ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល រិះគន់មេបក្សកាន់អំណាចលោក ហ៊ុន សែន ថា ឆ្លៀតឱកាស ពេលចែកអំណោយ ជនរងគ្រោះទឹកជំនន់ ឃោសនានយោបាយ។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន សែន បានផ្តាំឱ្យពលរដ្ឋកុំភ្លេច បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ក្រុមយុវជន និងមន្ត្រីសង្គមស៊ីវិល មិនចង់ឃើញ អ្នកនយោបាយកាន់អំណាច យកតួនាទីជាមន្ត្រីរាជការសាធារណៈ និងធនធានរបស់រដ្ឋ បម្រើឱ្យគណបក្សនយោបាយណាមួយនោះទេ ព្រោះទង្វើនេះ ប្រាសចាកពីក្របខណ្ឌច្បាប់ និងបំពានធនធានរបស់រដ្ឋ។
កាលពីថ្ងៃទី ២៤ ខែតុលា លោកហ៊ុន សែន បានចុះចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ហើយលោក បានផ្ដាំឱ្យពលរដ្ឋកុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន បានថ្លែងនៅចំពោះមុខពលរដ្ឋថា មានតែគណបក្សប្រជាជនកម្ពុជាទេ តែងតែរួមសុខទុក្ខជាមួយប្រជាជន និងមិនរត់ចោលពលរដ្ឋឡើយ៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រជាជន ក្នុងខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក៏ដូចជាគាំទ្រដល់ការដឹកនាំរបស់ខ្ញុំ ។ ២០២៣ ប្រជាពលរដ្ឋរបស់យើង នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនរបស់យើងបន្តទៀត ដើម្បីយើងអាចរួមសុខទុក្ខជាមួយគ្នា។ ប្រជាជនផ្តល់ជំនឿទុកចិត្តចំពោះគណបក្សប្រជាជន ផ្តល់ជំនឿចំពោះខ្ញុំ ដូច្នេះខ្ញុំក៏មិនធ្វើឱ្យប្រជាជនខកចិត្តនោះទេ»។
ទាក់ទងបញ្ហានេះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ចាត់ទុកការលើកឡើងនេះថា ពុំមែនជាការប្រកួតប្រជែងដោយតម្លាភាព គ្រប់គណបក្សនយោបាយនោះទេ ព្រោះការឃោសនាបោះឆ្នោត ក្នុងពេលពលរដ្ឋជួបគ្រោះទុរភិរក្ស គឺជារឿងមិនសមទំនងទាល់តែសោះ។ លោកថា មេដឹកនាំប្រទេសមានតួនាទីសំខាន់ណាស់ ទទួលខុសត្រូវចំពោះសុខទុក្ខពលរដ្ឋ និងផ្តល់ស្បៀងបឋម ចែកជូនពលរដ្ឋដែលកំពុងជួបគ្រោះទឹកជំនន់ មិនគួរថ្លែងសារនយោបាយ វាយប្រហារ និងបន្ទោសបង្អាប់គណបក្សដទៃនោះទេ៖ «ទោះបីជាពលរដ្ឋឋិតក្នុងស្ថានភាពបែបហ្នឹងក៏ដោយ ក៏អ្នកនយោបាយនៅតែឆ្លៀតឱកាស ដើម្បីវាយប្រហារដៃគូរបស់ខ្លួនដដែល។ ខ្ញុំគិតថា មិនមែនគាត់ចង់ស្តាប់អ្នកនយោបាយ និយាយវាយប្រហារដៃគូរបស់ខ្លួនដដែលៗទេ។ អ្វីដែលគាត់ចង់ស្តាប់ តើអ្នកដឹកនាំ មានគោលនយោបាយ ហើយដាក់ចេញផែនការសកម្មភាពបែបម៉េច ? បន្ទាប់ពីទឹកស្រក »។
ចំណែក អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស យល់ថា ការយកធនធានរបស់រដ្ឋ ទៅបម្រើឱ្យគណបក្សនយោបាយណាមួយ គឺជាទង្វើមិនត្រឹមត្រូវតាមច្បាប់នោះទេ។ លោកថា ការឃោសនាបោះឆ្នោត ឋិតក្រោមការគ្រប់គ្រងរបស់ គ.ជ.ប (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត) ដែលកំណត់រយៈពេលខ្លីមួយ អនុញ្ញាតឱ្យគ្រប់គណបក្សនយោបាយ អាចឃោសនាបោះឆ្នោតបាន តែក្នុងពេលកៀកថ្ងៃបោះឆ្នោតតែប៉ុណ្ណោះ៖ «ប្រាប់ពលរដ្ឋឱ្យគាំទ្រខ្លួន ទៅបោះឆ្នោតឱ្យខ្លួន អាហ្នឹងជាការឃោសនាហើយ តើដំណើការគាត់ទៅ ក្នុងនាមអ្វី ? ក្នុងនាមជាមន្ត្រីនយោបាយ ក្នុងនាមជារដ្ឋាភិបាល ឬក៏ក្នុងនាមបក្ស ? បើគាត់ទៅក្នុងនាមបក្ស ហើយគាត់យកសម្ភារៈទាំងអស់ហ្នឹងរបស់បក្ស ? ទៅចែក អាហ្នឹងមិនមានអ្វីហាមឃាត់។ ប៉ុន្តែរឿងសំខាន់ ការប្រើប្រាស់ធនធានរដ្ឋ បម្រើគណបក្សនយោបាយ គឺអត់ត្រឹមត្រូវ »។
ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ មាត្រា ៨០ និងមាត្រា ៧២ ចែងថា ហាមប្រើប្រាស់ថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត ឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។ រីឯការឃោសនាបោះឆ្នោត មានរយៈពេល ២១ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាបោះឆ្នោត ត្រូវចប់ ២៤ម៉ោង មុនពេលថ្ងៃបោះឆ្នោត។
ចំណែកច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក មាត្រា ៤៤ និង មាត្រា ៨៣ ចែងថា ការឃោសនាបោះឆ្នោតត្រូវធ្វើឡើងតាម មណ្ឌលរាជធានីខេត្ត/ក្រុង នីមួយៗ។ ការឃោសនាបោះឆ្នោតធ្វើឡើង រយៈពេល ៨ថ្ងៃ ហើយគ្រប់ការឃោសនាបោះឆ្នោត ត្រូវបញ្ចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត ហើយ គ.ជ. ប ត្រូវព្រមានជាលាយលក្ខណ៍អក្សរចំពោះគណបក្សនយោបាយណា ដែលមិនបានអនុវត្តត្រឹមត្រូវតាមច្បាប់នេះ។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី ២៧ តុលា។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត មានសង្ឃឹមតិចតណាស់ថា គ.ជ.ប អាចនឹងដោះស្រាយបញ្ហានេះ ដោយយុត្តិធម៌ និងតម្លាភាព ព្រោះស្ថាប័នជាតិមួយនេះ រងការរិះគន់ថា ឋិតក្រោមអំណាចរបស់គណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។