មន្ត្រី​បក្ស​ប្រឆាំង​បន្ត​ជួប​មន្ត្រី​អាមេរិក​ថ្លែង​ពី​ការ​រំលោភ​សិទ្ធិ​​និង​ធ្វើ​ទុក្ខបុកម្នេញ​មន្ត្រី​ខ្លួន

ដោយ មួង​ ណារ៉េត
2019-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha

ជុំវិញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​លោក ប៉ុន សៅរី ថ្លែង​ថា នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស បន្ត​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​ជាប្រចាំ ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ «»

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ រួមមាន​ទាំង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ លោក ប៉ុន សៅរី អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស និង​លោកស្រី ធិត គឹមហ៊ុន ដែល​ជា​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​ផង បាន​ជួប​មន្ត្រី​ក្រសួង​ការបរទេស និង​សមាជិកសភា​អាមេរិក​ជា​ច្រើន​រូប ក្នុង​សប្ដាហ៍​នេះ ដើម្បី​ថ្លែងប្រាប់​មន្ត្រី​ទាំងនោះ អំពី​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ ដែល​កាន់តែ​អាក្រក់​ជាង​មុន។

លោក ប៉ុន សៅរី អះអាង​ថា តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ទាំងនោះ រួមមាន​សមាជិកសភា​លោក ថិត យ៉ូហូ (Ted YOHO) ដែល​ជា​អ្នក​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន គឺ​សេចក្ដី​ស្នើ​ច្បាប់ H.R 526 និង​មន្ត្រី​ទំនាក់ទំនង​នៃ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​ផង។ «»

ក្រោយ​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បន្ត​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​លើ​មន្ត្រី​គណបក្ស​នេះ នៅ​តាម​មូលដ្ឋាន សកម្មភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រព្រឹត្ត​ទៅ​បាន ដោយ​គ្មាន​ការ​រឹតត្បិត តែ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក ប៉ុន សៅរី ថា​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​បន្តវេន ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ការ​បណ្ដុះបណ្ដាល និង​កសាង​សមត្ថភាព និង​ផ្តល់​ឱកាស​ឱ្យ​យុវជន​ជំនាន់​ក្រោយ ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ឱ្យ​ស្របតាម​ជំហរ​ចុងក្រោយ​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​ចង់​ឃើញ​យុវជន​កាន់តែ​ច្រើន ចូលរួម​ក្នុង​ជីវភាព​នយោបាយ និង​សម្រេច​ជោគវាសនា​ប្រទេសជាតិ​ដោយ​ខ្លួនឯង។ «»

ក្នុង​ពេល​ជាមួយគ្នា​ដែរ គណបក្ស​សង្គ្រោះជាតិ ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ អំពាវនាវ​ឱ្យ សហគមន៍​អន្តរជាតិ ចាត់វិធានការ​បន្ទាន់ ដើម្បី​ស្ការ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​កម្ពុជា ដោយ​មិន​អាច​ទុក​បណ្ដោយ​ឱ្យ​ស្ថានភាព​បែបនេះ នៅ​បន្ត​ទៅ​ទៀត​នោះ​ទេ។

សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​នេះ កាលពី​ថ្ងៃទី១៧ ខែ​ឧសភា គាំទ្រ​បេសកកម្ម​របស់​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​បាន​រក​ឃើញ​ថា ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅតែ​អាក្រក់ នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល