គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​គម្រោង​រៀបចំ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តី​ប្រកាស​ថា ពុំ​មាន​គោលការណ៍ ឬ​ផែនការ​ឲ្យ​សមាជិក​សមាជិកា និង​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា រៀបចំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក នៅ​ខែ​កុម្ភៈ ខាង​មុខ​នោះ​ទេ។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បដិសេធ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា នេះ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ផែនការ​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) ហើយ​ព្រមាន​ធ្វើ​បាតុកម្ម​ជំទាស់​មេ​បក្ស​ប្រឆាំង​វិញ។

សារ​ឆ្លើយ​ឆ្លង​នេះ កើត​ឡើង​ដោយសារ​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​យោបល់ (Comment) នៅ​លើ​គណនី​ហ្វេសប៊ុក​របស់ លោក ហ៊ុន សែន ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​មេ​ដឹក​នាំ​កំពូល​នៃ​មេ​ដឹក​នាំ​ប្រទេស​សមាគម​អាស៊ាន​ទាំង​១០ នា​សហរដ្ឋ​អាមេរិក នៅ​ខែ​កុម្ភៈ មុន​ពេល លោក បារ៉ាក់ អូបាម៉ា (Barack Obama) ចប់​អាណត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។