លោក​ សុន ឆ័យ​ ណែនាំ​ឱ្យ​សកម្មជន​បក្ស​ភ្លើងទៀន​ធ្វើ​​​ជា​គំរូ​​​​​ល្អ​ក្នុង​សង្គម​ដើម្បី​យក​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើងទៀនលោក សុន ឆ័យ បាន​ណែនាំ​សកម្មជន​បក្ស​នេះ​ឱ្យ​ធ្វើ​ជា​គំរូ​ល្អ​នៅ​​ក្នុង​សង្គម​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យក​ឈ្នះ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ ​​សកម្មជន​បក្ស​ភ្លើងទៀន​មើលឃើញ​ថា ​​​​ស្ថានការណ៍​មុន​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ​​ មិន​សូវ​ល្អ​នោះ​ទេ ព្រោះ​អាជ្ញាធរ​បក្ស​កាន់​អំណាច​បាន​គំរាមកំហែង​​សកម្មជន​​ខ្លាំង​ជាង​ពេល​មុនៗ​ ដែល​ធ្វើ​ពួកគេ​លំបាក​​ការ​ធ្វើ​សកម្មភាព​នយោបាយ​។

អតីត​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សុន ឆ័យ បាន​ចុះ​ធ្វើ​សកម្មភាព​នយោបាយ​សាជាថ្មី​ឡើងវិញ​ ក្រោយ​​ពី​​​បាត់​មុខ​ក្នុង​​ឆាក​នយោបាយ​អស់​រយៈ​ពេល​ជាង​៤​ឆ្នាំ​ ចាប់​តាំង​ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧​មក​។ ​សកម្មភាព​នយោបាយ​​​ក្នុង​ថ្ងៃ​ដំបូង​នេះ​ លោក សុន ឆ័យ បាន​ចុះ​ជួប​​សកម្មជន​​គណបក្ស​ភ្លើង​ទៀន​​ប្រមាណ​៣០០​នាក់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា​។ ​​​លោក​បាន​​ណែនាំ​សកម្មជន​បក្ស​ភ្លើងទៀន ឱ្យ​ធ្វើ​ជា​មេឃុំ​គំរូ​ក្នុង​​ពេល​ជាប់​ឆ្នោត​នៅ​ពេល​ខាង​មុខ ដើម្បី​ឃោសនា​ទាក់​ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។

Son Chay CandleLight Party at Tbong Khmum on 27-03-2022.jpg
លោក សុន ឆ័យ (កាន់ក្បាលម៉េក្រូ) ជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។ (រូប៖ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ)

មន្ត្រី​ជាន់​ខ្ពស់​ទំនាក់ទំនង​ជាមួយ​នឹង​​អង្គទូត និង​អង្គការ​ជាតិ-អន្តរជាតិ​សម្រាប់​គណបក្ស​ភ្លើង​ទៀនលោក សុន ឆ័យ​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​​ក្រោយ​ជួប​សំណេះ​សំណាល​ជា​មួយ​សកម្មជន​ថា ​​មេឃុំ​គំរូ​នេះ​ គឺ​ខំប្រឹង​ធ្វើ​ការងារ​ដើម្បី​​ប្រយោជន៍​របស់​ពលរដ្ឋ ដូច​ជា​ការ​ជួយ​ដោះស្រាយ​​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ និង​ជួយ​រក​ទីផ្សារ​លក់​កសិផល​ក្នុង​តម្លៃ​សមរម្យ​។ បន្ថែម​ពី​នេះ​លោក​ក៏​ជំរុញ​​​មិន​ឱ្យ​មាន​ការ​​ធ្វើ​ទុក្ខបុកម្នេញ​​យក​ឈ្នះ​យក​ចាញ់​លើ​ដៃគូ​ប្រកួតប្រជែង​​​ដែល​ចាញ់​ឆ្នោត​នោះ​ទេ​៖ «នៅ​ខាង​មេមត់​នេះ​បើ​តាម​ខ្ញុំ​​បាន​សួរ​នាំ​ទៅ​ការ​លក់​ផលិតផល ទៅ​ឆ្លង​ដែន​ហ្នឹង​ គឺ​មាន​ការ​កេង​ប្រវ័ញ្ច ការ​លួច​បន្លំ​ការ​បន្ទាប​តម្លៃ​ផលិតផល​កសិកម្ម​ខ្មែរ​ពេល​ដឹក​ទៅ​វៀតណាម​ហ្នឹង​ គឺ​អត់​មាន​អាជ្ញាធរ​ណា​ជួយ​ទេ​។ ធ្វើ​ឱ្យ​គាត់​ហ្នឹង​រង​ការ​បន្លំ​ភ្នែក​ជញ្ជីង​ឬ​ក៏​បន្លំ​តម្លៃ​អី​ច្រើន​ហើយ​ចាំ​តែ​យក​ការ​ទាមទារ​ក្រៅ​ផ្លូវ​ការ​ពី​កសិករ​យើង »

សមាជិក​ក្រុម​ការងារ​បណ្ដោះអាសន្ន​នៃ​គណបក្ស​ភ្លើងទៀន​ខេត្ត​ត្បូងឃ្មុំ​ដែល​បាន​​ចូល​រួម​ក្នុង​ពិធី​នោះលោក ស៊ូ យាន ថ្លែង​ថា ​ស្ថានការណ៍​នយោបាយ​​អំឡុង​ពេល​នេះ​​ហាក់​មិន​ជា​ល្អ​ឡើយ ចំពោះ​គណបក្ស​ភ្លើងទៀន ដោយសារ​​អាជ្ញាធរ​បក្ស​កាន់​អំណាច​​បាន​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូប​មក​លើ​សកម្មជន​។ លោក​បញ្ជាក់​ថា ​សកម្មភាព​​ទាំង​នោះ​មាន​ជាអាទិ៍​ មេភូមិ​ មេឃុំ​ និង​មន្ត្រី​ប៉ូលិស​ជា​ដើម​ តែង​តែ​ហៅ​​បេក្ខជន​ឈរ​​ឈ្មោះ​បោះឆ្នោត​និង​អ្នក​ឈរ​ឈ្មោះ​អង្កេត​ការណ៍​បោះឆ្នោត​ ឱ្យ​ដក​​ខ្លួន​​ចេញ​ពី​បក្ស​ភ្លើងទៀន​​ដើម្បី​ជា​ថ្នូរ​ផ្ដល់​ប័ណ្ណ​ក្រីក្រ​​បើក​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ និង​ឱ្យ​រួច​ផុត​ពី​ការ​យាយី​ផ្នែក​នយោបាយ​ និង​បាន​ប្ដឹង​លុប​ឈ្មោះ​បេក្ខជន​​ទៅ ​គ.ជ.ប ​ជាដើម​។ លោក​បន្ត​ថា សកម្មភាព​ទាំង​នេះ​កាន់​តែ​ខ្លាំង​ឡើង​ដែល​ធ្វើ​ឱ្យ​សកម្មជន​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច ហើយ​បាន​បោះឆ្នោត​បេក្ខភាព​របស់​ខ្លួន​៖ «ខ្ញុំ​អត់​ទាន់មាន​ភាពកក់​ក្ដៅ​ដោយសារ​តែ​កម្រិត​នៃ​ការ​កែប្រែ​របស់​មន្ត្រី​បក្ស​កាន់​អំណាច​នៅ​មូលដ្ឋាន​អត់​ទាន់​មាន​ការ​បត់បែន​ទៅ​តាម​មន្ត្រី​ថ្នាក់​​លើ​ដែល​ណែនាំ​ទេ​។ ​គេ​ធ្វើ​ដូច​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​ស៊ីញ៉ូ​ស្ដាំ​បត់​ឆ្វេង​ហ្នឹង ​គឺ​វា​ហាក់​ដូច​ជា​បញ្ជា​មក​ពី​លើ​មក​វិញ​អី​ណោះ​គ្រាន់​តែ​និយាយ​ឱ្យ​ល្អ​ស្ដាប់​ប៉ុន្តែ​​ការ​អនុវត្ត​គឺ​ផ្ទុយ​ »។

