អ្នកគាំទ្រគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា ប៉ូលិសក្រុងនេះបានតាមដានឃ្លាំមើលពួកគាត់ហូបនំបញ្ចុកជុំគ្នាកាលពីព្រឹកថ្ងៃទី២១ ឧសភា។ ការតាមដាននេះ បន្ទាប់ពីពួកគាត់ប្រមាណ ១០០នាក់បានធ្វើពិធីបង្កក់កូនហូបនំបញ្ចុកជុំគ្នានៅផ្ទះសកម្មជនគណបក្សសង្គ្រោះជាតិ សង្កាត់ប៉ោយប៉ែត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកបញ្ហានេះថា ជាការភ័យខ្លាចហួស ហេតុ។
មន្ត្រីគណបក្សសង្គ្រោះជាតិក្រុងប៉ោយប៉ែត លោក ឆាំ បារាំង ប្រាប់អាស៊ីសេរីថា មានមន្ត្រីប៉ូលិសក្រុងប៉ោយប៉ែតម្នាក់បានទៅឃ្លាំមើល និងសាកសួរលោកអំពីការធ្វើពិធីហូបនំបញ្ចុកជុំគ្នានៅក្នុងផ្ទះរបស់លោកក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត។ លោកថា សមត្ថកិច្ចធ្វើបែបនេះដោយសារឃើញអ្នកចូលទាំងអស់ជាសកម្មជនគណបក្សសង្គ្រោះជាតិ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិរស់នៅរបស់ពួកគាត់៖ «រឿងខ្លាចខ្ញុំមិនខ្លាចទេ តែខ្ញុំធុញទ្រាន់ដែលជាទង្វើស្អប់ខ្ពើមខ្មែរគ្នាឯងពេក បើចិនយួនចូលមកពេញស្រុកធ្វើបាបពលរដ្ឋខ្មែរម៉េចមិនគិតផង។គ្រាន់តែយើងធ្វើកម្មវិធីជួបជុំគ្នាក៏នាំគ្នាមកគំរាមកំហែងធ្វើអោយគេភ័យខ្លាច ត្រង់អ្នកដែលកាប់បំផ្លាញព្រៃឈើ ធនធានរ៉េលុបបឹងលុបទន្លេលុបសមុទ្រម៉េចមិនទៅចាត់វិធានការណ៍ផង » ។
លោកបន្តថា កម្មវិធីនេះធ្វើឡើងដើម្បីរក្សានំបញ្ចុកខ្មែរអោយបានគង់វង្សយូរអង្វែងផង និងជាការជួបគ្នាមិត្តចាស់ដែលធ្លាប់រួមការងារកន្លងមកដើម្បីបានជជែកពិភាក្សាគ្នាលែងផង។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ខាងលោកមិនបានបញ្ជូនប៉ូលិសទៅតាមដានសកម្មជនបក្សប្រឆាំងហូបនំបញ្ចុកដូចការលើកឡើងនោះទេ៖ «អត់មានទេបងខ្ញុំសូមអធ្យាស្រ័យគឺអត់មានទេ » ។
ថ្មីនេះប៉ូលិសខេត្តបន្ទាយមានជ័យធ្លាប់បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិក្រុងប៉ោយប៉ែតជាច្រើននាក់ម្ដងរួចហើយ ដោយសារពួកគេធ្វើពិធីហូបអាហារជុំគ្នា ហើយថតវីដេអូឃ្លិបបង្ហោះតាមហ្វេសប៊ុក (Face book) គាំទ្រលោកសម រង្ស៊ី វិលចូលស្រុកវិញ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ការហូបនំបញ្ចុកជុំគ្នាមិនមានអ្វីខុសច្បាប់នោះទេ ផ្ទុយទៅវិញអ្នកដែលទៅតាមឃ្លាំមើលពួកគាត់ទៅទៅវិញទេដែលខុសច្បាប់ ព្រោះរដ្ឋធម្មនុញ្ញ បានកំណត់អោយប្រជាពលរដ្ឋសិទ្ធិជួបជុំគ្នាសម្ដែងមតិ និងចូលរួមកិច្ចការនយោបាយដោយសេរី៖ «បើសិនជាពួកក្រុមនោះប្រមូលគ្នាធ្វើជាអបគមន៍ ឬធ្វើជាក្រុមមនុស្សមួយបង្កើតជាក្រុមឡើងដើម្បីធ្វើការវាយប្រហារបំពាក់ដោយអាវុធអីនោះទើបមានការសង្ស័យ ប៉ុន្តែពួកគាត់ វាគ្រាន់តែជាក្រុមមួយជាប្រជាពលរដ្ឋធម្មតាទេ ហើយចូលចិត្តនិយាយពីរឿងនយោបាយ អីចឹងវាអត់មានអ្វីគួរអោយព្រួយបារម្ភគួរតែភ័យទៅលើរឿងនឹងទេ » ។
សកម្មជនបក្សប្រឆាំងក្រុងប៉ោយប៉ែត លើកឡើងថា បើទោះបីជាមានសមត្ថកិច្ចតាមដានយ៉ាងនេះក្ដីក៏ពួកគាត់មិនខ្លាចដែរ ហើយពួកគាត់គ្រោងនឹងធ្វើពិធីហូបនំបញ្ចុកជុំគ្នាជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
