សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​មិន​បាន​ទៅ​វត្ត​ដោយសារ​អត់​លុយ និង​អវត្តមាន​បង្គោល​គ្រួសារ

ដោយ យន់ សាមៀន
2019.09.21
ម៉ៃ ហុងស្រៀង ៦២២ ​​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង។
screenshot

សាច់ញាតិ​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខ្លះ ខក​ខាន​ទៅ​វត្ត​ដាក់​បិណ្ឌ ដោយសារ​អត់​លុយ និង​អវត្តមាន​បង្គោល​គ្រួសារ​។ សាច់ញាតិ​ទាំងនោះ ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ឱ្យ​មាន​សេរីភាព​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។

ប្រពន្ធ កូន បងប្អូន របស់​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ សុទ្ធតែ​សង្ឃឹម​ថា របប​ក្រុងភ្នំពេញ នឹង​ដោះលែង សកម្មជន​ទាំង​២៧​នាក់ ឱ្យ​មាន​សេរីភាព​ឡើងវិញ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

ភរិយា​របស់ លោក យ៉ាត ភារ​ម្យ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ គឺ​លោកស្រី មិន មុំ ប្រាប់​ថា លោកស្រី និង​កូនប្រុស​ទាំង​២ មិន​ទៅ​វត្ត​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ​ទេ ដោយសារ​អវត្តមាន​បង្គោល​គ្រួសារ គឺ​លោក យ៉ាត ភារម្យ។ លោកស្រី​ប្រាប់​ថា គ្មាន​អារម្មណ៍​ទៅ​វត្ត​ធ្វើបុណ្យ​ទេ ព្រោះ​​ប្ដី​កំពុង​ជាប់ឃុំ​ឃាំង៖ «ខ្ញុំ​អត់​បាន​ទៅ​វត្ត​ទេ ព្រោះថា ខ្ញុំ​អត់​សប្បាយចិត្ត​នឹង​ធ្វើ​បុណ្យ​ទេ គ្រួសារ​ខ្ញុំ​កំពុង​ជួប​ទុក្ខ​លំបាក អ៊ីចឹង។ ដូច​ប្ដី​ខ្ញុំ​រងគ្រោះ​ដោយ​អយុត្តិធម៌​អ៊ីចឹង ខ្ញុំ​ពិបាកចិត្ត​ណាស់​។ ខ្ញុំ​គ្មាន​អារម្មណ៍​នឹង​ទៅ​ធ្វើ​បុណ្យ​ទេ​។ ចង់​ឱ្យ​គេ​ដោះលែង​ប្ដី​ខ្ញុំ មក​ឱ្យ​ឆាប់ៗ ព្រោះ​គាត់​គ្មាន​កំហុស​អ្វី​ទេ​។ ទាល់តែ​ដោះលែង​ប្ដី​ខ្ញុំ បាន​ខ្ញុំ​មាន​អារម្មណ៍ ចិត្ត​ទៅ​ធ្វើ​បុណ្យ​ធ្វើ​ទាន ព្រោះ​ខ្ញុំ​ទៅ​ធ្វើ​បុណ្យ​អត់​សប្បាយចិត្ត​អ៊ីចឹង ខ្ញុំ​គ្មាន​អារម្មណ៍​ទៅ​ធ្វើ​បុណ្យ​ទេ»

លោកស្រី មិន មុំ ឱ្យ​ដឹង​ទៀត​ថា តាំងពី​ប្ដី ត្រូវ​បាន​ចាប់ខ្លួន​មក លោកស្រី ទើប​បាន​ជួប​មុខ​ប្ដី​ម្ដង​គត់ គឺ នៅ​ពេល​លោកស្រី រត់​តាម​ឡាន​អាជ្ញាធរ​ដឹក​ប្ដី ចេញពី​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ហើយ​មិន​ទាន់​បាន ជួប​មុខ​ប្ដី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ទេ ពីព្រោះ មន្ត្រី​ពន្ធនាគារ​មិនទាន់​អនុញ្ញាត​។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់​ខ្លួន​លោក កាលពី​ថ្ងៃ​ទី​១៣ កញ្ញា និង​ចោទ​ប្រកាន់​ពី​បទ ទៅ​ទទួល​យក​ផែនការ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​ផែនការ​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ ពី​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្រៅពី​លោក យ៉ាត ភារម្យ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ៥​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ដូចគ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី ១៣ និង​១៤ កញ្ញា។

