ប្រធាន​​ក្រុម​ការងារ​​បក្ស​ភ្លើងទៀន​ខេត្ត​ត្បូងឃ្មុំ​ប្តឹង​​​មេ​ប៉ូលិស​​​ផ្កាយ​​៣​​ដែល​​បាន​​ទះកំផ្លៀង​​លោក

ដោយ សេក បណ្ឌិត
2022.04.28
ប្រធាន​​ក្រុម​ការងារ​​បក្ស​ភ្លើងទៀន​ខេត្ត​ត្បូងឃ្មុំ​ប្តឹង​​​មេ​ប៉ូលិស​​​ផ្កាយ​​៣​​ដែល​​បាន​​ទះកំផ្លៀង​​លោក លោក ប្រាក់ ណារ៉ុង​ ប្រធាន​​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​​នគរបាល​ជាតិនៃ​​បណ្ឌិត្យសភា​​នគរបាល​​កម្ពុជា​ ដែលរងការ​ចោទ​ប្រកាន់​ថា បាន​ទះកំផ្លៀង​លោក អេង ស្រូយ ប្រធាន​​ក្រុម​ការងារ​​គណបក្ស​ភ្លើង​​ទៀន​នៅ​ខេត្តត្បូងឃ្មុំ និង​ជា​គ្រូបង្រៀន​នៅ​អង្គភាព​​ក្រុមប្រឹក្សា​​អភិវឌ្ឍ​គ្រូ​​នគរបាល​ជាតិ នៃ​បណ្ឌិត្យសភា​​នគរបាល​​​កម្ពុជា។
រូប៖ បណ្ឌិត្យសភា​​នគរបាល​​កម្ពុជា​។

ប្រធាន​​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​​​នៅ​​ខេត្ត​ត្បូងឃ្មុំ​លោក អេង ស្រូយ​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ប្រធាន​អង្គភាព​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ ដើម្បី​ចាត់​វិធានការ​លើ​មេប៉ូលិស​ផ្កាយ៣ម្នាក់​ គឺ​លោក ប្រាក់ ណារ៉ុង​ ដែល​បាន​ទះកំផ្លៀង​រូបលោកកាល​ពី​ថ្ងៃ​ទី២២​ ខែមេសា។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជំរុញ​ដល់​ស្ថាប័នពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​លើ​ជនដៃ​ដល់​នោះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀននៅ​ខេត្តត្បូងឃ្មុំ និង​ជា​គ្រូបង្រៀននៅ​អង្គភាព​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ នៃ​បណ្ឌិត្យសភា​នគរបាល​​កម្ពុជាលោក អេង ស្រូយ ឱ្យ​ដឹងថា​ លោកបាន​ដាក់ពាក្យ​​បណ្ដឹង​​ទៅ​កាន់​ប្រធាន​បណ្ឌិត្យសភានគរ​បាល​កម្ពុជា​គឺ​លោក សេង ផល្លី​ រួចរាល់​ហើយ​នៅ​ថ្ងៃទី២៨ ខែមេសា​ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​លើឧត្តមសេនីយ៍​ឯកលោក ប្រាក់ ណារ៉ុង​ ដែល​បាន​ទះកំផ្លៀង​​លោក​​ដោយ​សារ​រឿង​និន្នាការ​នយោបាយ។