Teav Vannol President of CandleLight Party at Tbong Khmum on 27-03-2022.jpg
លោក សុន ឆ័យ (ជជែកជាមួយលោក ថាច់ សេដ្ឋា) នៅក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។ (រូប៖ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ)

ចាប់​តាំង​ពី​ដើម​ខែ​មីនា​រហូត​មក​ដល់​ពេល​នេះ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ គ.ជ.ប បាន​លុប​​ឈ្មោះ​​បេក្ខជន​​ក្រុម​​ប្រឹក្សា​​ឃុំ​​សង្កាត់​​របស់​​គណបក្ស​​ភ្លើង​​ទៀន​​ប្រមាណ ៥០​នាក់​ចេញ​​ពី​​បញ្ជី​​បេក្ខជន​​ដំបូង​​របស់​​បក្ស​។ គ.ជ.ប អះ​អាង​​ថា បេក្ខជន​ទាំង​នោះ ភាគ​ច្រើន​​ជាបេក្ខជន​ឲ្យ​​គេ​​បំពេញ​​ប្រវត្តិ​រូប​​ជំនួស ដោយ​ខ្លួន​មិន​ចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ និង​បេក្ខជន​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​​បោះ​​ឆ្នោត​​ក្នុង​​ឃុំ សង្កាត់​​ដែល​​ខ្លួន​​មាន​​បំណង​​ឈរ​​ឈ្មោះ​​បោះ​​ឆ្នោត ជា​ដើម។

ទាក់​ទង​នឹង​បញ្ហា​នេះ ​​អ្នក​នាំ​ពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​​ថា ការដែល​លោក សុន ឆ័យ ​លើក​ឡើង​នេះ ​គណបក្ស​កាន់​អំណាច​​​បាន​អនុវត្ត​ជា​រៀងរាល់​ថ្ងៃ​រួច​មក​ហើយ។ ចំណែក​ការដែល​ថា​ អាជ្ញាធរ​គំរាមកំហែង​​សកម្មជន​បក្ស​ភ្លើងទៀន​វិញ​ លោក​ សុខ ឥសាន​ ​យល់​ថា ​នេះ​គ្រាន់​តែ​ជា​លេស​មួយ​​របស់​សកម្មជន​បក្ស​ភ្លើងទៀន​ ដើម្បី​ត្រៀម​ឡាំប៉ា ក្រោយ​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ៖ «ចេះ​តែ​ស្រែក​ថា ​មាន​បាតុភាព​​នេះ​បាតុភាព​អសកម្ម​នោះ ក៏​ប៉ុន្តែ​គាត់​អត់​ប្ដឹង។​ ណែ​អា​អត់​ប្ដឹង​ហ្នឹង​ហើយ ជា​ភស្តុតាង​​ច្បាស់​ហ្មង​ថា ​វា​អត់​មាន​បាតុភាព​តែ​គាត់​ចេះ​បង្កើត។​ គេ​បើក​សិទ្ធិ​ឱ្យ​តើ​ ដូច​កន្លង​ទៅ​ថ្មីៗ​នេះ ​អាហ្នឹង​មាន​គណបក្ស​នយោបាយ​​បាន​ប្ដឹង​ទៅ​ គជប ​ដើម្បី​ឱ្យ​លុប​ឈ្មោះ​បេក្ខជន​គាត់​ចេញ​។ ​ឥឡូវ​ គជប ​គេ​សម្រេច​ហើយ​ក្នុង​៤នាក់​ប្រាំ​នាក់​ហ្នឹង​សម្រេច​ទុក​ឱ្យ​តែ​ម្នាក់​ទេ​លុប​៤នាក់​ចោល »

