បក្ស​ប្រឆាំង​ថា ការ​ចូល​សារភាព​របស់​មន្ត្រី​ចៅសង្កាត់​ខ្លួន​គឺ​ធ្វើ​ឡើង​ដោយ​ការ​បង្ខិតបង្ខំ

ដោយ ហេង រស្មី
2019.10.11
ម៉ន ផល្លា ៦២០ ថ្មី ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា។ RFA
Photo: RFA

ចៅសង្កាត់​គណបក្ស​សង្គ្រោះជាតិ​លើកដំបូង​គេ​បាន​បង្ខំចិត្ត​ចូល​សារភាព ក្រោយពី​របប​ក្រុងភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ «រួមគំនិត​ក្បត់​»​ក្នុង​សំណុំរឿង​ប្រមូលផ្ដុំ​កម្លាំង​មហាជន​ត្រៀម​ទទួល​លោក​សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា ខាងមុខនេះ។ មន្ត្រី​គណបក្សប្រឆាំង​អះអាង​ថា ការ​ចូល​សារភាព​នេះ​មិនមែន​កើតឡើង​តាម​ឆន្ទៈ​របស់​ខ្លួន​ទេ គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​បង្ខិតបង្ខំ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ចាត់ទុកថា ការ​ចូល​សារភាព​ជា​លើកដំបូង​របស់​ចៅសង្កាត់​ម្នាក់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ទីក្រុង​ភ្នំពេញ មិន​បាន​ធ្វើ​ឱ្យ​កម្លាំង​មហាជន​ភ័យខ្លាច​ក្នុង​ការ​ចូលរួម​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​ប្រទេស​កម្ពុជា​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ។ តែ​ផ្ទុយទៅវិញ​បាន​ធ្វើ​ឱ្យ​សន្ទះ​អ្នកគាំទ្រ​កាន់​តែ​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំងក្លា​ជាង​មុន​ថែមទៀត។

ចៅសង្កាត់ ផ្សារ​ដេប៉ូ២ ខណ្ឌ​ទួលគោក លោកស្រី សេង សុខន បាន​បង្ខំចិត្ត​ចូល​សារភាព​ជា​លើកដំបូង​ជាមួយ​របប​ក្រុងភ្នំពេញ​ក្រោយ​ពី​បាន​ចេញ​ដីកា​ចាប់ខ្លួន និ​ចោទប្រកាន់​មក​លើ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​រាជធានី​ភ្នំពេញ​លោក ម៉ន ផល្លា ប្រាប់​អាស៊ីសេរី​ថា ការ​ចូល​សារភាព​របស់​លោក ស្រី សេង សុខន នេះ​គឺជា​ការ​រៀបចំឡើង​ដោយ​របប​ក្រុងភ្នំពេញ​ដោយ​ប្រើ​វិធានការ​បង្ខិតបង្ខំ​គ្រប់បែប​យ៉ាង​ដើម្បី​បំភិតបំភ័យ​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ ជាតិ តែ​មិន​បាន​ជះឥទ្ធិពល​ដល់​គណបក្ស​សង្គ្រោះជាតិ​ទាំងមូល​នោះ​ទេ៖ «ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ឈប់ឈរ​ពី​របប​ក្រុងភ្នំពេញ​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស គឺ​ការរំលោភ​រដ្ឋធម្មនុញ្ញ ហើយ​មិន​អាច​ធ្វើ​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រាថយ​បាន​ទេ។ ហើយ​ជាពិសេស​មានតែ​ជំរុញ​ទឹកចិត្ត​របស់​គាត់​ឱ្យ​ងើបឡើង​កាន់តែ​ខ្លាំង ហើយ​ជាពិសេស​ជាង​នេះ​ទៅ​ទៀត​គឺថា ប្រជាពលរដ្ឋ​លោក​នឹង​ធ្វើ​ការវាយតម្លៃ​ចូលរួម​យ៉ាង​ច្រើន​កុះករ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ​ថែមទៀត​ផង»

ចៅសង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី សេង សុខន មាន​ឈ្មោះ​នៅ​ក្នុង​ដីកា​ចោទប្រកាន់​ពី​តុលាការ​ក្រុងភ្នំពេញ​ជាមួយ​នឹង​មន្ត្រី​គណបក្សប្រឆាំង​ចំនួន​៤​នាក់​ផ្សេងទៀត​ពី​បទ​«​រួមគំនិត​ក្បត់» តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

អ្នកស្រី សេង សុខន បាន​និយាយ​នៅ​ក្នុង​វីដេអូ​ឃ្លិប​ដែល​បាន​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១០ តុលា នេះ​ថា ក្រោយពី​លោក សម រង្ស៊ី ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ពាក់​កណ្ដាល​ខែ​សីហា​មក។ លោកស្រី​បាន​ទទួល​ផែនការ​ពី​លោក ម៉ន ផល្លា ឱ្យ​ប្រមូល​កម្លាំង​មហាជន​មក​ទទួល​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ។

លោកស្រី​បាន​បញ្ជាក់​ថា លោកស្រី​មិន​គាំទ្រ​នឹង​ផែនការ​នេះ​ទេ ទើប​សម្រេចចិត្ត​ចូល​សារភាព៖ «បច្ចុប្បន្ន​ខ្ញុំ​មើល​ឃើញ​ថា ក្រោយពេល​លោក សម រង្ស៊ី ទៅ​ប្រជុំ​នៅ​ម៉ាឡេស៊ី​ខ្ញុំ​ក៏បាន​ទទួល​ផែនការ​ពី​លោក ម៉ន ផល្លា ឱ្យ​ពួក​ខ្ញុំ​ហ្នឹង​ជួយ​បំផុស​បំផុល​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ទទួល​លោក សម រង្ស៊ី​ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា»

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ចាត់ទុកថា​ការ​ចូល​សារភាព​នេះ​គឺជា​ការ​​បង្ខិតបង្ខំ​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ចូលរួម​គាំទ្រ​គណបក្ស​នយោបាយ។ លោក​បញ្ជាក់​ថា ការចូលរួម​សិទ្ធិ​ធ្វើ​នយោបាយ​គឺជា​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ម្នាក់ៗ​កុំ​ឱ្យ​តែ​ទៅ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វីមួយ៖ «ខ្ញុំ​យល់ថា ទី​មួយ​ដោយសារតែ​សម្ពាធ​សម្រាប់​គាត់​ទី​ពីរ​ដោយសារ​គាត់​ចាស់​ដើម្បី​ឱ្យ​បាន​រួចខ្លួន ក្នុង​ការ​ចាប់​ឬក៏​ចោទប្រកាន់​សម្រាប់​ដាក់​ពន្ធនាគារ​ពីព្រោះ​យើង​ឃើញ​ថា នៅ​ក្នុង​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួងយុត្តិធម៌​ក៏បាន​លើក​ឡើង​ថា អ្នក​ដែល​ចូល​សារភាព​គឺ​អាច​នឹង​រួចផុត​ពី​បទ​ចោទប្រកាន់​ជាដើម»

ចាប់​តាំង​ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​មាតុប្រទេស​វិញ​នោះ របប​ក្រុងភ្នំពេញ​បាន​បង្កើន​ការគាបសង្កត់​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដោយ​ប្រើប្រាស់​តុលាការ​ជា​ឈ្នាន់​ចេញ​ដីកា​ចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​គណបក្ស​ជា​បន្តបន្ទាប់​មក​លើ​សកម្មជន​គណបក្សប្រឆាំង មាន​សកម្មជន​ជាច្រើន​នាក់​បាន​រត់​គេច​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។