គណបក្សភ្លើងទៀន ដាក់លិខិតសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី នៅថ្ងៃទី៧ ខែកញ្ញា ក្នុងបំណងជជែកចរចាដើម្បីឱ្យក្រសួងចេញលិខិតចុះបញ្ជីច្បាប់ដើមរបស់គណបក្សនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃឆ្លើយតបថា ក្រសួងមិនមានការរើសអើងគណបក្សនយោបាយណាមួយទេ ហើយនឹងដោះស្រាយករណីនេះទៅតាមច្បាប់។
សំណើរបស់គណបក្សភ្លើងទៀនសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដើម្បីសុំឱ្យលោករដ្ឋមន្ត្រី ផ្តល់ដំណោះស្រាយពាក់ព័ន្ធឯកសារ លិខិតបញ្ជាក់ការចុះបញ្ជីគណបក្សភ្លើងទៀន ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ លិខិតរបស់គណបក្សភ្លើងទៀន ចុះកាលពីថ្ងៃទី៤ ខែកញ្ញា តែទើបដាក់ទៅក្រសួងមហាផ្ទៃថ្ងៃទី៧ ខែកញ្ញា ឱ្យដឹងទៀតថា គណបក្សភ្លើងទៀន ត្រូវការឯកសារនេះ ដើម្បីយកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។ គណបក្សភ្លើងទៀន ដែលមានពលរដ្ឋបោះឆ្នោតគាំទ្រជិត ២លាននាក់ កាលពីឆ្នាំ២០២២ លើកឡើងទៀតថា ប្រសិនបើគណបក្សភ្លើងទៀន គ្មានឯកសារច្បាប់ដើមនេះទេ នឹងត្រូវប្រឈមការបដិសេធជាថ្មីដោយ គ.ជ.ប មិនឱ្យចូលរួមការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅអាណត្តិបន្តបន្ទាប់ខាងមុខជាមិនខាន។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៧ ខែកញ្ញា ថា ក្រសួងមហាផ្ទៃយល់ព្រមទទួលលិខិតរបស់គណបក្សភ្លើងទៀនហើយនៅពេលនេះ។ លោក រំពឹងថា ក្រសួងមហាផ្ទៃដែលមានរដ្ឋមន្ត្រីថ្មី នឹងបើកផ្លូវឱ្យក្រុមការងារគណបក្សភ្លើងទៀន អាចជជែករកដំណោះស្រាយរបស់គណបក្សភ្លើងទៀននៅពេលនេះ។
លោក រ៉ុង ឈុន៖«ឧទាហរណ៍ដូចជា ប្រជាពលរដ្ឋក្ដី នៅពេលដែលលិខិតកំណើតរបស់គាត់រហែករយ៉ៃអីអ៊ីចឹងទៅ ខាងអាជ្ញាធរមានសមត្ថកិច្ចហ្នឹង គេត្រូវចេញសេចក្ដីចម្លងហ្នឹងដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ទៅតាមតម្រូវការរបស់ពួកគាត់ដូច្នេះក្រសួងមហាផ្ទៃ ក៏ដូចគ្នាអ៊ីចឹងដែរ ហើយមិនមានអ្វីជាឧបសគ្គនោះទេ តាមបែបបទបច្ចេកទេសរដ្ឋបាល»។
ទាក់ទងសំណើរបស់គណបក្សភ្លើងទៀននេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ឱ្យដឹងថា ក្រសួងមហាផ្ទៃបានទទួលលិខិតនេះហើយ និងកំពុងបន្តនីតិវិធីតាមបែបបទរដ្ឋបាល។ លោកអះអាងថា ក្រសួងមិនមានការរើសអើងគណបក្សនយោបាយណាមួយទេ ដោយគ្រប់ករណីក្រសួងនឹងអនុវត្តតាមច្បាប់។ អ្នកនាំពាក្យរូបនេះបន្តទៀតថា ចំពោះលទ្ធផលបែបណា ការិយាល័យរដ្ឋបាលក្រសួងមហាផ្ទៃនឹងធ្វើការងារនេះផ្ទាល់ជាមួយម្ចាស់លិខិត។
ពាក់ព័ន្ធរឿងនេះដែរ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សង្កេតឃើញថា គណបក្សភ្លើងទៀន បានបង្ហាញជំហរទន់ភ្លន់ជាច្រើនដងមកហើយ ក្នុងការស្នើសុំទៅក្រសួងមហាផ្ទៃឱ្យផ្ដល់លិខិតចុះបញ្ជីច្បាប់ដើមរបស់គណបក្សនេះ។ លោកបន្តទៀតថា ប្រសិនបើក្រសួងមហាផ្ទៃធ្វើការងារនេះ ដោយផ្អែកតាមច្បាប់ក្រសួងអាចនឹងផ្ដល់លិខិតឱ្យគណបក្សភ្លើងទៀនតាមសំណើ។ ទោះបែបនេះក្ដី លោកថា ប្រសិនបើការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃ ស្ថិតនៅក្រោមគំនាបនយោបាយ ទំនងក្រសួងមហាផ្ទៃមិនផ្ដល់លិខិតចុះបញ្ជីច្បាប់ដើមឱ្យគណបក្សឡើយ។
លោក វ៉ន ចាន់ឡូត៖«ក្រសួងមហាផ្ទៃគាត់មានឯករាជ្យភាពនៅក្នុងការធ្វើការ និងការសម្រេចចិត្តនៅក្នុងនាមអ្នកផ្ដល់សេវា ហើយនិងជាអាជ្ញាធរ ករណីភ្លើងទៀននេះ មិនមែនជាបញ្ហាចោទទេ អាចនឹងមានវិធីសាស្ត្រក្នុងការដោះស្រាយបានបាទចំណុចទី២ ដែលក្រសួងមហាផ្ទៃគាត់គិតទៅលើផលប្រយោជន៍នយោបាយនោះការផ្ដល់លទ្ធភាព ផ្ដល់ឱកាសឱ្យភ្លើងទៀនអាចមានឱកាសឡើងវិញ គឺជារឿងពិបាក»។
នេះមិនមែនជាលើកទី១ ដែលគណបក្សភ្លើងទៀនបានព្យាយាម ស្នើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឱ្យក្រសួងនេះផ្ដល់លិខិតចុះបញ្ជីច្បាប់ដើមឱ្យគណបក្ស ភ្លើងទៀន។ នៅមុនការបោះឆ្នោតថ្ងៃទី២៣ កក្កដា ក្រសួងមហាផ្ទៃតបតាមការស្នើសុំរបស់គណបក្សភ្លើងទៀន បានចេញសេចក្ដីប្រកាសទទួលស្គាល់គណបក្សភ្លើងទៀន ជាគណបក្សស្របច្បាប់ ប៉ុន្តែ ប្រកាសនេះ គ.ជ.ប ថា មិនគ្រប់គ្រាន់សម្រាប់ឱ្យគណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។