​ជុំ​វិញ​រឿង​នេះ​ ប្រធាន​​សមាគម​ការពារ​សិទ្ធិមនុស្ស​​(Adhoc) លោក​ នី សុខា ​គាំទ្រ​នឹង​ការ​លើក​របស់​លោក សុន ឆ័យ ដែល​ណែនាំ​​សកម្មជន​​ឱ្យ​ធ្វើ​អំពើ​ល្អ​ដើម្បី​ធ្វើ​ជា​មេ​គំរូ​នៅ​​ពេល​ជាប់​ឆ្នោត​ ដែល​នេះគឺ​ជា​រឿង​​ល្អ​ស្រប​តាម​គន្លង​​ប្រជាធិបតេយ្យ​។ ​​ទោះ​ជា​យ៉ាង​ណា​ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ នៅ​តែ​មើល​ឃើញ​ថា ​ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​​នេះ​មាន​ការ​រឹតត្បិត​​ខ្លាំង​ពី​សំណាក់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន។ ​លោក​បញ្ជាក់​ថា ​ប្រសិន​បើ​ស្ថានការណ៍​នៅ​តែ​បន្ត​ដូច​សព្វ​ថ្ងៃ​នេះ​នឹង​​ធ្វើ​ឱ្យ​​ដំណើរ​ការ​បោះ​ឆ្នោត​​គ្មាន​ភាព​​សេរីភាព​ ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។

Thach Setha Acting Prisedence of Candle party on 27-03-2022 at Tbong Khmum.jpg
លោក សុន ឆ័យ (អង្គុយនៅខាងឆ្វេងដៃលោក ថាច់ សេដ្ឋា) នៅក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។ (រូប៖ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ)

ការណ៍ដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះហាក់មិនទទួលស្គាល់ថា មានការធ្វើទុក្ខបុកម្នេញដល់គណបក្សភ្លើងទៀននេះ គឺផ្ទុយគ្នាពីមេរបស់លោក​គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកន្លងទៅថ្មីៗនេះ លោកបានហាមអាជ្ញាធរមូលដ្ឋានកុំឱ្យធ្វើបុកម្នេញដល់គណបក្សនយោបាយដែលបានចុះបញ្ជី ក្រោយពីមានការធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងដល់គណបក្សភ្លើងទៀន និងគណបក្សដទៃទៀត៖ «យើង​នៅ​តែ​ឃើញ​មាន​ការ​រឹតត្បិត​ការ​គំរាម​ការ​គាបសង្កត់​ទាក់​ទង​នឹង​​ការ​លើក​ស្លាក​ការ​ចុះ​ឈ្មោះ​ការ​អី​ហូរហែ​ជា​ដើម​ហ្នឹង​គឺ​ថា ​យើង​ឃើញ​មាន​ជា​បន្តបន្ទាប់។​ អានេះ​ហើយ​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​អំពី​ការ​អនុវត្ត​ជាក់​ស្ដែង យើង​កុំ​គ្រាន់​តែ​នៅ​ខាង​លើ​ហើយ ​យើង​ចេះ​តែ​និយាយ​ថា ​វា​អត់​មាន​ទេ ​យក​លេស​នេះ​លេស​នោះ​។​ ពេល​នេះ​ហើយ​គួរតែ​​ទទួល​យក​ការ​ពិត​ទាំង​អស់​គ្នា​ដើម្បី​ដោះស្រាយ​ទាំង​អស់​គ្នា​ជៀសវាង​កុំ​ឱ្យ​យើង​អត់​ទទួល​ស្គាល់​ការពិត​ យើង​ចេះ​តែ​លើក​ដាក់​ថា​ អ្នក​នេះ​យក​លេស​ចេះ​អ្នក​នេះ​យក​លេស​ចុះ​ខ្ញុំ​គិត​ថា​ អាហ្នឹង​មិន​ជា​រឿង​ល្អ​ទេ »

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥​ ខែ​មីថុនា​​ ដោយ​មាន​​គណបក្ស​នយោបាយ​ចំនួន ១៧ ​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​​។ ក្នុង​ចំណោម​​នោះ​ ​មាន​គណបក្ស​តែ​២ប៉ុណ្ណោះ ​​ដែល​បាន​ដាក់​បេក្ខជន​ប្រដំប្រសង​គ្នា​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​បាន​​ដាក់​បេក្ខជន​គ្រប់ ១០០​ភាគរយ ​​​និង​គណបក្ស​ភ្លើងទៀន បាន​ដាក់​បេក្ខជន​ជិត​គ្រប់​១០០ ​រយ​ភាគ ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​ជាង​១ពាន់៦រយ​​ (១.៦៥២)​ឃុំ-សង្កាត់​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។