តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រំពឹង​ថា​សកម្មជន​ទាំង​១៥​នាក់​អាច​នឹង​បាន​នៅ​ក្រៅ​ឃុំ

ដោយ ម៉ម មុនីរតន៍
2016-02-29
Share
សុន ឆ័យ ២០១៦ ៨៥៥ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (អាវ​ស) និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត ទៅ​ជួប​អ្នក​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មាន​ជំនឿ​ថា សកម្មជន​ទាំង ១៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​គុក​ព្រៃ​ស អាច​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន នៅ​ក្រោយ​ថ្ងៃ​សវនាការ ដើម​ខែ​មីនា ខាង​មុខ​នេះ។ អ្នក​វិភាគ​សង្គម​វិញ​យល់​ឃើញ​ថា ការ​ជួយ​ឲ្យ​សកម្មជន​ទាំង ១៥​នាក់​នេះ​បាននៅ​ក្រៅ​ឃុំ នឹង​មិន​អាចបាន​យូរ​ឡើយ ព្រោះ​នៅ​ពេល​ស្ថានភាព​នយោបាយ​តានតឹង ពួក​គេ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ឡើង​វិញ​ដដែល។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​សុទិដ្ឋិនិយម​ថា ដោយសារ​ការ​ចរចា​ផ្នែក​នយោបាយ​មាន​អំណោយ​ផល​ល្អ ហេតុ​នេះ​បន្ទាប់​ពី​បញ្ចប់​សវនាការ​នៅដើម​ខែ​មីនា ខាង​មុខ​នេះ សកម្មជន​របស់​បក្សប្រឆាំង​ដែល​កំពុង​ជាប់​ឃុំនៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស អាច​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ហើយ។

ការ​ថ្លែង​ដូចនេះ​របស់ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​លោក និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន បាន​ទៅ​ជួប​អ្នក​ជាប់​ឃុំ​នៅ​គុក​ព្រៃ​ស កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ។ លោក សុន ឆ័យ មាន​ជំនឿ​ថា អ្នក​ទាំង ១៥​នាក់​នោះ​អាច​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ដូច​ការ​ស្នើសុំ​បន្ទាប់​ពី​បញ្ចប់​សវនាការ ដែល​នៅ​សល់​ពេល​មិន​ដល់ ១​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ​ផង។ លោក​បន្ត​ថា នៅ​ក្នុង​ចន្លោះ​នៃ​សវនាការ​ដែល​ត្រូវ​បន្ត​នៅ​ដើម​ខែ​មីនា ខាង​មុខ​នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​តាម​ផ្លូវ​នយោបាយ ដើម្បី​បញ្ចប់​ភាព​តានតឹង​នេះ។

លោក សុន ឆ័យ អះអាង​ថា មាន​ហេតុផល​មួយ​ចំនួន​ក្នុង​ចំណោម​ហេតុផល​ជាច្រើន ដែល​អាច​រំពឹង​ថា សកម្មជន​ទាំង ១៥​នាក់​បាននៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន គឺ​ការ​ជាប់​ទោស​អ្នក​ទាំង​នោះ ល្មម​គ្រប់គ្រាន់​ដល់​ពេល​ដែល​អាច​ស្នើសុំ​បាន​ហើយ។ ម្យ៉ាង​វិញ​ទៀត បើ​បន្ត​ទុក​ឲ្យ​មាន​ស្ថានភាព​បែប​នេះ នឹង​មិន​ធ្វើ​ឲ្យ​ប្រសើរ​ឡើយ​ចំពោះ​បរិយាកាស​នយោបាយ​នៅ​ពេល​នេះ ជាពិសេស​លោកក៏​បាន​លើក​ពី​បញ្ហា​នេះ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់​ផង​ដែរ​ក្នុង​ពេល​ថ្មីៗ​នេះ។ លោក​បន្ត​ថា «ដើម្បី​ដោះស្រាយ​ជាតិ និង​ឯកភាព​ជាតិ​អី​ហ្នឹង ខ្ញុំ​ថា​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ។ ការ​ដោះ​លែង​សកម្មជន​ទាំង​នេះ វា​នឹង​ជួយ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ទាំង​ស្រុង ក្នុង​ស្ថានភាព​ទំនាក់ទំនង​គណបក្ស​ទាំង​ពីរ។ សំខាន់​ដែល​យើង​បារម្ភ​ហ្នឹង បើ​ទុក​កាន់​តែ​យូរ​ទៅ ដូចជា​ឆ្អឹង​ឆ្លាក់​នៅ​នឹង​ក​ហ្នឹង។ ទោះ​បី​យើង​ថា​ខំ​ជជែក​គ្នា​តាម​រយៈ​ក្រុម​ភាគ​តិច​ក្រុម​ភាគ​ច្រើន ដើម្បី​ដោះស្រាយ ក៏​វា​នៅ​តែ​ជាប់​ក​ហ្នឹង ដើម្បី​ឲ្យ​មាន​ភាព​កក់​ក្ដៅយ៉ាង​ម៉េច»

