ផ្សេង ព្រមទាំង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ ដែល​ធ្វើ​ឱ្យ​ពលករ​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល ទទួល​បាន​ជំនាញ និង​មាន​ឱកាស​នាំ​យក​ជំនាញ​ការងារ​ត្រឡប់​ទៅ​ស្រុក​វិញ។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ចំណាក​ស្រុក​ថា ត្រូវ​ដឹង​គុណ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​អះអាង​ថា បាន​កសាង​សន្តិភាព អភិវឌ្ឍ​ប្រទេស និង​ផ្តល់​ឱកាស​ការងារ​នៅ​ប្រទេស​ថៃ​ជូន​ដល់​ពលរដ្ឋ​ខ្មែរ៖ « យើង​ទាំង​អស់​គ្នា​មាន​ថ្ងៃ​នេះ យើង​មាន​ជោគជ័យ មាន​លទ្ធផល​ផ្លែផ្កា​ដូច​ថ្ងៃ​នេះ យើង​ក៏​មិន​ត្រូវ​ភ្លេច​ដល់​អ្នក​ដឹកនាំ ដែល​ជា​ទី​គោរព​សក្ការៈ​របស់​យើង ដែល​លោក​ខិតខំ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​យើង ទី​មួយ​កសាង​សន្តិភាព ទី​ពីរ​អភិវឌ្ឍន៍ និង​ទីបី​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ផ្តល់​ឱកាស​ឱ្យ​បងប្អូន​យើង​មក​ធ្វើ​ការងារ​នៅ​ទីនេះ ហើយ​តាម​ជួយ​ថែទាំ​បងប្អូន​យើង

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក ហេង សួរ និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ដើម្បី​បកស្រាយ​បន្ថែម​បាន​ជុំ​ទេ នៅ​ថ្ងៃ​ទី២៦ ខែកញ្ញា។

ជុំវិញ​ទាក់ទង​រឿង​នេះ មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ (Central) លោក លឹង សុផុន មាន​ប្រសាសន៍​ថា កន្លង​មក​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ លោក​សង្កេត​ឃើញ​ថា ពលករ​ភាគ​ច្រើន​នៅ​តែ​ប្រឈម​បញ្ហា​នៅ​ឡើយ ដូចជា លិខិត​ឆ្លង​ដែន ការ​ចាញ់​បោក​មេខ្យល់ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ជាដើម ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​រង​គ្រោះ​ជា​ហូរហែ។ លោក​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ចាត់​វិធានការ​ជួយ​ពលករ​ទៅ​ដល់​ទីតាំង​នីមួយៗ របស់​ពលករ ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​របស់​ពួក​គេ បង្កើន​សកម្មភាព​ចុះ​ជួយ​ដល់​ពលករ៖ «ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​ខ្មែរ​យើង​រៀបចំ​វិធានការ​ណា​មួយ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​របស់​បងប្អូន​ពលករ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើង មួយ​ទៀត យើង​ត្រូវ​ធ្វើ​ការងារ​នោះ​ឱ្យ​ដល់​គោលដៅ​នៅ​សហគមន៍​មូលដ្ឋាន​ពួក​គាត់ ហើយ​កុំ​ឱ្យ​យើង​ស្អាត​តែ​របាយការណ៍​តែ​យើង​មិន​ស្អាត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ីចឹង»

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ជាង ១លាន ២សែន​នាក់​កំពុង ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ (Central) បង្ហាញ​ថា មាន​ពលករ​ខ្មែរ​កំពុង ធ្វើការ​ដោយ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ ២លាន​នាក់ ដោយ​មួយ​ចំនួន​ពួក​គាត់​ទទួល​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ និង​បាត់បង់​ផលប្រយោជន៍ ដែល​ប៉ះពាល់​ដល់​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។