គណបក្សភ្លើងទៀនបានជួបជុំរៀបចំពិធីរំឭកព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ឆ្នាំ២០២៤ ជាថ្ងៃខួបទី៤៩ឆ្នាំ នៃការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ និងការកកើតឡើងនូវរបបខ្មែរក្រហមបណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់ជិត ២លាននាក់។ ពួកគេអំពាវនាវដល់អ្នកនយោបាយទាំងអស់ដកស្រង់រឿងនេះធ្វើជាមេរៀនសម្រាប់ខ្មែរត្រូវរួបរួមសាមគ្គីគ្នា ដើម្បីផលប្រផលប្រយោជន៍ជាតិ និងទប់ស្កាត់កុំឱ្យកើតឡើងម្តងទៀត។
ថ្នាក់ដឹកនាំ និងសមាជិកគណបក្សភ្លើងទៀនប្រមាណ១០០នាក់ នៅថ្ងៃទី១៧ ខែមេសា បាននិមន្តព្រះសង្ឃធ្វើពិធីបង្សុកូលរាប់បាត្រ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមកាល ៤៩ឆ្នាំមុន នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរមន្ត្រីគណបក្សនេះក៏បានរំឭកពីព្រឹត្តិការណ៍នោះ ព្រមទាំងថ្លែងសារនយោបាយទៅកាន់អ្នកចូលរួមក្នុងកម្មវិធីផងដែរ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ថ្លែងថា របបខ្មែរក្រហមជារបបកាប់សម្លាប់ពលរដ្ឋខ្មែរគ្នាឯងគួរស្អប់ខ្ពើមដោយសារតែមនោគមបរទេស ការប្រជែងអំណាចរវាងអ្នកនយោបាយខ្មែរ និងការបែកបាក់សាមគ្គីជាតិជាដើម។ លោកបញ្ជាក់ថា មូលហេតុដែលគណបក្សប្រឆាំងរៀបចំពិធីរំឭកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់មួយនេះឡើង ក្នុងបំណងចង់បង្ហាញពីមេរៀនមួយដែលខ្មែរត្រូវរៀនសូត្រ និងចងចាំដើម្បីកុំឱ្យអ្នកនយោបាយដើរជាន់ដានរបបកាប់សម្លាប់ និងធ្វើបាបពលរដ្ឋខ្មែរឱ្យរងទុក្ខវេទនាទៀត។
លោក លី សុធារ៉ាយុទ្ធ៖ «ថ្វីត្បិត៤៩ឆ្នាំកន្លងផុតទៅ ប៉ុន្តែទង្វើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅតែដកក្នុងចិត្តរបស់ពលរដ្ឋ និងចងចាំជានិច្ច ហើយយើងទាំងអស់គ្នាស្អប់ខ្ពើម និងថ្កោលទោសចំពោះរបបប្រល័យពូជសាសន៍នេះ។ ខ្ញុំសូមអំពាវនាវដល់មេដឹកនាំ និងអ្នកនយោបាយនាពេលបច្ចុប្បន្ននេះសូមបំភ្លេចចោលនូវទំព័រចាស់ ហើយចាប់យកទំព័រថ្មីដោយស្ដារឡើងវិញនូវវប្បធម៌ជជែកគ្នាត្រង់ៗដើម្បីបញ្ចប់អរិយភាពនយោបាយដែលបច្ច័យអាក្រក់នាំឱ្យបែកបាក់សង្គមជាតិ ហើយដោះស្រាយបញ្ហាទាំងនោះឈរលើផលប្រយោជន៍ជាតិជាធំ»។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គឺជាខួប៤៩ ដែលកងទ័ពខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញឡើងកាន់អំណាច។ ចាប់តាំងពីកងទ័ពខ្មែរក្រហមចូលកាន់កាប់អំណាចជិត ៤ឆ្នាំ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មក យ៉ាងហោចណាស់មានពលរដ្ឋខ្មែរជិតពីរលាននាក់បាត់បង់ជីវិតដោយសារការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំធ្វើការងារហួសកម្លាំង ការបង្អត់អាហារជំងឺ និងអំពើអមនុស្សធម៌ផ្សេងទៀត។
ទាក់ទងរឿងនេះ អតីតជនរងគ្រោះ និងបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាលោក សេង ម៉ារឌី ថ្លែងប្រាប់អ្នកចូលរួមរំឭកខួបនេះថា លោកនៅចងចាំកងទ័ពខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញ កាលថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលកាលនោះលោកមានវ័យ ១៣ឆ្នាំរស់នៅផ្ទះល្វែងមួយទល់មុខវត្តកោះ គឺនៅព្រឹកឡើងនៅថ្ងៃនោះមនុស្សម្នាមានទឹកមុខសប្បាយរីករាយដោយគិតថា ប្រទេសកម្ពុជានឹងមានសន្តិភាព។ លោកបន្តថា ក្រោយចូលក្រុងភ្នំពេញមិនទាន់ស្រួលបួលផង កងទ័ពខ្មែរក្រហមចាប់ផ្តើមបណ្តេញពលរដ្ឋចេញពីទីក្រុង ហើយគ្រួសាររបស់លោកជម្លៀសទៅខេត្តស្វាយរៀង។ លោកឱ្យដឹងថា រឿងដែលអាក្រក់បំផុតនោះម្តាយរបស់លោកត្រូវខ្មែរក្រហមវាយសម្លាប់ចោលកូន ៥នាក់។
លោក សេង ម៉ារឌី បញ្ជាក់ថា លោកមិនអាចបំភ្លេចបាននូវទុក្ខវេទនា និងការរស់នៅបែកបាក់គ្រួសារក្រោមរបបខ្មែរក្រហមបាននោះទេ ហើយលោកនៅតែឈឺចាប់មកដល់ពេលបច្ចុប្បន្ន ដោយសារប្អូនស្រីរបស់លោកគឺកញ្ញា សេង ធារី បន្តជាប់គុកដោយអយុត្តិធម៌។ លោកប្ដេជ្ញាតស៊ូធ្វើយ៉ាងណាឱ្យកម្ពុជាមានសន្តិភាពពិតប្រាកដ ហើយស្នើដល់អ្នកកាន់អំណាចគួរបើកឱកាសខ្មែរគ្រប់និន្នាការប្រើប្រាស់សិទ្ធិក្នុងការចូលរួមកសាងជាតិទាំងអស់គ្នា។
លោក សេង ម៉ារឌី៖ «របបកាប់សម្លាប់នេះធ្វើឱ្យអាណិតអាសូរដល់ប្រទេសជាតិ ពូជសាសន៍យើងដែលឆ្លងកាត់កាលៈទេសៈមួយហ្នឹងមិនអាចបំភ្លេចបានឡើយ ឥឡូវនេះប្អូនខ្ញុំមួយគឺ សេង ធារី កំពុងនៅព្រៃស ដោយ៤៩ឆ្នាំមុនគាត់នៅក្នុងគុក ដល់ឡូវគាត់នៅក្នុងគុកដដែល(គាត់នៅក្នុងគុកជិត២ឆ្នាំហើយ)ខ្ញុំមានការឈឺចាប់មិនមែនអត់ឈឺចាប់នោះទេ ប៉ុន្តែយើងនៅតែតស៊ូធ្វើការជាមួយខ្មែរគ្រប់គ្នាដើម្បីកសាងប្រទេសយើងឱ្យមានសន្តិភាពពិតប្រាកដ»។
ចំណែកអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានបង្ហោះសារនយោបាយនៅលើហ្វេសប៊ុករំឭកខួប៤៩ឆ្នាំដែលលោកពិការភ្នែកម្ខាងដោយសារសង្គ្រាម ហើយលោកឱ្យពលរដ្ឋរំឭកដឹងគុណដល់លោកដែលបានបញ្ចប់សង្គ្រាមនូវមកនូវសន្តិភាព និងឯកភាពជាតិ ឯកភាពទឹកដី ដូច្នេះលោកប្ដេជ្ញា ការពារសន្តិភាពឱ្យបានជាដាច់ខាត។ ទន្ទឹមនឹងខួប ៤៩ឆ្នាំនៃរបបខ្មែរក្រហមគ្រប់គ្រងអំណាចនៅកម្ពុជានៅថ្ងៃទី១៧ ខែមេសា លោក ហ៊ុន សែន បានបញ្ចេញសារសំឡេងមួយដោយលោកបន្តប្រកាសចងគំនុំ និងតាមកម្ចាត់មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ឱ្យខាងតែបាន។
