គណបក្សភ្លើងទៀន រួមនឹងគណបក្សប្រឆាំងចំនួន ៣ទៀត នឹងចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួមស្ដីពីបង្កើត «សម្ពន្ធភាពឆ្ពោះទៅអនាគត»នៅថ្ងៃទី១១ ខែតុលា។ គណបក្សកាន់អំណាច មិនខ្វល់ចំពោះការប្រកាសចងសម្ពន្ធភាពរបស់ក្រុម គណបក្សប្រឆាំងឡើយ ប៉ុន្តែអ្នកវិភាគថា ការចងសម្ព័ន្ធភាពគ្នានេះ នឹងផ្ដល់ផលចំណេញច្រើនដល់គណបក្សប្រឆាំង ហើយនឹងជះឥទ្ធិពលអាក្រក់ដល់បក្សកាន់អំណាច។
ការព្យាយាមចងសម្ពន្ធភាពរបស់គណបក្សភ្លើងទៀន ជាមួយនឹងគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀតដែលមានគោលជំហរ គោលដៅ និងគោលនយោបាយប្រហាក់ប្រហែលគ្នានោះ នៅពេលនេះ ចាប់ផ្ដើមទទួលបានលទ្ធផលបណ្ដើរៗ ហើយ។
គណបក្សភ្លើងទៀន ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១០ តុលាថា គណបក្សមួយនេះ រួមនឹងគណបក្សបីទៀត គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា នឹងប្រារព្ធពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើត ''សម្ពន្ធភាពឆ្ពោះទៅអនាគត''។ ពិធីចុះហត្ថលេខានេះ ធ្វើនៅសណ្ឋាគារសូហ្វីតែល (Sofitel) ភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែតុលា។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីបន្ថែមថា ការចងសម្ពន្ធភាពគ្នារបស់គណបក្សទាំង៤ នៅពេលនេះ គឺដើម្បីគិតគូរអំពីការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។ លោកបន្តថា ដោយសារតែសម្ពាធនយោបាយ កាន់តែតឹងតែងជាងមុន ដូច្នេះការបង្រួបបង្រួមកម្លាំងគ្នារបស់អ្នកប្រជាធិបតេយ្យឲ្យកាន់តែរឹងមាំ គឺជារឿងចាំបាច់បំផុត ដើម្បីស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។
លោកគីមសួរ ភិរិទ្ធ៖«គ្រាន់តែជាការផ្ដើមទេ ហើយអ្វីៗ យើងនឹងបន្តជជែកគ្នាតទៅទៀត ពីព្រោះនៅពេលវេលា។ ប៉ុន្តែគ្រាន់តែថា យើងចាប់ផ្ដើមធ្វើសកម្មភាពរួម គ្នាជាបណ្តើរៗ កន្លែងណាដែលយើងអាចរួមគ្នាបាន ដើម្បីធ្វើម៉េចយើងធ្វើការស្ដារនូវលំហប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ សេរីភាពក្នុងការមានមតិយោបល់ឲ្យទូលំទូលាយជាងមុន»។
ការពន្លឿនចងសម្ព័ន្ធភាពគ្នានេះ គឺដោយសាររដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោត បន្តបំបិទសិទ្ធិមិនឲ្យគណបក្ស ភ្លើងទៀនចូលរួមការបោះឆ្នោតជាបន្តបន្ទាប់ ក្រោមហេតុផលបច្ចេកទេសថា គណបក្សនេះបាត់ឯកសារដើមនៃការចុះបញ្ជីគណបក្ស។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការចងសម្ពន្ធភាពគណបក្សប្រឆាំងទាំងនេះ គឺជាសិទ្ធិ ប៉ុន្តែលោកមើលស្រាលថា សម្ព័ន្ធភាពនេះ នឹងមិនទទួលបានលទ្ធផលល្អដូចក្តីប្រាថ្នានោះទេ។
លោក សុខ ឥសាន៖«ខ្ញុំយល់ថា គណបក្សដែលចងសម្ពន្ធភាពជាមួយ គ្នាសុទ្ធតែជាគណបក្សដែលចាញ់ឆ្នោត ដូច្នេះគណបក្សចាញ់បូកនឹងចាញ់ វាទៅជាចាញ់ច្រើន»។
នេះមិនមែនជារឿងថ្មីទេ ដែលគណបក្សកាន់អំណាចតែងឡកឡឺយ ចំពោះគណបក្សប្រឆាំង។ លោក ហ៊ុន សែន ធ្លាប់ប្រដូច «គណបក្សសង្គ្រោះជាត»ដែលកើតចេញពីការចងសម្ពន្ធភាពគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ថាគ្រាន់តែជាគណបក្សព្យុះក្នុងក្អមប៉ុណ្ណោះ និងគ្មានឥទ្ធិពលអ្វីទាក់ទាញរកសំឡេងឆ្នោតបានទេ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានក្លាយជាព្យុះក្រៅក្អម បោកបក់គណបក្សកាន់អំណាច ស្ទើរធ្លាក់ពីកៅអី។ នៅទីបំផុត គណបក្សកាន់អំណាចបានប្ដូរយុទ្ធសាស្ត្រ និងប្រើវិធីមិនស្របច្បាប់គ្រប់បែបយ៉ាងដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលគេមើលឃើញថា ដោយសារតែខ្លាចចាញ់ឆ្នោត។ ដូចគ្នានេះដែរ អ្នកឃ្លាំមើល យល់ថា ប្រសិនបើសម្ពន្ធភាពឆ្ពោះទៅអនាគតនេះ គ្មានការប្រេះឆាគ្នាហើយអាចបន្តដង្ហើមដល់នាទីចុងក្រោយនៃការបោះឆ្នោត វាអាចនឹងជះឥទ្ធិពលអាក្រក់ដល់គណបក្សកាន់អំណាច។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ថ្លែងថា ការបង្រួបបង្រួមកម្លាំងរវាងគណបក្សភ្លើងទៀនជាមួយគណបក្សជំទាស់ផ្សេងទៀតនេះ គឺជាកត្តាសំខាន់មួយធ្វើឲ្យមានកម្លាំង ឬមានតុល្យភាពក្នុងការប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ជាមួយនឹងគណបក្សកាន់អំណាច។
លោក ឯម សុវណ្ណារ៉ា៖«បើសិនរួមបានគណបក្សដែលមានទិសដៅ ឬក៏ជំហរ ប្រជាធិបតេយ្យពិតប្រាកដ នឹងមានកម្លាំងមួយ ទោះមិនអាចស្មើគណបក្សសង្គ្រោះជាតិ ឆ្នាំ២០១៣ ប៉ុន្តែវាអាចមានកម្លាំងមួយប្រដំប្រសងគ្នាប្រហែលនឹងគណបក្សភ្លើងទៀន កាលឆ្នាំ២០១២ និងគណបក្សសិទ្ធិមនុស្ស នេះបើនៅបែកខ្ញែកគ្នា។ ប៉ុន្តែបើរួមគ្នាធ្វើសមាជទៅជាគណបក្សតែមួយបានក្នុងការរួមគ្នានេះ សម្ព័ន្ធគណបក្សទាំងនេះ អាចមានកម្លាំងប្រកួតប្រជែងនឹងគណបក្សកាន់អំណាចដូចកំឡុងឆ្នាំ២០១២ ដែរ។ នេះអាស្រ័យទៅលើគណបក្សតូចៗ ដែលរួមគ្នានេះ តើមានឆន្ទៈ បញ្ចូលគ្នាជាបក្សតែមួយឬអត់»។
ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សភ្លើងទៀន អះអាងថា គណបក្សទាំង៤ ដែលចងសម្ពន្ធភាពគ្នានេះ សុទ្ធតែមានគោលដៅ និងឆន្ទៈដូចគ្នាដោយគិតអំពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាសំខាន់ ហើយប្រសិនបើពួកគាត់គិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួននោះ នឹងទៅចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបង្កើតឡើងដោយរដ្ឋាភិបាលមិនខានឡើយ។ អ្នកនាំពាក្យគណបក្សភ្លើងទៀន ជឿជាក់ថា «សម្ពន្ធភាពឆ្ពោះទៅអនាគត»នេះ នឹងក្លាយជាកម្លាំងដ៏រឹងមាំរបស់ក្រុមអ្នកប្រជាធិបតេយ្យ ហើយនឹងផ្ដល់ផលចំណេញច្រើនដល់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
