សាច់ញាតិ​លោក ចៅ វាសនា ប្ដឹង​ទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​ទៅ​សាលាឧទ្ធរណ៍

0:00 / 0:00

សាច់ញាតិ​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត​ លោក​ ចៅ វាសនា​ ប្ដឹង​ទាស់​នឹង​ការ​សម្រេច​​របស់​​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ដែល​​កាត់​ក្ដី​ឱ្យ​លោក​ជាប់​ពន្ធនាគារ ៣ឆ្នាំ​ទៅ​សាលាឧទ្ធរណ៍។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​សាលក្រម​​លោក​ចៅ​ វាសនា​ជា​រឿង​អយុត្តិធម៌​​។

កូន​ស្រី​របស់​​លោក​ ចៅ វាសនា គឺ​អ្នក​ស្រី​ ចៅ​ រតនៈ​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ​ថា​ ឪពុក​របស់​អ្នក​ស្រី​បាន​ផ្ដិត​មេដៃ​​លើ​ឯកសារ​ពឹង​ឱ្យ​មេធាវី​ប្ដឹង​​ទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​​ទៅ​សាលាឧទ្ធរណ៍​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​៧​កុម្ភៈ​។​អ្នក​ស្រី​ បញ្ជាក់​ថា ការ​ប្ដឹង​នេះ​​​មិន​រំពឹង​ទទួល​បាន​ជោគជ័យ​នោះ​ទេ​ ក៏ប៉ុន្តែ​ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​​របស់​លោក ចៅ វាសនា ឱ្យ​សាធារណៈ​ជន​ដឹង​ថា ​​ក្ដី​ក្ដាំ​នេះ​​ជា​រឿង​អយុត្តិធម៌​និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

អ្នក​ស្រី ចៅ រតនៈ៖ «ខ្ញុំ​ដឹង​ទឹក​ចិត្ត​ពលរដ្ឋ​ទាំង​អស់​គាត់​អង្វរ​ខ្ញុំ ឃើញ​ខ្ញុំ​ឡើង​ភ្នំពេញ​ញឹកញាប់​គាត់​អាណិត​ខ្ញុំ​ខ្ញុំ​ពន្យល់​ប្រាប់​គាត់​ថា ខ្ញុំ​ចង់​បង្ហាញ​ហើយ​បង្ហាញ​ទៀត​ឱ្យ​មហាជន​ទាំង​អស់​គ្នា​ថា តុលាការ​អត់​បាន​រក​យុត្តិធម៌​ជូន​អ្នក​ជាប់​ឃុំ ដែល​​រង​អំពើ​អយុត្តិធម៌​នេះ​មិន​មែន​តែ​សកម្មជន​គណបក្ស​ប្រឆាំង​ទេ ថ្ងៃ​ខាង​មុខ​នឹង​ប៉ះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បើ​សិន​ជា​តុលាការ​អត់​ឯករាជ្យ»។

ការ​ប្ដឹង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា ដោយ​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦លាន​រៀល ហើយ​សង​សំណង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៨០លាន​រៀល ឬ​ប្រមាណ ២ម៉ឺន​ដុល្លារ។ សាលក្រម​នេះ ក៏​បាន​ដក​ហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​របស់​លោក ចៅ វាសនា រយៈ​ពេល ៥ឆ្នាំ​ផង​ដែរ។

ជុំវិញ​រឿង​នេះ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ប្ដឹង​ទាស់​​ជា​សិទ្ធិ​របស់​​លោក​ចៅ វាសនា ក៏​ប៉ុន្តែ​លោក​មិន​រំពឹង​ថា តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​នឹង​ផ្ដល់​យុត្តិធម៌​តាម​ចង់​បាន​របស់​ជនជាប់ចោទ​នោះ​ទេ។

លោក អំ សំអាត៖ «អីចឹង​រឿង​ទាំង​អស់​នេះ​យើង​ឃើញ​ថា​ពី​មុនៗ កន្លង​មក​នឹង​គឺ​នៅ​ពេល​មាន​ការ​ចាប់​ជា​ក្រុម​អីចឹង​ទៅ​ហើយ​មាន​ការ​ចរចា​ផ្នែក​នយោបាយ ឬ​ក៏​អ្នក​នយោបាយ​គាត់​ចរចា​គ្នា​ទៅ​មាន​ការ​ដោះលែង ឬ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​អីចឹង​ទៅ។ តែ​ក្រោយៗ មក​យើង​ឃើញ​ថា​សកម្មជន​ទាំង​អស់​ហ្នឹង​នៅ​ពេល​មាន​ការ​ចាប់​ខ្លួន​ហើយ​អា​ហ្នឹង​តុលាការ​តែង​តែ​កាត់​ទោស​អនុវត្ត​តាម​នីតិវិធី​ហើយ​តែង​តែ​មាន​ការ​សម្រេច​ឱ្យ​មាន​ទោស»។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​ កាល​​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ កន្លង​ទៅ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ពាក់ព័ន្ធ​នឹង​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹក​ឆ្នោត តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ កាល​ពី​ខែកក្កដា ឆ្នាំ២០២៣។ ប៉ុន្តែ លោក ចៅ វាសនា បាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​នេះ។ អាជ្ញាធរ​បាន​បញ្ជូន​លោក ចៅ វាសនា ទៅ​ឃុំ​ខ្លួន នៅ​​ពន្ធនាគារ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ២០២៣។

លោក ចៅ វាសនា ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ ពី​បទ​ញុះញង់ និង​បាន​ចេញ​ពី​ពន្ធនាគារ​វិញ កាល​ពី​ដើម​ឆ្នាំ២០២២ បន្ទាប់​ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន ​រយៈ​ពេល ៥ឆ្នាំ​ពេញ ក្នុង​ពន្ធនាគារ។

កន្លង​ទៅ ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​​រឿង​ក្ដីក្ដាំ​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក​ ចៅ វាសនា​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥតលក្ខខ័ណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។