ប្រទេសចិនផ្ដល់ជំនួយយោធាប្រមាណ ៩០លានដុល្លារបន្ថែមទៀតដល់របបក្រុងភ្នំពេញ
2019.04.29
ប្រទេសចិនបានសម្រេចផ្ដល់ជំនួយជាទឹកប្រាក់ជាង ៦០០លានយ័ន ឬស្មើនឹងប្រមាណ ៩០លានដុល្លារអាមេរិក បន្ថែមទៀតដល់របបក្រុងភ្នំពេញ សម្រាប់វិស័យការពារជាតិ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសរសើរ និងបង្ហាញជំហរគាំទ្រខ្លាំងចំពោះ “គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” របស់ចិន។
នេះបើតាមការអះអាងរបស់មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៩ មេសា បន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោក ហ៊ុន សែន បានចាត់ទុក មហាអំណាចកុម្មុយនិស្តមួយនេះថា ជាមិត្តដែកថែបរបស់កម្ពុជា ហើយលោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំចិនផងដែរ ដែលបានសន្យាជួយរបបរបស់លោកគ្រប់បញ្ហាទាំងអស់ រួមទាំងរឿង EBA ផងដែរ។
ក្នុងរយៈពេលមិនដល់មួយឆ្នាំផង របបក្រុងប៉េកាំងបានសន្យាផ្ដល់ជំនួយជិត ៨រយលានដុល្លារ (៨០០) រួចទៅហើយដល់របបលោក ហ៊ុន សែន។ កាលពីពាក់កណ្ដាលឆ្នាំ ២០១៨ កន្លងទៅ ចិនបានផ្ដល់ជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក ដល់វិស័យយោធាកម្ពុជា។ បន្ទាប់មក នៅចុងខែមករា ឆ្នាំ២០១៩ មហាអំណាចចិនក៏បានសន្យាផ្ដល់ជំនួយឥតសំណងជិត ៦០០លានដុល្លារអាមេរិក បន្ថែមទៀត ដល់របបក្រុងភ្នំពេញ សម្រាប់គម្រោងអភិវឌ្ឍរយៈពេល ៣ ឆ្នាំ។
ស្របពេលដែលជំនួយរបស់ចិនធ្លាក់មកជាបន្តបន្ទាប់ បំណុលដែលកម្ពុជាជំពាក់ចិនក៏បានកើនឡើងជាគំហុកផងដែរ។ បច្ចុប្បន្ននេះ កម្ពុជាជំពាក់បំណុលចិនជាង ៤ពាន់លានដុល្លារអាមេរិក ឬស្មើនឹងជាង ២០% នៃផលិតផលក្នុងស្រុក (GDP) របស់កម្ពុជា ឬអាចនិយាយមួយបែបទៀតថា ចិនបានកាន់កាប់ចំណែកបំណុលកម្ពុជាដល់ទៅជាង ៤២% នៃទំហំបំណុលសរុបដែលកម្ពុជាជំពាក់បរទេស ជាង ១១ពាន់លានដុល្លារអាមេរិក។
អ្នកជំនាញជាតិ និងអន្តរជាតិយល់ឃើញស្របគ្នាថា ចិនកំពុងប្រើប្រាស់លុយជំនួយ និងកម្ចីទាំងនេះ ជាអន្ទាក់បំណុល ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។