សមត្ថកិច្ច​តាម​ដាន​សកម្មជន​បក្ស​ប្រឆាំង​​​ធ្វើ​ពិធី​ហូប​នំបញ្ចុក​ជុំ​គ្នា​នៅ​ក្រុង​ប៉ោយប៉ែត​

ដោយ វ៉ែន សុមេធ
2019-05-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស​ប្រឆាំង​ចូលរួម​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ២០១៩ ក្រោម​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច។
សកម្មជន​គណបក្ស​ប្រឆាំង​ចូលរួម​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ២០១៩ ក្រោម​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច។
រូប៖ ពលរដ្ឋ​ថត

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ អះអាង​ថា ប៉ូលិស​ក្រុង​នេះ​បាន​​តាម​ដាន​ឃ្លាំ​មើល​ពួក​គាត់​ហូប​នំ​បញ្ចុក​ជុំ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ឧសភា​។ ​ការ​តាម​ដាន​នេះ​ បន្ទាប់​ពី​ពួកគាត់​ប្រមាណ ១០០នាក់​បាន​ធ្វើ​ពិធី​បង្កក់​កូន​ហូប​នំ​បញ្ចុក​ជុំ​គ្នា​​នៅ​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ប៉ោយប៉ែត។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​បញ្ហា​នេះ​ថា​ ជា​ការ​ភ័យ​ខ្លាច​ហួស ហេតុ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​ប៉ោយប៉ែត​ លោក ឆាំ បារាំង​ ប្រាប់​អាស៊ី​សេរី​ថា មាន​មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ម្នាក់​បាន​ទៅ​ឃ្លាំ​មើល និង​សាកសួរ​លោក​អំពី​​ការ​​ធ្វើ​ពិធី​ហូប​នំបញ្ចុក​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ភូមិ​សាមគ្គីមានជ័យ​សង្កាត់​ប៉ោយប៉ែត។ លោក​ថា សមត្ថកិច្ច​ធ្វើ​បែប​នេះ​ដោយសារ​​ឃើញ​អ្នក​ចូល​​ទាំង​អស់​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​រស់​នៅ​របស់​ពួកគាត់៖ «រឿង​ខ្លាច​ខ្ញុំ​មិន​ខ្លាច​ទេ​ តែ​ខ្ញុំ​ធុញទ្រាន់​ដែល​ជា​ទង្វើ​ស្អប់ខ្ពើម​ខ្មែរ​គ្នា​ឯង​ពេក​ បើ​ចិន​យួន​ចូល​មក​ពេញ​ស្រុក​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ម៉េច​មិន​គិត​ផង​។គ្រាន់​តែ​យើង​ធ្វើ​កម្មវិធី​ជួប​ជុំ​គ្នា​ក៏​នាំ​គ្នា​មក​គំរាមកំហែង​ធ្វើ​អោយ​គេ​ភ័យ​ខ្លាច​ ត្រង់​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ ធនធាន​រ៉េ​លុប​បឹង​លុប​ទន្លេ​លុប​សមុទ្រ​ម៉េច​មិន​ទៅ​ចាត់​វិធាន​ការណ៍​ផង»

លោក​បន្ត​ថា​ កម្មវិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រក្សា​នំបញ្ចុក​ខ្មែរ​​អោយ​បាន​គង់​វង្ស​យូរ​អង្វែង​ផង និង​ជា​ការ​ជួប​គ្នា​មិត្ត​ចាស់​ដែល​ធ្លាប់​រួម​ការ​ងារ​កន្លង​មក​ដើម្បី​បាន​ជជែក​ពិភាក្សា​គ្នា​​លែង​ផង។

អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​ លោក ធិន ស៊ិនដេត ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ខាង​លោក​មិន​បាន​បញ្ជូន​ប៉ូលិស​ទៅ​តាម​ដាន​សកម្មជន​បក្ស​ប្រឆាំង​ហូប​នំបញ្ចុក​ដូច​ការ​លើក​ឡើង​នោះ​ទេ៖ «អត់​មាន​ទេ​បង​ខ្ញុំ​សូម​អធ្យាស្រ័យ​គឺ​អត់​មាន​ទេ»

ថ្មី​នេះ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ធ្លាប់​បាន​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​ប៉ោយប៉ែត​ជា​ច្រើន​នាក់​ម្ដង​រួច​ហើយ ដោយសារ​ពួកគេ​ធ្វើ​ពិធី​​ហូប​អាហារ​ជុំ​គ្នា ហើយ​ថត​វីដេអូ​ឃ្លិប​បង្ហោះ​តាម​ហ្វេសប៊ុក (Face book) គាំទ្រ​លោក​សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ការ​ហូប​នំ​បញ្ចុក​ជុំ​គ្នា​មិន​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ទៅ​តាម​ឃ្លាំ​មើល​ពួកគាត់​ទៅ​ទៅ​វិញ​ទេ​ដែល​ខុស​ច្បាប់ ព្រោះ​រដ្ឋធម្មនុញ្ញ បាន​កំណត់​អោយ​ប្រជាពលរដ្ឋ​សិទ្ធិ​ជួប​ជុំ​គ្នា​សម្ដែង​មតិ និង​ចូល​រួម​កិច្ចការ​នយោបាយ​ដោយ​សេរី៖ «បើ​សិន​ជា​ពួក​ក្រុម​នោះ​ប្រមូល​គ្នា​ធ្វើ​ជា​អបគមន៍ ឬ​ធ្វើជា​ក្រុម​មនុស្ស​មួយ​បង្កើត​ជា​ក្រុម​ឡើង​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​បំពាក់​ដោយ​អាវុធ​អី​នោះ​ទើប​មាន​ការ​សង្ស័យ​ ប៉ុន្តែ​ពួកគាត់​ វា​គ្រាន់​តែ​ជា​ក្រុម​មួយ​ជា​ប្រជាពលរដ្ឋ​ធម្មតា​ទេ​ ហើយ​ចូល​ចិត្ត​និយាយ​ពី​រឿង​នយោបាយ​ អីចឹង​វា​អត់​មាន​អ្វី​គួរ​អោយ​ព្រួយបារម្ភ​គួរ​តែ​ភ័យ​ទៅ​លើ​រឿង​នឹង​ទេ»

សកម្មជន​បក្ស​ប្រឆាំង​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា បើ​ទោះ​បី​ជា​មាន​សមត្ថកិច្ច​​តាម​ដាន​យ៉ាង​នេះ​ក្ដី​ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ហើយ​ពួកគាត់​គ្រោង​នឹង​ធ្វើ​ពិធី​ហូប​នំបញ្ចុក​ជុំ​គ្នា​ជា​បន្ត​បន្ទាប់​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល