អាជ្ញាធរ​បង្ខំ​លោក ចៅ វាសនា ឲ្យ​ចុះចូល​នឹង​បក្ស​កាន់អំណាច

0:00 / 0:00

ប្រធាន​គណបក្ស​ភ្លើងទៀន​ក្រុង​ប៉ោយប៉ែត​លោក ចៅ វាសនា អះអាង​ថា អាជ្ញាធរ​បាន​បង្ខំ​ខ្លួន​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ដោយ​សន្យា​ថា នឹង​ផ្ដល់​តំណែង​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល។មន្ត្រី​សង្គម​ស៊ីវិល​ថា ការផ្លាស់ប្ដូរ​និន្នាការ​នយោបាយ​ឬ​ងាក​ទៅ​គាំទ្រ​គណបក្ស​ណាមួយ​ផ្សេង​គឺជា​សិទ្ធិ និង​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​តែ​វា​ក៏​មិន​គួរ​កើត​ឡើង​ក្រោម​ការ​បង្ខិតបង្ខំ​និង​ការ​គំរាមកំហែង​នោះ​ទេ។

មន្ត្រី​គណបក្ស​ភ្លើងទៀន​នៅ​ខេត្តបន្ទាយមានជ័យ​លោក ចៅ វាសនា បញ្ជាក់​ថា គោលជំហរ​និង​ឆន្ទៈ​របស់​លោក​គឺ​នៅតែ​មិន​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​ឡើយ ទោះបីជា​មានការ​បង្ខំ​គំរាមកំហែង ឬ​យក​លាភសក្ការៈ​បុណ្យស័ក្ដិ​មក​ទិញ​ទឹកចិត្ត​យ៉ាងណាក្ដី។

ប្រធាន​គណបក្ស​ភ្លើងទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២២ ខែ​មិថុនា​ថា លោក​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ម្នាក់​ដែល​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​តួនាទី​បាន​មក​បញ្ចុះបញ្ចូល​ឱ្យ​លោក​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច ដើម្បី​ប្ដូរ​យក​សុវត្ថិភាព​និង​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល។ លោក​បន្ត​ថា មន្ត្រី​រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា មាន​អ្នក​រៀប​គម្រោង​ចាត់ការ​លោក​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រសិនបើ​លោក​នៅតែ​បន្តសកម្មភាព​ជាមួយ​គណបក្ស​ភ្លើងទៀន​។ លោក​បញ្ជាក់​ថា បើ​ទោះ​មានការ​គំរាមកំហែង​បែបនេះ​ក្ដី​ក៏​លោក​មិន​ក្បត់​ឆន្ទៈ និង​ឧត្ដមគតិ​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ប្ដូរ​យក​តួនាទី​ខ្យល់​នោះ​ទេ។

លោក ចៅ វាសនា៖ «ហើយ​បើ​ខ្ញុំ​ទៅ​ចុះចូល​មិនមែន​ខូច​ឈ្មោះ​មួយថ្ងៃ​នេះ​ទេ​!មួយ​ជីវិត​ខ្ញុំ​គឺ​មាន​ឈ្មោះ​ជា​អ្នក​ក្បត់​ឆន្ទៈ អ្នក​ក្បត់​ឧត្ដមគតិ​ខ្លួនឯង។ អ៊ីចឹង​ខ្ញុំ គឺ​ខ្ញុំ​ទៅ​មិន​រួច តួនាទី​អី​ក៏​ខ្ញុំ​អត់​ចង់​បាន​ដែរ​។ ហើយ​តួនាទី​ហ្នឹង​ខ្ញុំ​ឃើញ​ហើយ គណបក្សប្រឆាំង​តាំង​ពី​ដើម រហូតដល់​ឥឡូវ​ហ្នឹង​ចូល​ទៅ​គឺ​តួនាទី​គេ​ឱ្យ​ហើយ ប៉ុន្តែ​តួនាទី​ទាំងអស់​ហ្នឹង​មិនអាច​យក​ទៅ​បម្រើ​ប្រជាពលរដ្ឋ​បាន ឬក៏​ទៅ​ធ្វើ​អី​តាម​តួនាទី​ដែល​ខ្លួនឯង​មាន​ហ្នឹង​បានទេ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​២២ ខែ​មិថុនា ដោយ​លោក​អះអាង​ថា កំពុង​ជាប់​ប្រជុំ។

ទោះជា​បែបនេះ​ក្ដី​បុគ្គល​មួយចំនួន​ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​បាន​ទម្លាយ​ថា ពួកគេ​ទទួលរង​ការ​គំរាមកំហែង​ចាប់​ដាក់​ពន្ធនាគារ និង​អាយុជីវិត​ដោយ​មិន​លើកលែង​សូម្បីតែ​សមាជិកគ្រួសារ​របស់​ពួកគេ​ដែល​មិន​ដឹង​អី។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា​ការ​បង្ខិតបង្ខំ​ដាក់​សម្ពាធ និង​គំរាមកំហែង​នរណា​ម្នាក់​ឱ្យ​គាំទ្រ​គណបក្ស​ណាមួយ​គឺជា​ការរំលោភ​សិទ្ធិ​បុគ្គល និង​គោលការណ៍​ច្បាប់។ លោក​បន្ត​ថា ប្រសិន​តួអង្គ​បោះឆ្នោត និង​អ្នកនយោបាយ​រង​ការ​គំរាមកំហែង​តាម​រូបភាព​ផ្សេងៗ​បែបនេះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គោលការណ៍​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ខែ​កក្កដា ខាង​មុខ។

លោក នី សុខា៖ «បើសិនជា​ការ​បង្ខិតបង្ខំ​ហ្នឹង​មាន​ជា​សញ្ញា​ទៅដល់​ការ​គំរាមកំហែង​ទៀត​អាហ្នឹង​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការរំលោភ​គោលការណ៍​ច្បាប់​ហើយ។ អ៊ីចឹង​បើ​មានការ​រំលោភ​គោលការណ៍​ច្បាប់​អាហ្នឹង​វា​ស្ថិតនៅ​ក្នុង​ករណី​ដែល​ជន​ម្នាក់ទៀត​(​ជនរងគ្រោះ​)​មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹង​ដើម្បី​ស្វែងរក​យុត្តិធម៌ ដើម្បី​ដោះស្រាយ​រក​យុត្តិធម៌»។

វិធី​អូសទាញ​សមាជិក​គណបក្សប្រឆាំង​ដោយ​ការ​គំរាមកំហែង​ចាប់​ដាក់​ពន្ធនាគារ​ការ​គំរាម​ផ្តាច់​ជីវិត​និង​ការ​ផ្ដល់​តំណែង​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន​ប្រើប្រាស់​ដើម្បី​រំលាយ​ដៃគូ​ប្រកួតប្រជែង​ដែល​ជំនួស​ដោយ​ការ​រំលាយ​ដែល​លោក​ធ្លាប់ធ្វើ​ដាក់​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ឆ្នាំ​២០១៧ ហើយ​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ជា​បន្តបន្ទាប់។

ចំពោះ​លោក ចៅ វាសនា វិញ​លោក​នៅតែ​មិន​ចុះ​ញ៉ម​ដោយ​រក្សា​ជំហរ​រឹងមាំ​ដដែល ដើម្បី​តស៊ូ​ជាមួយ​គណបក្ស​ភ្លើងទៀន​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។