គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​កិច្ច​ព្រមព្រៀង​ខុស​ច្បាប់ ​រវាង​របប​លោក ហ៊ុន សែន និង​ប្រទេស​ចិន​កុម្មុយនិស្ត លើ​វិស័យ​យោធា

ដោយ ខែ សុណង
2020-10-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អេង ឆៃអ៊ាង (ឆ្វេង) អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
លោក អេង ឆៃអ៊ាង (ឆ្វេង) អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ RFA និង​ហ្វេសប៊ុកលោក ហ៊ុន សែន

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ ថ្កោលទោស​របប​ក្រុង​ភ្នំពេញ ជុំវិញ​ព័ត៌មាន​ស្ដីពី​ការ​អនុញ្ញាត​ឱ្យ​យោធា​ចិន​បោះ​ទីតាំង នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក្នុង​​ខេត្ត​ព្រះសីហនុ​​។ ការ​ថ្កោល​ទោស​នេះ គឺ​បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​វាយ​កម្ទេច​អាគារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដើម្បី​បើក​ផ្លូវ​ទទួល​ជំនួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស​ចិន អភិវឌ្ឍ​ទីតាំង​នោះ​វិញ។ អ្នក​វិភាគ​ថា ការ​វាយ​កម្ទេច​អគារ​កងទ័ព​ជើង​ទឹក ជា​ជំនួយ​របស់​អាមេរិក ដោយ​ស្ងាត់ៗ បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​ នឹង​ភូមិ​សាស្ត្រ​នយោបាយ​។

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់ កិច្ច​សន្យា​ខុស​ច្បាប់ ​រវាង​របប​ក្រុង​ភ្នំពេញ​ជាមួយ​រដ្ឋាភិបាល​ចិន ក្នុង​វិស័យ​យោធា និង​ហិរញ្ញ​វត្ថុ​នោះ​ទេ។ គណ​បក្ស​ប្រឆាំង អះអាង​ថា របប​ក្រុង​ភ្នំពេញ ជា​របប​ខុស​ច្បាប់ ដូច្នេះ​ទៅ​ពេល​អនាគត​ ក្នុង​ពេល​ឡើង​កាន់​អំណាច គណបក្ស​ប្រឆាំង នឹង​លុប​ចោល​រាល់​កិច្ចសន្យា​ខុស​ច្បាប់​ទាំង​អស់​ចោល។

បក្ស​ប្រឆាំង បន្ត​ចោទ​ថា លោក ហ៊ុន សែន បាន​ទទួល​ប្រាក់​ជាច្រើន​របស់​ចិន ដើម្បី​ជួយ​​ថែរក្សា​អំណាច​របស់​ខ្លួន​ និង​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បន្ត​ទៀត។ បក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា ​ប្រទេស​ចិន​វិញ ក៏​កំពុង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ពិភព​លោក​ដែរ គឺ​តាម​រយៈ​ការ​ពឹង​ពាក់​ប្រទេស​ក្រីក្រ ដែល​មាន​មេដឹកនាំ​ផ្ដាច់ការ និង​ពុករលួយ ដូច​ករណី លោក​ ហ៊ុន សែន ជាដើម។ គណបក្ស​ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ​ចោល​នេះ​ថ្លែង​ទៀត​ថា ចិន​ កំពុង​ធ្វើ​អាណានិគម​និយម​លើ​កម្ពុជា និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ និង​សន្តិភាព សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល។

គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​សហគមន៍​អន្តរជាតិ បន្ថែម​ទណ្ឌ​កម្ម​លើ​ក្រុមហ៊ុន​ខិលខូច​របស់​ចិន​ដែល​រក​ស៊ី​នៅ​កម្ពុជា​ និង​ស្នើសុំ​ឲ្យ​​មាន​ប្រតិកម្ម​ព្រមៗ គ្នា ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​ប្រទេស​ចិន មក​រំលោភ​អព្យាក្រឹត​របស់​កម្ពុជា។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ព្រួយ​បារម្ភ​ថា ហ៊ុន សែន កំពុង​ប្រគល់​វាសនា​ជាតិ ទៅ​ឲ្យ​ចិន​គ្រប់គ្រង ហើយ​ការ​ដាក់​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា នឹង​ធ្វើ​ឲ្យ​ជាតិ​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ៖ «អ៊ីចឹង បើ​កាល​ណា ហ៊ុន សែន គាត់​ដើរ​នៅ​តាម​ផ្លូវ​បែប​ហ្នឹង ដោយ​យក​កម្ពុជា ​ទៅ​ដាក់​ឲ្យ​នៅ​ក្រោម​ចិន​អ៊ីចឹង គឺ​វា​មាន​បញ្ហា​ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ​អាច​ជួប​នូវ​​ហានិភ័យ​អាក្រក់ ហើយ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជួប​ទុក្ខ​ជា​ថ្មី​ម្ដង​ទៀត ដែល​ចាប់​យក​នយោបាយ​ការបរទេស​របស់​ចិន​ហ្នឹង»