លោក អេង ស្រូយ​ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៨ ខែ​មេសា​ថា​ លោក​ក៏​បាន​រៀប​ចំ​ភស្តុតាង​មួយ​ចំនួន នឹង​គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក ស ខេង​ និង​ស្ថាប័ន​តុលាការ​បន្ថែម​ទៀត។ ទោះ​ជា​យ៉ាង​ណា លោក​មិន​រំពឹង​ថា​ ស្ថាប័ន​ទាំង​នេះ នឹង​អាច​ជួយ​រក​យុត្តិធម៌​ជូន​លោក​បាន​នោះ​ទេ​ ដោយសារ​តែ​លោក​មាន​និន្នា​ការមិន​ស្រប​នឹង​បក្ស​កាន់​អំណាច។ លើស​ពី​នេះ លោក​រិះគន់​ថា​ ស្ថាប័ន​​តុលាការ​ខ្វះភាព​ឯករាជ្យ ដោយសារ​តែ​ស្ថាប័ន​មួយ​នេះ ទទួល​រង​គំនាប​ពី​ដឹកនាំ​រដ្ឋាភិបាល៖ «ដូចជា​ពុំ​សូវ​មាន​ក្ដី​សង្ឃឹម​អី​ទេ។ នៅ​អង្គភាព​ខ្ញុំ​យ៉ាង​ច្រើន​បាន​ត្រឹម​សម្រប​សម្រួល​គ្នា​តែ​ប៉ុណ្ណឹង។ យើង​មាន​និន្នាការ​បក្ស​ប្រឆាំង​អញ្ចឹង​រឿង​ប្រព័ន្ធ​តុលាការ​វិញ​មិន​អាច​មាន​សង្ឃឹម​ទេ។ គ្រប់​ករណី​លើ​រឿង​ទាក់ទង​គណបក្ស​ប្រឆាំង​ មិន​ដែល​មាន​ពន្លឺ​យុត្តិធម៌​ទេ។ អត់​ដែល​មាន។ ខ្ញុំ​ដាក់​ពាក្យ​ប្តឹង​ឱ្យ​គេ​បាន​ដឹង​​ថា ប្រទេស​យើង​ប្រព័ន្ធ​ច្បាប់​គឺ​វា​អញ្ចឹង។ បើ​យើង​មិន​ប្តឹង ថា​មក​ពី​យើង​មិនប្តឹង។ ឥឡូវ​យើង​មាន​ភស្តុតាង​គ្រប់​គ្រាន់​ហើយ ពេល​ប្តឹង​មិន​ដោះស្រាយ។ យើង​ជា​គណបក្ស​ប្រឆាំង​អញ្ចឹង​ ក៏​មាន​ការ​ព្រួយបារម្ភ​ដែរ​ តែ​យើង​នៅ​តែ​តស៊ូ​ទៅ​មុខ​មិន​អាច​ថយ​ក្រោយ​បាន​ទេ»

លោក អេង ស្រូយ​ គឺជា​ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​ត្បូងឃ្មុំ​ និង​ជា​គ្រូ​បង្រៀន នៅ​អង្គភាព​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ នៃ​បណ្ឌិត្យសភា​នគរបាល​​កម្ពុជា។ លោក​ត្រូវ​បាន​មេ​របស់​​លោក ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​គឺ​លោក ប្រាក់ ណារ៉ុង​ ទះ​កំផ្លៀង​នៅ​កន្លែង​អង្គភាព​កាល​ពី​ថ្ងៃ​ទី២២​ ខែមេសា​ ដោយសារ​តែ​លោក​មាន​និន្នាការ​​មិន​ស្រប​នឹង​បក្ស​កាន់​អំណាច។

លោក អេង ស្រូយ ​ឱ្យដឹង​ថា នៅ​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​ពី​ការងារ​ក្របខណ្ឌ​រដ្ឋ ឬ​ចំ​ថ្ងៃ​ពិធី​បុណ្យ​ទាន​ លោក​តែង​ចុះ​ជួយ​ធ្វើ​សកម្មភាព​ជាមួយ​គណបក្ស​ភ្លើងទៀន ដើម្បី​ជំរុញ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​។ ដោយសារ តែ​លោក​បាន​ចុះចូល​ជាមួយ​គណបក្ស​ភ្លើងទៀន​បែប​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់លើ​របស់​លោក​ខឹង​សម្បារ និង​គំរាមកំហែង​ជា​បន្តបន្ទាប់ រហូត​មាន​ការ​ទះ​កំផ្លៀង​រូបលោក​ទាំង​នៅ​កន្លែង​អង្គភាព។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​បណ្ឌិត្យ​សភានគរបាល​កម្ពុជា លោក សេង ផល្លី​ ដើម្បី​សាក​សួរ​បន្ថែម​ពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៨​ ខែមេសា។ ចំណែក​ឯ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ និង​លោក ប្រាក់ ណារ៉ុង​ ដែល​រងការ​ចោទ​ប្រកាន់​ ក៏​វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញរឿងនេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត​ មាន​ប្រសាសន៍​ថា ករណី​ប្រើ​អំពើ​ហិង្សា​លើ លោក អេង ស្រូយ​ នេះ​គឺ​ជា​បទល្មើល​ព្រហ្មទណ្ឌ​ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​វិធាន​លើ​ជនល្មើស​នោះ ដើម្បី​យក​មក​ទទួល​ទោស​តាម​ច្បាប់។ 

លោក​បន្ត​ថា ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់​ សកម្មជន​គណបក្ស​មួយ​ចំនួន​នៅ​តែ​បន្ត​រង​ការ​រើសអើង ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ គំរាមកំហែង​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ​បក្ស​កាន់​​អំណាច៖ «មន្រ្តី​មូលដ្ឋាន​មួយ​ចំនួន​មិន​បាន​គោរព​តាម​ការ​ណែនាំ​របស់​ថ្នាក់​លើ​ទៀត។ បញ្ហា​នេះ​ហើយ​ដែល​អាច​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​គេ​ចង់​ឃើញ​មានការ​បោះ​ឆ្នោត​សេរី ត្រឹម​ត្រូវ​ និង​យុត្តិធម៌»

ករណី​លោក ប្រាក់ ណារ៉ុង ប្រើ​ហិង្សា​លើ​មន្ត្រី​គណបក្ស​ភ្លើងទៀន​នេះ គឺជា​ការអនុវត្ត​ផ្ទុយ​ពី​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែលធ្លាប់បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បង្ក​បរិយាកាស​​នយោបាយ​ល្អ ជៀសវាង​ការប្រើ​ហិង្សា​លើ​រាងកាយ និង​ពាក្យ​សម្តី​ព្រមទាំង​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ទោះបីជា​យ៉ាងណា មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​ភ្លើងទៀន​ចំនួន ៦​នាក់​ហើយ ក្នុង​នោះ​រួម​ទាំង​សាច់ញាតិ​របស់​ពួកគេ​ជា​អនីតិជន​ផង ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​ដាក់​ពន្ធនាគារ។ ចំណែក​សកម្មជន​ជិត ១០​នាក់​ទៀត​ ត្រូវ​តុលាការ​កោះហៅ​ទៅ​បំភ្លឺ​ពី​បទ​ញុះញង់ និង​បទ​ក្លែង​ឯកសារ​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​។ ទន្ទឹម​នឹង​នេះ អនុប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​លោក ជឿន សារឹម បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​គ្រួសារ​ជនរងគ្រោះ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ។

ក្រៅ​ពី​នេះ​សកម្មជន និង​បេក្ខជន​បក្ស​នេះ​ជាច្រើន​នាក់​ទៀត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប៉ុនប៉ង​ធ្វើ​បាប​ដោយ​គប់​ដុំ​ថ្ម​ចូលក្នុង​ផ្ទះ ការប្រើ​អំពើ​ហិង្សា និង​ដេញ​ធាក់​ផ្ដួល​ម៉ូតូ​គំរាមកំហែង និង​រារាំង​បេក្ខជន​​បក្ស​ភ្លើងទៀន​គ្រប់​រូបភាព​ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សង្កេតការណ៍​បោះឆ្នោត​វាយតម្លៃ​ថា បើ​បរិយាកាស​នយោបាយ​នៅតែ​ស្ថិត​ក្នុង​ភាព​អាប់អួ​បែបនេះ នឹង​មិនអាច​ធានា​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។