កូនស្រីសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅរតនគិរី អះអាងថា ឪពុករបស់លោកស្រី គឺលោក ងិន សុផាត ធ្លាក់ខ្លួនឈឺធ្ងន់ គ្មានថ្នាំព្យាបាលនៅក្នុងពន្ធនាគារខេត្ត។ កូនមន្ត្រីបក្សប្រឆាំងរូបនេះ ព្រួយបារម្ភថា ស្ថានភាពជំងឺរបស់ឪពុកអាចនឹងមានបញ្ហាធ្ងន់ធ្ងរប្រសិនបើមិនបានព្យាបាលទាន់ពេលទេនោះ។
កូនស្រីមន្ត្រីគណបក្សសង្គ្រោះជាតិខេត្តរតនគិរី លោកស្រី ងិន គង្គា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១១ តុលាថា ចាប់តាំងពីតុលាការចាប់ឪពុកដាក់ឃុំក្នុងពន្ធនាការមក គឺលោកស្រីតែងតែទៅសួរសុខទុក្ខគាត់មួយសប្ដាហ៍ម្ដង។ លោកស្រីបន្តថា កាលពីថ្ងៃទី១០ តុលា កន្លងទៅ លោកស្រីស្ទើរតែស្រក់ទឹកភ្នែកនៅពេលបានជួបឪពុកធ្លាក់ខ្លួនឈឺធ្ងន់ និងមានសុខភាពទ្រុឌទ្រោមខ្លាំង រហូតដល់ថ្នាក់ទន់ជើងឈានដើរស្ទើរមិនចង់រួច។ កូនស្រីសកម្មជនបក្សប្រឆាំងរូបនេះបញ្ជាក់ទៀតថា នៅក្នុងពន្ធនាគារដែលឪពុកលោកស្រីជាប់ឃុំនោះ មានដាក់អ្នកទោសជាច្រើននាក់ក្នុងបន្ទប់យ៉ាងណែនចង្អៀត ហើយពិបាកដកដង្ហើម ទើបបណ្ដាលឱ្យឪពុកលោកស្រីដែលមានជំងឺលើសឈាមកាន់តែឈឺធ្ងន់ថែមទៀត។ «»
លេខាធិការគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី លោក ងិន សុផាត ត្រូវបានតុលាការខេត្តរតនគិរី បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត កាលពីថ្ងៃទី២៣ កញ្ញា កន្លងទៅ ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ ពាក់ព័ន្ធនឹងការប្រមូលផ្ដុំប្រជាពលរដ្ឋ គាំទ្រ ប្រធានស្ដីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។
ប្រធានពន្ធនាគារខេត្តរតនគិរី លោក អុក គឹមជន ប្រាប់អាស៊ីសេរីថា ស្ថានភាពជំងឺរបស់លោក ងិន សុផាត ល្អជាធម្មតាគ្មានអ្វីគួរឱ្យព្រួយបារម្ភដូចការលើកឡើងរបស់កូនស្រីលោកនោះទេ។ លោកបន្តថា គ្រូពេទ្យនៅក្នុងពន្ធនាគារតែងតែតាមដានសុខភាពរបស់អ្នកទោសជាប្រចាំ និងស្មើភាពគ្នាដោយមិនប្រកាន់បក្សពួក និងជនជាតិណាមួយឡើយ។ «»
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា មន្ត្រីពន្ធនាគារត្រូវតែអនុញ្ញាតឱ្យជនជាប់ឃុំដែលមានជំងឺធ្ងន់ធ្ងរបានទៅព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិលរូបនេះចាត់ទុកទង្វើរបស់មន្ត្រីពន្ធនាគារនេះថា ជាការអនុវត្តច្បាប់ដែលមានស្តង់ដារពីរ ដែលខុសពីឧកញ៉ានិងអ្នកមានលុយមួយចំនួនដែលជាប់គុកដូចគ្នាហើយអាចទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារបាន។ កន្លងមកករណីអ្នកមានលុយ និងអ្នកមានអំណាចជួលបន្ទប់ទំនើបៗ របស់មន្ទីរពេទ្យរដ្ឋធំៗ សម្រាប់ស្នាក់នៅមានដូចជាលោក គិត ធាង លោក ថោង សារ៉ាត់ លោក សុខ ប៊ុន ដែលប្រើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ ឧកញ៉ា តាន់ សេងហាក់ ដែលជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងអតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបាញ់រះលើក្រុមកម្មករ ជាពិសេស គឺក្រុមក្មួយៗ របស់លោក ហ៊ុន សែន ដែលត្រូវបានផ្ដន្ទាទោសរឿងបាញ់បោះដោយសេរីនាពេលកន្លងមក សុទ្ធតែបានរស់នៅក្រៅពន្ធនាគារ ក្រោមហេតុផលថា សម្រាកព្យាបាលជំងឺ។ «»
បន្ថែមពីនេះលោក អំ សំអាត ក៏ទទូចឱ្យក្រសួងមហាផ្ទៃពន្លឿនការកែលំអភាពចង្អៀតណែនក្នុងពន្ធនាគារឱ្យបានធំទូលាយដើម្បីជួយសម្រួលដល់សុខុមាលភាពរបស់អ្នកជាប់ឃុំឱ្យបានល្អប្រសើរជាងសព្វថ្ងៃ។
បច្ចុប្បន្នមានសកម្មជនគណបក្សប្រឆាំងចំនួន ២នាក់ដែលកំពុងជាប់ក្នុងពន្ធនាគារខេត្តរតនគិរី គឺលោក ងិន សុផាត និងម្នាក់ទៀតជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងបានលុងលោក ធឿន ប៊ុនធន។ អ្នកទាំងពីរត្រូវបានតុលាការខេត្តរតនគិរីចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។