ជុំវិញ​ជម្លោះ​ផ្នែក​នយោបាយ​នេះ លោក មាជ សុវណ្ណារ៉ា និង​សកម្មជន ១០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន បន្ទាប់​ពី​មាន​អំពើ​ហិង្សា​កាល​ពីថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ក្រោយ​ការ​ចាប់​ខ្លួន សកម្មជន​ទាំង ១១​នាក់​ត្រូវ​បាន​ចៅក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ ពី​បទដឹក​នាំ និង​ចូលរួមក្នុង​ចលនា​កុបកម្ម ដែល​នាំ​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ក្រៅ​ពី​នេះ​នៅ​មាន លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី និង​សកម្មជន ៣​នាក់​ផ្សេង​ទៀត កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស និង​បន្ត​សវនាការ

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​បញ្ជាក់​ថា លទ្ធភាព ឬ​វាសនា​សកម្មជន​ទាំង ១៥​នាក់​របស់គណបក្ស​ប្រឆាំង​នេះ អាច​រួច​ផុត​ពីការ​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា​នោះ វា​អាស្រ័យ​លើ​បរិយាកាស​នយោបាយ។ លោក​បន្ថែម​ថា ការ​ដោះ​លែង ឬ​មិន​អាច​ដោះ​លែង​នោះ គឺ​ត្រូវ​អ៊ុត​មើល​ពី​សម្ពាធ​នយោបាយ​ជា​មុន​សិន ហើយ​ច្រក​ចេញ​នោះ​ទៀត​សោត វា​ស្ថិត​នៅ​លើ​គណបក្ស​ប៉ុណ្ណោះ។

ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​ព្យាយាម​លួង​ចិត្ត​រដ្ឋាភិបាល​តែ​រហូត​បែប​នេះ វា​ពុំ​មែន​ជា​ជម្រើស​ល្អ​ប្រសើរ​ប៉ុន្មាន​នោះ​ឡើយម្យ៉ាង​វិញ​ទៀត បើ​ទោះ​ជា​នៅ​ពេល​នេះ​មាន​ការ​ស្រុះស្រួល​ផ្នែក​នយោបាយ​មែន ហើយ​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​ទាំង ១៥​នាក់​អាច​បាន​នៅ​ក្រៅ​ឃុំ​ដូច​ការ​រំពឹង​ទុក ភាព​អំណោយ​ផល​នេះ​នឹង​មិនបាន​យូរ​ឡើយ។

លោក អ៊ូ វីរៈ បញ្ជាក់​ថា រឹត​តែជា​ការ​ប្រឈម​នោះ គឺ​នៅ​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ជាពិសេស​បោះ​ឆ្នោត​សកល ទាំង លោក ហុង សុខហួរ និង​សកម្មជនផ្សេង​ទៀត ពុំ​មាន​សញ្ញា​ណា​មួយ​ល្អ​ឡើយមិន​តែ​ប៉ុណ្ណោះ ពួក​គេទាំង​នោះ​នៅ​តែក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព ដែល​រដ្ឋាភិបាលយក​មកធ្វើ​ជាកូន​អុក​នៃ​ល្បែង​នយោបាយ​ឡើង​វិញ​ដូច​នៅ​ពេល​នេះ​ដដែល។ លោក​បន្ត​ថា «បើ​សិន​ជា​ជួយ​ក៏​ជួយ​ក្នុង​រយៈពេល​ខ្លី​ដែរ ព្រោះ​អី​នៅ​ពេល​ការ​បោះ​ឆ្នោត​ជិត​មក​ដល់ ខ្ញុំ​មើល​ទៅ​ការ​តានតឹង នឹង​វិល​មក​ដូច​ដើម​វិញ។ បើ​យើង​ព្យាយាម​ដោះស្រាយ​ដោយ​យក​ចិត្តអ្នក​នយោបាយ​កាន់​អំណាច វា​ប្រហែល​ជាមិន​បាន​យូរ​ទេ។ ខ្ញុំ​មើល​ទៅ​រឿង​នយោបាយ​ស្រុក​ខ្មែរ ហាក់​ដូច​ឆ្មា​ហើយ​កណ្ដុរ​អ៊ីចឹង»

បន្ថែម​ពី​លើ​នេះ លោក អ៊ូ វីរៈ យល់​ឃើញ​ថា ប្រសិន​បើ​ការ​ដោះ​លែង​សកម្មជន​គណបក្ស​ប្រឆាំង​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ដូច​ការ​គ្រោង​ទុក​មែន នោះ​ជា​ការ​បំពេញ​ភាព​ប្រេះស្រាំ ឬ​លុប​លាងភាព​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​រដ្ឋាភិបាល​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​ការ​ថយ​មួយ​ជំហាន​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ភាព​រង្គោះរង្គើ​ផ្នែក​ប្រជាធិបតេយ្យ និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា នេះ អាច​បាន​ប្រសើរឡើង​វិញ​ក៏​អាច​ថា​បាន។

ជាង​នេះ​ទៀត អ្នក​វិភាគនយោបាយ​ចាត់​ទុក​ថា លទ្ធភាព​ដែល​ជំរុញ​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ប្រៀប​ផ្នែក​នយោបាយ​ទៅ​លើ​គណបក្ស​ដែល​កាន់​អំណាច គឺ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ​គួរ​បន្ត​រិះគន់​លើ​គោល​នយោបាយ ជា​ជាង​សំដៅ​ដោយ​ត្រង់​ចំពោះ​បុគ្គល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល