គណបក្ស​ភ្លើង​ទៀន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ខេត្ត​កំពង់ស្ពឺ​មាន​មនុស្ស​ចូលរួម​រាប់​ពាន់​នាក់

0:00 / 0:00

គណបក្ស​ភ្លើង​ទៀន បន្ត​សកម្មភាព​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី២៧ ឧសភា ដោយ​មាន​មនុស្ស​ចូលរួម​រាប់​ពាន់​នាក់។ រីឯ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ដទៃ​ទៀត ​ពុំ​បាន​ហែ​ក្បូន​ឃោសនា​បោះឆ្នោត​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ដោយ​គ្រាន់តែ​ផ្សព្វផ្សាយ​តាម​មេក្រូ​ចល័ត ​នៅ​មូលដ្ឋាន ​និង​បញ្ជូន​សកម្មជន​ចុះ​ចួប​ពលរដ្ឋ​នៅ​តាម​ផ្ទះ។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្នុង​ថ្ងៃ​ទី៧ នេះ ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ភ្លើង​ទៀន បន្ត​សកម្មភាព​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​ចាក់​មេក្រូ ចែក​ខិត្តប័ណ្ណ និង​ផ្សព្វ​ផ្សាយ​ពី​គោល​នយោបាយ​គណបក្ស​នៅ​តាម​ដង​ផ្លូវ។ ក្រុម​អ្នក​ហែ​ក្បូន​ភាគ​ច្រើន ធ្វើ​ដំណើរ​ដោយ​ម៉ូតូ និង​រថយន្ត ពាក់​អាវ និង​មួក​គណ​បក្ស ដោយ​ចាក់​បទ​ចម្រៀង និង​ថ្លែង​សារ​នយោបាយ ​នៅ​តាម​ផ្លូវ​សាធារណៈ។

បញ្ហា​ដីធ្លី​ជា​រឿង​ប្រឈម​ធ្ងន់ធ្ងរ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន បាន​យក​បញ្ហា​នេះ ជា​ប្រធាន​បទ​ក្នុង​ការ​ជជែក​ជាមួយ​ពលរដ្ឋ ក្នុង​ពេល​ដែល​ពលរដ្ឋ​រស់​នៅ​ខេត្ត​នេះ កំពុង​ក្ដៅ​ក្រហាយ​ជាមួយ​អាជ្ញាធរ ដែល​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ​ឱ្យ​រលាយ​នៅ​រយៈ​ពេល​ជាង ៤ខែ​កន្លង​ទៅ​នេះ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ ដោយ​បង្ហាញ​គោល​ជំហរ​ច្បាស់លាស់ ការពារ​ព្រៃឈើ ដីធ្លី និង​សិទ្ធិ​សេរីភាព​ពលរដ្ឋ ប្រកប​ដោយ​ស្មារតី​ជាតិ​និយម ស្មោះត្រង់ និង​មិន​ពុករលួយ។ លោក​ថា បញ្ហា​ដីធ្លី​ជា​រឿង​សំខាន់ ប្រសិនបើ​ពលរដ្ឋ​បណ្ដែត​បណ្ដោយ​បន្ត​ទៀត នោះ​ដី​ស្រែ​ចម្ការ​កេរ​ដូនតា​របស់​ពួកគាត់ នឹង​ពុំ​មាន​សុវត្ថិភាព​នោះ​ឡើយ។ ហេតុនេះ​គណបក្ស​របស់​លោក ​មាន​ឆន្ទៈ​ច្បាស់លាស់ ការពារ​សុវត្ថិភាព​ដីធ្លី ព្រៃឈើ និង​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ដោយ​យុត្តិធម៌៖ «មាន​បញ្ហា​ដីធ្លី ខេត្ត​នេះ​កំពុង​ត្រូវ​ប៉ាន់​ឡើង​ថ្លៃ ​ព្រោះ​ពលរដ្ឋ​អភិវឌ្ឍន៍ ហើយ​ប្រសិន​បើ​យើង​បណ្ដែតបណ្ដោយ មិន​នាំ​គ្នា​ការពារ​ទេ គេ​យក​អស់​ហើយ។​ មាន​តែ​គណបក្ស​ភ្លើង​ទៀន​ទេ ដែល​ការពារ​ដីធ្លី​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ»

រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​កំណត់​ថ្ងៃ​បិទ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជា​ថ្ងៃ​ហែ​ក្បូន​ឃោសនា​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំង​រាជធានី​ខេត្ត/ក្រុង។ គណបក្ស​កាន់​អំណាច បាន​ជ្រើស​យក​យន្តការ ពង្រាយ​សកម្មជន និង​គណៈកម្មការ​ឃុំ/​សង្កាត់​នី​មួយៗ នៅ​ទូទាំង​ប្រទេស ចុះ​ចួប និង ណែនាំ​ពី​គោល​នយោបាយ​គណបក្ស ជា​ចំណុច​ស្នូល ដើម្បី​រក​សំឡេង​ឆ្នោត កំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត។

អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គណបក្ស​របស់​លោក បាន​ខិតខំ​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​បទ​បញ្ញត្តិ​នានា​របស់ គ.ជ.ប ដោយ​មិន​ឱ្យ​មាន​បញ្ហា​កើត​ឡើង​នោះ​ឡើយ ដើម្បី​រួម​ចំណែក​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ។ លោក​បន្ថែម​ថា ​ក្នុង​ថ្ងៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កន្លង​ទៅ​នេះ សកម្មជន​គណបក្ស​របស់​លោក ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ គ.ជ.ប ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​តូច​នៅ​ថ្នាក់​មូលដ្ឋាន ប៉ុន្តែ​ពុំ​មាន​អំពើ​ហិង្សា និង​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នោះ​ទេ៖ «ធម្មតា​ទេ តែ​គណបក្ស​ណា​ល្មើស​ច្បាប់ អា​ហ្នឹង​ភាគី​ម្ខាង​ទៀត ​គេ​មាន​សិទ្ធិ​ប្ដឹង​ហើយ ​ប្រឹង​ទៅ គ..ប ដើម្បី​ឱ្យ​ដោះ​ស្រាយ។ ទូទាំង​ប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​ខិត​ខំ អនុវត្ត​តាម​គោលការណ៍ នីតិវិធី គ..ប មិន​ឱ្យ​មាន​បញ្ហា​អ្វី​កើត​ឡើង»

រីឯ​គណបក្ស​យុវជន​កម្ពុជា​វិញ បាន​ជូន​ដំណឹង​រៀបចំ​ហែ​ក្បូន​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់ទ្រាយ​ធំ ​ដោយ​មាន​មនុស្ស​ចូលរួម ២.០០០នាក់។ យុទ្ធនាការ​នេះ ដឹកនាំ​ដោយ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៩ ឧសភា​ខាង​មុខ​នេះ។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ​នៃ​គណបក្ស​យុវជន​កម្ពុជា លោក ឯម សុខសុវណ្ណ មាន​ប្រសាសន៍​ថា ក្នុង​ពេល​ឃោសនា​បោះឆ្នោត​កន្លង​ទៅ​នេះ សកម្មជន​គណបក្ស​របស់​លោក មាន​បញ្ហា​ប្រឈម​តិចតួច ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​មួយ​ចំនួន ប៉ុន្តែ​បាន​ដោះ​ស្រាយ​រួចរាល់​ហើយ ពុំ​មាន​ការ​ប្ដឹង​ផ្តល់​ទៅ គ.ជ.ប នោះ​ទេ។ លោក​ថា សកម្មជន​គណបក្ស​យុវជន​កម្ពុជា ភាគ​ច្រើន​ជា​យុវជន ៩០ភាគ​រយ ជា​និស្សិត និង​បញ្ញវន្ត ពោរពេញ​ដោយ​សមត្ថភាព​គ្រប់គ្រាន់​កសាង​ជាតិ និង​អភិវឌ្ឍន៍​ជាតិ​រុងរឿង​នៅ​ថ្ងៃ​អនាគត៖ «សូម​លើក​ដៃ​ម្រាម​ដប់ សូម​ពលរដ្ឋ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បម្រើ​ពលរដ្ឋ ដោយ​ឆន្ទៈ និង​មនសិការ​ខ្ពស់​ជាតិ​និយម ហើយ​សុទ្ធ​ជា​យុវជន ៩០ភាគ​រយ មាន​សមត្ថភាព​គ្រប់គ្រាន់​កសាង​ជាតិ និង​អភិវឌ្ឍន៍​ជាតិ​រុងរឿង​នៅ​ថ្ងៃ​អនាគត។ ស្នើសុំ គ..ប ធ្វើ​ម៉េច​ឱ្យ​មាន​តម្លាភាព ​អព្យាក្រឹតភាព​ សេរី ​និង​យុត្តិធម៌​ទាំង​អស់​គ្នា»

រីឯ​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត រួម​មាន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​ដើម មិន​ទាន់​ប្រកាស​ថ្ងៃ​យុទ្ធនា​ការ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ ដោយ​សកម្មជន​គណបក្ស​នយោបាយ​ទាំង​នេះ​បន្ត​ធ្វើ​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់ទ្រាយ​តូចៗ នៅ​តាម​ឃុំ/សង្កាត់​នា​ខេត្ត​មួយ​ចំនួន។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ លោក​ថា កំពុង​ជាប់​រវល់។

ជុំវិញ​រឿង​នេះ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ នៃ​អង្គការ​ខុមហ្រ្វែល លោក កន សាវាង្ស សង្កេត​ឃើញ​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​រយៈ​នេះ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន បាន​កើត​ឡើង ដូចជា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រួមមាន​ខេត្ត​កំពង់ចាម និង​ខេត្ត​កោះកុង​ជា​ដើម មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​ប្ដឹង​បេក្ខភាព​ឃុំ/សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន នៅ​តែ​មិន​ទាន់​ដោះ​ស្រាយ​បញ្ចប់​នៅ​ឡើយ​ទេ។ បញ្ហា​នេះ​លោក​ថា ដំណោះ​ស្រាយ​នៅ​តែ​ពន្យារ​ពេល ដោយសារ​តែ​ដើម​បណ្ដឹង​មិន​ដក​ពាក្យ​បណ្ដឹង និង​មិន​សម្រប​សម្រួល៖ «គណបក្ស​កាន់​អំណាច​ជា​អ្នក​ប្ដឹង​ទាក់ទង​រឿង ​ការ​ចែក​អំណោយ​នៅ​ខាង​កំពង់ចាម ការ​ប្រើប្រាស់​សារ នៅ​ខាង​ប៉ៃលិន កោះកុង និង​បាត់​ដំបង​ជាដើម​ភាគ​ច្រើន កើត​ចេញ​ពី​គណបក្ស​កាន់​អំណាច ទៅ​លើ​គណបក្ស​ភ្លើង​ទៀន។ នេះ​ជា​ដំណើរ​ការ​ប្ដឹង ដែល​ខ្ញុំ​មើល​ឃើញ»

យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង១៧ ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ថ្ងៃ​ទី៥ ខែមិថុនា​ខាង​មុខ មាន​រយៈ ១៤ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែមិថុនា​ខាង​មុខ។ ច្បាប់​បោះ​ឆ្នោត​អនុញ្ញាត​ឱ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ត្រឹម​ពីរ​ដង​ប៉ុណ្ណោះ ក្នុង​កំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត តាម​ឃុំ/​សង្កាត់​នីមួយៗ។

កាល​ពី​ថ្ងៃ​ទី២៥ ឧសភា​កន្លង​ទៅ ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា គ.ជ.ប លោក ប្រាជ្ញ ចន្ទ បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​ដោយ​ណែនាំ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ មិន​ត្រូវ​ធ្វើ​សកម្ម​ទិញ​ទឹក​ចិត្ត​ម្ចាស់​ឆ្នោត ​ដោយ​ធ្វើ​សកម្មភាព​ផ្តល់​ជា​មធ្យោបាយ​ថវិកា និង​សម្ភារៈ​បរិក្ខារ​ផ្សេងៗ។ លោក​រំឭក​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ ​និង​បទ​បញ្ញត្តិ​របស់ គ.ជ.ប ក្នុង​ថ្ងៃ​ធ្វើ​យុទ្ធនាការ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។