មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​​ព្យួរ​សិទ្ធិ​បោះឆ្នោត​មន្ត្រី​ គ.ជ.ប​ ៩រូប​​ នឹង​គ្មាន​ប្រសិទ្ធ​ភាព​ដល់​ការ​បោះឆ្នោត​

ដោយ យ៉ង ចាន់តារា
2022.05.31
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​​ព្យួរ​សិទ្ធិ​បោះឆ្នោត​មន្ត្រី​ គ.ជ.ប​ ៩រូប​​ នឹង​គ្មាន​ប្រសិទ្ធ​ភាព​ដល់​ការ​បោះឆ្នោត​ លោក ហង្ស ពុទ្ធា (រាប់ពីស្តាំនៅលេខរៀងទី៤) សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីសភាពការណ៍ទូទៅជុំវិញដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។
រូប៖ ហ្វេសប៊ុកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ​ការ​សម្រេច​ព្យួរ​សិទ្ធិ​បោះឆ្នោត ​របស់​មន្ត្រី​ជាន់​ខ្ពស់​ គ..ប​ ៩រូប ​នឹង​គ្មាន​ឥទ្ធិពល​ជា​វិជ្ជមាន ​សម្រាប់​ការ​អនុវត្ត​ជាទូទៅ​ក្នុង​ដំណើរការ​រៀប​ចំការ​បោះឆ្នោត​ឃុំ/សង្កាត់​ឱ្យ​មាន​ភាព​សុក្រឹត​និង​យុត្តិធម៌​នោះ​ឡើយ​។ ​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ គ..ប​ អះអាង​ថា​ ការ​ព្យួរ​សិទ្ធិ​នេះ ​ដើម្បី​បង្ហាញ​ជំហរ​អព្យាក្រឹត្យ ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ​និង ​ច្បាប់​បោះឆ្នោត​។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​កិច្ចការ​បោះឆ្នោត និង​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការសម្រេច​ព្យួរ​សិទ្ធិ​បោះឆ្នោត​មន្ត្រី​ជាន់​ខ្ពស់​គជប ​៩​រូប មិនមែន​បាន​សេចក្ដី​ថា គជបអនុវត្ត​ការងារ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​នោះ​ទេ។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​ នៃ​អង្គការ​ខុមហ្រ្វែល លោក កន សាវាង្ស​ ចាត់​ទុក​សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ​ថា ​ពុំ​មាន​ឥទ្ធិពល​ជា​ដុំកំភួន​ ដល់​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ជា​ទូទៅ ​ឱ្យ​មាន​ភាព​សុក្រឹត និង​យុត្តិធម៌​នោះ​ទេ​ ព្រោះករណីនេះ​មាន​ចែង​ ក្នុង​ច្បាប់ស្តី​ពីការ​បោះឆ្នោត​រួចជា​ស្រេច​ហើយ​៖«វា​មិនមាន​ឥទ្ធិពល​ធំ​ដុំ​ទេ​ វា​គ្រាន់​តែ​បង្ហាញ​ថា ​បុគ្គល​ហ្នឹង​មាន​ ភាព​ឯករាជ ​និង​អព្យាក្រឹត្យ​ ថ្នាក់​ដឹក​នាំ​ជំហរ​កណ្តាល ​មិន​លម្អៀង​គណបក្ស​នយោបាយ​ណាមួយ ​តាម​រយៈ​បោះ​ឆ្នោត​គណបក្ស​នយោបាយ​ណាមួយ​»

កាល​ពី​ថ្ងៃ​ទី២៣ ​ឧសភា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ​ស្ដីពី​ការ​ព្យួរ​ឈ្មោះ​បណ្ដោះ​អាសន្ន ​លើ​មន្ត្រី​គជប ​៩​រូប​។ មន្ត្រី​ជាន់​ខ្ពស់​គជប​ទាំង​នោះ​រួមមាន ​លោក ​ប្រាជ្ញ ចន្ទ លោក នុត សុខុម លោក មាន សទិ លោក ហង្ស ពុទ្ធា និង​មនុស្ស​មួយ​ចំនួន​ទៀត​។

ឆ្លើយ​តប​រឿង​នេះ ​អ្នកនាំ​ពាក្យ​គជប​ លោក ​ហង្ស ពុទ្ធា ​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ គោល​បំណង​នៃ​សេចក្តី​ជូន​ដំណឹង​នេះ ​ដើម្បី​បង្ហាញ​ពី​តម្លាភាព​ថា ​ពួក​លោក​ឋិត​ក្នុង​ក្រុម​ការងារ​មួយ ​រៀប​ចំ​ការ​បោះឆ្នោត ​ធ្វើ​ឡើង​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ ​និង​ច្បាប់​បោះឆ្នោត​។ ​លោក​អះអាង​ថា​ សេចក្តី​ជូន​ដំណឹង​នេះ ​ដើម្បី​បង្ហាញ​ប្រាប់​សាធារណជន​ថា​ គ.ជ.ប ​មាន​ជំហរ​អព្យាក្រឹត្យ​ ក្នុង​ដំណើរការ​ប្រតិបត្តិ​ការងារ​របស់​ខ្លួន​៖ «នេះ​ដើម្បី​បង្ហាញ​តម្លាភាព​មួយ​បញ្ជាក់​ថា ​យើង​ខ្ញុំ​ឋិត​ក្នុង​ក្រុម​ការងារ​មួយ​ចង្អុល​បង្ហាញ​ដោយ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​បោះឆ្នោត​ថា ​យើង​ខ្ញុំ​អព្យាក្រឹត្យ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន»

ជុំវិញ​រឿង​នេះ​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ​នៃ​គណបក្ស​យុវជន​កម្ពុជា​ លោក ​ឯម សុខសុវណ្ណ ​យល់​ថា ​បញ្ហា​នេះ​ជាផ្នែក​តូច​មួយ ​ក្នុង​ចំណោម​រឿង​ជា​ច្រើន​ទៀត ​ដែល​គជប​ ត្រូវ​បង្ហាញ​ជំហរ​អព្យាក្រឹត្យ ​តម្លាភាព ​និង​យុត្តិធម៌​។ ​លោក​បន្ត​ថា ​បំណង​របស់​គណបក្ស​យុវជន​កម្ពុជា​ ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​ធ្វើ​ឡើង​ត្រឹមត្រូវ ​ស្រប​តាម​ច្បាប់ ​ដើម្បី​ឱ្យ​ពលរដ្ឋ​ និង​គ្រប់​គណបក្ស​នយោបាយ​មាន​ទំនុកចិត្ត ​មិន​ចង់​ឱ្យ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​នោះ​ទេ​៖ «ឱ្យ​គជប ​អព្យាក្រឹត្យ​ត្រឹម​ប៉ុណ្ណឹង​ទេ ​វា​អព្យាក្រឹត្យ​ទាំង​អស់ ​មិន​ត្រឹម​តែ ​៩​នាក់​ព្យួរ​ពី ​កុំ​ឱ្យ​គាត់​បោះឆ្នោត​ហើយ ​រឿង​អី​ផ្សេង​ទៀត ​បោះឆ្នោត​ធ្វើ​អ្វី​មួយ​មិន​ប្រក្រតី​ អាហ្នឹង​គឺ​ជា​ការ​បោះឆ្នោត​មួយ ​ដែល​មិន​អាច​ទទួល​យក​បាន»

ទោះ​ជា​យ៉ាង​ណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក ​ស៊ឹង សែន​ករុណា​ ​មាន​ប្រសាសន៍​ថា ​សេចក្តី​ជូន​ដំណឹង​នេះ​គ្រាន់តែ ​ដើម្បី​បញ្ជាក់​ពី​សមាសភាព ​គជប​ ដែល​កំពុង​បំពេញ​តួនាទី ​និង​ភារកិច្ច​ បម្រើ​ឱ្យ​ការ​បោះឆ្នោត ​ប្រាប់​មហាជន​តែ​ប៉ុណ្ណោះ។​ លោក​យល់ថា ​រឿង​សំខាន់​​គឺ ការ​អនុវត្ត​ជាក់ស្តែង ​ថា​តើ​ គ.ជ.ប ​បំពេញ​តួនាទី ​និង​ភារកិច្ច ​អព្យាក្រឹត្យ ​យុត្តិធម៌​ និង​មាន​តម្លាភាព​ បាន​កម្រិត​ណា?

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា​ខាងមុខ​។ ក្នុង​នោះ​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចូល​ប្រកួតប្រជែង​ដណ្ដើម​យក​អាសនៈ​សមាជិក ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មាន​ចំនួន​ជាង ១​ម៉ឺន (១១.៦២២) អាសនៈ ហើយ​ប្រជា​ពលរដ្ឋ​ជាង ៩​លាន​ ២​សែន​នាក់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។