ចំណែក​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត នៅ​ខេត្ត​កំពង់ធំ ក៏​ប្រាប់​ថា លោក​មិនបាន​ទៅ​វត្ត​ដែរ ដោយសារ​ឪពុក​ជា​ជន​បង្គោល​ក្នុង​គ្រួសារ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ធំ​។ បងប្រុស​របស់​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ឃុំ​បារាយ លោក ស៊ុន ប៊ុនថុន គឺ​លោក ស៊ុន ធន់ ឱ្យ​ដឹង​ថា កូនប្រុស​ស្រី ទាំង ​៣​នាក់ របស់​លោក ស៊ុន ប៊ុនថុន ក៏​គ្មាន​អារម្មណ៍​ទៅ​វត្ត​ធ្វើបុណ្យ​ដែរ នៅ​ពេល​ឪពុក​ពួកគេ​ជាប់ឃុំ​ដូច្នេះ​។ លោក ស៊ុន ធន់ ប្រាប់​ថា កុំថាឡើយ​ទៅ​វត្ត សូម្បី​ជួប​មុខ​ឪពុក​ក្នុង​ពន្ធនាគារ ក៏​ក្មួយ​ទាំង​៣​របស់​លោក មិន​ទាន់​បាន​ជួប​មុខ​ឪពុក​ពួកគេ​ដែរ៖ «កូន​តូច​ទី​៣ នៅផ្ទះ​។ ធម្មតា​នៅ​តូច​អ៊ីចឹង គាត់​ទៅ​វត្ត​តាម​គេ​ជិត​ផ្ទះ ញាតិសន្ដាន ក្បែរ​ខាង​ទៅ​។ ប៉ុន្តែ​កូន​បង​គេ ស្រី​ហ្នឹង ធ្វើ​កម្មករ​គេ​នៅ​បាវិត​នោះ មិនបាន​ទៅ​វត្ត​ទៅ​​អ្វី​​ទេ ព្រោះថា ខ្ញុំ​ទាក់ទង​ទៅ គឺថា ថ្ងៃ​ ២៦​ហ្នឹង បាន​ឈប់ បាន​មក​ផ្ទះ ភូមិ​ចាក់​ត្រឡោក​ហ្នឹង បាន​ទៅ​ជួប​ពុក​។ ខ្ញុំ​នឹង​នាំ​វា​ទៅ​ជួប​ឪពុក​នៅ​​ពន្ធនាគារ ព្រោះ​ថា គាត់​ផ្ដាំ​ឱ្យ​នាំទៅ​ជួប​គាត់​ផង​អ៊ីចឹង​ណា»

លោក ស៊ុន ប៊ុនថុន និង​សកម្មជន​បក្ស​ប្រឆាំង​២​នាក់​ទៀត នៅ​ខេត្ត​​​​​​​កំពង់ធំ គឺ​លោក នូ ភឿង និង​លោក រស់ គឹមស្រៀង ត្រូវ​ចាប់ខ្លួន​កាលពីដើម​ខែ​កញ្ញា និង​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កំពង់ធំ បង្គាប់​ឱ្យ​ឃុំខ្លួន ពាក់ព័ន្ធ​នឹង​បទ​ចែកចាយ​សារ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​របប​ក្រុង​ភ្នំពេញ។

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត នៅ​ខេត្ត​ព្រះសីហនុ ប្រាប់​ថា គ្រួសារ​អ្នកស្រី ទៅ​វត្ត​ធ្វើបុណ្យ​ដាក់​បិណ្ឌ​ទាំង​សោះកក្រោះ​នៅ​ឆ្នាំនេះ ដោយសារ​គ្មាន​​ប្ដី​ជូន​ទៅ​វត្ត​។ ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង ក្រុងព្រះសីហនុ លោក ម៉ៃ ហុងស្រៀង គឺ​អ្នកស្រី គា ស៊ីសុគន្ធី ឱ្យ​ដឹង​ថា អ្នកស្រី និង​ម្ដាយក្មេក ទៅ​វត្ត​ក្នុង​​ស្ថានភាព​ក្រៀមក្រោះ​។ តែ​យ៉ាងណា អ្នកស្រី​សង្ឃឹមថា លោក ម៉ៃ ហុងស្រៀង អាច​ត្រូវ​តុលាការ​បាន​ដោះលែង​ឆាប់ៗ ឱ្យ​បាន​មក​ជួបជុំ​គ្រួសារ​ឡើងវិញ៖ «បាន​ត្រឹម​តែ​ស្ដាយស្រណោះ​គាត់ ព្រោះ​អ្វី​បុណ្យទាន បាន​ជុំ​គ្នា​ជាមួយ​ម្ដាយ ហើយ​ម្ដាយ​គាត់ បង​អើយ​ឡើង​ស្គម នៅ​សល់​តែ​៤១​គីឡូ​។ ម៉ាក់​មួយ កូន​មួយ​ទេ​។ គាត់​កូនទោល​តែឯង​។ ដល់​ហើយ ថា កុំ​ឱ្យ​ពិបាកចិត្ត​អ្វី​ពេក ប្រឹង​ហូប ប្រឹង​នេះ ធម្មតា​ទៅ​។ យើង​ពិបាកចិត្ត ក៏​មិន​ដឹង​បាន​អ្វី​មកវិញ​ដែរ បាន​ត្រឹមតែ​ធ្វើបាប​ខ្លួន​។ គាត់​ថា គាត់​ដេក​មិនបាន បាយ​មិនបាន​។ ម៉ាក់​ឯង​គិត​ច្រើន​ម្ល៉េះ ធ្វើបាប​តែ​ខ្លួនឯង ស្គម​អស់​។​រាល់​ឆ្នាំទៅ​ជុំ​គ្នា​ហើយ បាន​ត្រលប់​មកវិញ តែ​ឆ្នាំនេះ ខ្ញុំ​ទៅ​តែឯង»

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក នី សុខា យល់ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ចំពោះ​គ្រួសារ​សកម្មជន​បក្ស នយោបាយ​ទាំងនោះ​។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស ធ្លាប់​ជាប់ពន្ធនាគារ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​រូប​នេះ ថា លោក និង​ក្រុម គ្រួសារ​លោក​ផ្ទាល់ ធ្លាប់​ទទួលរង​ស្ថានភាព​បែបនេះ និង​យល់​ពី​អារម្មណ៍​ទុក្ខសោក​របស់​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។

លោក នី សុខា ទទូច​ឱ្យ​រដ្ឋាភិបាល និង​តុលាការ ទម្លាក់​ចោល​បទ​ចោទ ឬ​អនុញ្ញាត​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ឱ្យ​ពួកគេ​បាន​ចេញ​មក​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ ជួបជុំ​ក្រុមគ្រួសារ​វិញ​។ សង្គម​ស៊ីវិល​រូប​នេះ យល់ថា សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ ត្រូវ​ឃុំឃាំង ដោយសារ​រឿង​នយោបាយ ជាជាង​ការ​ល្មើសច្បាប់៖ «មានតែ​ទទូច​សុំ​ទៅ​រដ្ឋាភិបាល ជាពិសេស​ស្ថាប័ន​តុលាការ ដែល​ជា​ស្ថាប័ន​មួយ ដែល​មាន​សិទ្ធិ​នៅ​ក្នុង​ការ​សម្រេច​សេចក្ដី​ហ្នឹង សុំ​ឱ្យ​លោក​ពិចារណា ធ្វើ​ម្ដេច​សម្រេច ឱ្យ​អ្នក​ទាំងអស់ ដែល​ជាប់​ដោយ​ភាព​អយុត្តិធម៌ ដែល​យើង​មើល​ទៅ​ឃើញ​ថា មិន​មាន​បញ្ហា​អ្វី​ទាំងអស់​ហ្នឹង ហើយ​សុំ​ឱ្យ​មានការ​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ នៅ​ក្នុង​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ហ្នឹង​ទៅ ដើម្បី​ឱ្យ​គាត់​អាច​មក​ចូលរួម​ធ្វើបុណ្យ ធ្វើ​ទាន ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់»

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​រដ្ឋាភិបាល គឺ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ទេ នៅ​ថ្ងៃទី​​២១ កញ្ញា ដោយសារ ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល​។ ប៉ុន្តែ​ទាំង​លោក ផៃ ស៊ីផាន និង​លោក ជិន ម៉ាលីន ធ្លាប់​អះអាង​ថា ការ​ចាប់ខ្លួន​សកម្មជន​​បក្ស​ប្រឆាំង​ទាំងអស់ សុទ្ធ​តែ​ជា​ការអនុវត្ត​ច្បាប់​។ ថ្មីៗ​នេះ រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចោទប្រកាន់​មន្ត្រី​បក្ស​ប្រឆាំង​ថា មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ តាម​រយៈ​​ការ​គាំទ្រ ការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ នៅ​​ដើម​​ខែ​​វិច្ឆិកា​​ខាង​មុខ។

គិត​ត្រឹម​ពាក់កណ្ដាល​ខែ​កញ្ញា គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន របស់​គណបក្សប្រឆាំង ចំនួន​២៧​នាក់ កំពុង​ជាប់​ពន្ធនាគារ និង​ជាង​១៥០ (១៥៦)​ នាក់ រង​ការ​កោះ​ហៅ​ឡើង​តុលាការ និង​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់​។ តុលាការ​បាន​ចោទប្រកាន់​អ្នក​កំពុង​ជាប់ឃុំ​ទាំង​ ២៧​នាក់ ពី​បទ​ញុះញង់ កាប់​ទន្ទ្រាន​ដី​រដ្ឋ ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​មាន​ផែនការ​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។