មេឃុំជាប់ឆ្នោតបក្សសង្គ្រោះជាតិឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកស្រី នី រំដួល ត្រូវម្ចាស់ផ្ទះជួលប្រាប់ឱ្យរើចេញឆាប់ៗ ពីកន្លែងដែលអ្នកស្រីជួលប្រកបរបរលក់ចាប់ហួយ និងលក់ទឹកកកឈូសបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតនោះ។ អ្នកស្រីមិនយល់ថា ហេតុអ្វីបានជាសុខៗ ម្ចាស់ផ្ទះស្រាប់តែឈប់ជួលផ្ទះឱ្យអ្នកស្រីដូច្នេះនោះទេ។ ប៉ុន្តែ អ្នកស្រីគ្រាន់តែដឹងថា រឿងនេះកើតឡើងក្រោយតុលាការខេត្តបាត់ដំបងកោះហោះអ្នកស្រី ឱ្យទៅចូលបំភ្លឺ រឿងបំពានដីកាតុលាការកំពូល ដែលរម្លាយគណបក្សប្រឆាំង៖ «គាត់មកប្រាប់ថា មានអ្នកមកជួលកន្លែងថ្មី។ គាត់ប្រាប់ថា គាត់មានអ្នកថ្មី។ គាត់ឱ្យយើងរើផ្ទះ រើអីវ៉ាន់ហ្នឹង ព្រោះគាត់ឱ្យគេអ្នកថ្មីមកនៅ។ ប៉ុន្តែ ដោយសារតែខ្ញុំអត់ទាន់រើបាន ព្រោះខ្ញុំរកកន្លែងថ្មីដាក់មិនទាន់បាន ខ្ញុំសុំគាត់ឱ្យទុកពេលប៉ុន្មានថ្ងៃទៀតសិន»។
ទោះបីជាម្ចាស់ផ្ទះថា គាត់មានអ្នកជួលថ្មីក៏ដោយ អ្នកស្រីថា ការប្រញាប់ឱ្យអ្នកស្រីរើចេញទាំងភ្ញាក់ផ្អើលបែបនេះ មិនមែនជាការចៃដន្យនោះទេ។ អ្នកស្រីកំពុងទាល់ខ្លាំង ដោយសារតែទីមួយត្រូវរើចេញទៅរកកន្លែងថ្មីភ្លាមៗ និងទីពីរអ្នកស្រីគ្មានដើមទុនច្រើនសម្រាប់រកស៊ីធំដុំឯណា ដូចគេនោះផង។
ក្នុងពេលជាមួយគ្នានេះ ក៏មានអ្នកដែលមានសមានចិត្តអាណិតអាសូរអ្នកស្រីមេឃុំជាប់ឆ្នោតរូបនេះ បានលើកជាសំណើតាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីកៀរគររកអ្នកជួយឧបត្ថម្ភដល់គ្រួសារអ្នកស្រី ក្នុងគ្រាលំបាកនេះ។ អ្នកស្រី នី រំដួល ត្រេកអរនឹងទទួលរាល់ជំនួយសប្បុរសពីមហាជនដែលគាំទ្រអ្នកស្រី៖ «បើមានអ្នកជួយរៃអង្គាសអ៊ីចឹងមែន ខ្ញុំសប្បាយចិត្ត ព្រោះនេះបង្ហាញឱ្យឃើញថា យើងខ្មែរចេះជួយគ្នា ពេលយើងមានទុក្ខលំបាក»។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺ ពីម្ចាស់ផ្ទះដែលឱ្យអ្នកស្រី នី រំដួល ប្រញាប់រើតូបចេញនេះ បាននៅឡើយទេ។
អ្នកស្រី នី រំដួល ជាប់ជាមេឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីខាងគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែ ក្រោយមកតំណែងមេឃុំនេះ រួមទាំងតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់បក្សប្រឆាំងទាំង ៥០០៧ នៅទូទាំងប្រទេស ត្រូវបានគណបក្សកាន់អំណាច យកទៅចែកគ្នាអស់គ្មានសល់ ក្រោយរម្លាយគណបក្សសង្គ្រោះជាតិរួចមក។
អ្នកស្រីស្ថិតក្នុងចំណោមមន្ត្រីឃុំប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីបក្សប្រឆាំងទាំង ៣២រូប ដែលតុលាការកោះហៅឱ្យចូលបំភ្លឺ ដោយសង្ស័យថា ធ្វើសកម្មភាពនយោបាយ បំពានដីការម្លាយគណបក្សប្រឆាំងនោះ។ អ្នកស្រីត្រូវចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការ នៅថ្ងៃទី២១ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
