យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ទី៥ របស់​គណបក្ស​នយោបាយ​នានា

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្នុង​ថ្ងៃ​ទី៥ នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើង​ទៀន បន្ត​សកម្មភាព​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ផ្សេង ​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ភ្លើងទៀន​ បន្ត​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​ខេត្តកំពង់ធំ​ នៅ​ថ្ងៃ​ទី២៥ ឧសភា​នេះ។ រីឯ​គណបក្ស​កាន់​អំណាច​វិញ បាន​ពង្រាយ​សកម្មជន​របស់​ខ្លួន​ក្នុង​ឃុំ/សង្កាត់​នីមួយៗ ដោយ​ចុះ​ចួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​តាម​ផ្ទះ ដើម្បី​ណែនាំ​ពី​របៀប​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ និង​ផ្សព្វផ្សាយ​គោល​នយោបាយ​គណបក្ស​ជាដើម។

យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត ថ្ងៃ​ទី៥ នេះ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ បន្ត​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។ រីឯ​គណបក្ស​ឆន្ទៈ​ខ្មែរ ពុំ​បាន​ហែក្បូន​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ទេ ដោយ​គ្រាន់តែ​ចែក​ខិតបណ្ណ និង​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​តាម​ឧបករណ៍​បំពង​សំឡេង ក្នុង​ឃុំ/​សង្កាត់​មួយ​ចំនួន។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់​វិទ្យុអាស៊ីសេរី​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន បាន​ចួប​អ្នក​គាំទ្រ និង​ហែក្បូន​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​ទី២៥ ឧសភា​នេះ​ នៅទី​រួមខេត្ត​ឧត្តរ​មាន​ជ័យ ​ដោយ​មាន​មនុស្ស​ចូលរួម​ជាង ១ពាន់​នាក់ (១.០០០)។ លោក​ថា ក្រុម​អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ​និង ​រថយន្ត​ដង្ហែ​ក្បូន​ ក្នុង​សង្កាត់​មួយចំនួន​ នៅ​ទីរួម​ខេត្ត​ឧត្តរ​មាន​ជ័យ​ដោយ​ពុំ​មាន​ការ​រារាំង ​និង​គំរាម​កំហែង ​ពី​សំណាក់​អាជ្ញាធរ​នោះទេ​។ ​លោក​សង្ឃឹម​ថា គណ​បក្ស​របស់​លោក ​នឹង​ទទួល​បាន​អាសនៈ​ច្រើន​ ក្នុង​ខេត្ត​នេះ ​ព្រោះ​ពលរដ្ឋ​ជាច្រើន​ បាន​ចូលរួម​គាំទ្រ​ ទះដៃ​ស្វាគមន៍​ ក្បូន​ដង្ហែ​គណបក្ស​ភ្លើង​ទៀន​នៅ​តាម​ដង​ផ្លូវ​នានា។

លោក​បន្ថែម​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន នឹង​បន្ត​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ៖ «ពេល​ដង្ហែ​យើង​បាន​សង្កេត​ឃើញ ពលរដ្ឋ​បាន​សាទរ ​លើក​ដៃ​សំពះ និង​លើក​ដៃ​ជា​សញ្ញា​គាំទ្រ​ដល់​គណបក្ស​ភ្លើងទៀន»

ក្រោយពី​ឃោសនា រក​សំឡេង​ឆ្នោត​នៅ​ខេត្តជាប់​ព្រំដែន​ថៃ ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ភ្លើង​ទៀន​ បាន​បន្ត​ធ្វើ​ដំណើរ ចួប​អ្នក​គាំទ្រ និង​ហែក្បូន​ទ្រង់ទ្រាយ​ធំ នៅ​ទី​រួម​ខេត្តកំពង់ធំ ដោយ​មាន​មនុស្ស​ចូលរួម​រាប់​ពាន់​នាក់។ ក្រុម​អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​ភ្លើងទៀន ភាគ​ច្រើន​ហែក្បូន​ដោយ​ជិះ​ម៉ូតូ ​រថយន្ត និង​ម៉ូតូ​កង់បី ដោយ​ពាក់​អាវ និង​អាវ​និមិត្ត​សញ្ញា​គណបក្សភ្លើង​ទៀន​ស្ទើរ​គ្រប់ៗ គ្នា។ ពួកគេ​ចាក់​បទ​ចម្រៀង និង​សារ​សំឡេង​នយោបាយតាម​មេក្រូ ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​ និង​ឆន្ទៈ​នយោបាយ​ច្បាស់លាស់​ប្រាប់​ម្ចាស់​ឆ្នោត ​ក្នុង​ក្រុង​កំពង់ធំ៖ ជយោ ! គណបក្ស​ភ្លើង​ទៀន ... ចម្រៀង ... មេឃុំ /​ ចៅ​សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន ​ហ៊ាន​លា​លែង ​បើ​សិន​បើ​មិន​អនុវត្ត​តាម​អ្វី​ដូច​ការ​សន្យា»

រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បន្ត​ធ្វើ​សកម្មភាព​ពង្រាយ​សកម្មជន​គ្រប់​ភូមិ ឃុំ/​សង្កាត់​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដោយ​ចែក​ខិតប័ណ្ណ ណែនាំ​ប្រាប់​ពលរដ្ឋ ពី​របៀប​គូស​សន្លឹកឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ និង​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​ជាដើម។

CPP_Campaign_in_Siem_Reap_052122.jpg
សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​សៀមរាប ធ្វើយុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត កាល​ពី​ថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​សៀមរាប

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រាប់​វិទ្យុអាស៊ីសេរី​ថា ក្រុម​សកម្មជន និង​គណៈកម្មការឃុំ/​សង្កាត់​នី​មួយៗ នៅ​ទូទាំង​ប្រទេស កំពុង​ធ្វើ​សកម្មភាព​ចុះ​ចួប និង​សួរ​សុខទុក្ខ​ ពលរដ្ឋ នៅ​តាម​ស្នាក់ការ​ភូមិ/ឃុំ ដើម្បី​ណែនាំ​ពី​របៀប​គូស​សន្លឹក​ឆ្នោត​ប្រាប់​មនុស្ស​ចាស់ និង​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​បក្ស​ជា​ដើម។

លោក​បដិសេធ​ថា គណបក្ស​របស់​លោក​ពុំ​មាន​គោលការណ៍​ណែនាំ​ឱ្យ​សកម្មជន​របស់​ខ្លួន បង្គាប់​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់ បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន ដោយ​សន្យា​អ្វី​មួយ​នោះ​ឡើយ ដោយ​គ្រាន់​តែ​បង្រៀន​ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ និង​ចាស់​ជរា ពី​របៀប​គូស​សន្លឹក​ឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ពេញចិត្ត​របស់​ពួកគាត់​តែ​ប៉ុណ្ណោះ។

ចំពោះ​សំណួរ​ថា តើ​គណបក្ស​កាន់​អំណាច​មាន​គោលការណ៍ ចែក​អំណោយ និង​លុយ ជូន​ពលរដ្ឋ​ក្នុង​ថ្ងៃ​យុទ្ធនាការ​នេះ​ទេ អ្នក​នាំ​ពាក្យ​រូបនេះ​ឆ្លើយ​យ៉ាង​ខ្លី​ថា ច្បាប់​របស់ គ.ជ.ប មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ណា​មួយ ចែក​អំណោយ និង​លុយ ក្នុង​ថ្ងៃ​យុទ្ធនាការ​នោះ​ទេ៖ «ដើម្បី​សួរ​សុខ​ទុក្ខ​គ្នា​លើក​ទឹក​គ្នា​ឱ្យ​ទៅ​បោះឆ្នោត​ហើយ​គូស​ឱ្យ​ចំ ​ដែល​បង​ប្អូន​ពេញ​ចិត្ត​។ នៅ​បងប្អូន​យាយ​តាចាស់ៗ ​គាត់​ភ្លេច​ភ្លាំង ​បើក​ក្មេងៗ​គ្មាន​នរណា​បង្គាប់​ទេ។​ ការ​ចោទ​ប្រកាន់​នេះ ​ជា​ការ​មូល​បង្កាច់​សភាព​ការ​ពិត។​

រីឯ​គណបក្សឆន្ទៈខ្មែរ បន្ត​ធ្វើ​សកម្មភាព​ហែក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់ទ្រាយ​តូចៗ ​ ដោយ​ចាក់​មេក្រូចល័ត ​បិទ​បដា​តាម​ដើម​ឈើ ​និង​ចែក​ខិត​បណ្ណ ​នៅ​តាម​ឃុំ/សង្កាត់មួយចំនួន​ ក្នុង​ខេត្ត​/ក្រុង​ចំនួន១០ ​នៅ​ទូទាំង​ប្រទេស​។

ប្រធាន​គណបក្សឆន្ទៈខ្មែរ ​លោក ​គង់ មុនីកា ​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ​គណបក្ស​របស់​លោក ​បាន​បែងចែក​ក្រុម​ការងារ ​និង​សកម្មជន ​ផ្សព្វផ្សាយ​គោល​នយោបាយ ​របស់​គណបក្ស ​នៅ​មូលដ្ឋាន​ ក្នុង​ឃុំ/សង្កាត់​ចំនួន ​ដែល​ខ្លួន​បាន​ដាក់​បេក្ខភាព​ប្រកួត​ប្រជែង​។

លោក​បញ្ជាក់​ថា គណបក្ស​របស់​លោក បាន​ដាក់​បេក្ខភាព​ប្រកួត​ប្រជែង​បោះឆ្នោត​ឃុំ/​សង្កាត់​ ក្នុង​អាណត្តិ​ទី៥ នេះ ចំនួន ៥៨ឃុំ/​សង្កាត់ នៅ​ទី​ទូទាំង​ប្រទេស។ លោក​បន្ថែម​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត ៥ថ្ងៃ​កន្លង​ទៅ​នេះ សកម្មជន​គណបក្ស​របស់​លោក មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ភូមិ​មួយ​ចំនួន ដោយសារ​តែ​ពួកគាត់​ខ្វះ​ការ​យល់​ដឹង​ ពី​នីតិវិធី​ការ​បោះ​ឆ្នោត៖ «ខ្ញុំ​ចង់​ឱ្យ គ..ប លើ​ក្រោយ​គាត់​បង្ហាញ​ ឬ​ពន្យល់​នីតិវិធី​ប្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន មេភូមិ​អី​ហ្នឹង​ឱ្យ ​បាន​យល់​ពី​ចម្ងាយ​បន្តិច​ កុំ​ឱ្យ​កៀក​ពេល​ឃោសនា​ហើយ បាន​ផលិត​ឯកសារ​ណែនាំ ​យឺត​ពេល​។ ​នេះ​ជា​ចំណុច​ខ្វះខាត និង​ឆក​ល្វែង»

ទាក់ទង​រឿង​នេះ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូមតិ​ នៃអង្គការ​ខុមហ្រ្វែល លោក កន សាវាង្ស ពន្យល់​ថា ​ប្រសិនបើ​សកម្មជន​គណបក្ស​នយោបាយ​ណាមួយ​ គ្រាន់តែ​ដើរ​បង្រៀន​ពលរដ្ឋ​តាម​ផ្ទះ ​ពី​របៀប​គូស​សន្លឹក​ឆ្នោត​ ជូន​គណបក្ស​នយោបាយ​ណាមួយ ​ឱ្យ​បាន​ត្រឹមត្រូវ​ គឺ​ពុំ​ខុសឆ្គង​នោះ​ឡើយ។ ​ប៉ុន្តែ​ប្រសិន​បើ​សកម្មជន​របស់​គណបក្ស​នយោបាយ​ណា​មួយ ​ដើរ​តាម​ផ្ទះ​ពលរដ្ឋ​ ដោយ​តម្រូវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ​ ហើយ​សន្យា​ជាមួយ​ពលរដ្ឋ​ធ្វើអ្វី​មួយ​នោះ​ ទើប​ជា​ទង្វើ​ខុសច្បាប់ ​របស់ គ.ជ.ប។

រីឯ​ប្រធាន​គណៈកម្មការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា គ.ជ.ប មិថុនា ខាង​មុខ មាន​រយៈ ១៤ថ្ងៃ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែមិថុនា​ខាង​មុខ។ ច្បាប់​បោះឆ្នោត​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ត្រឹម​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ចាប់ផ្ដើម និង​ថ្ងៃ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។