ប្រតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​បន្ទាប់​ពី​របប​លោក ហ៊ុន សែន បាន​វាយកម្ទេច​អាគារ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដោយ​ស្ងាត់ បង្ក​ឱ្យ​សហរដ្ឋ​អាមេរិក​អាក់​អន់​ស្រពន់​ចិត្ត និង​លើក​ពី​កង្វល់​ជា​ថ្មី​ទៀត​អំពី​ការ​អនុញ្ញាត​ឱ្យ​យោធា​ចិន​បោះ​ទីតាំង​នៅ​ទីនោះ។

ជុំវិញ​ករណី​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី៨ តុលា ដោយសារ​ទូរស័ព្ទ​រោទ៍​ មិន​មាន​អ្នក​ទទួល។ ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​វាយ​កម្ទេច​អគារ​នេះ ព្រោះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា។

បន្ថែម​ពី​លើ​ការ​បក​ស្រាយ​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ តុលា បាន​បញ្ជា​ឲ្យ​ក្រសួង​ការ​បរទេស​ ធ្វើ​កំណត់​ទូត​ប្រាប់​ទៅ​បណ្ដា​ស្ថានទូត​ទាំង​អស់ ឲ្យ​បាន​ដឹង​ពី​រឿង​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ថាន​ទូត​អាមេរិក សម្ដែង​ការ​ខក​ចិត្ត និង​ព្រួយ​បារម្ភ​ថា ការ​វាយ​កម្ទេច​អគារ ដែល​ជា​អត្តសញ្ញាណ​មិត្ត​ភាព​កម្ពុជា អាមេរិក ដោយ​ស្ងាត់ៗ នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​នានា ​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន ដាក់​មូលដ្ឋាន​យោធា ដោយ​មាន​គ្រឿង​បរិក្ខារ​យោធា និង​កងទ័ព​ចិន ​នៅ​ទីនោះ​។សហរដ្ឋអាមេរិក បាន​ព្រមាន​ថា ​ពី​ភាព​អវិជ្ជមាន នៃ​​ទំនាក់ទំនង​ទ្វេ​ភាគី ​និង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​ ប្រសិន​បើ​ក្ដី​កង្វល់​របស់​អាមេរិក គឺ​ជា​រឿង​ពិត។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ការ​វាយកម្ទេច​អគារ​ទ័ព​ជើង​ទឹក ដែល​ជា​ជំនួយ​របស់​អាមេរិក បណ្ដាល​ឲ្យ​មាន​ការ​សង្ស័យ ពី​ការ​ឌឺដង​ដាក់​អាមេរិក និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ ដោយសារ​ ការ​វាយ​អគារ​ ធ្វើ​ឡើង​ស្ងាត់ៗ មិន​បាន​ប្រាប់​ហេតុផល​ ពី​ដំបូង។

លោក​បណ្ឌិត យល់​ថា កម្ពុជា​ ពិបាក​នឹង​បកស្រាយ​ឲ្យ​អាមេរិក ជឿ​ទុក​ចិត្ត​វិញ​ណាស់ ដោយសារ​ កម្ពុជា និង​អាមេរិក កំពុង​មាន​​​ទំនាក់​ទំនង​គ្នា​​ មិន​សូវ​ល្អ ស្រប​ពេល​កម្ពុជា កាន់​តែ​បង្កើន​​ភាព​ល្អូកល្អិន​ជាមួយ​ចិន៖ «ដែល​ជាប់​ការ​សង្ស័យ​ ជា​រឿង​គេ​ចោទ​ប្រកាន់​ហ្នឹង ហើយ​យើង (រដ្ឋាភិបាល) ក៏​ចាប់​ផ្ដើម​វាយ​អគារ​ហ្នឹង​ចោល​អ៊ីចឹង​ទៅ​ ដល់​អ៊ីចឹង ទៅ​រឿង​ហ្នឹង វា​ក្លាយ​ទៅ​ជា​រឿង​ពាក់ព័ន្ធ​នឹង​ភូមិ​សាស្ត្រ​នយោបាយ»

ស្រប​ពេល​កម្ពុជា កំពុង​រង​​មន្ទិល​សង្ស័យ​នេះ រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង យី (Wang Yi) នឹង​ដឹកនាំ​គណៈ​ប្រតិភូ មក​ទស្សនកិច្ច​ កម្ពុជា ២​ថ្ងៃ គឺ​ថ្ងៃ​ទី១១ និង​ថ្ងៃ​ទី១២ តុលា។ សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋ​ចិន នៅ​កម្ពុជា (The Cambodia China Time CC Time) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី៨ តុលា ​ថា មន្ត្រី​ស្ថានទូត​ចិន មិន​ទាន់​បញ្ជាក់​របៀប​វារៈ​លម្អិត នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ហើយ​គម្រោង​​​ទស្សនកិច្ច​របស់ លោក​ វ៉ាង យី​ ធ្វើ​ឡើង​តាំង​ពី​ដើម​ឆ្នាំ២០២០ តែ​ខកខាន​វិញ ដោយសារ​​ ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ (Covid-19)

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល