មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងប្រចាំខេត្តបាត់ដំបងម្នាក់បានត្អូញត្អែរអំពីការបាត់បង់សិទ្ធិសេរីភាពក្នុងការដើរ ដោយសារមួយរយៈចុងក្រោយនេះ លោកទទួលបានដីកោះហៅចំនួន ២លើកផ្ទួនៗគ្នាឱ្យចូលបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង ក្នុងសំណុំរឿងប្រឆាំងសាលដីកាតុលាការកំពូល។ មន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើងថា ដីកានេះគឺជាការគំរាមកំហែងបិទសិទ្ធិ សេរីភាពដល់មន្ត្រីគណបក្សប្រឆាំង។
សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ឌឹម សារឿន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២១ មិថុនាថា សិទ្ធិសេរីភាពរបស់លោករួញតូចកាន់តែខ្លាំង ដោយសារតែមិនដល់២ខែផង លោកទទួលបានដីកាកោះហៅចំនួន២លើករួចមកហើយ ឱ្យចូលបំភ្លឺតំណាងអយ្យកានៅសាលាដំបូងខេត្តបាត់ដំបង។ លោកបន្តថា ដីកាកោះហៅនេះធ្វើឱ្យលោកមិនអាចចេញទៅធ្វើការងារឆ្ងាយពីផ្ទះបានទេ ព្រោះត្រូវទៅចូលបំភ្លឺតុលាការ៖ «សព្វថ្ងៃខ្ញុំប្រៀបដូចជាជាប់គុកដែរ តែជាគុកឥតជញ្ជាំង បានន័យថា បាត់បង់សេរីភាពខ្ញុំដូចជាងចងជើងខ្ញុំមិនឱ្យទៅណារួច បានន័យថាគ្មានសេរីភាពគ្រប់គ្រាន់ក្នុងការដើរហើរជួបសាច់ញាតិនិងមិត្តភ័ក្ដិនៅខាងក្រៅបាន នេះជារូបមួយដែលគេគំរាមកំហែងមកលើរូបខ្ញុំ»។
កាលពីថ្ងៃទី៩ ឧសភា តំណាងអយ្យកានៃសាលាដំបូងខេត្តបាត់ដំបង លោក គឺ ប៊ុណ្ណារ៉ា បានកោះហៅលោក ឌឹម សារឿន ឱ្យបំភ្លឺម្ដងរួចមកហើយ ក្រោយមកនៅថ្ងៃទី២១ មិថុនា មានដីកាកោះហៅមួយទៀត ដោយតំណាងអយ្យកាសាលាដំបូងខេត្តបាត់ដំបងលោក ហេង លុយ កោះហៅលោកចូលបំភ្លឺសំណុំរឿងដូចគ្នា គឺពីបទប្រឆាំងសាលដីកាតុលាការកំពូល រឿងរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកាឆ្នាំ២០១៧កន្លងទៅ។
ទោះជាយ៉ាងណាលោក ឌឹម សារឿន អះអាងថា ដីកាលើកទី២នេះ លោកបានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺរួចហើយ ដោយខាងតុលាការបានយល់ព្រមឱ្យពន្យារពេលតាមការស្នើ ប៉ុន្តែតុលាការនឹងកោះហៅនៅពេលក្រោយទៀត។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងសាកសួរជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២១ មិថុនា ដោយទូរស័ព្ទមិនមានអ្នកទទួល។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុដ (Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី លើកឡើងថា ដីកាទាំងនេះ គឺជារឿងនយោបាយសុទ្ធសាធ ដើម្បីរារាំងបំភិតបំភ័យដល់មន្ត្រីគណបក្សប្រឆាំងឱ្យភ័យខ្លាច ដើម្បីកុំឱ្យពួកគាត់ធ្វើសកម្មភាពនយោបាយគាំទ្រលោក សម រង្ស៊ី នៅថ្ងៃក្រោយទៀត។ លោកបន្តថា ការធ្វើបែបនេះបានប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការជួបប្រជុំដើម្បីបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៖ «គ្រាន់តែប្រើពាក្យថា គាំទ្រទៅលើលោក សម រង្ស៊ី គ្រាន់តែគាំទ្រឱ្យមានការដឹកនាំ គ្រាន់តែថាលោក កឹម សុខា និង លោក សម រង្ស៊ី ជាមនុស្សតែមួយនឹង វាអត់មានបំពានសាលដីកាតុលាការកំពូលទេ ព្រោះសាលដីកាអត់មាននិយាយហាមទេ គឺហាមយកឈ្មោះអ្នកទោសឬក៏យកឈ្មោះបក្សមកនិយាយអត់មានហាមទេ។ អីចឹងគ្រាន់តែនិយាយនឹងការបញ្ចេញមតិនឹង វាមិនមែនជាការរំលោភច្បាប់ទេ អីចឹងបានខ្ញុំថា រឿងនេះជារឿងនយោបាយមិនមែនជារឿងផ្លូវច្បាប់ទេ»។
កាលពីខែឧសភាកន្លងទៅ សាលាដំបូងខេត្តបាត់ដំបង បានកោះហៅមេឃុំចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ក្រុងនិងក្រុមប្រឹក្សាខេត្តបាត់ដំបងជាប់ឆ្នោត គណបក្សសង្គ្រោះជាតិចំនួន ៣៥នាក់ហើយ ឱ្យចូលបំភ្លឺតុលាការជាបន្តបន្ទាប់ ក្នុងនោះមានចៅសង្កាត់អូរចារជាប់ឆ្នោត គឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និងប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងលោក ជា ជីវ ក៏បានចូលបំភ្លឺរួចមកហើយដែរ៕
