សកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃ នៅតែប្រកាន់ជំហរបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុករិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដដែល បើទោះបីជាមានជនមិនស្គាល់មុខ បានលួចវាយបង្ករបួសស្នាមលើសកម្មជនម្នាក់ កាលពីថ្ងៃទី៥ ខែកញ្ញាក៏ដោយ។ មន្ត្រីសង្គមស៊ីវិល យល់ថា ការបង្ហោះសាររិះគន់រដ្ឋាភិបាលជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របតាមច្បាប់។
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅប្រទេសថៃថ្លែងថា សកម្មភាពដែលពួកគេធ្វើនេះ ក្នុងគោលបំណងដើម្បីចង់ឱ្យរដ្ឋាភិបាលងាកមកដើរតាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិឡើងវិញ។
យុវជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺលោក ជឹម សុផាត ប្រាប់វិទ្យុអាស៊ីសេរីថា នៅពេលនេះស្ថានភាពរបួសលោកមិនទាន់បានធូរស្រាលនៅឡើយទេ ជាពិសេសក្បាលនិងកដៃខាងឆ្វេង នៅហើមជាំនៅឡើយ។ លោក ជឹម សុផាត ត្រូវបានជនមិនស្គាល់មុខមានគ្នា ៣ នាក់ចាប់លោករុញបញ្ចូលឡាន ហើយបានវាយក្បាល និងចាប់ដៃគាបនឹងទ្វារឡានបណ្ដាលឱ្យរបួសជាច្រើនកន្លែងកាលពីថ្ងៃព្រឹកថ្ងៃទី៥ ខែកញ្ញា។ សកម្មជនវ័យ ៣៣ ឆ្នាំរូបនេះបញ្ជាក់ថា ក្រោយពីលោកជាសះស្បើយពីរបួស លោកនឹងបន្តបង្ហោះសារតាមបណ្ដាលសង្គមហ្វេសប៊ុក(Face book) រិះគន់របបក្រុងភ្នំពេញបន្តទៀត ដោយមិនរាថយឡើយ៖ «យើងត្រូវតែនិយាយ ឆន្ទៈដែលខ្ញុំមានពីមុនបែបណាខ្ញុំនៅតែមានបែបហ្នឹង។ ខ្ញុំមើលឃើញថា បើសិនគេធ្វើប៉ុណ្ណឹងភ័យខ្លាច ហើយឥឡូវព័ត៌មានហ្នឹងត្រូវបានលេចលឺទៅរបបលោក ហ៊ុន សែន លាបព័ណ៌ខ្ញុំ ថាយើងលួចទូរស័ព្ទឬក៏ប្លន់គ្រឿងសំណង់គេនៅថៃ អាហ្នឹងជាព័ត៌មានដែលគេប្រឌិតឡើង។ អីចឹងអ្វីដែលខ្ញុំចេញមកខ្ញុំគិតថា យើងភ័យខ្លាចអាភាពអយុត្តិធម៌ហ្នឹងវានៅតែមានសម្រាប់ពលរដ្ឋបន្តទៅទៀត លុះត្រាតែគ្មានរបបហ៊ុន សែន បានយើងគ្រប់គ្នា ទាំងខ្ញុំទទួលបានសេចក្ដីសុខ»។
ដូចគ្នានេះដែរ យុវជនគណបក្សប្រឆាំងសង្កាត់អូរចារក្រុងបាត់ដំបង ដែលកំពុងភៀសខ្លួននៅទីក្រុងបាងកកលោក រុន ចន្ធី ថ្លែងថា បើទោះបីជាមានជនមិនស្គាល់មុខលួចវាយបង្ករបួសស្នាមមកលើសកម្មជនយ៉ាងនេះក្ដី ក៏លោកនៅតែបន្តសកម្មភាពរិះគន់រដ្ឋាភិបាលរបបឯកបក្សតាមបណ្ដាលសង្គមហ្វេសប៊ុកយ៉ាងផុសផុលដដែល។ សកម្មជនវ័យ ៣៧ ឆ្នាំរូបនេះបន្តថា មូលហេតុដែលលោកមិនអាចបញ្ឈប់បញ្ចេញមតិដោយសារមិនពេញចិត្តរបបលោកហ៊ុន សែន បំផ្លាញធនធានធម្មជាតិ និងចាប់ចងប្រជាពលរដ្ឋដាក់ពន្ធនាគារតាមអំពើចិត្ត៖ «ហ៊ុន សែន រាល់ថ្ងៃបើយើងមើលឱ្យជ្រៅ ទៅយើងឃើញថា ភាពអសកម្មស្ទើរគ្រប់វិស័យ។ ទី១.អន្តោប្រវេសន្តគឺពេញស្រុក ខាងសេដ្ឋកិច្ចយើងធ្លាក់ដុនដាប ប្រជាពលរដ្ឋគ្មានការងារធ្វើរត់ចោលចំណាកស្រុកពេលហ្នឹងមកដល់ស្រុកគេរាប់លាននាក់។ បើនិយាយអំពីផលិតផលក្នុងស្រុកដូចជាបងប្អូនកសិករដែលកំពុងប្រមូលផលទាំងប៉ុន្មានឃើញថា គ្មានទីផ្សារគ្មានអី បើនិយាយអំពីច្បាប់ទម្លាប់វិញ គឺវាលេងមានជាច្បាប់ហើយសង្គមកម្ពុជាយើងរាល់ថ្ងៃហ្នឹង គឺថាច្បាប់គេលេងប្រើទៅហើយ»។
អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៦ ខែកញ្ញា។
ប៉ុន្តែលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៥ ខែកញ្ញាថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនបានបញ្ជូនមនុស្សទៅវាយធ្វើបាបសកម្មជនគណបក្សប្រឆាំងនោះទេ។ បន្ថែមពីនេះលោកថា ការដែលមន្ត្រីរដ្ឋាភិបាលស្នើសុំឲ្យភាគីថៃ ជួយទប់ស្កាត់សកម្មជនបក្សប្រឆាំងដែលកំពុងជ្រកកោននៅប្រទេសថៃ កាលពីពេលថ្មីៗនេះ គឺជាការអនុវត្តទៅតាមច្បាប់ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាងប៉ុណ្ណោះ៖ «អាហ្នឹងជារឿងធម្មតាដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលត្រូវតែផ្ដាំផ្ញើថា ឱ្យជួយទប់ស្កាត់ឬមួយមានវិធានការដោះស្រាយតាមគោលការណ៍ច្បាប់ អាហ្នឹងវាមានតែធ្វើបាបអីអាហ្នឹង។ គេនិយាយពីគោលការណ៍តើ គោលការណ៍ទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសទាំងពីរដែលតែងតែមានទៅវិញទៅមកវាមិនមែនមកពីយើងទៅថៃហើយសម្រាប់តែថៃមកយើងដោយឡែកទេ វាមនោសញ្ចេតនាទំនាក់ទំនង»។
ទោះជាយ៉ាងណា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា យល់ថា ការដែលប្រជាពលរដ្ឋបង្ហោះសារតាមបណ្ដាញសង្គមរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយស្របតាមរដ្ឋធម្មនុញ្ញ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ចាត់ទុកការបង្ក្រាបនិងរារាំងសកម្មភាពរបស់ជនភៀសខ្លួនបក្សប្រឆាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ៖ « មតិរិះគន់ហ្នឹងហើយដែលជាមតិមួយដែលមានតម្លៃសម្រាប់ជាតិដែលគេអនុវត្តនូវគោលការណ៍ប្រជាធិបតេយ្យនោះ។ ដោយឡែកមតិលើកជើងមតិសរសើរវាគ្រាន់តែជាមតិបញ្ចើចបញ្ចើទេ ហើយថ្ងៃក្រោយទៅបើសិនជាយើងនៅតែស្ដាប់មតិលើកជើងបានយើងស្ដាប់ហ្នឹង ថ្ងៃក្រោយទៅគឺថាសង្គមក្លាយទៅជារឿងមួយប្រវត្តិសាស្ត្រខ្មែរអាជ័យធ្លាក់ទឹកហៃអើៗ អាហ្នឹងវាមានន័យអីចឹង។ អីចឹងហើយបានគេលើកកម្ពស់ណាស់ ចំពោះអ្នកដែលហ៊ានបញ្ចេញមតិអីទាំងអស់ហ្នឹង»។
សកម្មជនគណបក្សប្រឆាំងបានភៀសខ្លួនទៅប្រទេសថៃជាបន្តបន្ទាប់ ដោយសារមានការធ្វើទុក្ខបុកម្នេញនៅក្នុងស្រុក ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ កាលពីវិច្ឆិកា ឆ្នាំ២០១៧ ដែលអ្នកតាមដានស្ថានការណ៍សង្គមមើលឃើញថា រឿងនេះដោយសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោត និងចង់បន្តក្រាញអំណាចតាមបែបផ្តាច់ការ។ រហូតមកដល់ពេលនេះ មានសកម្មជនបក្សប្រឆាំងប្រហែល ៨០ នាក់កំពុងភៀសខ្លួននៅប្រទេសថៃ។ អំឡុងពេលភៀសខ្លួននេះ ពួកគេបានបង្កើតកម្មវិធីទូរទស្សន៍ផ្សព្វផ្សាយសារនយោបាយ និងបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុករិះគន់ភាពសកម្មភាពរបស់រដ្ឋាភិបាលជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។