ប្រតិកម្មរបស់មេដឹកនាំគណបក្សកាន់អំណាចរូបនេះទំនងខឹងសម្បារ ក្រោយពេលដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី នៅថ្ងៃទី១៧ ខែមេសា បង្ហោះសារនៅលើហ្វេសប៊ុកចោទថា លោក ហ៊ុន សែន ជាមនុស្សស្មោះត្រង់បម្រើ ប៉ុល ពត រយៈពេលជិត៣ឆ្នាំ គឺចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៧ ហើយពួកគេមានបាតដៃប្រឡាក់ឈាមដូចគ្នា។ លោក សម រង្ស៊ី បន្តចោទថា លោក ហ៊ុន សែន បានកាត់ទឹកដីខ្មែរឱ្យទៅបរទេស បម្រើបរទេសដើម្បីបំផ្លាញជាតិខ្លួនឯង។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងអ្នកធ្លាប់រងគ្រោះក្នុងរបបខ្មែរក្រហមមើលឃើញថាទោះបីព្រឹត្តិការណ៍នោះកន្លងផុតទៅអស់រយៈពេលជិត ៥០ឆ្នាំហើយក្តី តែមនោគមវិជ្ជាកុម្មុយនិស្តតាមកម្ចាត់នាំឱ្យពលរដ្ឋឈឺចាប់នៅតែកើតឡើងក្នុងប្រទេសកម្ពុជាមកទល់បច្ចុប្បន្ន។ ពួកគេថាកំហុសធំបំផុតនោះដោយសារអ្នកកាន់អំណាចមិនបានយករឿងរ៉ាវប្រវត្តិសាស្ត្រដ៏ឈឺចាប់នោះទៅកែលម្អដើម្បីឱ្យពលរដ្ឋខ្មែរគ្រប់រូបអាចរស់នៅសង្គមមួយដោយគ្មានការគុំគួនសងសឹកគ្នា។
ជាឧទាហរណ៍ចាប់តាំងពីកងទ័ពខ្មែរក្រហមដួលរលំមក អំពើកាប់សម្លាប់ និងធ្វើបាបមនុស្សស្លូតត្រង់កើតឡើងជាបន្តបន្ទាប់ មានដូចជាសម័យផែនការ "ក៥" នៅឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨បានសម្លាប់ខ្មែររាប់ម៉ឺននាក់ រដ្ឋប្រហារដណ្ដើមអំណាចពីសម្តេចក្រុមព្រះនៅឆ្នាំ១៩៩៧ បណ្តាលឱ្យទាហាន និងមន្ត្រីយោធានៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចរាប់សិបនាក់ត្រូវបានចាញ់សម្លាប់ក្រៅច្បាប់ជាដើម។
ជាមួយគ្នានេះអ្នកឃ្លាំងលើកឡើងថា ចាប់តាំងពីលោក ហ៊ុន សែន កាន់អំណាចដោយធ្វើរដ្ឋប្រហារ រំលោភរដ្ឋធម្មនុញ្ញ ការបង្ក្រាបគូប្រកួតរបស់ខ្លួនដោយហិង្សា និងគ្មានការបោះឆ្នោតត្រឹមត្រូវមកដល់សព្វថ្ងៃនេះ ពលរដ្ឋខ្មែរភាគច្រើនរស់នៅមិនបានសុខនោះ ពីព្រោះលោក ហ៊ុន សែន កំពុងដឹកនាំកម្ពុជាក្លាយទៅជាប្រទេសដឹកនាំបែបផ្ដាច់ការ ក្ដោបក្ដាប់តពូជ។ ជាក់ស្តែងអ្នកមានលុយមានអំណាចរឹបអូសយកដីធ្លីផ្ទះសម្បែងរបស់ពលរដ្ឋស្លូតត្រង់ បង្កើតរឿងអយុត្តិធម៌ អំពើពុករលួយ ជាពិសេសតាមកម្ចាត់ក្រុមជំទាស់ដោយលាបពណ៌ ចោទប្រកាន់ចាប់ដាក់គុកជាដើម។
អ្នកជំនាញ និងពលរដ្ឋខ្មែរភាគច្រើនពួកគេចង់ឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការដោះស្រាយជម្លោះនយោបាយ និងប្ដេជ្ញាចិត្តរួមគ្នាកសាងជាតិ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍អន្តរជាតិសម្រាប់ការស្ថិរភាពប្រទេស ការពារប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
